ទូកប្រណាំងឬហៅថា “ទូកង” ប្រចាំវត្តនីមួយៗ ជាសម្បត្តិរួមដ៏មានតម្លៃរបស់អ្នកស្រុក។ តាមទំនៀម គេតែងដាក់ឈ្មោះទូកដោយភ្ជាប់នឹងឈ្មោះវត្ត អ្នកតា ឬបារមីប្រចាំវត្ត ហើយគេជឿថាទូកនោះមានអមនុស្សថែរក្សា ជាពិសេសគឺមាន “ព្រាយ” កាន់ផង។ រៀងរាល់ឆ្នាំ ចាប់ពីភ្ជុំបិណ្ឌរហូតដល់ចេញព្រះវស្សា អ្នកស្រុកតែងធ្វើកិច្ចដាក់ទូកចុះទឹក ដើម្បីប្រណាំងជាមួយទូកវត្តផ្សេងៗ។ ការប្រណាំងនេះគេមើលឃើញថាជាទំនៀមរបស់អ្នកស្រុករស់នៅតាមទន្លេផង ហើយជាឱកាសជ្រើសរើសរកទូកល្អ ប្រណាំងឈ្នះគេ ដើម្បីចូលរួមប្រណាំងជាមួយទូកមកពីស្រុកផ្សេងទៀត ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង។
![](https://asset.ams.com.kh/khmercivilization/media/image-53.png)
ជាការពិត នៅតាមបណ្តាវត្តនីមួយៗគេតែងសង្កេតឃើញមានសង់រោងតម្កល់ទូកនៅក្បែរព្រះវិហារ។ តាមទំនៀមបុរាណ លោកតែងជ្រើសរើសទីតាំងសង់រោងទូកនៅទិសឦសានព្រះវិហារ ក្បាលទូកដាក់ទៅទិសខាងកើត កន្សៃទៅទិសខាងលិច។ ប៉ុន្តែអ្នកស្រុកតំបន់ខ្លះ គេយកទូកទៅតម្កល់ទុកក្រោមដើមឈើ ឬសង់រោងជាប់នឹងមាត់ទន្លេតែម្តង។ ក្នុងរោងរក្សាទូកនោះសោត គេឃើញជាទូទៅយ៉ាងហោចណាស់មានក្លស់មួយថ្វាយនៅខាងក្បាលទូក ហើយតាមទម្លាប់គេតែងយកគ្រឿងសក្ការៈ ឬតង្វាយផ្សេងៗទៅថ្វាយរាល់ថ្ងៃសីល ឬថ្ងៃបុណ្យ (រូបលេខ៥-៧)។ ដោយមានជំនឿពាក់ព័ន្ធនឹងអមនុស្ស ឬព្រាយរក្សាទូកដូចរៀបរាប់ខាងលើ គេតែងទូន្មានមនុស្សស្រីពរពោះមិនឱ្យទៅក្បែររោងទូកឡើយ ដ្បិតខ្លាចមានគ្រោះដូចជារលូតកូន ឬស្លាប់ម្តាយ។
![](https://asset.ams.com.kh/khmercivilization/media/image-54.png)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A6-%E1%9E%8A%E1%9E%84%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%99%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%9F%E1%9E%80%E1%9F%92%E1%9E%80%E1%9E%B6%E1%9E%9A%E1%9F%88-1-scaled.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A5-%E1%9E%9F%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%93%E1%9E%80%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%9B%E1%9E%91%E1%9E%BC%E1%9E%80-1-scaled.jpg)
នៅក្បែររោងទូកខ្លះគេក៏តែងសង្កេតឃើញមានខ្ទមអ្នកតា ដែលហាក់ដូចជាមានទំនាក់ទំនងផ្ទាល់ជាមួយទូកផងដែរ។ មិនតែប៉ុណ្ណោះបើទូកនោះចាស់ ឬបាក់បែកខូច គេតែងយកតួទូក ឬបំណែកទូកទៅរក្សាទុកក្នុងខ្ទមអ្នកតាជានិច្ច។ លើសពីនេះអ្វីដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីទំនាក់ទំនងរវាងទូកនិងអ្នកតា គឺទូកខ្លះគេគូររូបតួអង្គអ្នកតានោះនៅក្បាលទូក ឬដាក់ឈ្មោះអ្នកតាភ្ជាប់នឹងទូកតែម្តង។ មកដល់ចំណុចនេះ គេគួរចាំថាតាមទំនៀមបុរាណ លោកច្រើនដាក់ឈ្មោះទូកប្រណាំងពាក់ព័ន្ធនឹង “ស្រី” ព្រោះដោយជឿថាជា “ម្នាងទូក” ឬជាអមនុស្សភេទស្រី (ព្រាយ) ដែលតាមថែរក្សាទូកដូចជា ស្រីខ្មៅ ស្រីស ស្រីស្រស់ ស្រីកែវស្រីស្រាវ នារីឧត្តម្ភ រស្មីនារី នារីរង្សី នារីរ័ត្នមានឫទ្ធិជាដើម។
![](https://asset.ams.com.kh/khmercivilization/media/image-55.png)
ដោយឡែក បើត្រឡប់មកនិយាយអំពីទំនៀមប្រណាំងទូកវិញ អ្នកស្រុកតែងចាប់ផ្តើមតាំងពីថ្ងៃភ្ជុំបិណ្ឌ រហូតដល់ថ្ងៃចេញព្រះវស្សា ដែលគេច្រើនហៅថា “ផ្តាច់ព្រ័ត្រ”។ ប៉ុន្តែមុននឹងយកទូកទៅប្រណាំង គេត្រូវជួសជុល កែលម្អ រួចទើបធ្វើកិច្ចប្រុងពលីដាក់ពីបង្គងចុះទឹក ដើម្បីហាត់សមចំណុះទូក (រូបលេខ១២)។ នៅក្នុងកិច្ចប្រុងពលីលើកទូកចុះទឹកនេះ ជួនកាលគេធ្វើពេលព្រឹក ជួនកាលពេលល្ងាច។ ក្នុងកិច្ចនេះ គេត្រូវរៀបបាយស្រី ស្លាធម៌ ចេក ស្រា ក្បាលជ្រូក មាន់ស្ងោរ បង្អែម ចម្អាម និងនំចំណីជាច្រើនទៀត ព្រមទាំងមានថ្វាយភ្លេងផង (រូបលេខ១៣)។ ក្នុងឱកាសនោះ ជួនកាលមានកិច្ចបញ្ចូលបញ្ជាន់បារមី បំពាក់ភ្នែកទូកដែរ ហើយកិច្ចចុងក្រោយគឺ និមន្តព្រះសង្ឃប្រស់ព្រំពរជ័យ ដើម្បីសុំសេចក្តីសុខដល់ចំណុះទូក និងអ្នកភូមិផង។
![](https://asset.ams.com.kh/khmercivilization/media/image-56.png)
![](https://asset.ams.com.kh/khmercivilization/media/image-57.png)
ចំពោះការប្រណាំងទូកតាមទំនៀមអ្នកស្រុក ដើមឡើយគេច្រើនអុំប្រណាំង៣ថ្ងៃក្នុងពេលភ្ជុំបិណ្ឌ ហើយមូលមាត់គ្នាប្រណាំងផ្តាច់ព្រ័ត្រក្នុងថ្ងៃចេញព្រះវស្សា។ ក្នុងពេលប្រណាំងគេត្រូវតមមាត់តមកណាស់ ពោលគឺមិនត្រូវនិយាយពាក្យផ្តេសផ្តាស មិនត្រូវនោមដាក់លើទូក ហើយគេត្រូវដោតទង់ជ័យរូបប្រាសាទ ឬរូបហនុមាននៅកន្សៃទូក មានម្នាក់ជាគ្រូបង់បត់ ឬជាអ្នកមានសម្តីថ្វីមាត់គ្រាន់សម្រាប់ស្រែកយកជ័យ។ មុនពេលចុះទូករៀបចំប្រណាំង គេត្រូវប្រស់ព្រំ ឬអុជធូបថ្វាយផ្លែឈើនៅក្បាលទូកម្តងទៀត។ បន្ទាប់ពីប្រណាំងរួចជើងទី១ ឬទី២ ឬក៏សំចតទូករង់ចាំប្រណាំងផ្តាច់ព្រ័ត្រក្តី គេត្រូវយកក្លស់មកបាំងក្បាលទូកឡើងវិញ (រូបលេខ១៧)។ ប៉ុន្តែបច្ចុប្បន្ន ការប្រណាំងទូកតាមស្រុកនីមួយៗ គេកត់សម្គាល់ឃើញការរៀបចំយកលំនាំការប្រណាំងនៅមុខព្រះបរមរាជវាំងដែរ ពោលគឺទាំងការរៀបចំលេខសម្គាល់ទូក ផ្គូរផ្គងទូក ចម្ងាយអុំ ខ្សែទឹក និងការកំណត់ឈ្នះចាញ់ជាដើម តែពុំមានកាត់ព្រ័ត្រឡើយ (រូបលេខ១៩-២១)។
![](https://asset.ams.com.kh/khmercivilization/media/image-58.png)
![](https://asset.ams.com.kh/khmercivilization/media/image-59.png)
![](https://asset.ams.com.kh/khmercivilization/media/image-60.png)
សង្ខេបសេចក្តីមក ទូកប្រណាំងគឺជាទ្រព្យអ្នកស្រុកប្រចាំតាមវត្តនីមួយៗ ដែលគេមានជំនឿ និងគោរពថែរក្សា។ មិនតែប៉ុណ្ណោះ អមនុស្សដែលថែរក្សាទូក ក៏ថែរក្សាស្រុកភូមិរបស់គេ ហើយហាក់ដូចជាមានជីវិត និងមានទំនាក់ទំនងនឹងអ្នកស្រុកផង ជាពិសេសក្នុងពេលដល់រដូវប្រណាំងទូកតាមទំនៀមអ្នកស្រុក៕
អត្ថបទដោយ៖ កញ្ញា ហៀង សុវណ្ណមរកត