ទំព័រដើមសិល្បៈព្រះវិហារ​វត្តក្បាលកោះ

ព្រះវិហារ​វត្តក្បាលកោះ

វត្តក្បាលកោះ ឬវត្ត​សាមគ្គីក្បាលកោះ (អ្នកខ្លះ​ហៅវត្ត​យក្ស​) ជា​វត្ត​ចំណាស់​មួយ​តាម​​​​ដង​ទន្លេ​ ​​​ក្នុង​សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្ចុប្បន្នវត្ត​នេះ​មាន​​ព្រះវិហារ​ពីរ​សង់​មុខ​ក្រោយគ្នា ខណ្ឌ​ចែកដោយ​សាលា​បឋម​សិក្សា​ក្បាល​កោះ។ ព្រះ​វិហារ​ខាងមុខ គឺជាសំណង់​បុរាណ​ដ៏ល្អវិចិត្រមាន​​អក្សរចារឹក​លើ​ហោជាង​​ម្ខាងថា «លើក​​​ព្រះ​វិហារ​​នេះ ​​​ថ្ងៃ​ព្រះហស៍ ៣កើត ខែរស្រាប ​ឆ្នាំមមែរ សពសក្ក ចុល្លសក្ករាជ​១២៥៧» ហើយ​​លើ​​ហោជាង​ម្ខាង​ទៀតចារឹកថា «ព្រះ​ពុទ្ធ​សក្ខរាជ​បាន​២៤៣៨»។ ​បើផ្អែក​តាម​កាលបរិច្ឆេទ​ទាំង​នេះ គិត​មក​ដល់សព្វថ្ងៃ​ព្រះវិហារ​វត្ត​ក្បាល​កោះ​មាន​អាយុកា​ល​១២៧​ឆ្នាំ។ ជាការ​ពិត ព្រះវិហារ​វត្ត​ក្បាល​កោះជា​ទម្រង់​ព្រះវិហារ​បុរាណ​ ជញ្ជាំង​សង់​អំពីឥដ្ឋ គ្រឿង​បង្គុំឈើ ​ដំបូល​ប្រាក់​ក្បឿង​ស្រកាលេញ។ មក​ដល់សព្វថ្ងៃ​ គេពុំ​ទាន់​រក​ឃើញ​មាន​ឯកសារ​ណា​ចងក្រងច្បាស់លាស់​អំពីសាវតា​រវត្ត​នេះឡើយ។ បើ​ផ្អែកលើ​កាល​​បរិច្ឆេទ​​នៃ​ចារឹក​​ខាងលើ ព្រះវិហារ​នេះកសាង​ក្នុង​ឆ្នាំ​១៨៩៥ ពោលគឺ​ក្នុង​រាជ្យ ​​ព្រះបាទ នរោត្តម (១៨៦០-១៩០៣) ឬអាច​និយាយ​​បាន​ថាកសាងឡើង​នៅក្នុង​គ្រា​​ប្រហាក់​ប្រហែល​​នឹង​ព្រះ​វិហារ​​វត្ត​ចិន​ដំដែក​ (ឆ្នាំ​១៨៨៧) ដែល​​ស្ថិត​នៅ​​​កណ្តាល​រាជធានីភ្នំពេញ។​ ប៉ុន្តែបើយោង​តាម​​​រូបថត​ឯកសារ​របស់​​​សាលា​បារាំង​​ចុង​បូព៌ា (EFEO) ថតឆ្នាំ​១៩២៩ គេ​ឃើញ​វត្ត​ក្បាល​កោះ​មាន​ព្រះវិហារ​​​​​បុរាណតូច​មួយ​​ស្រេច​ទៅ​​ហើយ។​ ព្រះវិហារ​នោះជា​ទម្រង់​​វិហារ​ជហ្វា​៦ ជញ្ជាំង​ឥដ្ឋ សង់​លើ​ខឿន​ខ្ពស់​ពីរ​ថ្នាក់។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គេឃើញ​មាន​ជណ្តើរ​ឈើ​​​ភ្ជាប់​នឹង​ទ្វារ​ទាំងពីរ​នៅ​ផ្នែក​ខាង​​មុខ។ ចំណែក​នៅ​ផ្នែក​ចំហៀង​មាន​បង្អួច​តូចៗ​ អម​សង​ខាង​បង្អួច​​ធំមួយ​នៅ​កណ្តាល។ រីឯ​ដំបូល​លម្អ​ដោ​យ​​ជហ្វា​៣ខាងមុខ និង​ជហ្វា៣​ទៀត​​នៅខាងក្រោយ តែ​ប្លែក​ត្រង់​ការ​​លម្អ​នាគ​ចែង​នៅ​​គល់ហោជាង​ គេបំបែក​ជាពីរ ហើយ​ពុំ​រត់ត្រង់លើព្រំ​ចែង​ដំបូល​​ឡើយ។ ដោយឡែកបើត្រឡប់មក​មើល​ព្រះ​វិហារ​វត្តក្បាល​កោះ​សព្វ​ថ្ងៃ ​ដែលគេ​យល់​ថា​កសាងបានជាង​១សតវត្ស​​នោះ​​ គឺជា​​ទម្រង់​​ស្ថាបត្យកម្ម​​មាន​លក្ខណៈ​ស្រដៀង​នឹង​​ព្រះ​វិហារ​បុរាណ​នៅក្នុង​រាជ្យ​ ព្រះបាទ​ នរោត្តម សីហនុ (១៩២២​-២០១២) ពោលគឺ​ជា​សំណង់​​មាន​ទំហំ​ធំជាងសម័យ​មុនៗ ព្រមទាំង​ប្រើ​ក្បាច់លម្អ​អំពី​ស៊ីម៉ងត៍​ច្រើន​ជាង​ឈើ។

បច្ចុប្បន្ន បន្ទាប់ពីទីធ្លាវត្ត​បាន​រំកិល​ថយ​ទៅក្រោយ​​​បរិវេណ​សាលា​រៀន​ ពុទ្ធបរិស័ទ​បាន​មូលមតិកសាងព្រះវិហារ​ថ្មីមួយទៀត។ ​ព្រះវិហារចាស់​​ស្ថិត​​នៅ​ខាង​​មុខ​ ហើយ​​ដែល​​យើងកំពុង​លើ​កមក​​​​បង្ហាញ​នេះ បានជួស​ជុល​ក្នុង​ឆ្នាំ​២០២១ ហើយ​​បង្វែ​រតួ​នាទី​ទៅជា​ «​សាលា​ធម្មសភា»។  ​​ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណាក្តី ដូចខ្ញុំ​បាន​បញ្ជាក់​ខ្លះៗ​មក​ខាងលើថា សំណង់នេះជា​ទម្រង់​វិហារ​ជហ្វា​៦ដ៏ល្អវិចិត្រ​ ដែល​គេ​បាន​រចនា​ដំបូល​កិង​ ជ្រាល​ចុះ​ទៅចំហៀង​ទាំង​សងខាង៣ថ្នាក់។ រីឯ​នៅ​គល់​ហោ​ជាង​ ដំបូល​​២ថ្នាក់​ជ្រាល​ចុះ ទៅ​​មុខ និង​២ថ្នាក់ជ្រាលចុះ​ទៅក្រោយ។ សំណង់នេះសង់​នៅ​លើ​ខឿន​២ថ្នាក់ ដែល​ខឿន​ខាងក្រៅមាន​ធ្លា​​ធំទូលាយ​ ព័ទ្ធដោយ​បង្កាន់ដៃជុំវិញ បង្កលក្ខណៈ​យ៉ាង​​ល្អ​សម្រាប់​ការរៀបចំពិធីបុណ្យទានផ្សេងៗ។

ចំពោះហោជាង​ទាំងពីរផ្ទាំង​​នៃព្រះវិហារ​វត្ត​ក្បាលកោះ ​គឺជា​ហោជាង​ឈើដែល​មាន​​​ចារឹក​​ខ្លឹមសារ​យ៉ាង​សំខាន់​ដូចបញ្ជាក់មក​ខាងលើ។ ក្បាច់​លម្អ​លើ​ហោជាង​ទាំងពីរ​​​មាន​​លក្ខណៈ​ដូចគ្នាទាំង​ស្រុង ពោលគឺ​ជា​ក្បាច់​ភ្ញីវល្លិ​យ៉ាង​រស់​រវើក លាបពណ៌​ទឹកមាស​ ព័ទ្ធ​ជុំវិញ​​ឆ័ត្រ​រួត​បីដើម។​ ឆ័ត្រ​រួត​កណ្តាល​ ឆ្លាក់ដាក់​តម្កល់​ខ្ពស់​លើ​ជើង​ពាន​មាន​ចារឹក​ពាក្យ “ព្រះ​ពុទ្ធ​សក្ខរាជ​បាន​២៤៣៨”។ ផ្នែក​ខាងគល់នៃហោជាង​នេះគេឆ្លាក់រចនា​មាន​លក្ខណៈ​​ដូច​ផ្ទាំង​ថ្ម​តម្រៀប​ជាជួរ​។ ប៉ុន្តែ​ហោជាងខាងលិច បើ​ពិនិត្យ​លម្អិត​ក្រៅពីមាន​ក្បាច់​លម្អ​ដូច​គ្នា​​ជាមួយ​ហោជាង​ខាងកើត នៅត្រង់គល់ហោជាង​នេះគេ​រចនា​​ជា​ផ្ទាំងថ្មតម្រៀប​​ជា​ជួរ​ ហើ​មាន​សត្វផ្សេងៗនៅលាយ​ឡំជាមួយដូជា​ សត្វស្លាប ពស់​ តោ ខ្លា ប្រើស​​ និង​ចចក (?) ​ជាដើម​​​។

ចំណែកឯការ​លម្អលើរងស្បូវនៃព្រះវិហារ​វត្តក្បាលកោះ គេឃើញ​មានប្រើក្បាច់​បី​ប្រភេទ​​ផ្សេងគ្នា ឆ្លាក់​លើ​បន្ទះក្តារ​ផង និង​ចាក់​ពុម្ពស៊ីម៉ងត៍ផង។ នៅលើ​រងស្បូវ​ពីរ​ខាងលើ​បង្អស់​គេ​​ប្រើ​ក្បាច់​កញ្ចាំង (ខ្លះហៅក្បាច់សារាយ) ឆ្លាក់​លើ​បន្ទះក្តារ។ រងស្បូវ​ពីរបន្ទាប់​ គេ​ប្រើ​ក្បាច់ពុម្ពស៊ីម៉ងត៍ក្នុង​ទម្រង់​ច័ក្កច័ន ហើយក្បាច់លម្អលើ​ហោជាង​ខាងក្រោម​បំផុត​ ក៏​ប្រើ​​ក្បាច់ពុម្ពស៊ីម៉ងត៍ តែក្នុងទម្រង់​ច័ក្កច័នលាយ​។​ ទន្ទឹមនឹងនោះដែរ នៅលើ​ក្បាល​សសរ​​ទ្រ​រង​ស្បូវ​ គេមាន​បំពាក់​លម្អដោយ​រូប​កិន្នរ​​នៅផ្នែក​ចំហៀង និង​គ្រុឌ​នៅ​លើ​ក្បាល​សសរ​​​​ទ្រ​រងស្បូវ​ចុង​ចែង​ដំបូល។ ចំណែក​ឯក្បាច់លម្អ​តាម​ស៊ុមទ្វារ និង​បង្អួច​ ក៏ប្រើ​ជា​​ប្រភេទ​ក្បាច់អង្គរចាក់ពុម្ពស៊ីម៉ងត៍ ដែលមានរំលេច​រូបព្រះពិស្ណុគង់​លើ​ព្រះកាល (រាហ៊ូ)។​​​

ផ្នែកខាងក្នុង​នៃព្រះវិហារ​វត្ត​ក្បាលកោះ ចែក​ចេញ​ជា​បីល្វែង ពោលគឺ​ល្វែង​គ្រឹះ​នៅ​កណ្តាល ដែលមាន​ព្រះជីវ៍តម្កល់​លើ​បល្ល័ង្កខ្ពស់​មួយ​នៅចុង​ខាងលិច និង​របៀង​អម​សងខាងខាង។ ព្រះជីវ៍នៃព្រះវិហារ​នេះ ជាព្រះបដិមា​ពុម្ពសាងអំពីស៊ីម៉ងត៍​ មាន​ទំហំតូច​ល្មម គង់ក្នុង​កាយវិការ​ផ្ចាញ់មារ តម្កល់​លើ​បល្ល័ង្ក​​សាមញ្ញមួយ អម​ដោយ​ព្រះបដិមា​ក្នុង​កាយវិការ​ផ្ចាញ់មារ​ពីរអង្គ។ រីឯសសរ​ទាំងពីរជួនៃផ្នែកខាងក្នុង​អម​ល្វែងគ្រឹះនោះ ជាសសរ​បេតុង​មូលលាត ឥតមានគំនូរ ឬក្បាច់​អ្វីលម្អដូច​ព្រះវិហារ​ដទៃ​​ឡើយ។ ប៉ុន្តែ​ចំពោះ​ពិតាន​ឈើ​ខាងលើ គេ​បាន​គូរ​អន្លើផ្សេងៗក្នុង​ពុទ្ធប្រវត្តិ ដែល​ភាគ​ច្រើន​ពាក់ព័ន្ធនឹង​ស្ថានសួគ៌ដូចជាចតុលោកបាល ​ទេវតា​រក្សា​ទិស​ទាំង​ប្រាំបី ព្រះអង្គ​បិណ្ឌ​បាត្រ​នៅស្ថាន​ព្រហ្ម និង​ព្រះអាទិត្យ ព្រះចន្រ្ទ ដែល​ខ្មែរ​ជឿថា​ជា​ព្រះគ្រោះ​ដែល​កើត​មុនគេ​នៅស្ថាន​ត្រៃត្រិង្ស។

គំនូរនៅលើ​ជញ្ជាំងជុំវិញផ្នែក​ខាងក្នុង​ព្រះវិហារ​នេះ ស្ថិតក្នុងប្រធានបទសំខាន់ពីរ​គឺ​រឿង​ពុទ្ធប្រវត្តិ​និង​រឿង​នានាក្នុង​ជាតក។ លក្ខណៈគួរ​ឱ្យ​កត់​សម្គាល់​​នៃគំនូរ​ គឺ​​បង្ហាញ​ប្រធាន​បទចម្រុះ ពោលគឺ​គំនូរ​នៅ​ជួរខាងលើ​មានគូរ​បង្ហាញ​ទាំង​រឿង​ពុទ្ធប្រវត្តិផង និង​រឿង​​ជាតក​ផង ដោយ​ផ្តើម​ពីព្រះអង្គ​ប្រសូត​នៅលើ​ជញ្ជាំង​ខាងត្បូង​ចុង​ខាងកើត​ រាយ​ដំណើរ​រឿង​រំកិល​ទៅ​ជញ្ជាំង​ខាងលិច ​មកបញ្ចប់​ត្រង់​​ជិត​ពាក់​កណ្តាល​ជញ្ជាំងខាង​ជើង ហើយ​​បន្ត​ដោយ​រឿង​ជាតកមក​ខ្លះ រហូត​ទល់​នឹង​រូប​ព្រះអង្គ​បរិនិព្វាន។

ប៉ុន្តែ​ទោះយ៉ាង​ណាក្តី ​លក្ខណៈពិសេសនៃ​គំនូរ​ព្រះវិហារ​នេះ គឺគេ​គូរ​ត្រង់​​ព្រះអង្គ​ត្រាស់​ដឹង​នៅខាង​ក្រោយ​ព្រះ​ជីវ៍​ដែលគេ​តែង​គូរ​ព្រះអង្គ​ផ្ចាញ់មារ រីឯ​នៅ​ខាង​មុខ​ព្រះជីវ៍គឺ «ព្រះអង្គបរិនិព្វាន» ​ដោយ​គូរ​បញ្ចូល​តួ​អង្គ​ព្រះចៅអធិការ​វត្ត​​នៅក្នុង​នោះ​​ផង​។ ដោយឡែក នៅតាម​ចន្លោះ​​បង្អួច​នីមួយៗដែល​រាប់ថាជា​គំនូរ​បន្ទាត់​ទី២ ក៏ឃើញ​មាន​គូរ​អន្លើ​ខ្លះ​ក្នុង​រឿង​ពុទ្ធប្រវត្តិដែរដូចជា​ ត្រង់ព្រះអង្គធ្វើទុក្ខកិរយា នាង​សុជាតា​​ថ្វាយ​​ចង្ហាន់ ឬព្រះអង្គប្រោសនន្ទកុមារជាដើម។​ ទន្ទឹមនឹងនេះ នៅផ្នែកខាងក្រោមនៃគំនូរក្រោយព្រះជីវ៍បានបញ្ជាក់ថា គំនូរទាំងអម្បាលម៉ានគូរក្នុងឆ្នាំ១៩៩២។

បើនិយាយសង្ខេប ព្រះវិហារវត្តក្បាលកោះជាស្ថាបត្យកម្មបែបបុរាណ មានចារឹកកាលបរិច្ឆេទកសាងតាំងពី១២៧ឆ្នាំមុន តែពុំធ្លាប់ឃើញមានឯកសារផ្សេងៗ សូម្បីតែក្នុងឯកសារកម្ពុជសុរិយារវាងឆ្នាំ១៩២៤ ដែលព្រះរាជបណ្ណាល័យបង្គាប់ឱ្យចងក្រងប្រវត្តិនីមួយៗក៏ពុំឃើញនិយាយដល់វត្តនេះដែរ។ ប៉ុន្តែយ៉ាងណាក្តី នៅក្បែរព្រះវិហារនោះសោតគេឃើញមានអគារថ្មទ្រុឌទ្រោមមួយខ្នង (អតីតសាលាបាលី?) មានចារឹកថា «សង់ឆ្នាំមមី ពុទ្ធសករាជ២៤៧៣ ឆ្នាំ១៩៣០»។ ដូច្នេះព្រះវិហារវត្តក្បាលកោះដែលមានចារឹកថាសង់ឆ្នាំមមែ ទំនងសង់ក្នុងរវាងឆ្នាំ១៩៣១ ពុទ្ធសករាជ២៤៧៤ ក៏ថាបាន៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!