វត្តតាលុន ឬវត្តកេតុបុទុម្ម ស្ថិតនៅក្នុងឃុំតាលុន ស្រុកស្អាង ខេត្តកណ្តាល។ វត្តនេះ កសាងឡើងនៅប្របដងទន្លេបាសាក់ត្រើយខាងកើត ហើយជាវត្តដែលមានព្រះវិហារពីរសង់មុខក្រោយគ្នា។ ផ្អែកតាមចំណារលើហោជាងឱ្យដឹងថា ព្រះវិហារចាស់កសាងនៅក្នុងពុទ្ធសករាជ២៤៨១ (ឆ្នាំ១៩៣៨)។ នៅមុខព្រះវិហារ គេសាងដងទង់មួយគូ និងចេតិយបុរាណពីរអមខ្លោងទ្វារចូល។ រីឯនៅផ្នែកខាងក្នុងព្រះវិហារ គេសាងព្រះបដិមាព្រះជីវ៍ធំតម្កល់លើបល្ល័ង្កខ្ពស់មួយ អមដោយព្រះពុទ្ធរូបចាស់ៗបាក់បែកមួយចំនួន ហើយនៅលើជញ្ជាំងជុំវិញមានគំនូររឿងពុទ្ធប្រវត្តិ ដែលបង្ហាញពីទឹកដៃសិល្បៈ និងព័ត៌មានខ្លះគួរឱ្យសិក្សាស្វែងយល់។ ប៉ុន្តែយ៉ាងណាក្តី សព្វថ្ងៃព្រះវិហារនេះទុកជាសំណង់បុរាណមួយពុំប្រើប្រាស់សម្រាប់ធ្វើកិច្ចពិធីអ្វីដូចមុនឡើយ។
ព្រះវិហារចាស់វត្តតាលុនស្ថិតនៅខាងលិចព្រះវិហារថ្មី ដែលទើបនឹងកសាងឡើង កាលពីឆ្នាំ២០១១ (ហើយស្ថាពរឆ្នាំ២០១៩) ដើម្បីប្រើប្រាស់ជំនួសព្រះវិហារចាស់។ ចំពោះព្រះវិហារចាស់នេះ គឺជាសំណង់បែបបុរាណ កសាងលើខឿនបីថ្នាក់ មានបង្កាន់ដៃព័ទ្ធជុំវិញ និងមានខ្លោងទ្វារទាំង៤ទិស ក្របដោយក្បាច់លម្អយ៉ាងល្អវិសេស។ ខឿនកណ្តាលកម្ពស់ប្រហែល១ម៉ែត្រ ហើយខឿនខាងលើផុតកម្ពស់ស្មើដើមទ្រូង មានជណ្តើរនៅទិសខាងកើតនិងខាងលិច។ អមជណ្តើរទាំងពីរមានរូបតោមួយគូ និងនាគមួយគូ។ ប៉ុន្តែចាប់តាំងពីស្ថាបនាព្រះវិហារថ្មីរួចរាល់ជាស្ថាពរមក ព្រះវិហារចាស់នេះក៏ហាក់ដូចជាកាន់តែទ្រុឌទ្រោម ធ្លុះ របេះ បាក់បែក ទាំងដំបូល នាគចែង ពិតាន និងក្បាច់លម្អលើផ្នែកផ្សេងៗដោយអន្លើ។
ទម្រង់ព្រះវិហារខាងលើ គឺជាប្រភេទព្រះវិហារជហ្វា៤ ឬហៅថាព្រះវិហារបុរាណ ដែលបំពាក់ជហ្វា២នៅចុងដំបូលខាងមុខ និងជហ្វា២ទៀតនៅលើចុងដំបូលខាងក្រោយ។ ប៉ុន្តែដំបូលព្រះវិហារដែលឃើញសព្វថ្ងៃ គឺប្រក់ប្រភេទក្បឿងម្យ៉ាងហៅថា “ក្បឿងក្បាច់” ឬខ្លះហៅថាក្បឿងយួន។ ដំបូលនេះគេធ្វើឱ្យមានរាងជ្រាលចុះម្ខាងបីថ្នាក់ ហើយនៅតាមចុងចែងនីមួយៗលម្អដោយនាគចែង (សព្វថ្ងៃក្បាលនាគខ្លះបាក់ខូចដោយអន្លើ)។ ចំពោះហោជាងទាំងពីរនៃព្រះវិហារវត្តតាលុន គេសង្កេតឃើញថា គឺជាហោជាងរចនាក្បាច់ឆ្លាក់ផ្ទាល់ពីស៊ីម៉ងត៍ទាំងសងខាង ពោលគឺពុំមែនហោជាងប្រើក្បាច់ចាក់ពុម្ព ឬហោជាងឆ្លាក់ពីឈើ។ នៅលើផ្ទៃហោជាងខាងកើត គេឆ្លាក់រចនាក្បាច់ភ្ញីទេស និងមានរូបមកុដតម្កល់លើជើងពាននៅចំកណ្តាលអមដោយដោយឆ័ត្ររួតបីថ្នាក់មួយគូ ព្រមទាំងរាជសីហ៍(?)មួយគូឈរកាន់ឆ័ត្ររួត។ ចំណែកឯហោជាងខាងលិច ក៏រចនាលម្អដូចហោជាងខាងកើតដែរ តែលើហោជាងនេះមានចំណារលេខ “១៩៣៨” និង “ពស.២៤៨១” នៅខាងក្រោមរូបមកុដ ដែលអាចជាកាលបរិច្ឆេទកសាងព្រះវិហារ។ តាមលក្ខណៈនេះ ប្រហែលសិល្បករមានចេតនាឆ្លាក់យកលំនាំរូបព្រះសង្ហារ។
ចំណែកការរៀបចំ និងលម្អលើផ្ទៃជញ្ជាំងព្រះវិហារផ្នែកខាងក្រៅ គេសង្កេតឃើញ មាននៅសល់ស្នាមលាបពណ៌ដីលែង ដែលទំនងជាពណ៌ដើមលាបតាំងពីដំបូងលើព្រះវិហារនេះ។ ពណ៌ដីលែងនោះសោត គេឃើញប្រើលាបជាពិសេសលើសសរបាំងសាច និងលាបលើសារពើសូត្រជើងជញ្ជាំង ព្រមទាំងលាបលើក្បាច់លម្អតាមស៊ុមទ្វារ និងបង្អួចផងដែរ (ក្បាច់លម្អស៊ុមទ្វារនិងបង្អួចខ្លះលាបពណ៌ស)។ ក្បាច់លម្អតាមស៊ុមទ្វារ និងបង្អួចទាំងនោះ ជាក្បាច់ពុម្ពស៊ីម៉ងត៍ទាំងអស់ តែរំលេចរូបក្បាលព្រះកាល (រាហូ) ធំមួយនៅចំកណ្តាល។ លើសពីនេះនៅលើផ្នែកកណ្តាលនៃជញ្ជាំងខាងលិច មានគំនូរមួយផ្ទាំងជាអន្លើស្រង់ពីក្នុងរឿងពុទ្ធប្រវត្តិ ត្រង់ព្រះពុទ្ធអង្គយាងប្រោសពុទ្ធបិតានៅនគរកបិលភស្តុ តែលើជញ្ជាំងខាងកើតរាយនាមអ្នកជួសជុលព្រះវិហារ។
ដោយឡែកនៅផ្នែកខាងក្នុងព្រះវិហារចែកជាបីល្វែង គឺល្វែងគ្រឹះនៅកណ្តាល និងអមដោយរបៀងសងខាង។ នៅផ្នែកខាងក្នុងនេះដែរ មានសសរបេតុងបួនជ្រុងពីរជួរទ្រពិតានឈើ និងគ្រឿងបង្គុំខាងលើ។ ចំណុចគួរឱ្យកត់សម្គាល់នៅផ្នែកខាងក្នុងនេះ គឺសសរទាំងអស់ជាសសរលាត គ្មានក្បាច់លម្អ ពុំលាបពណ៌អ្វីទាំងអស់ ពោលគឺពណ៌ស៊ីម៉ងត៍ដូចផ្ទៃជញ្ជាំងខាងក្រោមគំនូរ។ ចំណែកឯពិតានខាងលើ គឺជាសន្លឹកក្តារបិទភ្ជិត និងលាបពណ៌ខៀវលាត គ្មានក្បាច់លម្អ។ ពិតាន និងសសរខាងក្នុងនេះទំនងជាជួសជុលក្នុងពេលណាមួយក្រោយសង្រ្គាម។ ប៉ុន្តែចំពោះការ៉ូបាតខាងក្រោម គឺជាការ៉ូបុរាណពណ៌ស-ក្រហមរៀបឆ្លាស់គ្នា។
រីឯព្រះជីវ៍ក្នុងព្រះវិហារ សាងឡើងក្នុងកាយវិការផ្ចាញ់មារ ពោលគឺព្រះអង្គគង់ព្រះភ្នែន ព្រះហស្តស្តាំដាក់លើព្រះបាត ចុងម្រាមសំយុងចុះ ហើយព្រះហស្តឆ្វេងផ្ងារដាក់លើព្រះបាត។ ព្រះជីវ៍អង្គនេះលាបពណ៌មាសឆ្អិនឆ្អៅតម្កល់លើបល័ង្កខ្ពស់ អមដោយព្រះបដិមាព្រះអង្គទ្រង់បាត្រ និងមានព្រះបដិមាតូចធំជាច្រើនអង្គទៀតតម្កល់ខាងមុខ។ អ្វីគួរឱ្យកត់សម្គាល់ការរៀបចំតម្កល់ព្រះពុទ្ធបដិមាគោរពបូជាក្នុងព្រះវិហារនេះ គឺគេសង្កេតឃើញថា ពុំមានចំណារអ្វីដែលអាចនាំឱ្យដឹងកាលបរិច្ឆេទនៃការកសាងព្រះបដិមាទាំងនោះឡើយ។ មិនតែប៉ុណ្ណោះ នៅលើបល្ល័ង្កព្រះជីវ៍គេឃើញមានព្រះពុទ្ធបដិមាតូចៗបែកបាក់ចាស់ៗ ដែលទំនងជាព្រះបដិមាតម្កល់ក្នុងព្រះវិហារនេះតាំងពីដំបូង។ លើសពីនេះ នៅខាងក្រោយបល្ល័ង្កព្រះជីវ៍ មានចងព្រះបត់ធំមួយផ្ទាំង ហើយលើព្រះបត់នោះមានគំនូរដើមពោធិព្រឹក្ស និងទេវតាបាយផ្កា។ លក្ខណៈត្រង់នេះ ហាក់ដូចជាត្រូវនឹងសាច់រឿងក្នុងពុទ្ធប្រវត្តិ ពេលព្រះអង្គឈ្នះមារ គឺមានទេវតាហោះបាយផ្កាសាទរ។
គំនូរលើជញ្ជាំងខាងក្នុងព្រះវិហារ វិចិត្រករគូររៀបរាប់សាច់រឿងពុទ្ធប្រវត្តិ និងរឿងវេស្សន្តរ ព្រមទាំងបញ្ចូលទិដ្ឋភាពនៃការធ្វើទារុណកម្មសត្វនរកក្នុងចន្លោះរឿងវេស្សន្តរ។ នៅលើផ្ទៃហប់ខ្យល់ខាងលើបំផុតនៃជញ្ជាំងខាងត្បូង និងខាងជើង គេគូររូបទេពនិករហោះហើរកាន់កម្រងផ្កាផ្សេងៗកណ្តាលអាកាស។ ប៉ុន្តែចំពោះរបៀបគូរ រឿងពុទ្ធប្រវត្តិក្នុងព្រះវិហារនេះ វិចិត្រករសង្ខេបយកតែឈុតសំខាន់ៗគូរបង្ហាញរឿងពុទ្ធប្រវត្តិនៅបន្ទាត់ខាងលើ និងរឿងវេស្សន្តរនៅបន្ទាត់ខាងក្រោម។ បើមើលចាប់ផ្តើមចេញពីជញ្ជាំងខាងកើត គេគូរអន្លើព្រះអង្គត្រាស់ដឹងមួយផ្ទាំងធំនៅបន្ទាត់ខាងលើ។ ចំណែកផ្ទាំងតូចនៅខាងក្រោម គេគូរត្រង់ទេវតាយាងសន្តុសិតទេវបុត្រឱ្យច្យុតមកចាប់កំណើតជាព្រះសម្មាសម្ពុទ្ធ។ ដូច្នេះសាច់រឿងពុទ្ធប្រវត្តិនៃបន្ទាត់ខាងលើចាប់រាយចេញទៅខាងស្តាំ រហូតព័ទ្ធមកជញ្ជាំងខាងជើងរួចបញ្ចប់។
បើផ្អែកតាមចំណារខ្លីមួយលើផ្ទាំងគំនូរត្រង់កណ្ឌទសពរដែលជាកណ្ឌទី១ក្នុងរឿងវេស្សន្តរ ជាងគំនូររចនាក្នុងព្រះវិហារនេះឈ្មោះ “សាម៉ុន” ហើយបើពិនិត្យចំណារខ្លីមួយទៀតត្រង់ផ្ទាំងហប់ខ្យល់លើជញ្ជាំងខាងត្បូងឱ្យដឹងបន្ថែមទៀតថា គំនូរក្នុងព្រះវិហារនេះគូរក្នុងឆ្នាំ១៩៨៩។ ដូច្នេះបើពិនិត្យលើលក្ខណៈគំនូរ សភាពសសរខាងក្នុង និងផ្ទៃជញ្ជាំងខាងក្នុង ព្រមទាំងផ្អែកលើបញ្ជីរាយនាមសប្បុរសជនលើជញ្ជាំងព្រះវិហារ គេយល់ថាព្រះវិហារនេះប្រហែលជួសជុលក្រោយសង្រ្គាម ពោលគឺទាំងដំបូល សសរក្នុង ពិតាន និងគំនូរជាដើម។
សង្ខេបសេចក្តីមក ព្រះវិហារវត្តតាលុន ជាវិហារបុរាណដែលធ្លាប់បានជួសជុលច្រើនលើកច្រើនគ្រា ដើម្បីទុកជាទីសក្ការៈរបស់អ្នកស្រុក។ គំនូរ និងរចនាសម្ព័ន្ធសំណង់នេះមានលក្ខណៈពិសេសគួរឱ្យសិក្សាស្វែងយល់។ លើសពីនេះ ថ្វីបើព្រះវិហារប្រឈមនឹងនឹងការពុកផុយ បាក់បែកទ្រុឌទ្រោម តែអ្នកស្រុកនៅតែចេញចូលគោរពបូជាថ្វាយគ្រឿងសក្ការៈផ្សេងៗតាមជំនឿ៕
អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត