ទំព័រដើមសិល្បៈព្រះវិហារ​វត្តមុនីសាគរ   

ព្រះវិហារ​វត្តមុនីសាគរ   

វត្តមុនីសាគរស្ថិតនៅក្នុង​សង្កាត់ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ វត្ត​នេះ​ស្ថិត​​​ក្នុង​បណ្តា​វត្ត​ចាស់ៗ​តាម​បណ្តោយ​ដងទន្លេ​មេគង្គប៉ែក​ខាងកើត ស្របនឹង​ផ្លូវ​ជាតិ​លេខ​១ ដូចជា​វត្ត​មជ្ឈឹមវ័ន ​វត្តចំប៉ា និងវត្ត​កៀន​ស្វាយ​ក្នុង​​ជាដើម។ ក្នុង​បរិវេណ​វត្ត​​មុនី​សាគរ​ គេ​ឃើញ​មាន​​ព្រះវិហារ​ជា​សំណង់បុរាណ​ដ៏ល្អវិចិត្រ ​កសាងអំពី​ឈើ​និង​កំបោរ​បាយ​អ​​​យ៉ាង​ល្អវិចិត្រ។ ​នៅ​លើ​ព្រះវិហារ​នេះ ពុំឃើញ​មាន​ចំណារ ឬភស្តុតាង​អ្វី​​បញ្ជាក់​ថា​ព្រះ​វិហារ​កសាង​នៅក្នុងឆ្នាំណាឡើយ។ ប៉ុន្តែ Daniel Guéret និង Dominique-Pierre Guéret ដែល​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​​អំពី​វត្ត​​អារាម​ក្នុង​សង្គម​ខ្មែរ​​យល់ថា​ ព្រះវិហារ​វត្ត​​មុនីសាគរ​កសាង​​ឡើង​​​តាំង​ពី​​ដើម​សតវត្សទី​២០។ ចំពោះ​សន្លឹក​សីមា គំនូរ និង​ក្បាច់​លម្អ​ផ្សេងៗ​នៃ​ព្រះ​វិហារ​​នេះ គឺជា​ប្រធាន​បទ​យ៉ាង​សំខាន់​​គួរឱ្យ​សិក្សា​ស្វែងយល់។

ទម្រង់​ដំបូល និង​ការ​លម្អផ្សេងៗ​នៃព្រះវិហារវត្ត​មុនីសាគរ

ព្រះវិហារ​វត្ត​មុនីសាគរ បានកសាង​​នៅលើខឿន​បីថ្នាក់ ដែលមាន​ជណ្តើ​រ​​​ឡើង​គ្រប់​​​​ទិស​ទាំងបួន។ ខឿន​ថ្នាក់​ទី​១ និងថ្នាក់​ទី​២ លម្អជារូប​នាគ​ព័ទ្ធជា​បង្កាន់​ដៃជុំវិញ​ ហើយ​​នៅ​​អម​ជណ្តើរ​​​នីមួយៗ​នៃខឿន​ទី៣ លម្អដោយ​តោមួយគូ។ ចំពោះ​គ្រឿង​បង្គុំ​​ដំបូល គឺជា​ឈើ ​ហើយ​ផ្ទៃ​ដំបូល​ព្រះ​វិហារគេ​ប្រក់​ប្រភេទ​​ក្បឿង​រលោង (ឬអ្នកស្រុកខ្លះ​ហៅ​ថា​ក្បឿងវាំង) រាង​​ជ្រាល​ចុះ​សងខាង​បី​ថ្នាក់​។ ​នៅ​​លើចុង​ព្រំ​ដំបូល​ខាង​មុខ​មាន​បំពាក់​លម្អ​ដោយ​ជហ្វា​ពីរ ហើយ​​លើ​ចុង​ព្រំដំបូល​ខាងក្រោយ​លម្អ​ដោយ​ជហ្វា​ពីរ​ដែរ។ បើផ្អែកតាម​ការ​សិក្សា​​បែង​ចែង​របស់​អ្នក​ស្រាវជ្រាវ​ ​ប្រភេទសំណង់ព្រះវិហារ​​បែប​នេះ​ គេ​​ចាត់​ចូល​ក្នុង​ទម្រង់​​ព្រះ​វិហារ​​ជហ្វា​បួន ឬគេ​ហៅថា​ព្រះវិហារ​បុរាណ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ទន្ទឹមនឹង​នេះ នៅ​តាម​ចុង​ចែង​ដំបូល​នីមួយៗ​​គេ​ឃើញ​មាន​លម្អ​ដោយ​នាគ​ចែង​ទាំងអស់។

ចំពោះ​ការ​រចនាតុប​តែង​លម្អ​​នៅលើ​រចនា​សម្ព័ន្ធ​សំណង់​ផ្នែក​ខាង​ក្រោម​ដំបូល​ (ខាង​ក្រៅជញ្ជាំង) គេ​​ឃើញ​នៅ​​តាម​​​រងស្បូវ​ជុំវិញ​លម្អ​ដោយ​ក្បាច់​រចនា​​យ៉ាង​រស់​រវើក​​ឆ្លាក់​​អំពីឈើ។ មិន​តែ​​ប៉ុណ្ណោះ គេ​សម្គាល់​​ឃើញ​ថា​​សសរ​បាំងសាច​ជុំវិញ​ព្រះវិហារ​នេះ ក៏​ជា​​​សសរ​ឈើមាន​​រាង​បួនជ្រុង ​ដែល​កម្រ​ឃើញ​មាន​​សល់​​នៅតាម​បណ្តា​ព្រះ​​វិហារ​បុរាណ​​ផ្សេង។​ ​នៅ​​តាម​ក្បាល​សសរ​​​​នីមួយៗ​ជុំវិញទាំងបួនទិស សុទ្ធ​តែ​លម្អ​ដោយ​រូប​កិន្នរ។ ចំណែក​​ឯនៅក្បាល​សសរ​ទ្រ​ចុង​ចែង​ដំបូល​ទាំង​បួន​ជ្រុង​ លម្អដោយ​រូប​​គ្រុឌ​យ៉ាង​អង់​អាច​។

ការ​លម្អលើរងស្បូវ និង​ក្បាល​សសជុំវិញបាំងសាច

ចំណែកហោជាង​ព្រះវិហារ​នេះ គឺជាហោជាងឆ្លាក់អំពីឈើទាំងពីរ​ផ្ទាំង ដែល​មាន​ទិដ្ឋភាព​​រួមស្ទើរ​ដូចគ្នា​ គឺខាងក្រោម​ឆ្លាក់​​ផ្កាឈូក​រីកដេរដាស ខាងលើ​រចនា​​ជា​ក្បាច់​ផ្កា​ភ្ញី​​​។ ហោ​ជាង​មុខ​ មាន​រូបព្រះពិស្ណុការ​គង់លើ​ផ្កាឈូកធំមួយ​កណ្តាល​ផ្ទៃទឹក ហើយ​មាន​នាគ​មួយ​​​គូ​​ងើប​ឡើង មាន​អណ្តាតចេញមកបែក​ជា​ក្បាច់​ភ្ញីទេស​​យ៉ាង​រស់រវើក​ព័ន្ធព័ទ្ធ​រាយ​​ទៅ​ខាង​លើ​។​​ ហោជាងក្រោយ មាន​ផ្ទៃកណ្តាល​មាន​ស្លឹក​ឈូក​ធំ​មួយ​ទ្រ​​បល្ល័ង្ក​ ហើយ​​លើបល្ល័ង្ក​នោះ​មាន​តម្កល់​ឆ័ត្រ​រួត​​៧ថ្នាក់។ ​មិន​តែ​ប៉ុណ្ណេះ​សោត​ នៅ​អមបល្ល័ង្ក​នេះ​មាន​​ទេព្តា​ពីរ​អង្គ​ហោះ​ប្រណម្យ​ដៃ​សំពះបល្ល័ង្កនោះ​ ហើយ​នៅ​អម​​ឆ័ត្រ​រួត​មាន​ហង្សមួយ​គូ​ផងដែរ។

ក្បាច់លម្អលើហោជាង

ដោយ​ឡែក នៅតាមចន្លោះ​បាំងសាចខាងក្រៅព្រះវិហារ តាម​ទិស និង​អនុទិស​គេ​ឃើញ​​មានដាំ​​សន្លឹក​​សីមា​​ព័ទ្ធជុំវិញ​ ដែលឆ្លាក់​ជា​រូបផ្សេងៗគួរឱ្យកត់សម្គាល់។ សន្លឹក​សីមា​​​ទាំង​អស់​​ឃើញនៅ​សល់តែ៧ប៉ុណ្ណោះ ដ្បិត​សន្លឹក​សីមា​​​នៅ​ទិស​​​ខាង​ជើង​​ពុំ​ឃើញ​ឡើយ​ (បាត់?) ឯសន្លឹក​សីមា​ឥន្រ្ទកីលមុខបល្ល័ង្ក​ព្រះជីវ៍​ក៏ពុំឃើញដែរ​។ ប៉ុន្តែ​យ៉ាង​ណា​ក្តី​ គេ​​​យល់​​ថា​រូប​ដែល​លើកយក​មក​ឆ្លាក់​តាម​សន្លឹក​សីមា​នីមួយៗ​ ជា​រូបទោស​ពុំមែន​សាច់​រឿង​​​ជាប់​បន្ត​គ្នា​ពីមួយទៅមួយទេ។ សន្លឹក​សីមាខាងមុខ​​ឈម​នឹង​ព្រះជីវ៍ គេ​ឆ្លាក់ជារូប​បុព្វជិត​​(?) ហើយនៅ​ជ្រុង​​អាគ្នេយ៍​ឆ្លាក់រូប​នាងគង្ហីង​ច្បូត​សក់ និង​ជ្រុង​​ឦសាន​​ឆ្លាក់​ជារូបព្រះ​កញ្ចាយ​។ ចំណែក​ឯ​នៅ​ចំហៀង​​ខាងត្បូង​ឆ្លាក់​រូប​​​ទេព្តា​​ឈរ​ប្រណម្យ​(?) ហើយ​ចំពោះ​សន្លឹក​សីមា​នៅផ្នែកខាងក្រោយ​ព្រះ​វិហារ​​វិញ គេ​​ឆ្លាក់​​រូប​ទេពប្រណម្យ​​តម្កល់​កណ្តាល​ អម​ដោយ​រូប​ព្រះ​សង្ឃ​ធុតង្គ​(?) នៅ​ជ្រុង​​និរតី និង​រូប​ហនុមាន​នៅជ្រុងពាយ័ព្យ។

រូបផ្សេងៗឆ្លាក់​លើ​សន្លឹក​សីមា​ព្រះវិហារ​វត្ត​មុនីសាគរ

រីឯ​នៅខាងក្នុង​ព្រះវិហារ គេសង់ឡើង​ឱ្យមាន​ល្វែង​សំខាន់ៗបីល្វែងគឺ ល្វែង​គ្រឹះ​នៅ​កណ្តាល និង​របៀង​អមសងខាងដូច​ព្រះវិហារ​បុរាណនានាដែរ។ ត្រង់​ចន្លោះ​ល្វែង​គ្រឹះ​ចុង​​ខាងលិច គឺ​ជា​បល្ល័ង្ក​ព្រះជីវ៍​ដែល​សង់ខ្ពស់។ ព្រះជីវ៍​អង្គនេះ ពុំដឹងថា​កសាង​ឡើង​តាំង​ពីឆ្នាំណាឡើយ តែគេ​សាងឡើង​ជា​ទម្រង់​​ព្រះបដិមា​ផ្ចាញ់មារ គង់ភ្នែន ​ព្រះ​​ហត្តស្តាំ​​ដាក់​លើ​ព្រះបាទស្តាំ ចុង​ព្រះហស្តសំយុង​ចុះ​ក្រោម​ និងព្រះហស្ត​ឆ្វេង​ផ្ងារ​ដាក់​លើ​ព្រះបាត​ឆ្វេង។ ​ ការ​លម្អ​ខាងក្នុង​ព្រះវិហារ នៅត្រង់​ផ្នែក​សំខាន់ៗ​នៃ​សំណង់ដូចជា​ពិតាន សសរ និង​​ជញ្ជាំង។ ពិតាន​ព្រះវិហារ​នេះ​ សាងពីឈើចំ​ខាងលើ​ល្វែង​គ្រឹះ​​ ហើយមានគំនូរ​ទឹប​ទឹក​មាស​​ជា​ក្បាច់​រង្វង់​ធំៗ ពោលគឺពុំមាន​គំនូរ​រូប​អ្វីឡើយ។ ចំណែក​ឯ​នៅលើ​ផ្ទៃជញ្ជាំងជុំវិញ គឺជា​គំនូរ​សាច់រឿង​ពុទ្ធប្រវត្តិ ដែលគេសាងជា​ផ្ទាំង​ធំៗរៀបរាប់ចេញពីព្រះពុទ្ធចូល​និព្វាន​នៅលើ​ជញ្ជាំង​ខាងកើត ហើយ​រាយ​បន្តបន្ទាប់មក​ទៀតដូចជា​ចែក​ព្រះ​បរម​សារីរិក​ធាតុ ប្រសូត្រ សម្តែងឫទ្ធិ ទតសួន អភិសេក ចេញ​បួស ទុក្ខរកិរយា ត្រាស់​ដឹង​… ហូរហែរហូតមក​ដល់​​ព្រះអង្គទ្រង់​ប្រឈួន​។

ព្រះជីវ៍​ក្នុង​ព្រះវិហារ​វត្ត​មុនីសាគរ

ប៉ុន្តែ​យ៉ាង​ណាក្តី គំនូរ​ដែលគេយល់ថា​មាន​ភាព​ចំណាស់ និង​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ព្រះ​វិហារ​នេះ​ គឺ​គំនូរ​បុរាណ​​​គូរ​លើគល់​សសរ​ទាំង​ពីរ​ជួ​រ​​អម​ល្វែង​គ្រឹះ។ គំនូរ​​ទាំង​នោះ មានទំហំទទឹងប្រហែល​២តឹក​កន្លះ កម្ពស់ប្រហែល​កន្លះ​ម៉ែត្រ​ពីគល់​សសរ ហើយ​​​គេ​​​គូរ​​​ជុំវិញ​សសរ​ទាំងបួន​ជ្រុង​។ ផ្ទៃសសរ​ខាងលើ​ គេ​រចនា​ជា​ក្បាច់​ទឹប​ទឹក​មាស រហូត​ទល់​នឹង​ពិតាន។ ចំពោះប្រធានបទរឿង​ដែល​គេ​លើ​ក​យក​មក​គូរ​មាន​ពីរ​សំខាន់គឺ ឈុត​ខ្លះ​​ក្នុង​រឿង​ពុទ្ធ​ប្រវត្តិ និង​រឿង​ផ្សេងៗ​ទៀត​ក្នុង​ជាតក។ សាច់រឿង​ដែល​គូរ​នោះ​សោត​ហាក់ដូចជា​សង្ខេប​ខ្លី​បំផុត ហើយ​ពុំ​មាន​ខ្សែរឿង​ពីដើម​ដល់​ចប់ទេ ពោល​គឺ​លើក​យក​តែត្រង់​ឈុត​សំខាន់​ៗ​មកគូរ​តែ​ប៉ុណ្ណោះ​។​ គំនូរ​ខ្លះ ហាក់​ដូចជា​ឃើញមាន​ស្លាកស្នាម​កោសលុប ដាប់បំផ្លាញ។ ប៉ុន្តែការ​លើកយក​សាច់​​រឿង​​ជាតក​ផ្សេងៗ​​​មកគូរ​លើគល់​សសរ​បែប​​នេះ គេធ្លាប់ឃើញ​នៅក្នុង​ព្រះ​វិហារ​​វត្ត​ពាម​មង្គល​​។

សង្ខេបសេចក្តីមក ព្រះវិហារ​វត្តមុនីសាគរ ជា​មត៌កដ៏ល្អ​ដែល​សេស​សល់​នូវ​ទឹកដៃ​ស្ថាបត្យកម្មបុរាណ ក្បាច់លម្អ និងគំនូរ​បុរាណ​ដ៏វិចិត្រ។​ គំនិត​នៃការ​បង្ហាញ​​សាច់​រឿង​តូចៗ​នៅទីទាបបែបនេះ ហាក់ដូចជា​មានចេតនា​ឱ្យ​អ្នកមើល​ងាយ​ស្វែង​យល់ជាប់នឹង​ភ្នែក។ ប៉ុន្តែយ៉ាងណាក្តី ការ​ស្វែង​យល់​ស៊ីជម្រៅអំពីសិល្បៈ​បុរាណ​នេះ គួរ​តែ​បន្ត​ពិនិត្យ​លម្អិត​បន្ថែមទៀត៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!