ទំព័រដើមប្រវត្តិសាស្ត្រ«ព្រៃដើមថ្នឹង» និង​ «ព្រះភ្នំ» ក្នុងសិលាចារឹកវត្តមៀន

«ព្រៃដើមថ្នឹង» និង​ «ព្រះភ្នំ» ក្នុងសិលាចារឹកវត្តមៀន

នៅក្នុង​សិលាចារឹកវត្តមៀន K.១០៥ ដែលធ្លាប់ចុះផ្សាយកន្លងមក យើង​ប្រទះ​ឃើញ​​​ស្ថាននាម​មួយចំនួន​ ដែលគួរនឹងសិក្សា និងលើកយកមកបង្ហាញមហាជនឱ្យបាន​ជា​​ចំណេះ​​ដឹង អំពីប្រវត្តិនាមទីតាំងមួយចំនួន ដែល​បន្សល់​ទុក​តាំង​តែ​អំពី​បុរាណ​កាល​មក​។ ជាក់​ស្ដែង​បើយោងតាម​សិលាចារឹកវត្តមៀន ស្ថាននាម​ «ព្រៃដើមថ្នឹង» នៅ​ក្នុង​ខេត្ត​ព្រៃវែង ជាឈ្មោះដែលមានយ៉ាងហោច​ណាស់​តាំងពីសម័យអង្គរមកម្ល៉េះ។ នៅក្នុ​ង​សិលា​ចារឹក​​ដដែល​នេះ ក៏ធ្លាប់មានអ្នកស្រាវជ្រាវកន្លងមក បានលើកយកពាក្យ «វ្រះវ្នំ» ឬ​សរ​សេ​រ​​ជា​ពាក្យ​ទំនើបថា «ព្រះភ្នំ» សន្និដ្ឋានថាត្រូវនឹងឈ្មោះ «បាភ្នំ» សព្វថ្ងៃនេះ។ នៅក្នុ​ង​អត្ថបទ​នេះ យើងក៏នឹងពិភាក្សាថា «វ្រះវ្នំ» អាចជាឈ្មោះបុរាណរបស់ «បាភ្នំ» ដែរឬទេ?

– ស្ថាននាម «ព្រៃដើមថ្នឹង»

នៅក្នុងអត្ថបទ​ផ្នែកទី​១​ នៃសិលាចារឹកវត្តមៀន​ ត្រង់ចំណុចរៀបរាប់អំពីដីភូមិ​ដែល​ជាតង្វាយ​ចំពោះប្រាសាទ​នៅព្រៃវ្យក ក្នុងខេត្តស្រីឥន្ទ្របូរ គឺមាន​​ដីភូមិមួយកន្លែង​មាន​ឈ្មោះ​​ថា «ស្រុក៑វ្រៃ​តេំថ្និង៑» នៅកណ្ដាលពល​។ ពាក្យ «ស្រុក៑» កាលពីបុរាណរហូត​មក​ដល់​​បច្ចុប្បន្ន​​​ប្រើក្នុងន័យចង្អៀត​ផង និងទូលាយផង។ នាពេលបច្ចុប្បន្ន ពាក្យ «ស្រុក» ដែល​​ប្រើ​នៅក្នុងប្រព័ន្ធរដ្ឋបាល ដែលជាតំបន់ស្ថិតនៅក្រោម​ការគ្រប់គ្រងរបស់ខេត្ត គឺ​ជា​ន័យ​កំណត់​​ប្រើ​នៅក្នុងកម្រិត​បច្ចេកទេស។ យ៉ាងនេះក្ដី យើងក៏សង្កេតឃើញ​មាន​ការ​ប្រើ​ប្រាស់​​ទូទៅ​ក្នុង​ស្រទាប់​មហាជន ក្នុងន័យយ៉ាងទូលាយ ដោយសម្គាល់​ទីតាំង​ប្រជុំ​ជន​តូច​ណា​មួយ ភូមិ ឃុំ ស្រុក ខេត្ត ប្រទេស ទ្វីប និងរហូតដលពិភពផង។ នៅក្នុងឆ្នាំ​១៩៩៧ លោកបណ្ឌិត ឡុង សៀម បានបោះពុម្ពផ្សាយសៀវភៅមួយមានចំណងជើង​ «ស្ថាន​នាម​វិទ្យា​ខ្មែរ តាម​ឯកសារ​សិលាចារឹក​ ប្រទេសកម្ពុជា (សតវត្សទី​ VI – XIV)» បាន​ផ្ដល់​ការ​ពន្យល់​​យ៉ាង​ក្បោះ​ក្បាយ​អំពីពាក្យ «ស្រុក៑» កាលពីសម័យបុរាណ។ ពាក្យនេះ និង​ពាក្យ​មន​​បុរាណ scruk, sruk មានន័យថា ជ្រក ជម្រក ដែលនៅសម័យមុនអង្គរ សម្គាល់​តែ​ភូមិ​ដែល​​មានទំហំតូច​ ហើយ​ស្រុកដែលទើបបង្កើតថ្មី​ អាចមានប្រជុំផ្ទះតែពីរបីប៉ុណ្ណោះ​។ លោកបណ្ឌិត ឡុង សៀម ក៏បាន​បង្ហាញ​ដែរថា តាម​​​ការ​រីកចម្រើន​របស់​សង្គមបុរាណ នៅ​សម័យ​អង្គរ «ស្រុក៑» កាន់​តែ​មាន​វិសាលភាព​ធំ​ជាង​សម័យមុន។ ស្រុកខ្លះជាសហគមន៍ធំ ដែល​អាចមាន​ភូមិ​ឬ​ប្រជុំ​ជន​មាន​មនុស្ស​រស់​នៅ​ច្រើន​បញ្ចូលគ្នា​ ដូចករណី​ «ស្រុក៑​ទឝ​គ្រាម​» ដែល​​ទំនង​ជា​សំដៅ​ដល់​ស្រុកនោះ មាន​ភូមិ​១០រួម​​បញ្ចូល​គ្នា​។

ពាក្យ «វ្រៃតេំថ្និង៑» ត្រូវនឹងសំណេរទំនើបថា « ព្រៃដើមថ្នឹង»។ ស្ថិត​នៅចម្ងាយ​ត្រង់​ប្រមាណ​ជា៧គីឡូម៉ែត្រ​ពី​ទិសនិរតីវត្តមៀន​ មានឃុំមួយស្ថិតនៅក្នុងស្រុក​ស៊ីធរកណ្ដាល ខេត្តព្រៃវែង មានឈ្មោះថា «ព្រៃដើមថ្នឹង»។ ឃុំនេះ​មាន​ភូមិចំណុះចំនួន៤ គឺ​ព្រៃដើមថ្នឹង​ទី១ ព្រៃដើមថ្នឹងទី២ ព្រៃដើមថ្នឹងទី៣ និងព្រៃដើមថ្នឹងទី៤។ ឃុំនេះ មានព្រំប្រទល់ខាង​កើត​​ជាប់នឹងឃុំមៀន នៃស្រុកអូរាំងឪ ខេត្តកំពង់ចាម ខាងលិចជាប់នឹង​ឃុំព្រៃទឹង ឃុំ​រំលេច នៃ​ស្រុកស៊ីធរកណ្ដាល ខាងត្បូងជាប់នឹង​ឃុំឫស្សីសាញ់ ឃុំព្រៃទឹង នៃស្រុក​ស៊ីធរ​កណ្ដាល និង​ខាង​​ជើងជាប់នឹងឃុំរំលេច ឃុំល្វេ ស្រុកស៊ីធរកណ្ដាល។

ផែនទី​ឃុំព្រៃដើមថ្នឹង (រូបថត៖ Google Maps 2022)

ឃុំនេះប្រហែល​ជាទីប្រជុំជនសំខាន់មួយដែលបន្ដមកតាំងពីបុរាណ ទើបសព្វ​ថ្ងៃ​ក្លាយ​​ជា​ទី​រួម​ស្រុក​ស៊ីធរកណ្ដាល។ បើមើលលើស្ថានភាពជាក់ស្ដែង ទោះបីជាវិសាលភាព​ទឹក​ដី​ឃុំ​នេះ​​មាន​ទំហំ​ធំ​គួរ​សមក្ដី ប៉ុន្ដែភាគច្រើន គឺជាផ្ទៃដីកសិកម្ម។ តំបន់នេះ ក៏​នៅ​ក្បែរ​បុរាណ​​ស្ថាន​សំខាន់មួយទៀត គឺ​ប្រាសាទ​ព្រៃដើមស្រុក (ប្រាសាចុងស្រុក ឬ​ប្រាសាទ​ព្រះ​ធាតុ)។ ដូច្នេះ​ «ស្រុក៑វ្រៃតេំថ្និង៑» ជា​ឈ្មោះ​ទី​ប្រជុំ​ជន​បុរាណ​មួយ​មាន​នៅ​ក្នុង​សិលា​ចារឹក​វត្ត​មៀន​ គឺត្រូវគ្នានឹង​ទីតាំងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងសព្វថ្ងៃ។

២- «ព្រះភ្នំ»

លោក អៃម៉ូនីញ៉េរ ដែលបានចុះផ្សាយអត្ថន័យសិលាចារឹកវត្តមៀនដំបូងគេ យល់​ថា​​ពាក្យ «វ្រះវ្នំ​» នៅ​អត្ថបទផ្នែកទី២នៃសិលាចារឹកនោះ គឺជាឈ្មោះ​ «បាភ្នំ» បច្ចុប្បន្ន។ ការ​ដែលលោកយល់បែបនេះ ដោយសារ​តែពាក្យ «វ្រះភ្នំ» វិវត្តមកជាពាក្យ «ព្រះភ្នំ» និងក្លាយ​សូរ​​មកជា «បាភ្នំ»។ ការវិវត្តសូរពាក្យ «ព្រះ» មកជា «បា» តាមសម្ដីអ្នកស្រុកបែបនេះ សង្កេ​ត​​​ឃើញមានច្រើនណាស់នៅក្នុង​ភាសាខ្មែរ។ ជាក់ស្ដែងដូចប្រាសាទ​ «ព្រះគោ» កាល​ដំបូងៗ​ឡើង​ គេស្គាល់ប្រាសាទនេះថាជាប្រាសាទ «បាគោ»។ លុះក្រោយមក​ នៅពេលដែល​ស្គាល់​ថាពាក្យ «បា» ជាសូរក្លាយ​មកពីពាក្យ «ព្រះ» ទើបត្រឡប់មកប្រើជា «ព្រះគោ» ដូច​សព្វថ្ងៃនេះវិញ។ លោក​ ហ្សក សឺដែស ហាក់ដូចជាយល់ស្របនឹង​គំនិតរបស់លោក អៃម៉ូ​នី​ញ៉េរ​​ ដែលបាន​លើកឡើងនេះ ព្រោះលោក​បាន​យោងគំនិតនេះដាក់នៅក្នុងអត្ថបទ​សិលា​ចារឹកវត្តមៀន របស់លោក។  គួរបញ្ជាក់ផងដែរថា ទីតាំង​វត្តមៀន និង​បាភ្នំ មាន​ចម្ងាយ​ត្រង់ឃ្លាតគ្នាប្រមាណជា៦០គីឡូម៉ែត្រ។

ឃ្លា​សិលាចារឹកក្នុងសិលាចារឹកវត្តមៀនបានចារថា «…បុល៑ក្របិយទ្ន្យំ១ នុទុញ៑ថ្មោ​អ្លេ​ង៑ នុថ្វេវ្រះវ្នំ» ដែល​​​​​មាន​​សេចក្ដីថា «បុលក្របី១នឹម ដើម្បីទិញថ្មបាយក្រៀម និង​ធ្វើ​ប្រាសាទ»។ ជាធម្មតា​ នៅ​ក្នុង​សិលាចារឹកខ្មែរ ពាក្យ «វ្នំ» ក្រៅពីសម្គាល់ភ្នំធម្មតា ក៏​សម្គាល់​ដល់​ភ្នំសិប្បនិមិត្តដែលជា​សំណង់​ប្រាសាទ​ គឺ​ពុំខុសពីពាក្យសំស្ក្រឹត «គិរិ» ដែល​សម្គាល់​ទាំង​ភ្នំធម្មជាតិ​និង​ប្រាសាទ​នោះទេ។ កាលពីសម័យ​បុរាណ​ ពាក្យ «ក្លោញវ្នំ/ខ្លោញវ្នំ» មាន​​ន័យ​ថា​ចៅ​អធិការ​ប្រាសាទ​​ ដូចជា​នៅក្នុងសិលាចារឹក​ប្រាសាទ​​ត្នោត​ជុំ K.១៤៣ ពាក្យ​ «ខ្លោញ៑​វ្នំ​ចន្ទនគិរិ» ហៅសំដៅដល់​ចៅអធិការប្រាសាទនៅតំបន់ប្រាសាទ​ទឹកឆា។ ចំណែក​ឯ​​ប្រាសាទ​តាកែវ​វិញ មានឈ្មោះបុរាណថា «វ្រះហេមឝ្ឫង្គគិរិ» ឬ​សរសេរ​តាម​បែប​ទំនើប​ថា «ព្រះហេម​ស្រឹង្គ​គិរី»។  

ផ្អែកលើការវិវត្តនៃភាសាខ្មែរ ពាក្យ «វ្រះវ្នំ» ក្លាយមកជា «ព្រះភ្នំ» និង​មាន​លទ្ធភាព​ទៅ​ជា «បាភ្នំ»។ ប៉ុន្ដែ​យ៉ាង​នេះក្ដី ពាក្យ «វ្រះវ្នំ» កាលពីសម័យបុរាណ ប្រើ​ជា​ទូទៅ​សម្រាប់​ហៅ​ប្រាសាទ​​ និង​ពុំហៅសំដៅដល់តែប្រាសាទនៅបាភ្នំនោះទេ។ មាន​សិលា​ចារឹក​យ៉ាង​ហោច​ណាស់​ចំនួន​៤ផ្សេងទៀត ដែលស្ថិតនៅតំបន់ផ្សេងៗគ្នានៃប្រទេស​កម្ពុជា​សម័យ​បុរាណ​ មានប្រើពាក្យ «វ្រះវ្នំ» ដែលសុទ្ធតែសំដៅដល់​ប្រាសាទ​។ ខាងក្រោមនេះ​ជា​សម្រង់​ឃ្លាសិលាចារឹកដែលមានប្រើពាក្យនេះ៖

សម្រង់ឃ្លាសិលាចារឹក និងទីតាំង
[…]ទុក៑ចំនាំសង៑ក្រាន៑តរង៑កោជេ១អាយ៑វ្រះ​វ្នំកំប្រុង៑[…] (ទុកគ្រឿងដង្វាយសម្រាប់សង្ក្រាន្ត អង្ករ១ជើ នៅឯ​ប្រាសា​ទ​កំប្រុង)K.៣៣ ប្រាសាទភ្នំជីសូរ្យ
[…]ប្រេម្រតាញ៑ខ្លោញ៑ទិវាករភត្តទុញ៑….ង្គអឞ្ដទិវសន​អាយ៑​វ្រះវ្នំ​ទេប៑ឱយ៑ទក្ឞិណា[…] (ប្រើម្រតាញខ្លោញទិវាករភត្ត​ទិញ….សម្រាប់ថ្ងៃទី៨ នៅឯ​ប្រាសាទ​ ទើបថ្វាយគ្រឿងដង្វាយ)K.២៦៣ ប្រាសាទព្រះឥន្ទកោសីយ៍
[…]វាប្បាស្ដេញ៑វ្រះត្នោត៑ជៅភូម្យឆោក៑សង្កេ​តភូម្យ​វ្រះកម្រតេង៑អញ៑​ឝិវបាទបូវ៌្វតស្ដេង៑វ្រះវ្នំ​ខ្លោញ៑វ្រះវ្នំ​ឝិវបាទ[…] (វាប្បាស្ដេញព្រះត្នោត​ជាវដីឆោកសង្កែ​ជាដីព្រះគម្ដែង​អញ​សិវបាទបូព៌ពីចៅអធិការប្រាសាទ​)K.៣៤៤ ប្រាសាទនាគបួស
[…]រិខ្ញុំ​វ្រះវ្នំ​វ្រាហ្មណតិអ្នក៑លក៑អាយក្រោយ៑[…] (រីខ្ញុំបម្រើ​ប្រាសាទ ព្រាហ្មណ៍ជាអ្នកលក់ពេលក្រោយមក)K.៦១៧ ប្រាសាទសេកតាទុយ
ពាក្យ «ស្រុក៑វ្រៃតេំថ្និង៑» និង «វ្រះវ្នំ» ក្នុងសំណៅផ្ដិតសិលាចារឹកវត្តមៀន (រូបថត EFEO_CAM16781)

ដូច្នេះយើងឃើញថា «វ្រះវ្នំ» នៅក្នុងសិលាចារឹកវត្ត​មៀន អាច​សំដៅ​ដល់​ប្រាសាទ​វត្តមៀន ឬប្រាសាទនៅតំបន់ក្បែរនោះ និងពុំសំដៅដល់ទីតាំង​ «បាភ្នំ»​ បច្ចុប្បន្នទេ។ ប៉ុន្ដែ​ផ្ទុយមកវិញ ពាក្យ «បាភ្នំ» បច្ចុប្បន្ននេះ មានលទ្ធភាព​ក្លាយមកពីពាក្យបុរាណថា «វ្រះវ្នំ» បើទោះបីជាពុំមាន​សិលាចារឹកនៅទីនោះបញ្ជាក់ក្ដី ប៉ុន្ដែ​តាម​សេចក្ដីលើកឡើងខាងលើ អាច​​ឱ្យ​យើងយល់ពីដានពាក្យនេះបាន។ ទីតាំងបាភ្នំនេះ ជា​ទី​តាំង​បុរាណ​ស្ថាន​សំខាន់​មួយ និង​​មាន​អ្នកប្រាជ្ញមួយចំនួន​ចាត់ទុក​ថា​ជា​ទីប្រជុំជនរាជធានី​វ្យាធបូរផងដែរ៕

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!