ប្រាសាទបន្ទាយព្រាវ មានទីតាំងស្ថិតនៅភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អ្នកស្រុកក្នុងតំបន់ហៅថា «ប្រាសាទបន្ទាយព្រាវ» «ប្រាសាទកំផែងព្រាវ» ឬ «ប្រាសាទព្រាវ»។ ប្រាសាទនេះបែរមុខទៅទិសខាងកើត សង់ពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់។ នៅខាងកើតប្រាសាទបន្ទាយព្រាវ មានបារាយណ៍ធំមួយ បណ្តោយកើតលិចប្រមាណ៥០០ម៉ែត្រ និងទទឹងជើងត្បូងប្រមាណ២៥០ម៉ែត្រ។ កំពែងជាន់ទីមួយ មានប្រវែងកើតលិចប្រវែង១៦០ម៉ែត្រ ជើងត្បូង១២០ម៉ែត្រ មានគូទឹក និងផ្លូវចូលប្រាសាទ។ នៅកំពែងជាន់ទីពីរ មានកំពែងថ្មមួយខណ្ឌកាត់ទទឹងហើយចែកទីធ្លាប្រាសាទជាពីរ។ នៅធ្លាទីមួយប្រទះឃើញបំណែកបដិមាគោនន្ទីមួយ។ ធ្លាទីពីរ មានប្រាសាទបី ដែលតាមរយៈសិលាចារឹកចារលើមេទ្វារនៃប្រាសាទនីមួយៗ បានឱ្យដឹងថាប្រាសាទកណ្តាលជាប្រាសាទសិវលិង្គ ប្រាសាទខាងត្បូងតម្កល់ព្រះឥសូរព្រះនាមបរមេសូរ ប្រាសាទខាងជើងតម្កល់ព្រះភគវតីព្រះឥសូរ គឺនាងឧមា។ ដូច្នេះ ប្រាសាទបន្ទាយព្រាវជាប្រាសាទឧទ្ទិសដល់ទេពនិកាយព្រះឥសូរ។
សិលាចារឹកនៅប្រាសាទនេះ មានចំនួនប្រាំ។ សិលាចារឹកលេខ K.២២០ ស្ថិតនៅលើមេទ្វារជើងត្បូងនៃតួប្រាសាទខាងជើង, K.២២១ នៅលើមេទ្វារជើងត្បូងនៃតួប្រាសាទកណ្តាល, និង K.២២២ នៅលើមេទ្វារតួប្រាសាទខាងត្បូង។ ទាំងបីសិលាចារឹកនេះ សព្វថ្ងៃបានបាត់ពីទីតាំងប្រាសាទនេះទៅហើយ។ សិលាចារឹកមួយផ្ទាំងទៀត K.១៤៣៣ ត្រូវប្រជាជនយកចេញពីប្រាសាទតាំងពីឆ្នាំ១៩៩៧ម្ល៉េះ ក្រោយមកយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យនៅឆ្នាំ២០១៩។ សិលាចារឹកមួយទៀតដឹកចេញពីប្រាសាទនៅឆ្នាំ១៩៩៩ ដែលបច្ចុប្បន្ននៅសារមន្ទីរស្រុកស្វាយចេកជាសិលាចារឹកមិនទាន់ចុះលេខក្នុងបញ្ជីសារពើភណ្ឌនៅឡើយទេ។ សិលាចារឹក K.២២១ មេទ្វារខាងត្បូង ដែលលើកយកមកសិក្សាក្នុងអត្ថបទនេះចារនៅលើមេទ្វារថ្មភក់ពណ៌ផ្កាឈូក មានចំនួន១១បន្ទាត់ ជាភាសាខ្មែរបុរាណ។
កន្លងមក ធ្លាប់មានអ្នកលើកយកអត្ថបទចារឹកនេះ មកសិក្សារួចហើយ ដូចជានៅឆ្នាំ១៩៥១ លោកសាស្ត្រាចារ្យ ហ្ស៊ក សេដេស បានសិក្សាអត្ថចារឹកនេះ រួមនិងK.២២២ក្នុងសៀវភៅ «សិលាចារឹកនៃប្រទេសកម្ពុជា» ក្បាលទី៣។ លោកសាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ បានសិក្សាអត្ថបទនេះក្នុងស្នាដៃលោក Part xml, № 29 និងចេញផ្សាយលើគេហទំព័រ http://sealang.net/ok/corpus.htm៥ ។
សិលាចារឹកនេះ មានចុះកាលបរិច្ឆេទចំនួន៣ គឺនៅមហាសករាជឆ្នាំ៩២៩ (គ.ស.១០០៧), ឆ្នាំ៩៣០ (គ.ស. ១០០៨), និងឆ្នាំ៩៣៣ (គ.ស. ១០១១)។ នៅម.ស.៩២៩ វាបអម្រឹតបានថ្វាយដីដល់ព្រះគម្តែងអញសិវលិង្គនៅត្បូងរមាំង (ត្រូវនឹងប្រាសាទបន្ទាយព្រាវ) ដោយមានមេទ័ព និងចៅហ្វាយខេត្ត ទៅសង់គោលព្រំដី។ នៅឆ្នាំដដែលនេះវាបអ្យកបានថ្វាយដីដល់ប្រាសាទ និងមានមន្ត្រីទៅសង់គោល។ នៅម.ស.៩៣០ ម្រតាញន្រឹបេន្ទ្រវល្លភៈ បានថ្វាយដីដល់ប្រាសាទដោយមានមន្ត្រីជាសាក្សី។ ចុងក្រោយនៅម.ស.៩៣៣ មានមន្ត្រីច្រើននាក់រួមគ្នាលក់ស្រែថ្កួលជង/ជង់ឱ្យកំស្តែងស្រីនរបតីន្ទ្រវម៌្ម ក្នុងតម្លៃប្រាក់ស១០តម្លឹង និងមានមន្ត្រីទៅសង់គោល។
២– អត្ថបទដើមជាភាសាខ្មែរទំនើប
(១)- ៩២៩ឝកបិកេតជេឞ្ឋអង្គារវារនុវាប៑អម្ឫតស្មេវបញ្ចគ្រាមឱយ៑ភូមិតវ្រះកម្រតេង៑អញឝិវលិង្គថ្ប្វង៑ម៌្មាង៑ត
(២)- សង្គោល៑ខ្លោញ៑វលខ្លោញ៑វិឞយអ្មោឃបុរស្រុក៑ភរណិខ្លោញ៑វលខ្លោញ៑សំតាប៑ជ្រៃវលី។៩២៩ឝកបញ្ចមីកេ
(៣)- ត៑ជេឞ្ឋវ្រហស្បតិវារនុវាប៑អ្យក៑ស្រុក៑ប្រលាយ៑ផ្ទំឯក៑ឱយ៑ភូមិតវ្រះកម្រ(តេង៑អញ៑)ឝិវ លិង្គតសង្គោល៑ខ្លោញ៑វលខ្លោ
(៤)- ញ៑វិឞយខ្លោញ៑វ(លខ្លោញ៑)សំតាប៑ជ្រៃវលី។(៩៣០)ឝកអឞ្ដមីរោច៑ជេឞ្ឋអាទិត្យវា(រនុ)ម្រ(តាញ៑ឝ្រីន្ឫ)បេន្ទ្រវល្ភស្រុក៑ជ្រៃគ
(៥)- យ៌្យាក៑ឱយ៑(ស្រេអាចា)យ៌្យទ្រោណតអ្ជិម្រ(តាញ៑បិ)កល្បនាជាស្រេចុរុវ៑តវ្រះកម្រតេង៑អញ៑ឝិវលិង្គតជាសាក្ឞិយ
(៦)- ខ្លោញ៑វលភរណិខ្លោញ៑វិឞយខ្លោញ៑វលស្តុក៑ទង្ទោង៑អធ្យាបកអាយ៑កន្លោង៑កំម្រតេង៑អញ៑រាជគុហាវាប៑សាន៑សំរោង៑
(៧)- យ្វាត៑។៩៣៣ឝកបញ្ចមិកេត៑មាឃសនៃឝ្ចរវារនុវាបអាខ្លោញ៑វ្រិហវាប៑ធម៌្មប្រធានវាប៑វម៌្មឝិវកម៌្មាន្តរស្រុក៑ថ្ក្វាល៑
(៨)- ជោង៑យុគ(បត៑)នុម្រតាញ៑ខ្លោញ៑ឝ្រិរាជេន្ទ្របន្ទិតស្រុក៑យនប៑ស្តេង៑ភវក្ឞេត្រខ្លោញ៑សំតាប៑នុម្រតាញ៑ឝ្រិឝ្រុតភក្តិវិខ្យាតឮ
(៩)- ស្រុក៑ជ្រៃវលីស្តេង៑ភគវន៑កន្លោង៑កម្រតេង៑អញ៑រាជគុហាលោញ៑នោស៑ប្រលាយ៑លោញ៑មាធវចុង៑ស្រុក៑ខ្លោញ៑វលយាំបះ
(១០)- ម្រតាញ៑ឝ្រីសមរវិក្រមស្រុក៑ជ្ល្យក៑លោញ៑–ខ្លោញ៑ជ្ន្វាល៑វនិក៑ស្តេញ៑វម៌្មឝិវក(ន្ម្យង៑)លោញ៑រាម·បិលក៑ស្រេថ្ក្វាល៑ជោង៑តកំស្តេង៑
(១១)- ឝ្រិនរបតិន្ទ្រវម៌្មតសង្គោល៑ខ្លោញ៑វលខ្លោញ៑វិឞយស្រុក៑ភរណិថ្លាយស្រេនោះប្រាក៑លិង៑១០អ្សោ◦
អត្ថបទប្រែសម្រួល
(១-២) មហាសករាជ៩២៩ ទីបីកើត ខែជេស្ឋ ថ្ងៃអង្គារ នូវវាបអម្រឹត(ដែលជា)អ្នកបម្រើការ(នៅ)ភូមិទាំងប្រាំ ថ្វាយដីដល់ព្រះគម្តែងអញសិវលិង្គ(នៅ)ត្បូងរមាំង។ អ្នកសង់គោល(មាន)ខ្លោញពល ខ្លោញវិស័យអមោឃបូរ(និង)ស្រុកភរណី ខ្លោញពល (និង)ខ្លោញសណ្តាប់(នៅ)ជ្រៃវលី។
(២-៤) មហាសករាជ៩២៩ទី ប្រាំកើត ខែជេស្ឋ ថ្ងៃព្រហស្បតិ៍ នូវវាបអ្យក(នៅ)ស្រុកប្រឡាយជាអ្នកធ្វើការនៅព្រះក្រឡាបន្ទំថ្នាក់ទី១ ថ្វាយដីដល់ព្រះគម្តែងអញសិវលិង្គ។ អ្នកសង់គោល(មាន)ខ្លោញពល ខ្លោញវិស័យ ខ្លោញពល ខ្លោញសណ្តាប់(នៅ)ជ្រៃវលី។
(៤-៧) មហាសករាជ៩៣០ ទីប្រាំបីរោច ខែជេស្ឋ ថ្ងៃអាទិត្យ នូវម្រតាញស្រីន្រឹបេន្ទ្រវល្លភ(នៅ)ស្រុកជ្រៃគ្រៀក ថ្វាយស្រែ(របស់)អាចារ្យទ្រោណ(ដែលជា)ជីតា(របស់)ម្រតាញគប្បីរៀបចំជាស្រែ(សម្រាប់ធ្វើ)ចរុដល់ព្រះគម្តែងអញសិវលិង្គ។ អ្នកដែលជាសាក្សី(មាន)ខ្លោញពលភរណី ខ្លោញវិស័យ ខ្លោញពលស្តុកទង្ទោង អធ្យាបកនៅឯកន្លោងគម្តែងអញរាជគុហា (គឺប្រាសាទភ្នំកង្វា) វាបសាន(នៅ)សំរោងយួត។
(៧-១១) មហាសករាជ៩៣៣ ទីប្រាំកើត ខែមាឃ ថ្ងៃសៅរ៍ នូវវាបអា(ដែលជា)ខ្លោញស្រូវ វាបធម៌្ម(ដែលជា)ប្រធាន វាបវម៌្មសិវ(ដែលជា)កម៌្មាន្តរ(នៅ)ស្រុកថ្កូលជង ចូលរួមនឹងម្រតាញខ្លោញស្រីរាជេន្ទ្របណ្ឌិត(នៅ)ស្រុកយនប ស្តេងភវក្សេត្រ(ជា)ខ្លោញសណ្តាប់ ម្រតាញស្រីស្រុតភក្តិវិខ្យាត(នៅ)ស្រុកជ្រៃវលី ស្តែងភគវ័ន(នៅ)កន្លោងគម្តែងអញរាជគុហា លោញនោស(នៅស្រុក?)ប្រឡាយ លោញមាធវ(នៅ)ចុងស្រុក(ដែលជា)ខ្លោញពល(នៅ)យាំបះ ម្រតាញស្រីសមរវិក្រម(នៅ)ស្រុកជ្ល្យក លោញ–(ជា)ខ្លោញឈ្នួលនិងឈ្មួញ ស្តេញវម៌្មសិវក្មេង (និង)លោញរាម គប្បីលក់ស្រែថ្កូលជងដល់កំស្តែងស្រីនរបតីន្ទ្រវម៌្ម។ អ្នកសង់គោល(មាន)ខ្លោញពល (និង)ខ្លោញវិស័យស្រុកភរណី ។ ថ្លៃស្រែនោះ(គឺ)ប្រាក់ស១០តម្លឹង។
ពន្យល់ពាក្យ
ស្មេវ < សេវ (សំ.) “សេវា” + [-ម៑-]= អ្នកបម្រើការ។
ខ្លោញ៑វល ខ្លោញ៑ < [ក៑-]+លោញ៑ “មេ, ធំ, ប្រធាន” ពាក្យនេះក្លាយជាពាក្យបច្ចុប្បន្នថា ខ្លោង, វល “ពល, ទ័ព”= មេទ័ព។
ខ្លោញ៑វិឞយ វិឞយ = វិស័យ ជាតំបន់ដែលមានទំហំប្រហាក់ប្រហែលនឹងខេត្តសព្វថ្ងៃដែរ។ ខ្លោញវិស័យ គឺប្រធានគ្រប់គ្រងវិស័យឬចៅហ្វាយខេត្ត។
ខ្លោញ៑សំតាប៑ ខ្លោញសណ្ដាប់។
កល្បនា ចាត់ចែង, រៀបចំ, អ្វីៗដែលគេរៀបចំ (តង្វាយ)។
ចុរុវ៑ (សំ. ចរុ) ចរុ, អាហារជាតង្វាយដល់ព្រះឥសូរ។
អធ្យាបក (សំ.) គ្រូបង្រៀនចំណេះដឹងខាងសាសនា ពិសេសគឺគម្ពីរវេទ។ តាមន័យដើម អធ្យាបក ជាអ្នកនាំឱ្យសិស្សផ្ដោតយកចិត្តទុកដាក់លើអ្វីមួយ។
កន្លោង៑ < [កន៑-] + លោង៑ “មេ, ធំ, ប្រធាន” សំដៅដល់ម្តាយ អគារ ឬប្រាសាទ។ ពាក្យនេះក្លាយមកបច្ចុប្បន្នជា កន្លោង និង កន្លង។ សព្វថ្ងៃមានពាក្យហៅម្តាយថា កន្លោង ឬ ព្រះកន្លោង និងសសរកណ្តាលថា សសរកន្លោង។
ខ្លោញ៑វ្រិហ ខ្លោញស្រូវ, ប្រធានយកពន្ធផ្នែកស្រូវ។
កម៌្មាន្តរ (សំ.) អ្នករៀបចំបុណ្យសពរបស់ព្រះរាជវង្ស។
យុគបត៑ < (សំ.) យុគ “រួម, ផ្សំ” + បទ៑ “ជើង, ដំណើរ, ទំនង”= ធ្វើព្រមគ្នា, ចូលរួម។
ខ្លោញ៑ជ្ន្វាល៑ ខ្លោញឈ្នួល, ប្រធានគ្រប់គ្រងកម្មករឈ្នួល (?)។
វនិក៑ (សំ. វាណិជ) ពាណិជ្ជករ, ពាណិជ្ជកម្ម។
អ្សោ ស។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង