ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿអ្នកតានៅតាម​ខ្លោងទ្វារ​អង្គរវត្ត

អ្នកតានៅតាម​ខ្លោងទ្វារ​អង្គរវត្ត

អង្គរវត្ត កសាងឡើង​ក្នុងរាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ (១១១៣-១១៥០) ឧទ្ទិស​​​ដល់​​ទេព​​ក្នុង​ព្រហ្មញ្ញសាសនា។ តាមរយៈ​សិលាចារឹក​ចារ​នៅ​ក្នុង​​រវាង​សតវត្សរ៍​ទី​១៦-១៨ គេ​សម្គាល់​​ឃើញតែង​ហៅប្រាសាទនេះថា “ព្រះពិស្ណុ​លោក” ជា​ព្រះបរមមរណនាម​​ព្រះ​បាទ​សូរ្យ​វរ្ម័នទី២។ ក្នុងគ្រានោះដែរ គេ​យល់ថា​ប្រាសាទ​នេះ​បាន​ប្តូរ​​​ជា​ប្រាសាទ​ពុទ្ធ​សាសនា​ ឬ​​​​ខ្លះទុក​ថាជា​“វត្តជេតពន”ផង។ ក្នុង​សិលាចារឹក​សម័យ​កណ្តាលខ្លះ​ទៀត​ឱ្យ​ដឹង​ថា អង្គរ​វត្ត​​​ជា​ទីប្រជុំ​​ទេពនិករ​ និង​អារក្ស​​​ អ្នក​តា ​​បង់បត់ផ្សេងៗ ​​ដែល​​​ខ្មែរ​ជឿ និង​គោរព​តាំង​ពី​បុរាណ​​កាល។ មិន​តែប៉ុណ្ណោះ មក​ដល់​សព្វថ្ងៃគេ​​ដឹង​ថា​មាន​អ្នក​តា​បួន​ប្រចាំ​នៅខ្លោង​ទ្វារ​អង្គរ​វត្តគឺ ​តារាជ​​​នៅ​ខ្លោង​ទ្វារខាងលិច តាពេជ្រ​នៅ​​​ខ្លោង​ទ្វារខាងត្បូង​ តាគូ​នៅខ្លោង​ទ្វារ​​ខាង​កើត និង​តាឡឹក​​​នៅ​ខ្លោង​ទ្វារ​ខាងជើង (រូបលេខ​១)។

ជាការពិត ពេល​ធ្វើដំណើរ​ចូល​ប្រាសាទ​អង្គរវត្ត ​​ឆ្លង​កាត់​តាមខ្លោង​ទ្វារ​ខាងលិច គេនឹង​​ឃើញ​​​បដិមា​ធំមួយ​ សាង​ពីថ្ម​ភក់ តម្កល់​នៅ​បន្ទប់​ខាង​ស្តាំដៃ (រូបលេខ​២-៣)។ បដិមា​​នេះមាន​​កម្ពស់​ប្រហែល​៣ម៉ែត្រ ​ហើយ​នៅក្នុង​ព្រះហស្ត​៨ មាន​កាន់​កេតនភណ្ឌ​ផ្សេងៗ​​ដែល​មើល​ពុំ​ស្គាល់​ជាក់ជាអ្វីឱ្យ​ប្រាកដ។ ចំពោះអ្នកស្រុក​​ហៅ​បដិមា​នេះ​ថា“តារាជ” ដែល​គេ​​ឱ្យ​​ន័យ​​ថា ​ជា​ស្តេច​នៃ​ទេពនិករ​ទាំង​ពួង​​ដែល​​​ថែ​រក្សា​អង្គរ​វត្ត​​​​។ ក្នុងជំនឿ​អ្នក​ស្រុក បដិមា​​​នេះគឺជា​អ្នកតា​ដ៏​មាន​​​ឫទ្ធិ​បារមី​ ហើយ​សូម្បីតែក្នុង​អត្ថបទ “និរាសនគរវត្ត” ដែល​​កវីសុត្តន្តប្រីជា ឥន្ទ លើក​ជា​​​កាព្យ​តាំង​ពី​ដើម​សតវត្សរ៍​ទី​២០ ក៏បញ្ជាក់ថា​អ្នក​ស្រុក​ហៅ​បដិមា​​នេះ​ថា “អ្នក​តា​មហា​​រាជ”​។​​ ប៉ុន្តែ​​​យ៉ាង​ណាក្តី តាមយោបល់​​ខ្លះ​យល់​ថា​ តារាជ​​គឺជា​បដិមា​​​​ព្រះ​នារាយណ៍។

តារាជ​ គឺជា​អ្នកតា​ដ៏ល្បី​ល្បាញ​ដែល​អ្នក​ផង​ជិត​ឆ្ងាយ​តែង​ចូល​គោរព​បូជា​ស្ទើរ​មិន​ហ៊ានរំលងឡើយ។ ប្រសិន​បើសង្កេត​ឱ្យដិត​ដល់ គេ​ឃើញ​មានសំណែន​ផ្សេងៗ​​​ថ្វាយ​​​តារាជ​​​ពោរពាស​ពុំ​លុះពេល ពោលគឺ​រាប់ទាំងគ្រឿង​ស្លៀក​ដណ្តប់ ស្លាធម៌​ បាយ​ស្រី បង្អែម​​​ចម្អាប​នានា តាម​សេចក្តីជ្រះថ្លា​របស់​អ្នក​មាន​ជំនឿ (រូបលេខ​៤-៦)។ វត្ថុទាំងអស់​នោះស្តែង​ឱ្យ​ឃើញ​ថា តារាជ​ពុំមែន​គ្រាន់តែជាអ្នកតា​សំខាន់សម្រាប់តែអ្នកស្រុក​អាយ​ទេ តែក៏​សំខាន់​ក្នុង​ជំនឿ​របស់​អ្នក​ចម្ងាយដែរ។ លើស​ពីនេះ នៅរៀងរាល់ថ្ងៃ​៣ កើត​ ខែមាឃ​អ្នក​ស្រុក​តែង​ធ្វើ​ពិធី​តាម​ទំនៀម​នៅ​មុខ​ប្រាសាទអង្គរវត្ត​ ​ដែល​​ហៅថា “ឡើង​​មាឃ” ហើយ​ មាន​ទាំង​កិច្ច​បញ្ចូល​បញ្ជាន់រូប​អ្នក​តា​ផ្សេងៗរួម​ទាំង​តារាជផង។

ដោយ​ឡែកចំពោះ​តាពេជ្រ​ស្ថិត​នៅ​ខ្លោង​ទ្វារ​ខាងត្បូង ឬហៅថា “គុកតាពេជ្រ” (រូប​លេខ​​៧) គឺជា​អ្នក​តា​​​ដែល​សូវ​ល្បី​​ល្បាញ​​​ដូច​តារាជ​ទេ តែ​តាំង​ពី​ដើម​រហូត​មក​ដល់​សព្វថ្ងៃ​អ្នកតា​នេះ​ក៏ហាក់មិនកំបាំងភ្នែក​អ្នក​មាន​​ជំនឿ​​ដែរ។ បើ​យោង​តាម​​អ្នកស្រាវ​ជ្រាវ​​យល់ថា តាពេជ្រ គឺជា​​បដិមា​​ព្រះ​ពុទ្ធ​ប្រក់នាគ (រូបលេខ​៨-៩)។ ចំណែកអ្នក​ស្រុក​យល់​ថា​រូប​តា  ពេ​ជ្រ​កើត​ពី​ដី​ដំបូក​សុទ្ធសាធ ​ពោល​​​គឺ​ពុំមាន​ព្រះ​ពុទ្ធ​បដិមានៅ​ខាង​​ក្នុងទេ។ តាម​​ជំនឿអ្នក​ស្រុក​ខ្លះ​ជឿថា ​​តាពេជ្រ​ជា​គឺ​ជា​អ្នក​តា​ដែល​កបនឹង​ការបន់​ស្រន់​​ព្យាបាល​ជំងឺ ឬហៅ​ថា “​គ្រូថ្នាំ” ហើយ​ខ្លះទៀត​យល់​​ថា ​​តាពេជ្រ​ជា​​មេទ័ព​​ដ៏​ខ្លាំង​ពូកែ​ជាដើម។

បច្ចុប្បន្ន​ ឫទ្ធានុភាព​​​​របស់​តាពេជ្រ​ហាក់​​មិន​ថមថយឡើយ។ នៅចំពោះមុខ​តាពេជ្រ គេឃើញ​​តង្វាយ​​គ្រឿងសក្ការៈយ៉ាង​ភ្លឺផ្លេក​ស្កេ​កស្កះ​។ មិនតែ​ប៉ុណ្ណោះ​នៅ​​គុក​​​តាពេជ្រ អ្នក​​ផង​​ពុំ​ហ៊ាន​​សូម្បី​​ពាក់​​ស្បែក​ជើង ឬពាក់​​មួក​ដើរ​ឆ្លង​កាត់​ចេញ​​ចូលទេ។ ​បើ​រម្លឹកកាល​ពី​សម័យមុនផង គេដឹងថាតាពេជ្រ​មាន​បារមី និង​មាន​​ចារឹក​កាច​ខ្លាំង​ណាស់ សូម្បី​​តែ​សត្វ​ស្លាប​ដែលហើរកាត់ក៏ត្រូវ​ធ្លាក់ងាប់ដែរ។ លើសពីនេះ គេតែងហាម​ស្រ្តី​មាន​ផ្ទៃពោះ​​មិន​ឱ្យ​ដើរ​ទៅ​ក្បែរ​​នោះសោះ​ឡើយ។ គេ​និទាន​ថា​នៅសម័យ​បារាំង ក្នុងអាណត្តិ​របស់​​លោក ហង់រី ម៉ាកហ្សាល់ (Henri Marchal) ធ្វើជា​ប្រធាន​​អភិរក្សដ្ឋានអង្គរ (១៩១៦-១៩២០, ១៩២២-១៩៣៦ និង​១៩៤៨-១៩៥៣) គេហាម​​​​កម្មករ​មិនឱ្យ​ទៅក្បែរខ្លោង​ទ្វារ​តាពេជ្រ​។ កាល​នោះគេ​ថែម​ទាំង​​ជឿ​ថា មរណភាព​​របស់​លោក ហ៊្សក ទ្រូវេ (Georges Trouvé, 1902-1935) ដែល​​​ជាអ្នក​ស្រាវជ្រាវជាតិ​បារាំង​ មកស្លាប់​នៅស្រុក​ខ្មែរ​ទាំងក្មេងវ័យ គឺមកពី​ហេតុ​​​ធ្វើឱ្យ​ប៉ះ​ពាល់​ដោយ​​ប្រការណាមួយ​លើ​តាពេជ្រ។

ចំណែកឯតាឡឹកស្ថិត​​នៅខ្លោង​ទ្វារខាងជើង (រូបលេខ​១០) គឺជា​អ្នកតា​ដែលគេ​ដឹង​ថា​​ពុំមាន​រូបសំណាក​អ្វី​ជា​សម្គាល់​ឡើយ។ ប៉ុន្តែ​នៅខ្លោង​ទ្វារ​នេះ គេឃើញមាន​អាសនៈ​និង​​​គ្រឿង​​សក្ការៈ​​តម្កល់​​​នៅ​ក្នុង​បន្ទប់​ទាំង​សងខាង។ នៅក្នុង​បន្ទប់ខាងកើត គឺមានតង្វាយបាយ​សី​​​​ប្រាំ​ថ្នាក់​១គូ បាយសី៣ថ្នាក់១គូ និងបាយសីប៉ាក់ឆា​ម​១គូ ដែល​ធ្វើ​ពីក្រដាស​ពណ៌មាស​​យ៉ាង​​ភ្លឺផ្លេក​​ (រូបលេខ​១១)។ ចំពោះ​នៅក្នុង​បន្ទប់ខាងលិចវិញ គេ​ឃើញ​មាន​អាសនៈ​ខ្ពស់​មួយ​ធ្វើ​អំពី​ឈើ ហើយចែក​ជា​​ថ្នាក់ៗ។ នៅថ្នាក់​លើ​បំផុត​ គេតម្កល់​បាយសី​​៧​ថ្នាក់​ រៀងចុះ​រហូត​​មកដល់​បាយ​សីប៉ាក់​ឆាម​១គូៗ ដែល​មូរ​ពីក្រដាស​ពណ៌បៃតង។ មិន​តែប៉ុណ្ណោះ នៅលើអាសនៈនេះគេ​ឃើញមាន​​ស្លា​ធម៌ បាយសី ផ្កាឈូក និង​តង្វាយ​ថ្មីៗ​​ផ្សេងៗ​​ទៀត​ដែរ​​​ (រូបលេខ​១២-១៣)។ គ្រឿង​សក្ការៈ​ និង​តង្វាយ​ទាំង​អស់​​នេះ​គេ​សម្គាល់​​ឃើញ​​​មានគេ​យក​មក​ថ្វាយ​​ជារឿយៗពុំ​សូវ​ដាច់​រយៈដែរ ជាពិសេសគឺ​នៅក្នុង​ថ្ងៃសីល ឬ​ថ្ងៃ​ពេញបូរមីជាដើម។

រីឯ​អ្នក​តា​គូ ឬតាគូ​ ដែល​ស្ថិត​នៅ​ខ្លោង​ទ្វា​រ​ខាង​កើត​វិញ ក៏ជា​អ្នកតា​ដែល​ពុំ​មាន​រូប​សំណាកជា​សម្គាល់​ដូច​តាឡឹក​នៅខ្លោង​ទ្វា​រខាងជើង​ដែរ។ ប៉ុន្តែ​នៅត្រង់​កណ្តាល​បន្ទប់​នៃ​ខ្លោង​ទ្វារ​តាគូ ឬគុកតាគូនេះ គេឃើញ​មាន​គំនរ​បំណែក​ថ្មប្រាសាទ​តម្រៀប​លើ​កំណល់​ស៊ីម៉ងត៍​រាងបួនជ្រុង​ និមិត្ត​ឱ្យ​តាគូ(?)​។ ​បំណែក​ថ្មប្រាសាទ​ទាំងនោះ គេរុំ​ក្រណាត់​​មួយ​ផ្ទាំង​លំនាំ​ដូច​តង្វាយ​សម្លៀក​បំពាក់ ឬគ្រឿង​ដណ្តប់​ផ្សេងៗ​ដល់​បដិមា​ដែរ។ នៅខាងមុខ​នោះ​គេក្រាល​ក្រណាត់​សមួយផ្ទាំង និង​មាន​កន្លែង​សម្រាប់​​អុជធូប​មួយ។ អ្វីដែលគួរឱ្យ​កត់​សម្គាល់ គេ​ឃើញ​​កន្ទុយ​បារីយ៉ាង​​ស្អេកស្កះ​​ក្នុង​កន្លែង​អុជ​ធូប​នោះ (រូបលេខ​១៤-១៥)។ ទិដ្ឋភាព​នេះទំនង​ឱ្យ​គេកាត់​យល់បាន​ថា តង្វាយ​ពិសេស​សម្រាប់តាគូគឺបារី។

សរុបសេចក្តីមក នៅតាម​ខ្លោង​ទ្វា​រទាំង​បួន​ទិស​នៃប្រាសាទអង្គរវត្ត​សុទ្ធសឹង​តែ​មាន​អមនុស្ស​ចាំថែរក្សា។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ តារាជ​ជាអ្នកតា​មានឫទ្ធិបារមី និង​ល្បី​ល្បាញ​ទាំង​ក្នុងក្រសែភ្នែក​អ្នកស្រុក និង​ភ្ញៀវ​ទេសចរ។ រីឯ​តាពេជ្រ ជាអ្នកតាដែល​អ្នកស្រុក​គោរព និង​ស្គាល់​ច្បាស់​ដូច​តារាជដែរ។ ចំពោះតាឡឹក និងតាគូ ជាអ្នកតា​ដែល​ពុំមានរូបតំណាង​ហើយ​ទំនង​ជា​ស្គាល់ច្បាស់​តែក្នុងភ្នែកអ្នកស្រុក ដ្បិត​រាល់ពេល​គេធ្វើពិធីឡើង​មាឃ​ម្តង​ៗ គេតែង​អំពាវនាវ​ហៅអ្នកតាទាំងបួន​ទិស​នោះ។ ប៉ុន្តែយ៉ាងណាក្តី មុខងារ​ជាក់លាក់របស់​​អ្នក​តា​ទាំងនោះក្នុងជំនឿរបស់អ្នកស្រុក គួរតែជាប្រធានបទ​សិក្សា​វែងឆ្ងាយ​ទៅមុខ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!