ទំព័រដើមសិល្បៈព្រះវិហារ​វត្តស្រែប្រាំង សំណង់សម័យសង្គមរាស្រ្តនិយម សល់ពីសម័យ​សង្រ្គាម

ព្រះវិហារ​វត្តស្រែប្រាំង សំណង់សម័យសង្គមរាស្រ្តនិយម សល់ពីសម័យ​សង្រ្គាម

វត្តស្រែប្រាំង ឬវត្ត​បឹងកោះស្រែប្រាំង គឺជា​វត្តមាន​ព្រះវិហារ​​​ចាស់​​ ស្ថិ​ត​នៅ​​ក្នុង​ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់ត្រាច​ ខេត្ត​​កំពត ក្បែរ​ព្រំដែន​កម្ពុជា​-វៀ​តណាម (ព្រែក​ចាក)។  ព្រះវិហារសង់អំពីបេតុង កសាងឡើង​ដោយសទ្ធា និង​ចំណេះ​របស់​ពុទ្ធ​បរិស័ទ​​ក្នុង​ភូមិ​ជា​ចំណុះ​​ជើង​វត្ត។ បើផ្អែក​​តាម​​ចំណារ​​​លើ​ហោជាង​​ ព្រះ​វិហារវត្ត​នេះកសាង​ក្នុង​​ពុទ្ធ​​សក​រាជ​​២៥០៨ គ្រិស្ត​សក​​រាជ​​១៩៦៥ ហើយ​នៅ​​លើ​ជញ្ជាំង​​ខាងក្នុង​គេឃើញ​​​​​មា​ន​គំនូរ​​ជាង​​៥០​​ផ្ទាំង​ និយាយ​លម្អិត​អំពី​​រឿង​​ពុទ្ធ​ប្រវត្តិ ព្រម​ទាំង​​គំនូរ​ជិត​៤០​ផ្ទាំង​និយាយ​អំពីរឿងជាតក និង​រឿង​ផ្សេង​ៗ​។ ប៉ុន្តែ​ជា​អកុសល របប​កម្ពុជា​ប្រជា​ធិប​តេយ្យបាន​យក​ព្រះ​វិហារ​នេះ​​ធ្វើជា​រោង​ម៉ាស៊ីន និង​លុបបំផ្លាញគំនូរផង។

ព្រះវិហារ​វត្ត​ស្រែប្រាំង គឺជាព្រះវិហារមាន​​កំពូលបុស្បុក​មុខ​ព្រហ្ម​នៅលើ​ដំបូល ឬ​អ្នក​ស្រាវជ្រាវហៅ​ថា «ព្រះវិហារ​មណ្ឌប»​​។​​ ព្រះវិហារនេះសង់នៅ​លើ​ខឿនកម្ពស់ប្រហែល​ជាង​១ម៉ែត្រ ​ជញ្ជាំងជុំវិញចាក់បេតុង​ ពុំ​ប្រើ​ឥដ្ឋឡើយ ហើយ​ជា​ជញ្ជាំង​ជាប់​នឹង​សសរ​ខាង​ក្រៅ។ ​ផ្នែក​ខាងមុខ​មាន​ទ្វារ​ចូល​​ធំមួយ​ អម​ដោយ​បង្អួច​ពីរសងខាង។ រីឯខាងក្រោយ​មាន​ទ្វារ​តូចៗ​ពីរសងខាង ​និងបង្អច​មួយ​នៅកណ្តាល តែ​​ក្នុងរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ គេ​​បាន​បំផ្លាញ​ជណ្តើរ ​និង​បិទ​ទ្វារ​ខាងត្បូង​ចោល​ទុកដល់សព្វថ្ងៃ។ ​ចំណែក​នៅ​លើ​​ជញ្ជាំង​​​ចំហៀ​ង​មានបង្អួច​ម្ខាង៥។

ព្រះវិហារមើលពីជ្រុងពាយ័ព្យ

ដំបូល​ព្រះវិហារ គឺជា​​ប្រភេទដំបូល​បេតុង តែ​ផ្ទៃខាងលើ​គេឆ្លាក់ឱ្យ​ជា​ក្រឡា​​​សណ្ឋា​ន​ដូច​ក្បឿង ​ដែល​​កម្រឃើញ​មាន​នៅតាម​បណ្តា​ព្រះវិហារ​ផ្សេងៗ។ ចំណែក​​​​​តាម​​ចែង​ដំបូល​​នីមួយ​ៗ​​​លម្អ​ដោយ​​នាគ​​ដងក្តារ។ លើ​ហោជាង​ខាងមុខ និ​ងខាងក្រោយ​បំពាក់​​ជហ្វា​ម្ខាង​២ ហើយ​លើ​​​ហោ​ជាង​ចំហៀង (ស្តាំ-ឆ្វេង) ​បំពាក់ជហ្វា​ម្ខាង​២ដូចគ្នា។ លើ​កំពូល​ព្រះ​វិហារ គឺជា​កំពូល​បុស្បុក​ស្រួច​ខ្ពស់ឡើងលើ ដែល​មាន​ព្រហ្ម​មុខ​បួន និង​ឆ័ត្ររួត​៥ ថ្នាក់​នៅ​ខាង​​ចុង​បំផុត។ នៅ​តាម​ក្បាល​សសរ​ មាន​លម្អ​រូប​គ្រុឌ​​និង​កិន្នរ​។ សូម​បញ្ជាក់​ថា ផ្នែកខាងក្រៅ​នៃ​ព្រះ​វិហារនេះ ពុំមាន​លាបពណ៌អ្វីឡើយ។

ហោជាង​ទាំង​៤ នៃ​ព្រះវិហារ​វត្តស្រែប្រាំង គឺ​ជា​ផ្ទៃហោជាង​បេតុង ឆ្លាក់​លម្អ​ដោយ​រូប​ព្រះកាល (រាហ៊ូ) ព័ទ្ធជុំវិញដោយ​ក្បាច់​ដ៏សាមញ្ញតាម​ចំណេះសិល្បៈអ្នកស្រុក។​ ប៉ុន្តែ​ចំពោះ​ហោជាង​ខាងមុខ ​ហោ​ជាងខាងក្រោយ និង​ហោជាង​ខាងជើង មាន​ចំណារ​ខ្លីៗអំពី​ព្រះ​នាម​​ព្រះចៅ​អធិការ​​វត្ត​​ដែល​ផ្តួច​ផ្តើមក​សាងព្រះវិហារ និង​កាលបរិច្ឆេទ​នៃការ​កសាង​ព្រះ​វិហារ​។ ហោជាង​​ខាង​មុខ​មាន​ចំណារថា «អ៊ូច មូល ចៅអធ្វិការ” [អ៊ូច មូល​ ចៅអធិការ]។​ ​ហោជាង​ខាងលិច មានចំណារថា​ “ព.ស​២៥០៨, គ.ស១៩៦៥» [ពុទ្ធសករាជ​២៥០៨ គ្រិស្តសករាជ​១៩៦៥] និង​នាម​អ្នក​មាន​សទ្ធាសាងសង់។​ ចំពោះ​ហោជាង​​​ខាង​ជើងមានចំណារថា «ព.ស. ២៥០៨, គ.ស. ១៩៦៥, ចុល្ល​សក​រាជ​​​១៣២៧, មហាសក​រាជ​​១៨៨៧» [ពុទ្ធសករាជ​​២៥០៨, គ្រិស្តសករាជ​១៩៦៥, ចុល្ល​សក​រាជ​១៣២៧, មហា​សក​រាជ​១៨៨៧]។

ចំពោះ​ផ្នែកខាងក្នុង​នៃព្រះវិហារ​វត្ត​ស្រែប្រាំង មាន​សសរ​បេតុង​មូល​ធំៗ​​ពីរជួរ​សង​ខាង​ល្វែង​គ្រឹះ ទ្រពិតាន​បេតុងនៅផ្នែកខាងលើ។ សសរខ្លះ​​​របេះ​ក្បាច់​​លម្អ ហើយ​សសរ​ខ្លះ​ទៀ​ត​​មាន​ស្លាក​ស្នាម​ត្រូវ​អំបែកគ្រាប់ផ្លោងកាល​សម័យ​សង្រ្គាម​ផង។ នៅ​ផ្នែក​​ខាងក្នុង​ព្រះ​វិហារ​​នេះដែរ គេ​ឃើញ​នៅសល់ការ៉ូកម្រាល​​បែប​បុរាណ​​​ដែល​មាន​ពីរ​បែប​ គឺក្រាល​រៀប​ចែ​ក​ល្វែង​គ្រឹះ​ និង​របៀង។

ផ្នែកខាងក្នុង​ព្រះវិហារ

ព្រះជីវ៍ធំក្នុងព្រះវិហារ​វត្ត​ស្រែប្រាំងសព្វថ្ងៃ តម្កល់​លើ​បល្ល័ង្ក​​យ៉ាងសាមញ្ញ ​​កម្ពស់​ស្មើទ្រូង ដែល​កសាង​ឡើង​វិញ​កាល​ពីឆ្នាំ​១៩៨១។ ​ព្រះបដិមាព្រះជីវ៍​ធំ គង់​ក្នុង​កាយវិការ​ផ្ចាញ់មារ នៅលើ​បល្ល័ង្ក​ខ្ពស់​មួយ​ទៀត ព្រម​ទាំង​មាន​ព្រះបដិមា​ព្រះសិអារ្យ​មេត្រី​នៅ​ខាង​មុខ ​ព្រះប​ដិមា​ព្រះអង្គ​ទ្រង់​បាត្រ​អមសងខាង និង​ព្រះពុទ្ធបដិមា​តូចៗជា​ច្រើន​​អង្គ។ មិន​តែ​ប៉ុណ្ណោះគេដឹង​ថា ​ព្រះបដិមា​ព្រះជីវ៍​ដើម​តម្កល់​ក្នុ​ង​ព្រះ​វិហារ​​នេះ ត្រូវ​​គេ​វាយ​បំបាក់​​​បំផ្លាញ​កាល​សម័យ​សង្រ្គាម ហើយ​ព្រះសង្ឃ​ អាចារ្យ​ គណៈ​កម្មការ​វត្ត​ និង​ពុទ្ធបរិស័ទ​បាន​ប្រទះ​ឃើញ​នៅទីផ្សេងៗ ហើយ​ប្រមូល​​​មក​តម្កល់​​លើ​បល្ល័ង្ក​ត្រង់​ចំហៀង​​ព្រះជីវ៍ធំទុក​ជា​វត្ថុសក្ការៈគោរពបូជា​​។​ បើ​ពិនិត្យ​សើៗ​លើ​បំណែក​ព្រះ​ជីវ៍​​នោះ គេឃើញ​មាន​ស្នាម​លាប​ម្ស័ក្រ និង​ទឹក​មាសផង។ ​​ សូម​បញ្ជាក់​ម្តងទៀត​ថា កាល​ពី​សម័យ​​សង្រ្គាម​ គេ​បាន​យក​ព្រះវិហារនេះ​​ធ្វើ​រោង​ម៉ាស៊ីន​ ដែលសល់ស្លាក​ស្នាម​អាង​ទឹក​​ម៉ាស៊ីន (ម៉ាស៊ីនកិនស្រូវ?) និង​ស្នាម​លុបគំនូរ​ដល់​សព្វ​ថ្ងៃ។

ព្រះពុទ្ធបដិមាបាក់បែកតម្កល់​ក្បែរព្រះជីវ៍

ដោយ​ឡែក គំនូរនៅលើ​ជញ្ជាំង​ខាងក្នុង​ព្រះវិហារ​ គឺទឹក​ដៃ​ដ៏ល្អឆើត​របស់​វិចិត្រ​ករ​ឈ្មោះ អ៊ិត អ៊ីង។ សាច់រឿង​គំនូវ​បង្ហាញ​យ៉ាង​វិសេសអំពីរឿងពុទ្ធប្រវត្តិ​​នៅ​ជួរ​ខាងលើ ហើយ​រឿង​​ជាតក និង​រឿង​ផ្សេងៗ​នៅ​ជួរ​ខាងក្រោម។ ខ្លឹម​សារ​គំនូរ​នីមួយៗ ខណ្ឌ​​ដោយ​បន្ទាត់​ពណ៌ក្រហម​​ ចែក​ប្រធានបទ​តាមផ្ទាំងផ្សេងៗគ្នា ដោយ​ផ្តើម​​ចេញ​ពី​​ប្រធាន​បទ​ទី​១​គឺ​ «សម្តេចសីហនុផ្ទេរាជឱ្យ​ប្របាទស្រីសុទ្ធោទនៈ [សម្តេច​សីហនុ​​ផ្ទេរ​រាជ​ឱ្យ​​ព្រះបាទ​​ស្រី​សុទ្ធោទ​ន៍]​» និង​បន្ត​មក​ «ពួក​ទេវតាអារធនា​ព្រះសន្តុសិតទេវបុត្រឱ្យ​ច្យុត​មក​ចាប់​កំណើត​» រហូត​មក​បញ្ចប់​ត្រង់​ព្រះអង្គបរិនិព្វាន​។

ជារួមមក ព្រះវិហារ​វត្តស្រែប្រាំង គឺជា​សំណង់​​ព្រះពុទ្ធសាសនានៅ​តាម​ស្រុក​ស្រែ​ជនបទ​​ ដែល​ស្តែង​ឱ្យ​ឃើញ​ពី​សទ្ធា​ និង​ចំណេះដឹង​ស្ថាបត្យកម្ម​-សិល្បៈ (គំនូរ)​ របស់​អ្នក​ស្រុក​​សម័យ​សង្គមរាស្រ្តនិយម។ រីឯចំណេះដឹង​​អំពីរឿង​ពុទ្ធប្រវត្តិដែល​លើក​មក​គូរ​សោត​ បង្ហាញ​​ប្លែក​ពី​វត្ត​ផ្សេងៗ​ដែល​អ្នកស្រាវជ្រាវ​ធ្លាប់ជួបប្រទះ ជាពិសេស​របៀបនៃការ​ផ្តើម​សាច់​រឿង​ពុទ្ធប្រវត្តិ។ លើ​សពីនេះ ការ​គូរបង្ហាញ​រឿង​ជាតក អន្លើខ្លះ​នៃរឿង​ពុទ្ធប្រវត្តិ និង​រឿង​ផ្សេងៗ​នៅ​ជួរ​ខាងក្រោម​ ក៏ជា​របៀបថ្មីដែលកម្រឃើញតាម​វត្ត​ផ្សេងៗ ដែល​គួរ​មាន​ការ​សិក្សា​វិភាគ​វែង​ឆ្ងាយ​ទៅថ្ងៃមុខ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!