ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកទួលអ្នកតាជីទេព

សិលាចារឹកទួលអ្នកតាជីទេព

សិលាចារឹកនេះរកឃើញនៅទួលបុរាណមួយដែលមានឈ្មោះថា “អ្នកតាជីទេព” ស្ថិតនៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ បន្ទាប់ពីទទួលព័ត៌មានពីលោក តុល មារ៉ាឌី មក ខ្ញុំបាទ និងលោក រិន ពេជ្ជរដ្ឋ បានធ្វើដំណើរទៅកាន់ទីនោះដើម្បីធ្វើសំណៅផ្តិតសិលាចារឹកកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ក្នុងកិច្ចការសិក្សាស្រាវជ្រាវនេះ មានការចូលរួមពីលោក តុល ម៉ារ៉ាឌី និងលោក សឹង​ សុថានី ជាមន្ត្រីនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ។

វត្ថុសិល្បៈបុរាណនៅទួលអ្នកតាជីទេព

ពាក្យថា “ជី” ទំនងវិវឌ្ឍក្លាយចេញពីពាក្យបុរាណថា “ឝ្រី” ជាពាក្យសំស្ក្រឹត។ ដូច្នេះយើងអាចនិយាយបានថា ពាក្យនេះរក្សាខាងផ្នែកអត្ថន័យដដែល តែបានបម្រែបម្រួលខាងសូរសព្ទប៉ុណ្ណោះ។ នៅក្នុងខេត្តតាកែវ មានប្រាសាទមួយឈ្មោះ “ភ្នំជីសូរ្យ” ដែលជាពាក្យក្លាយមកពីឈ្មោះដើមថា “ឝ្រីសូយ៌្យបវ៌្វត” ដោយសារតែពាក្យ “ឝ្រី” វិវឌ្ឍទៅជាពាក្យ “ជី”។ ទោះបីយ៉ាងណា ពាក្យថាជី មិនមែនសុទ្ធតែវិវឌ្ឍចេញពី ឝ្រី ទាំងអស់នោះឡើយ ព្រោះគេដឹងដែរថា ពាក្យ “ជី” ក៏មានវិវឌ្ឍចេញពីខ្មែរបុរាណថា “អ្ជិ” ដែលមានន័យត្រូវនឹងពាក្យទំនើបថា ជីដូន ជីតា។ ក្រៅពីនេះ ពាក្យ “ជី” ក៏អាចសំដៅដល់ព្រាហ្មណ៍បព្វជិត ឧទាហរណ៍ ជីព្រាហ្មណ៍ ហើយពេលខ្លះទៀតពាក្យនេះអាចសំដៅដល់សាមណេរដែលមិនទាន់គ្រប់អាយុ ២០ឆ្នាំ ឧទាហរណ៍ វត្តមួយនៅកំពង់ធំមានឈ្មោះថា “បញ្ញាជី” (ប្រាជ្ញារបស់សាមណេរ)។

ចំណែកឯពាក្យថា ទេព ជាពាក្យក្លាយចេញពីពាក្យសំស្ក្រឹតដើមថា ទេវ សំដៅដល់ព្រះ ឬទេវតានោះឯង។ ដូច្នេះ ជីទេព មានន័យសំដៅដល់ព្រះដ៏ជាធំក្នុងតំបន់ ឬព្រះនាំមកនូវសិរីមង្គលក្នុងស្រុកភូមិ ឬក៏ជាអ្នកតាម្ចាស់ស្រុកផង។

សិលាចារឹកទួលអ្នកតាជីទេព មានចំនួន ១ ផ្ទាំង ដែលមានរាងជាបង្គោលសីមា មានចារឹកអក្សរចំនួន ៦បន្ទាត់ ចារឹកជាភាសាខ្មែរបុរាណ ។ ចំពោះអត្ថន័យវិញ រៀបរាប់ពីបង្គោលសីមា ព្រំប្រទល់ដីស្រុក ភូមិ ដែលជាកម្មសិទ្ធិរបស់ទេព ។ តាមរយៈសិលាចារឹកនេះ យើងមិនមានព័ត៌មានច្រើននោះទេ ហើយក៏មិនបានដឹងថា ទេពនោះមានព្រះនាមអ្វីនោះផងដែរ ព្រោះនៅក្នុងសិលាចារឹកគ្រាន់តែបានបញ្ជាក់ថា “កម្រតេងជគត” ដែលពាក្យនេះជាឋានន្តរនាមជាន់ខ្ពស់ប្រើសម្រាប់តែព្រះ ឬទេពតែប៉ុណ្ណោះ។ យោងតាមអក្ខរាវិរុទ្ធ និងភាសាក្នុងអត្ថបទ សិលាចារឹកនេះ ទំនងចារឹកឡើងនៅសម័យអង្គរ ក្នុងរវាងស.វ.ទី១១ នៃគ្រឹស្តសករាជ។

សំណៅផ្តិតសិលាចារឹកទួលអ្នកតាជីទេព (ផ្តិតដោយ៖ កំ វណ្ណារ៉ា និង រិន ពេជ្ជរដ្ឋ)

អត្ថបទពាក្យចារឹក

            ១.        គោល ឝិលាការ

            ២.        នេះ កាលភូមិ ស្រុក នុ

            ៣.       បិង ឝិលាការ គុះ រិ ភូមិ ស្រេ តិ ក្រៅ

            ៤.        ចនចេម អ្នក្ក ភូមិ កម្រ

            ៥.        តេង ជគត នុ ឝិលាកា

            ៦.        រ ថ្វេ រុ គេយ ក្រោយ អ្នៅ //

បំណកប្រែ

១-៦.  គោល សិលាការ (បង្គោលថ្ម)  នេះកាលដីភូមិ ស្រុក និងបឹងសិលាការ ។ រីឯដីស្រែ នៅ ក្រៅចនចេម (ស្ថាននាម) អ្នក (អ្នកបម្រើព្រះ) ដីភូមិ របស់កម្រតេងជគត (ព្រះគម្តែងជាអម្ចាស់) និងសិលាការ (ធ្វើបង្គោលថ្ម) បានធ្វើឡើងសម្រាប់អ្នកខាងក្រោយដែលនៅបន្តទៀត៕

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!