ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកសិលាចារឹកប្រាសាទតារស់ K.៣៤៨

សិលាចារឹកប្រាសាទតារស់ K.៣៤៨

ប្រាសាទតារស់ ស្ថិត​នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិ​ហា​រ មាន​ចម្ងាយ៧គីឡូម៉ែត្រ(គ.ម.)ខាងកើតស្រុកជាំក្សាន្ត ៥គ.ម.ខាងកើតភូមិអូរក្សាន្ត និងនៅ​​ខា​ងត្បូងប្រាសាទនាគបួសឬអ្នកបួស។ នៅក្នុងអត្ថបទមុន (សូម​អាន​៖ https://ams.com.kh​/​​khme​r​civilization/detail/26178) យើង​បានសិក្សា​សិលាចារឹក​ប្រាសាទនេះលេខ K.៣៤៩ ដែលជាអត្ថប​ទខាងដើម ចំណែកឯអត្ថបទ​សិលាចារឹក​ K.៣៤៨ នេះ ជាអត្ថបទ​ចារបន្ដ ដើម្បី​បញ្ចប់​សេចក្ដី​។ ដោយ​ផ្ទាំងនេះជាអត្ថបទបន្ដ យើង​អាច​សន្និដ្ឋានបានថា​មានកាលបរិច្ឆេទ​​ មហាសករាជឆ្នាំ៨៧៦ ត្រូវនឹងគ្រិស្ត​សករាជឆ្នាំ៩៥៤ ដូចសិលាចារឹកមុន​ដែរ។ ចំពោះ​​អត្ថន័យវិញ សិ​លា​​​ចា​រឹ​កផ្ទាំង​នេះរៀបរាប់ថាដីនៅខាងត្បូងព្រៃផ្តៅនិងដីនៅខាងត្បូងនោះដែល​កាលពីមុនធ្លាប់មានជម្លោះ សភាបាន​កាត់ក្តីឱ្យអ្នកព្រះថ្បល់ឈ្នះ។ ក្រោយមកទើបស្តែញអញសិវាចារ្យបានជាវដីទាំង​នោះ និងដីមួយចំនួនទៀតពីអ្នកព្រះថ្បល់ រួចថ្វាយដល់ប្រាសាទព្រះគម្តែងអញ​សិវលិង្គវិញ។ អត្ថបទនេះ ក៏រៀបរាប់​អំពីទ្រព្យ​នានា​ ដែល​យក​ទៅជាវ​ដីទាំងនោះផងដែរ។

រូបថតសិលាចារឹក​ប្រាសាទតារស់ K.៣៤៨ (ប្រភពរូប៖ CISARK)

២- អត្ថបទដើមជាអក្សរទំនើប

១- នេះកគិប្រសិរ៑នាវ្រះទ្វារតវ្វំស្រច៑តរោះ

២- ៙សិទ្ធិ។កគិនោះភូមិនោះតស្រច៑តិជៅហោង៑ហេតុមន្មា

៣- ន៑អបវាទនុអ្នក៑វ្រះថ្បល្លវ្យ[[វ]]ហារសភាប្រេអ្នក៑វ្រះថ្ប

៤- ល៑ឝុទ្ធអនក៑វ្រះថ្បល៑ជ្នះទេប៑ស្ដេញ៑ឝិវាចាយ៌្យជៅវភូមិត

៥- អនក៑វ្រះថ្បល៑តជ្មះវាប៑ហ្ឫទយតម្រ្វច៑វាប៑អាមូលវាប៑

៦- ទាមេធម៌្មមេបីត៑នុវក្វន៑ចៅស្មោង៑វ្នស៑ផោង្ងគីទ្រវ្យនុ(វ)

៧- ជៅវវៅទិជ្យង៑ប្រាមខល៑ប្រក៑លិង៑ប្រាមស្វៅក៑ជ្យង៑ប្រម្វាយទៅ

៨- ប៑ម្វាយ៑ផ្នបម្វាយចន៑ល្យក៑វាស៑ម្វាយយៅប្រាមទៅតមេបិត

៩- នុវក្វន៑ផោង្ង·ទ្រវ្យតទៅតមេធម៌្មនុវាប៑អាវាប៑ទាវាប៑ហ្ឫ

១០- ទយនុវស្មោង៑វ្នស៑ផោង្ងនុវក្វន៑ចៅផោង្ងវៅទីជ្យង៑ប្រាម

១១- បទិគះជ្យង៑ប្រាម៑ខល៑ប្រាកលិងប្រាមមាសបាទម្វាយទៅ

១២- ប៑ម្វាយ៑ថ្នប៑វីកតវ្យរក្របិម្វាយស្រុឝតម្វាយភយ៑វ្យរ

១៣- ឱយហ្វបនុជ្រ្វក្កនាស្រេមន៑ជៅវស្យង្តឱយផ្ទៃករោម៑

១៤- តវ្រះកម្រតេង៑អញ៑ឝិវលិង្គឯត៑អបវាទ·មន្វាប៑អា

១៥- វាប៑ហ្ឫទយនុវស្មោង៑វ្នស៑ផោង្ងយៅក៑ក្របិវ្រះកំម្រ

១៦- តេង៑អញ៑ឝិវលិង្គបិឱយ៑វ្រះស្តិតីយទៅតខ្លោញ៑

១៧- វ្រិហស្យង្តសន្មេនិនុវខ្លោញ៑ឱយ៑ផ្ទៃករោម៑តិបូវ៌្វា

១៨ គ្នេយរល្នុវផ្ទៃករោម៑មន៑ឱយ្តមុហ្នីតវ្រះកម្រតេង៑អ

១៩- ញ៑ឝិវលិង្គសិទ្ធិឯត៑អបវាទកគិនោះផ្ទៃករោម៑

២០- នោះស្ដេញ៑អាចាយ៌្យវិង៑ជៅសោត៑តវាប៑អាវាប៑ទា

២១- វាប៑ហ្ឫទយមេធម៌្មមេបិតនុវស្មោង៑វ្នស៑ក្វន៑ចៅផោ

២២- ង្ងម្វាយ៑វត្តនុវស្រេមន្លោះតវាប៑សង្ងនុវស្រេនាមា

២៣- (ន៑)គិទ្រវ្យនុជៅវផ្ទៃករោម៑នោះក្របិម្វាយទៅវ្រះស្តិ

២៤- (តីយ)ក្របិម្វាយ(តនុ)ចន៑ល្យក៑យៅប្រម្វាយនុវល្វ្យល៑

២៥- —-[[ប្រោ]]ក្កនុស្វោក៑ឆ្មរ៑ម្វាយទៅតមេបិត៑នុវក្វ

២៦- (ន៑ផោង្ង)—–(សវ៌្វ)មាស៑បាទម្វាយថ្នប៑វ៑លះម្វាយ

២៧- —-(ប្រម្វាយ)ចន៑ល្យក៑យោវ្យរទ្រវ្យតិជៅតវាប៑

២៨- (អាវាប៑ទា)វាប៑ហ្ឫទយនុវស្មោង៑វ្នស្ផោង្ងមាស៑បាទវ្យរប

២៩- [[ទិគះម្វា]]យឆ្នង្លង្គៅវ្យរស្វោក៑ឆ្មរបិយចន៑ល្យក៑វាស៑-

៣០- —(ប្រម្វាយឱយហ្វប៑)នាស្រេមន៑ជៅវអនក៑វ្រះ

៣១- (ថ្បល្ល)ឱយភូមិនោះតវ្រះកម្រតេង៑អញ៑ឝិវលិង្គសិទ្ធិ

៣២- ឯត៑អបវាទ(ទារផោង)ទ្រវ្យនុជៅវនោះផ្ទៃករោម៑នេះ

៣៣- –លម្វាយ៑ខល៑ប្រក៑បិយ៑វៅទិវ្យរស្វោក៑អំរុង៑វ្យរ-

៣៤- —–វ្យរឆ្នង៑លង្គៅវ្យរលង្គៅសរាប្ភៃបិយ

៣៥- —-(ប្រ)បិយថ្នប៑ប្វន្នចន្ល្យក៑វាស៑ប្រំប្វន្នស្រុឝ

៣៦- [ត]រង្កោថ្ល្វង៑តបសុរាថ្ល្វង៑ប្រាម៑៙

-​ អត្ថបទប្រែសម្រួល

(១) នេះគឺជាសំណេរនាព្រះទ្វារដែលពុំទាន់(រួច)ស្រេច។

(២-៦) (សូមបានជា)សេចក្ដីសម្រេច! គឺដីនោះ(ដីនៅខាងត្បូងព្រៃផ្តៅនិងដីនៅខាងត្បូងនោះ)ដែលបានជាវស្រេចហោង ដោយហេតុមាន​ជម្លោះនឹងអ្នកព្រះថ្បល់ សភា(បាន​ពិនិត្យ)​រឿងក្ដីក្ដាំ​នេះ​រកឃើញថាអ្នកព្រះថ្បល់បរិសុទ្ធ​។ អ្នកព្រះថ្បល់(ជា​អ្នក)ឈ្នះ(ក្ដី)​។ ទើបស្ដែញសិវាចារ្យជាវដីពីអ្នកព្រះថ្បល់ ដែល(មាន)ឈ្មោះវាប​ហឫទ័យ(ជា)តម្រួត វាបអា(ជា)អ្នកគ្រប់​គ្រង វាប​ទា មេធម៌្ម មេបិត និងកូនចៅជាអ្នកវាស់វែងសង់​(ព្រំដី)ផង។

(៦-៩) ទ្រព្យដែលយកទៅជាវ(មាន) ថូវៅទិ៥ជញ្ជីង ខាត់ប្រាក់៥តម្លឹង ស្ពក៦ជញ្ជីង ទោប១ ភួយឬផាហ៊ុម១ សម្លៀក១វាស់ ៥យៅ ឲ្យទៅមេបិតនិងកូនផង។

(៩-១៤) ទ្រព្យឲ្យទៅមេធម៌្ម វាបអា វាបទា វាបហឫទ័យ និងអ្នកវាស់វែងផង​ ព្រមទាំងកូនចៅផង (មាន)ថូវៅទិ៥ជញ្ជីង បទិគះ(កន្ថោរស្ដោះ)៥ជញ្ជីង ខាលប្រាក់៥តម្លឹង មាស១​បាទ ទោប១ ភួយឬផាហ៊ុមធំ២ ក្របី១(ក្បាល) ស្រូវ១២២ ឲ្យជ្រូកស៊ីនៅស្រែដែលបានជាវ។ ដីទាំងអស់ថ្វាយដល់គម្ដែងអញសិវលិង្គដោយមិនមានការជំទាស់។

(១៤-១៩) វាបអា វាបហឫទ័យ និងអ្នកវាស់វែងទាំងឡាយ យកក្របីព្រះគម្ដែងអញសិវលិង្គដើម្បីឲ្យគ្រឿងទំនុកបម្រុងព្រះទៅខ្លោញស្រូវ(ប្រធានផ្នែកយកពន្ធស្រូវ) ដោយ​រួមគ្នា​ជាមួយខ្លោញ(ស្រូវ) ជូនដី​នៅ​ចន្លោះទិសខាងកើតនិងអាគ្នេយ៍(ដល់ស្តែញសិវាចារ្យ​)​និងរាល់ដីដែលបានថ្វាយពីមុននេះដល់ព្រះគម្ដែងអញសិវលិង្គ ថ្វាយសិទ្ធិ(ជាម្ចាស់​គ្រប់​គ្រង)​ដោយមិនមានការជំទាស់។

(១៩-២៣) គឺដីនោះ ស្ដែញអាចារ្យជាវវិញពីវាបអា វាបទា វាបហឫទ័យ មេធម៌្ម មេបិត និងអ្នកវាស់វែងព្រមទាំងកូនចៅផងទាំងឡាយ ដែលពេលជាមួយគ្នានោះ​ស្រែនេះ​បានលោះពីវាប សងនឹងស្រែ​ដែលមាន។

(២៤-២៧) ទ្រព្យដែលយកទៅជាវដីនោះ(មាន) ក្របី១សម្រាប់​គ្រឿងទំនុកបម្រុង​ព្រះ​ សម្លៀក៦យៅ ពពិល.. .​និងស្ពកតូច១ ឲ្យទៅមេបិត ព្រមទាំងកូនផងទាំងឡាយ…មាស១បាទ​ ភួយឬផាហ៊ុម១បន្លះ … សម្លៀក២យៅ។

(២៧-៣២) ទ្រព្យដែលយកទៅជាវពីវាបអា វាបទា និងអ្នកវាស់វែងផងទាំងឡាយមានមាស២បាទ បទិគះ(កន្ថោរស្ដោះ)១ ឆ្នាំងស្ពាន់២ ស្ពកតូច៣ សម្លៀកវាស់…៦ ឲ្យស៊ីនៅស្រែដែលបានជាវពីអ្នកព្រះថ្បល់។ ថ្វាយដីនោះដល់ព្រះគម្ដែងអញសិវលិង្គ ថ្វាយសិទ្ធិ(ជាម្ចាស់គ្រប់​គ្រង​)ដោយមិនមានការជំទាស់។

(៣២-៣៦) (ទទួល)ទ្រព្យជាច្រើន​យកទៅជាវដីនោះ(មាន) ខាលប្រាក់៣ ថូវៅទិ​២ ស្ពកធំ២ …២ ឆ្នាំងស្ពាន់២ ស្ពាន់២៣សម្រាប់ … ភួយឬផាហ៊ុម៤ សម្លៀក៩វាស់ ស្រូវ១០០ អង្ករ១០ថ្លូង សុរា៥ថ្លូង។

-​ វាក្យសព្ទសំខាន់ៗ

ប្រសិរ៑           អ្វីដែលសរសេរហើយ មានអត្ថបទ សំណេរ សិលាចារឹកជាដើម។

ភូមិ               ជាពាក្យមកពីសំស្ក្រឹត ដែលន័យដើមគឺ ដី។

អបវាទ          ជម្លោះ,​ ការទាស់ទែង។

វ្យវហារ          រឿងក្តី, ការកាត់ក្តី។

ជៅ~ជៅវ      ជាវ, ទិញ។

ជ្នះ      >        ឈ្នះ។

ស្វោក៑          ស្ពក។

ឆ្មរ៑              ឆ្មារ, តូច។

អំរុង៑              < រុង៑   “ធំ”៖ ទំហំ, សភាពធំ, រាងរៅឬមាឌដែលធំ។

វល្វ្យល៑          (វល៑វ្យល៑) ពពិល។

ស្តិតីយ         អ្វីដែលតាំងនៅ អ្វីដែលទ្រទ្រង់ឲ្យតាំងនៅបន្ដ គ្រឿងទំនុកបម្រុង។

ខ្លោញវ្រិហ    ខ្លោញស្រូវ, ប្រធានផ្នែកយកពន្ធស្រូវ។

ថ្នប៑               ផួយឬផាហ៊ុម។

លង្គៅ           ស្ពាន់។

ថ្ល្វង៑             ជារង្វាល់គ្រាប់ធញ្ញជាតិ ផ្លែឈើ ឬស្រែ។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!