ទំព័រដើមសិល្បៈព្រះវិហារ​បុរាណវត្ត​ចំប៉ា

ព្រះវិហារ​បុរាណវត្ត​ចំប៉ា

បច្ចុប្បន្ន វត្ត​​ចំប៉ាបាន​រាប់​បញ្ចូល​​​ក្នុង​សង្កាត់​ក្បាល​កោះ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ​​ ពោលគឺ​ស្ថិត​នៅប្រប​ដង​ផ្លូវ​ជាតិ​លេខ​១ (ភ្នំពេញ​-ស្វាយរៀង)។ ​ក្នុង​បរិវេណ​វត្ត​នេះ​គេ​ឃើញ​​មាន​សាលាឆាន់​មួយខ្នង និងព្រះ​វិហារ​បុរាណ​មួយ​ ជា​សំណង់​ចាស់​ ​លម្អ​ដោយ​​​ក្បាច់​​​រចនា​យ៉ាង​វិចិត្រ​ក្រៃលែង។ ​​​បើ​យោង​តាមឯកសារ​ ​​គិត​មក​ដល់​​សព្វ​​ថ្ងៃព្រះវិហារ​វត្ត​ចំប៉ា​​ជា​សំណង់​ឈើ​ដ៏​ល្អឯក​ ដែល​មាន​អាយុ​កាល​​ជិត​១០០ឆ្នាំ។ សាច់​​រឿង​គំនូរស្ទើរ​ទាំងអស់នៅផ្នែក​ខាងក្នុង​ព្រះវិហារ​ រៀបរាប់អំពី​រឿង​​ពុទ្ធ​ប្រវត្តិ​ដ៏គួ​រ​ឱ្យ​ចាប់​អារម្មណ៍​ ជា​ពិសេស​គំនូរ​នៅ​ជុំវិញ​បល្ល័ង្កព្រះជីវ៍។ ប៉ុន្តែជា​អកុសល អ្នក​ស្រុក​បាន​ឱ្យ​ដឹង​ថា​ក្នុង​របប​​កម្ពុជា​ប្រជា​ធិបតេយ្យ គេ​បាន​យក​ព្រះវិហារ​ជា​ទីសក្ការៈ​នេះ ​ធ្វើជា​​ជង្រុក​ដាក់​ស្រូវ និង​​​ខណ្ឌ​ចែកបរិវេណខាងក្រៅ​ធ្វើជាកន្លែង​ចិញ្ចឹម​ជ្រូក។​

វត្តចំប៉ា ជា​បូជនីយដ្ឋាន​ព្រះពុទ្ធសាសនា​តាម​ដងទន្លេមេគង្គ​ នៃភាគ​អាគ្នេយ៍​រាជ​ធានី​ភ្នំពេញ​ ពោល​គឺ​ស្ថិត​​នៅ​ពុំ​ឆ្ងាយ​​ប៉ុន្មាន​ឡើយពីវត្ត​មជ្ឈិម​វ័ន។ មក​ដល់​សព្វថ្ងៃ ពុំ​មាន​ឯកសារ​​ណា​កត់​ត្រា​ច្បាស់​លាស់​អំពី​សារបាន​វត្តចំប៉ាឡើយ។ មិន​តែ​ប៉ុណ្ណោះ ​​ក៏​ពុំ​ឃើញ​​មាន​​​កំណត់​ត្រា​ ឬ​ចំណារ​​​អ្វី​ដែល​អាច​​បង្ហាញ​តម្រុយព័ត៌មាន​អំពីកាលបរិច្ឆេទ​សាង​សង់​ព្រះ​​វិហារ​ គូរ​គំនូរ​ ឬកសាង​ព្រះ​​បដិមា​​ព្រះជីវ៍​ក្នុង​ព្រះវិហារដែរ​។​ ប៉ុន្តែបើតាមការសិក្សា​របស់​​ Danielle Guéret និង Dominique-Pierre Guéret បាន​បញ្ជាក់ថា​ ព្រះវិហារ​វត្ត​ចំប៉ា​កសាង​ឡើងក្នុង​ឆ្នាំ​១៩៣០។ ដូច្នេះបើគិត​​ដល់បច្ចុប្បន្ន ព្រះវិហារ​នេះ​មាន​អាយុកាល​​ជិត​១សតវត្សរ៍​មក​ហើយ ពោលគឺ​កសាង​តាំងពីក្នុង​រាជ្យ ព្រះ​ករុណា ​​ព្រះ​បាទ​ សម្តេច​​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយ​កោដ្ឋ ។    ព្រះវិហារបុរាណ​វត្ត​ចំប៉ា មានបណ្តោយប្រវែង​​ប្រហែលជាង​២០ម៉ែត្រ និង​ទទឹង​ប្រហែល​​​១៣​ម៉ែត្រ​ សង់​នៅលើ​ខឿនខ្ពស់​ពីរថ្នាក់ព័ទ្ធជុំវិញដោយ​បង្កាន់​ដៃ​រៀប​ឥដ្ឋ​​​នៅខឿន​ខាងក្រៅ មានកម្ពស់​ត្រឹម​ចង្កេះ​។ បើតាមព្រះថេរដីកា​រ​ព្រះគ្រូ​ចៅ​អធិការ​​ វត្ត​ ឱ្យ​ដឹងថា ខឿន​ខាង​ក្រៅ​​នេះ​ហើយដែល​​របបកម្ពុជា​ប្រជា​ធិបតេយ្យ​​រៀបចំ​ធ្វើជា​កន្លែង​ចិញ្ចឹម​​ជ្រូក។ នៅ​ផ្នែក​កណ្តាល​​តាមជ្រុង​ទាំង​បួន​នៃខឿន​ខាងក្រៅនេះ មាន​ជណ្តើរ​​ឡើង​ចូល​ចំ​ជណ្តើរ​​នីមួយៗ​នៃខឿន​ខឿន​ខាងក្នុង​។ ប៉ុន្តែ​អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់ ព្រះវិហារ​នេះ​​មាន​ទ្វា​រ​​​តែ​ផ្នែក​​ខាង​មុខ​ និង​ខាងក្រោយ​ប៉ុណ្ណោះ ឯចំជណ្តើរ​​ផ្នែកចំហៀង​ពុំមាន​ទ្វារ​ឡើយ។

ចំពោះ​ទម្រង់​ទូទៅនៃព្រះវិហារ​វត្ត​ចំប៉ា គឺ​មាន​ដំបូល​ជ្រាល​ចុះ​បីថ្នាក់​សង​ខាង​ ប្រក់​ក្បឿង​​ស្រកាលេញ ហើយបំពាក់​​លម្អ​ដោយ​ជហ្វាខាងមុខ​២ និង​ខាងក្រោយ​២ ដែល​គេ​អាចចាត់​ចូល​​ជា​ប្រភេទ​ព្រះ​វិហារ​​​បុរាណ​ជហ្វា​៤។ នៅ​​​​ចុង​​ដំបូល​នៃ​​រងស្បូវ​ជុំ​វិញ​​ ​លម្អ​ដោយ​ក្បាច់​ឆ្លាក់​​អំពីឈើ​​យ៉ាង​រស់រវើក។ ចំណែក​ឯ​នៅ​ផ្នែក​ខាង​ក្រៅ​​នៃ​បាំងសាច​ជុំវិញ​ គឺមាន​សសរ​បេតុង​បួន​ជ្រុង​ទ្រ​ចុង​​ដំបូល​ ដែល​មាន​លម្អ​ដោយ​រូប​គ្រុឌ​តាម​​​​​ក្បាល​​សសរ​ទាំង​នោះ​ផងដែរ។ រីឯ​នៅតាម​​បង្អួច និងទ្វារ​នីមួយៗ​​​មាន​ស៊ុមទ្វារ​​លម្អ​ដោយ​ក្បាច់​ចាក់ពុម្ពស៊ីម៉ងត៍​ក្នុង​ទម្រង់ជាភ្ញីទេស​។

ការលម្អតាម​រងស្បូវ​ និង​ក្បាល​សសរ​ជុំវិញ​បាំង​សាចនៃព្រះវិហារ​វត្ត​ចំប៉ា

ដោយ​ឡែក ហោជាង​ព្រះវិហារវត្តចំប៉ា គឺជា​ប្រភេទ​ហោជាង​ឆ្លាក់​អំពីឈើ។ ផ្ទៃ​ ខាង​ក្រោយ​នៃហោជាង​ គឺជា​បន្ទះ​ក្តារ​បញ្ឈរ​តម្រៀប​គ្នា លាបពណ៌​ផ្ទៃមេឃ រលេច​ឱ្យ​ឃើញ​​ក្បាច់​លម្អ​ពណ៌មាសនៅ​ខាង​មុខឱ្យ​កាន់តែ​លេចធ្លោ​។ ក្បាច់​លម្អ​លើ​ហោ​ជាង​ទាំង​ពីរ​នេះ​ គឺជា​ទម្រង់​ក្បាច់​ភ្ញី​ទេស​យ៉ាង​រស់រវើកដូចគ្នាទាំងសងខាង តែ​សភាពហោជាង​ខាង​លិច​​ហាក់​ដូចជា​ពុក​ផុយ​ខ្លាំង ហើយ​របេះ​​ជ្រុះដោយ​អន្លើ។ គេ​សម្គាល់​ឃើញ​ផ្ទៃ​កណ្តាល​​នៃ​ហោជា​ង​ទាំង​ពីរ គឺជា​​រូប​មកុដ​តម្កល់​លើ​ជើង​ពាន អម​ដោយ​​ឆ័ត្រ​រួត​មួយ​គូ​ដូច​គ្នា។ ប៉ុន្តែ​​យ៉ាង​ណា​ក្តី នៅក្រោម​មកុដ​នៃហោជាង​ផ្នែក​ខាងកើត គឺជា​សន្លឹក​ក្បាច់​ធំៗ​មួយ​ផ្ទាំង ហើយ​​ក្រោម​មកុដ​នៃហោជាង​ខាងលិច ​គឺជា​រូប​ព្រះកាល(រាហូ)។​ ការ​និយម​លើក​យ​ក​រូប​ព្រះកាល ឬរាហូ ឆ្លាក់នៅ​លើ​ហោជាង​ផ្នែកខាងលិច​បែបនេះ គេ​តែង​សង្កេត​​ឃើញតាម​ហោជាង​ព្រះវិហារ​​បុរាណ។ សូមរំឭក​ថា ព្រះកាល ឬរាហូ​ជា​អសុរ (ខ្លះ​ហៅថាយក្ស) កើត​ចេញ​ពី​ទេពកថា​កូរសមុទ្រទឹក​ដោះ ហើយអ្នកស្រាវជ្រាវ​សង្កេត​​​ឃើញ​​​ការ​​ឆ្លាក់​រូប​ព្រះកាល ឬរាហូ​បែបនេះមាន​តាំងពី​បុរាណ​​​រហូត​ដល់បច្ចុប្បន្ន ទាំងនៅ​តាម​ប្រាសាទ និង​វត្ត​អារាម។

ហោជាង​ខាងកើតនៃ​ព្រះវិហារ​វត្ត​ចំប៉ា
ហោជាង​ខាងលិចនៃ​ព្រះវិហារ​វត្ត​ចំប៉ា

នៅផ្នែកខាងក្នុង​នៃព្រះវិហារ​បុរាណវត្ត​ចំប៉ា ​មានបី​ល្វែងគឺ ​ល្វែងគ្រឹះ​នៅ​កណ្តាល និង​របៀង​អម​សងខាង ព្រម​ទាំង​រក្សា​បាន​នូ​វ​កម្រាល​ការ៉ូបុរាណស្ទើរ​តែ​ទាំង​ស្រុង។ ទន្ទឹម​នឹង​នោះ អ្វីដែល​គួរ​ឱ្យ​កត់សម្គាល់​នៃព្រះវិហារ​នេះគឺ​មាន​សសរឈើ​មូល​ និងលាត​គ្មាន​ក្បាច់​លម្អពីរជួរ​នៅ​ខាង​មុខ​ព្រះជីវ៍។ រីឯ​នៅលើ​សសរ​​ទាំង​បួន​​ដើម​អម​ជុំវិញ​បល្ល័ង្ក​​​ព្រះជីវ៍ និង​លើ​សសរ​​តាម​ជញ្ជាំង​ជុំវិញ លម្អដោយ​គំនូរ​រូប​នាគ​ព័ទ្ធ​ចុះ​ពី​ពិតាន​មក។ សូម​បញ្ជាក់​ថា ពិតាន​នៃព្រះវិហារ​នេះ គឺជា​ពិតាន​ឈើ។ ផ្ទៃ​ពិតាន​​រៀបចំ​ឡើង​ដោយ​បន្ទះក្តា​រ ភ្ជាប់​នឹង​ស្មើនឹង​ក្បាល​សសរ​ទាំងពីរជួរ​ដែល​អម​ល្វែង​គ្រឹះ ហើយ​រៀប​ខ្ពស់​ហួស​ហប់ខ្យល់ជុំវិញ។ ការ​រៀបចំ​ពិតាន​ឱ្យខ្ពស់បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​​ផ្ទៃ​ខាង​ក្នុង​​នៃព្រះវិហារ​កាន់តែស្រឡះ​ល្អ ហើយពិតាន​នេះ​សោត ​គឺជា​ពិតានឈើ​​លាត គ្មាន​គំនូរ​អ្វីឡើយ ពោលគឺ​មាន​តែ​ការ​លម្អ​ដោយ​ក្បាច់​ជា​រង្វង់ឆ្លាក់​អំពីឈើ។

ចន្លោះល្វែង​គ្រឹះមុខ​ព្រះជីវ៍
ព្រះបដិមាព្រះជីវ៍តម្កល់ក្នុង​ព្រះវិហារ

គំនូរ​ខាងក្នុងព្រះវិហារ គេឃើញមាន​ពីរផ្នែក​សំខាន់​គឺ គំនូរ​ជុំវិញ​បល្ល័ង្ក​ព្រះជីវ៍​និង​គំនូរ​តាម​ជញ្ជាំង​ជុំវិញ។ នៅតាម​ផ្ទៃជញ្ជាំង​បល្ល័ង្ក​ទាំង​បួន​ទិស​ គេ​គូ​រ​បង្ហាញសាច់រឿង​ពាក់​ព័ន្ធនឹង​សេចក្តីក្នុង​ធម៌ពុទ្ធជ័យ​មង្គល (ពាហុំ) តែផ្ទាំង​ខ្លះរលុបមើលពុំយល់។ ខាង​មុខ​ គឺគូរ​ផ្ចាញ់មារ ខាងត្បូង គូរផ្ចាញ់អាឡវ័កយក្ខ ផ្ចាញ់​ដំរី​នាឡា​គិរី និង​ផ្ចាញ់​​អង្គុលិមាល៍ ខាងក្រោយ គូរ​ផ្ចាញ់​នាង​​ចិញ្ចា​ និង​ផ្ចាញ់​សច្ចកជា​និគ្រន្ធ ហើយ​ខាង​ជើង​ គូរ​​​ផ្ចាញ់នន្ទោបនន្ទនាគ​ និង​ផ្ចាញ់​មហាព្រហ្ម​។

ចំណែក​ឯគំនូរ​ផ្នែកទី២ ដែល​គូរ​បង្ហាញនៅលើជញ្ជាំង​ជុំវិញ គឺជា​សាច់រឿង​ដក​ស្រង់​​ចេញ​ពី​ពុទ្ធប្រវត្តិទាំងអស់ ហើយ​វិចិត្រករឈ្មោះ “សុក”។ ការ​ចាប់​ផ្តើម​ និង​បញ្ចប់​សាច់​រឿង​នៅលើ​ជញ្ជាំង​​ខាង​កើត ពោលគឺ​ផ្តើម​សាច់រឿង​ត្រង់​ព្រះអង្គទ្រង់ប្រសូត្រ និង​បញ្ចប់​​សាច់រឿង​ត្រង់ការ​ចែក​ព្រះបរម​សារីរិកធាតុ​។ ប៉ុន្តែអ្វីដែល​ពិសេស​នៃគំនូរ​ក្នុង​ព្រះ​វិហារ​​បុរាណ​វត្ត​ចំប៉ា គឺនៅ​ត្រង់​​ការ​​ផ្តើម​និង​បញ្ចប់​សាច់​រឿង​ ដែលវិចិត្រករ​គូរ​ខណ្ឌ​ដោយ​គំនូរ​​មួយផ្ទាំងធំ​ត្រង់​ព្រះ​អង្គ​យាង​​​ចុះពីប្រោស​មាតានៅស្ថានត្រៃត្រិង្ស​ (នៅ​​ផ្នែក​ខាងលើ) និង​​ទិដ្ឋភាពការ​ធ្វើទុក្ខទោស​សត្វនរក (​នៅផ្នែក​ខាង​ក្រោម)​​។ លក្ខណៈ​នេះ ហាក់ស្រដៀងនឹង​ការ​គូរ​គំនូរ​​បុរាណ​នៅព្រះវិហារ​វត្ត​​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​​។

គំនូរលើជញ្ជាំង​ខាងកើតបង្ហាញត្រង់ព្រះអង្គយាងពីស្ថានត្រៃត្រិង្ស និង​ការ​ធ្វើទុក្ខសត្វនរក

រីឯ​លក្ខណៈ​ពិសេ​ស​នៃគំនូរ​ក្នុងព្រះវិហារ​វត្ត​ចំប៉ានេះដែរ គេ​សង្កេត​ឃើញ​វិចិត្រ​ករ​គូរ​បញ្ចូល​​រូប​អ្នក​មាន​សទ្ធា​ជាវគំនូរ​ភ្ជាប់ក្នុង​សាច់រឿង។ គំនិត​នេះ គេធ្លាប់​សង្កេត​ឃើញ​ជា​ទូទៅ​ វិចិត្រ​ករ​គូរ​រូប​ព្រះចៅអធិការ ឬព្រះសង្ឃ​អង្គខ្លះ​ភ្ជាប់​នឹង​ផ្ទាំង​គំនូរ​ធំៗ​​ដូចជា ផ្ទាំងព្រះអង្គបរិនិព្វាន​ជាដើម។ មិនតែប៉ុណ្ណោះ សាច់រឿង​ត្រង់​ព្រះអង្គ​ផ្ចាញ់​មារ​ក្នុង​ព្រះវិហារ​សោតនេះ គេឃើញ​លើក​យក​មកគូរ​ម្តងទៀត​​នៅលើ​ជញ្ជាំង​ផ្នែក​ខាង​ជើង​។ សូម​បញ្ជាក់​ថា សាច់រឿងពុទ្ធប្រវត្តិត្រង់​ព្រះអង្គ​ផ្ចាញ់មារ​ គឺពេញ​និយម​​ខ្លាំង​ណាស់ក្នុង​គំនូរតាមវត្ត​ ហើយ​ជា​ទូទៅគេ​ច្រើនគូរ​លើ​ជញ្ជាំង​ខាងក្រោយ​ព្រះ​ជីវ៍ ដែល​បង្ហាញទិដ្ឋភាព ពួកមារលើកពលរេសេនាគគ្រឹកគគ្រេងមក​សម្លុត​គំរាម​កំហែង​​ព្រះ​ពុទ្ធអង្គ ដើម្បីដណ្តើមយកបល្ល័ង្ករត្ននោះទុកជារបស់ពួកខ្លួន។

គំនូរ​ព្រះអង្គទ្រង់សម្តែងឫទ្ធិដែល​មានគូរភ្ជាប់នឹង​រូប​ម្ចាស់សទ្ធាជាវផ្ទាំងនោះ
គំនូរ​ព្រះអង្គផ្ចាញ់មារ ដែល​គូរ​បង្ហាញនៅ​លើ​ជញ្ជាំង​ខាងជើង

សង្ខេបសេចក្តីមក ព្រះវិហារ​បុរាណ​វត្ត​ចំប៉ាគឺជា​ស្ថាបត្យកម្ម​ព្រះពុទ្ធសាសនា​ដ៏​ល្អ​មួយ​នៃដើមសតវត្សរ៍​ទី២០។ សំណង់​វិហារ​ឈើនេះ ជា​ភស្តុតាង​នៃសិល្បៈប្លែក​មួយ​ដែល​គួរ​ឱ្យ​សិក្សា​ស្វែង​យល់ ជាពិសេសគឺការ​គូរ​គំនូរ​ពាក់​ព័ន្ធនឹង​ពុទ្ធជ័យ​មង្គល ដែល​ជា​ធម៌​លើក​​សរសើ​រ​ព្រះសម្មាសម្ពុទ្ធ មក​គូរ​ជុំវិញ​បល្ល័ង្កព្រះជីវ៍។ ប៉ុន្តែទោះជា​បែបណាក្តី ក្បាច់​រចនាតុបតែង​លម្អព្រះវិហារ និង​ប្រធាន​បទ​គំនូរ​ដែល​លើក​មក​គូរ​បង្ហាញ​ខាង​លើ​នេះ ក៏​ស្តែង​​ឱ្យ​ឃើញ​ពីចំណេះដឹង​ប្លែកៗក្នុង​វិស័យសិល្បៈ និងព្រះពុទ្ធសាសនា​ជំនាន់​ដើម៕

អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!