ជាទូទៅ យើងតែងពន្យល់ពាក្យ «អង្គ» ក្នុងពាក្យទួលអង្គភ្ជាប់ទំនាក់ទំនងទៅនឹងពាក្យ «អង្គជាតិ» សំដៅដល់សិវលិង្គ ឬលិង្គព្រះឥសូរ ដ្បិតនៅតាមទីទួលអង្គគេច្រើនឃើញមានថ្មសិវលិង្គ ឬទម្រយោនីនាងឧមា។ ប៉ុន្តែយោងតាមរបកគំហើញសិលាចារឹកថ្មីៗនាំឱ្យយើងអាចពន្យល់ជាថ្មីលើប្រភពពាក្យ «អង្គ» នេះ។
តាមភស្ដុតាងសិលាចារឹក ពាក្យ «អង្គ» (ទួលអង្គ) មានប្រភពមកពីពាក្យសំស្ក្រឹត ថា «អង្គណ» ឬ «អង្គន»។ យើងបានរកឃើញទាំងអស់ចំនួន៥ មានសំណេរជា «អង្គណ» និង «អង្គន»។ ទីមួយប្រទះឃើញនៅក្នុងសិលាចារឹក ព្រះគុហាហ្លួង K.44 (ខេត្តកំពត) នៅក្នុងឃ្លា «កំលុង៑អង្គណវ្រះកម្រតាង៑អញ៑» មានន័យថា «កំឡុងធ្លាប្រាសាទ»។ ទីពីរប្រទះនៅក្នុងសិលាចារឹកវត្តស្រះក្រាំងបន្ទាយ K.1412 (ខេត្តតាកែវ) ក្នុងឃ្លាថា «អាយ៑កលុង៑អង្គន» មានន័យថា «ឯកំឡុងធ្លាប្រាសាទ»។ ទីបីក្នុងសិលាចារឹកទួលគុហា K.1176 (ខេត្តកណ្ដាល) ក្នុងឃ្លា «អនក៑អង្គណ» មានន័យថា «អ្នកបម្រើក្នុងធ្លាប្រាសាទ» គឺសំដៅដល់អ្នកបម្រើក្នុងបរិវេណប្រាសាទនៅទួលគុហានោះតែម្ដង។ ទីបួន គឺនៅក្នុងសិលាចារឹកភូមិដូង K.1259 (ខេត្តបាត់ដំបង) នៅក្នុងឃ្លា «គេតបម្រេកំលុង៑អង្គណ» ដែលមានន័យថា «អ្នកបម្រើដែលបម្រើនៅក្នុងធ្លាប្រាសាទ»។ ថ្មីៗនេះ អ្នកស្រាវជ្រាវក៏បានរកឃើញសិលាចារឹកថ្មីមួយទៀត ចុះលេខ K.1426 នៅឯតំបន់កំពង់ផែអូកែវ ប្រទេសវៀតណាមបច្ចុប្បន្ន ដែលមានវត្តមាន «អង្គន» នេះក្នុងផ្ទាំងខ ផ្នែកភាសាខ្មែរបន្ទាត់ទី១២ ត្រង់ឃ្លាថា «[កំលុ]ង៑អង្គន»។ «អង្គន» ឬ «អង្គណ» មានន័យដូចគ្នាថា «ទីសម្រាប់ដើរ, ក្រលា, ធ្លា»។ នៅក្នុងវចនានុក្រមខ្មែរ ត្រង់មេពាក្យ «អនង្គណ» មានពន្យល់ថា «អង្គណ» មានន័យមួយថា «ទួល»។
ចំនួនវត្តមានពាក្យដែលរកឃើញនៅក្នុងសិលាចារឹកទាំង៥នេះ ធ្វើឱ្យយើងច្បាស់លាស់ស្រលះចិត្ត និងជឿជាក់បានថាពាក្យ «អង្គ» ដែលប្រើប្រាស់សម្រាប់ហៅទីទួល ឬបរិវេណដែលជាអតីតប្រាសាទនោះ មានប្រភពពីភាសាសំស្ក្រឹត «អង្គណ» មានន័យថាទីធ្លា ឬបរិវេណប្រាសាទ ឬទីទួល និងមានប្រើប្រាស់ក្នុងភាសាខ្មែរតាំងពីសម័យមុនអង្គរ។ ចំណែកនៅក្នុងសម័យអង្គរ យើងពុំធ្លាប់ប្រទះពាក្យនេះនៅក្នុងសិលាចារឹកទៀតឡើយ។ ក្នុងករណីនេះ មិនមែនការចម្លែកទេដែលដាច់ដានពាក្យនេះនៅសម័យអង្គរ ប៉ុន្ដែវានៅតែបន្ដដានរហូតមកដល់សម័យទំនើប។ ត្រង់ចំណុចនេះ យើងអាចពិនិត្យមើលភស្ដុតាងអំពីការផ្លាស់ប្ដូររាជធានីពីភាគខាងត្បូងប្រទេស មកភាគខាងជើងតំបន់ទន្លេសាប ដែលនាំឱ្យមានការផ្លាស់ប្ដូរវាក្យសព្ទសំខាន់ៗ។ បើទោះបីជានៅសម័យមុនអង្គរ ពាក្យ «វ» ឬ «វា» ជាដើម ប្រើប្រាស់យ៉ាងទូលំទូលាយក៏ដោយ ក៏ពាក្យនេះលែងបន្ដប្រើប្រាស់នៅសម័យអង្គរ។ ពាក្យនេះនៅតែបន្ដអត្ថិភាពក្នុងភាសាខ្មែរបច្ចុប្បន្ន ដូចនៅក្នុងពាក្យ «អាវ៉ា» និង សព្វនាម «វា»។ ទោះបីជារាជធានីប្ដូរមកតំបន់អង្គរក៏ដោយ ក៏តំបន់អតីតរាជធានីពីសម័យមុនអង្គរមិនត្រូវបានបោះបង់ចោលនោះទេ គឺប្រជាជននៅតែបន្ដរស់នៅទីនោះតាមលំដាប់សម័យកាលរហូតមក។
ម្យ៉ាងទៀត ទីតាំងអង្គជាច្រើនដែលជាអតីតប្រាសាទនាសម័យមុនអង្គរនោះ យើងជឿជាក់ថាប្រជាជននៅតែបន្ដគោរពមកដល់សម័យអង្គរ ក្រោយអង្គរ និងបន្ដរហូតមក។ ត្រង់នេះហើយ ទើបយើងបានឃើញទីតាំងខ្លះ មានសំណល់បុរាណវត្ថុសម័យអង្គរ និងសម័យកណ្ដាល ដែលវាជាការបង្ហាញពីការកែប្រែទីតាំងសម័យមុនអង្គរ និងវត្តមានមនុស្សគោរពទីនោះពុំដាច់។ សិលាចារឹក៤ក្នុងចំណោម៥ដែលមានវត្តមានពាក្យ «អង្គណ» និង «អង្គន» សុទ្ធតែស្ថិតនៅតំបន់ភាគខាងត្បូងនៃប្រទេស ដែលជាអតីតរាជធានី និងទីប្រជុំជនសំខាន់ៗនាសម័យមុនអង្គរដែលបច្ចុប្បន្នស្ថិតនៅក្នុងដែនដីកម្ពុជាក្រោម តាកែវ កណ្ដាល(ទួលគុហា) និងកំពត។ ត្រង់នេះហើយ ដែលយើងជឿជាក់ថាអ្នកស្រុកនៅទីនោះ នៅតែបន្ដចងចាំពាក្យ «អង្គណ» ឬ «អង្គន» នេះ និងបន្ដហៅរហូតមកដល់បច្ចុប្បន្ន។
ចំពោះការពុំបញ្ចេញសំឡេង «-ណ/-ន» ហាក់ពុំចាំបាច់ពណ៌នាតាមទិដ្ឋភាពភាសាវិទ្យាវែងឆ្ងាយនោះទេ ដ្បិតពុំខុសពីពាក្យដែលមានប្រភពមកពីបាលីសំស្ក្រឹតដទៃទៀតនោះឡើយ។ ឧ. សាសន > សាសន៍, ការណ > ការណ៍។ល។ ដូច្នេះ នៅក្នុងករណីមានបំណងសរសេរតាមជាតិសព្ទ គួរតែសរសេរជា «អង្គណ៍» ឬ «អង្គន៍» ក៏បាន។ ចំពោះទស្សនៈកន្លងមកដែលពន្យល់ពាក្យ «អង្គ» ដែលហៅទួលបុរាណដោយផ្សារភ្ជាប់នឹងពាក្យ «អង្គជាតិ» សំដៅដល់លិង្គព្រះឥសូរនោះ ហាក់ពុំសមស្របឡើយ។ តាមការសង្កេតរបស់យើង អង្គទាំងអស់មិនមែនសុទ្ធតែមានសំណល់សិវលិង្គ ឬទម្រយោនីនាងឧមានោះទេ ឬក៏សុទ្ធតែឧទ្ទិសដល់ទេពទាំងពីរអង្គនេះដែរ។ ប្រការនេះហើយទើបយើងឃើញថា អ្នកស្រុកពុំហៅតួប្រាសាទ ឬថ្មជាចម្លាក់លិង្គ និងយោនីថាជា «អង្គ» នោះទេ គឺហៅតែទីទួល ទីធ្លា ឬក៏បរិវេណដែលមិនមានប្រាសាទឈរជារូបរាងប៉ុណ្ណោះ។ ចំណែកឯកន្លែងដែលមានប្រាសាទឈរជារូបរាង ឬគ្រឹះប្រាសាទ យើងក៏ពុំសង្កេតឃើញ មានអ្នកស្រុកហៅថា «អង្គ» នោះដែរ។
អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង