ទំព័រដើមប្រវត្តិសាស្ត្រលោហៈកម្មដែកបុរាណក្នុងប្រទេសប៊ូគីណាហ្វាសូ

លោហៈកម្មដែកបុរាណក្នុងប្រទេសប៊ូគីណាហ្វាសូ

ប៊ូគីណាហ្វាសូ​ (​Burkina Faso) គឺជាប្រទេសមួយស្ថិតក្នុងបណ្តាប្រទេសដែលមានការរីកចម្រើនខាងលោហៈកម្មដំបូងគេក្នុងទ្វីបអាហ្វ្រិកខាងលិចដូចជាប្រទេសនីហ្សេរីយ៉ា​  បេនីន ម៉ាលី តូហ្គោ ជាដើម។

គំនរផែនទីនៃប្រទេស ប៊ូគីណាហ្វាសូ​ (ប្រភព៖ Britannica)
ផែនទីបង្ហាញពីតំបន់នៃលោហកម្ម (ប្រភព៖ Caroline)

នៅក្នុងប្រទេស ប៊ូគីណាហ្វាសូ ​មានតំបន់ចំនួន៥ដែលជាទីតាំងនៃស្ថានីយសំខាន់ៗនៃការស្ល និងការផលិតដែក។ ស្ថានីយទាំង៥នោះ គឺស្ថិតនៅក្នុងតំបន់ សាហេលៀន  (Sahelian) ដែលមានអាយុកាលស្ថិតក្នុងស.វ.ទី ៨មុនគ.ស.។ ស្ថានីយទាំង៥នោះរួមមាន ទីវហ្គា Tiwêga, យ៉ាម៉ាណេ (Yamané), គីនឌីបូ (Kindibo), បេកុយ (Békuy) និង ឌូរ៉ូឡា (Douroula)។ ឌូរ៉ូឡា គឺជាស្ថានីយដែលត្រូវបានស្គាល់ថា ជាកន្លែងដែលលេចឡើងនូវការស្លដែកមុនគេនៅក្នុងប្រទេស និងនៅក្នុងទ្វីបអាហ្វ្រិក។ ស្ថានីយដែលសម្គាល់ថាទីតាំងនៃការស្លដែកដ៏សំខាន់នោះគឺ តាមរយៈការរកឃើញនូវអាចម៍ដែក និងសំណល់នៃបំណែកចង្រ្កាន្តស្លដែកសល់នៅទីតាំងនោះផ្ទាល់ ដូចជាមាត់ចង្រ្កាន្ត បំពង់ខ្យល់ជាដើម។ ចំពោះបច្ចេកទេសនៃការស្លនៅតំបន់ទាំងនោះ គឺប្រើប្រាស់ចង្រ្កាន្តខ្ពស់ ( Haut fourneau) ឬហៅថា Bloomery ដែលត្រូវការដីឥដ្ឋលាយជាមួយនឹងទឹកធ្វើជាចង្រ្កាន្ត  និងប្រើប្រាស់ធ្យូង និងរ៉ែ ក្នុងស្លឱ្យក្លាយទៅជាដែក ហើយក៏ត្រូវការកម្តៅលើសពី១០០០ °C។  តាមរយៈការសិក្សាបុរាណលោហវិទ្យា និងនរវិទ្យា នៅក្នុងអាហ្រ្វិក និងក្នុងប្រទេសប៊ូគីណាហ្វាសូ បានបង្ហាញពីដំណើរការនៃការស្លដែកបែងចែកជា៣ដំណាក់កាល៖

ដំណាក់កាលទី១៖ ស្វែងរករ៉ែដែក រួចដំឱ្យទៅជាបំណែកតូចៗ ( ងាយស្រួលស្ល)

ដំណាក់កាលទី២៖ ស្លក្នុងចង្រ្កាន្តខ្ពស់ក្នុងសីតុណ្ហភាពខ្ពស់ឱ្យទៅជាដែកឆៅ (វត្ថុពា​ក់កណ្តាលសម្រេច) និងហូរចេញជាអាចម៍ដែក

ដំណាក់កាលទី៣៖ ការយកដែកឆៅទៅដំឱ្យក្លាយជាវត្ថុសម្រេច (ជាការងាររបស់ជាងដែក)។

ចង្រ្កាន្តគេសាងសង់ពីដីឥដ្ឋ ខ្ពស់ រាងមូល ដែលមានបំពង់ខ្យល់នៅពីក្រោម ហើយក៏មានរន្ឋសម្រាប់បង្ហូរអាចមន៌ដែក និងបើកចំហខាងលើសម្រាប់ចាក់ធ្យូង​ និងរ៉ែ។

ការលេចឡើងនូវបច្ចេកទេសស្លដែកក្នុងប្រវត្តិសាស្រ្តនៃទ្វីបអាហ្វ្រិកខាងលិចគឺ មានរយៈពេលយ៉ាងយូរ​ដែលប្រហែលជាង ២៥០០ឆ្នាំ​។ ការលើកឡើងបែបនេះ គឺតាមរយៈការសិក្សាទិន្ន័យផ្សេងៗដូចជា៖ បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា ជាដើម។ បច្ចេកទេសនៃការស្លដែកនៅក្នុងនៅប្រវត្តិសាស្រ្តមនុស្សជាតិ គឺមិនដូចគ្នានោះទេ ដោយតាមប្រទេស និងតាមតំបន់នៅក្នុងពិភពលោក គឺប្រើប្រាស់បច្ចេកទេសផ្សេងៗខុសៗគ្នា។ ចំពោះបច្ចេក​ទេសនៃការស្លដែកទាំងនោះ គឺមានភាពស្មុគស្មាញ ពិបាក ដែលត្រូវការអ្នកជំនាញ និងមានបច្ចេកទេសខ្ពស់ក្នុងការស្ល​ និងការដំ។ នៅក្នុងសង្គមនៃប្រទេសអាហ្វ្រិក ក៏ដូចនៅ ប៊ូគីណាហ្វាសូ​ មានការបែងចែកតួនាទីវណ្ណៈនៅក្នុងសហគមន៍នៃជាងដែក​ (ក្រុមមនុស្សមានចំណេះខាងដំដែក)។

ចង្រ្កាន្តស្លដែក និងប្រភេទនៃចង្រ្កាន្តស្លដែកក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិច (ប្រភព៖ UNESCO &Martinelli)

សរុបមកតាមរយៈសេចក្តីបរិយាយខាងលើបានបង្ហាញថា ប៊ូគីណាហ្វាសូ គឺជាប្រទេសដែលមានការអភិវឌ្ឍបច្ចេកទេសស្ល និងដែកចាស់មួយក្នុងចំណោមបណ្តាប្រទេសដទៃទៀត ក្នុងតំបន់អាហ្រ្វិក ដោយមិនរាប់បញ្ចូល អេហ្សីប មេសូប៉ូតាមី ។ល។ តាមរយៈការសិក្សាបុរាណលោហៈវិទ្យា និងនរវិទ្យា ក៏បានបង្ហាញពីបច្ចេកទេស និងដំណើរការពីការស្ល និងផលិតដែកក្នុងតំបន់ផងដែរ។៕

អត្ថបទដោយ៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!