សិលាចារឹកមួយផ្ទាំងនេះ មានប្រភពមកពីប្រាសាទត្រពាំងរុន ជាប្រាសាទដែលពុំមានព័ត៌មានច្រើននោះឡើយ។ ឈ្មោះរបស់ប្រាសាទនេះ ដូចគ្នានឹងប្រាសាទមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ហើយក៏ជាទីតាំងដើមរបស់សិលាចារឹកចុះលេខ K.៥៩៨ ផង។
អត្ថបទសិលាចារឹកនេះចារជាភាសាខ្មែរបុរាណ ចំនួន១១បន្ទាត់ នៅលើមេទ្វារខាងត្បូង មានចុះកាលបរិច្ឆេទនាមហាសករាជឆ្នាំ៩២៤ ឬ៩៣៤ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ១០០២ ឬ១០១២។ ចំពោះកាលបរិច្ឆេទដែលចោទជាបញ្ហានេះ គឺដោយសារសំណៅតួលេខនៅលើសំណៅផ្ដិត មានភាពមិនច្បាស់លាស់។ ករណីបែបនេះ គឺត្រូវពឹងផ្អែកលើរូបថតលើថ្ម ឬការពិនិត្យលើថ្ម ប៉ុន្តែយើងពុំមានរូបថតឬអាចទៅពិនិត្យលើថ្មផ្ទាល់បាននោះទេ។ ដូច្នេះ យើងមានតែប្រើវិធីសាស្ត្រជ្រើសរើសយកកាលបរិច្ឆេទមហាសករាជ ៩២៤ ឬ៩៣៤ នៅក្នុងសិលាចារឹកដទៃទៀត មកពិនិត្យមើល ថាតើនាកាលបរិច្ឆេទនោះ មានរឿងអ្វីកើតឡើងខ្លះ? ជាលទ្ធផល សិលាចារឹកដែលមានចុះកាលបរិច្ឆេទនាមហាសករាជឆ្នាំ ៩២៤ មានចំនួន៥សិលាចារឹក គឺសិលាចារឹកព្រះនន្ទ ទឹកឆា K. ៨៩ សរសេរជាភាសាខ្មែរ, សិលាចារឹកព្រះខាន់កំពង់ស្វាយ K. ១៦១ សរសេរជាភាសាសំស្ក្រឹត, សិលាចារឹកប្រាសាទត្រពាំងរពៅ K. ៦៩១ សរសេរជាភាសាខ្មែរ, សិលាចារឹកប្រាសាទអំពិល K. ៨១៧ សរសេរជាភាសាខ្មែរ និងសិលាចារឹកប្រាសាទដួនទួល K. ១១៨៩ សរសេរជាភាសាខ្មែរ។ ចំណែកឯសិលាចារឹកប្រាសាទបន្ទាយព្រាវ K. ២២០ ក៏មានបញ្ហាដូចសិលាចារឹកត្រពាំងរុននេះដែរ។
តាមសេចក្ដី នៅក្នុងសិលាចារឹកព្រះនន្ទទឹកឆា នាមហាសករាជឆ្នាំ ៩២៤ មានព្រះគម្ដែងអញភគវ័នព្រះនាមព្រះគម្ដែងអញស្រីប្រថិវិន្ទ្របណ្ឌិត ស្រុកនៅឯរមនិ(រមណី) បានថ្វាយអាស្រមស្រីភទ្រេសូរ ចំពោះព្រះបាទគម្ដែងកំដូនអញស្រីសូយ៌្យវម៌្មទេវ (សូរ្យវរ្ម័នទី១)។ ក្នុងសិលាចារឹកព្រះខាន់កំពង់ស្វាយ បានបញ្ជាក់ថានៅមហាសករាជឆ្នាំ ៩២៤ ត្រូវនឹងគ្រិស្ដករាជឆ្នាំ ១០០២ គឺជាឆ្នាំដែលព្រះបាទស្រីសូយ៌្យវម៌្មទេវទី១ បានឡើងសោយរាជ្យសម្បត្តិ។ ឯក្នុងសិលាចារឹកប្រាសាទត្រពាំងរពៅវិញ នាកាលបរិច្ឆេទនោះ លោញទាន បានស្ថាបនាព្រះភ្លើង និងជូនខ្ញុំបម្រើប្រុសដល់អាស្រមនេះ ពោលគឺជាសិលាចារឹកពុំទាក់ទងនឹងព្រះមហាក្សត្រនោះឡើយ។ ចំណែកសិលាចារឹកប្រាសាទអំពិលវិញ ផ្ទៃអត្ថបទ សឹករេចរឹល នាំឱ្យបាត់បង់សេចក្ដីខ្លះ ប៉ុន្ដែយើងអាចដឹងថានិយាយអំពីការធ្វើបុណ្យរបស់ព្រះគម្ដែងឆោកផ្លាង និងក្រុមគ្រួសារ ព្រមទាំងនិយាយពាក់ព័ន្ធនឹងតង្វាយរបស់ព្រះមហាក្សត្រ ដែលទំនងជាព្រះបាទស្រីសូយ៌្យវម៌្មទេវទី១។ យើងពុំមានអត្ថបទសិលាចារឹកប្រាសាទដូនទួល សម្រាប់ផ្ទៀងផ្ទាត់អត្ថន័យនោះឡើយ។
សេចក្ដីក្នុងអត្ថបទសិលាចារឹកខាងលើ ដែលមានចុះកាលបរិច្ឆេទមហាសករាជឆ្នាំ ៩២៤ មានសេចក្ដីទាក់ទងទៅនឹងព្រះបាទស្រីសូយ៌្យវម៌្មទេវទី១ ចំនួន៣។ ឯសិលាចារឹកដែលលោក ហ្សក សេដែស សិក្សាកន្លងមកដែលយល់ថាអាចត្រូវនឹងមហាសករាជឆ្នាំ៩៣៤ មានចំនួន២ គឺសិលាចារឹកប្រាសាទបន្ទាយព្រាវ និងសិលាចារឹកប្រាសាទត្រពាំងរុននេះ។ យ៉ាងនេះក្ដី អំណានកាលបរិច្ឆេទនោះ មិនជ្រះស្រឡះនោះទេ។
បើមើលសេចក្ដីរបស់សិលាចារឹកត្រពាំងរុននេះ នាមហាសករាជឆ្នាំ៩២៤ ជាឆ្នាំដែលព្រះករុណាព្រះបាទស្រីសូយ៌្យវម៌្មទេវទី១ បានប្រទានដីស្រុកកម្រឭង្វិដល់ព្រះគម្ដែងអញតបស្វីន្ទ្របណ្ឌិត។ ដូច្នេះ កាលបរិច្ឆេទក្នុងសិលាចារឹកនេះ គួរតែជាមហាសករាជឆ្នាំ៩២៤ ពុំមែន ៩៣៤ ទេ ដោយហេតុថានាឆ្នាំដែលព្រះបាទសូយ៌្យវម៌្មទេវទី១ ឡើងសោយរាជ្យសម្បត្តិ ព្រះអង្គទំនងជាបានធ្វើបុណ្យតាមរយៈព្រះរាជប្រទាននានា ប្រទានដល់មន្ត្រីសាសនា និងប្រាសាទនានា។ នេះ ជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយ។
អត្ថបទដើមជាភាសាខ្មែរទំនើប
១- ៙៩២៤ឝកនុធូលិវ្រះបាទកម្រតេង៑កំត្វន៑អញ៑ឝ្រីសូយ៌្យវម៌្មទេវ
២- ឱយ៑ប្រសាទស្រុក៑កម្រឭង្វិតវ្រះកម្រតេង៑អញ៑តបស្វីន្ទ្របន្ទិត
៣- មន្មាន៑វ្រះករុណាបិសំនហិតវេឝតគិបូជាទេវតាក្ឞេត្រវ្រសាជ
៤- បុន្យបុន្យសាធកាចាយ៌្យផោង៑រិតឝូន្យតិបន្ទ្វល៑ប្រេវទ៌្ធេវិង៑គិបិវ្រ
៥- ះកម្រតេង៑អញ៑តបស្វីន្ទ្របន្ទិតតំគលស្រេវ្រះវិង៑រុតតេល៑៙ភា
៦- គខ្នេត៑ទំនប៑ថ្មីឝត១កន្ហ្យង៑ស្ទាង៑ឝត១ត្រៅវោំឝត១តីត្តុត២០-១០ខោល៑
៧- ៤០ទំនប៑ថ្កុ២០-១០៙ភាគណ៌្នោច៑ជ្រៃករិឝត១កន្ហ្យង៑ស្ទាង៑ករោំឝត១
៨- ត្រៅវោំឝត១តីត្តុត៑២០-១០ហរនាថ៤០ទំនប៑មេបិត៑២០-១០ផ្សំមប្រតិប
៩- ក្ឞស្រូស្លិក៑២នៅគេតនុថ្វេបិទៃតិលេង៑កល្បនាតរោះហនេះហគេ
១០- ស្វេយ៑នរកអំវលនុវ្ឫន្ទផោង៑តរាប៑ចន្ទ្រាទិត្យរិតអាច៑បរិបាល
១១- នគេស្វេយ៑ទិវ្យលោកអំវលនុគណផោង៙ឱំនមឝ្គិវាយ៙
អត្ថបទប្រែសម្រួល
(១-២) មហាសករាជឆ្នាំ៩២៤ នូវធូលីព្រះបាទគម្ដែងកំដូនអញស្រីសូយ៌្យវម៌្មទេវ(ទី១) ប្រទានស្រុកកម្រឮង្វិដល់ព្រះគម្ដែងតបស្វីន្ទ្របណ្ឌិត។
(៣-៤) មាន(ព្រះរាជសាសន៍)ព្រះករុណាបីរួមផ្សំនាទីដ៏មានប្រយោជន៍ គឺសម្រាប់បូជាទេវតាក្សេត្រ/ទេវាល័យ ដែលទ្រង់ព្រះរាជទានព្រះបុណ្យ (ដល់)បុណ្យរបស់អាចារ្យទាំងឡាយ។
(៤-៥) រី(បុណ្យគ្រាមុន)ដែលសូន្យ(អស់ទៅហើយ) ទ្រង់ត្រាស់បន្ទូលប្រើឱ្យចម្រើន(បុណ្យ)នោះឡើងវិញ (គឺ)គប្បីព្រះគម្ដែងអញតបស្វីន្ទ្របណ្ឌិតតម្កល់ស្រែព្រះឡើងវិញឱ្យដូចដើមដដែល។
(៥-៧) ភាគខែខ្នើត (គឺស្រែ)ទំនប់ថ្មី (ស្រូវចំនួន)១០០, (ស្រែ)គង្ហីងស្ទាំង (ស្រូវចំនួន)១០០, (ស្រែ)ត្រាវពោំ (ស្រូវចំនួន)១០០, (ស្រែ)តិត្តុត (ស្រូវចំនួន)៣០, (ស្រែ)ខោល (ស្រូវចំនួន)៤០, (ស្រែ)ទំនប់ថ្កូវ (ស្រូវចំនួន)៣០។
(៧-៨) ភាគខែរនោច (គឺស្រែ)ជ្រៃករី (ស្រូវចំនួន)១០០, (ស្រែ)គង្ហីងស្ទាំងក្រោម (ស្រូវចំនួន)១០០, (ស្រែ)ត្រាវពោំ (ស្រូវចំនួន)១០០, (ស្រែ)តិត្តុត (ស្រូវចំនួន)៣០, (ស្រែ)ហរនាថ (ស្រូវចំនួន)៤០, (ស្រែ)ទំនប់មេបិត (ស្រូវចំនួន)៣០។
(៨-៩) ផ្សំទាំងខែខ្នើតនិងរនោច ស្រូវចំនួន២ស្លឹក។
(៩-១១) នៅនរូជនណាដ៏ធ្វើទីទៃឬបោះបង់រណ្ដាប់បូជាទាំងនេះ នរូជននោះនឹងសោយនរកច្រើនក្រៃ ព្រមទាំងគ្រួសារញាតិមិត្តផង ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យ(នៅតែមាន)។ រីនរូជនណាដែលអាចថែរក្សា(រណ្ដាប់បូជាទាំងនេះបាន) នរូជននោះ(សូមបាន)សោយនូវទិព្វលោកដ៏ច្រើនក្រៃណា ព្រមទាំងគ្រួសារញាតិមិត្តផង។ ឱម! ខ្ញុំសូមនមស្ការចំពោះព្រះឥសូរ!
សរុបសេចក្ដី
អត្ថន័យសិលាចារឹកនេះ គឺជាព្រះរាជប្រទានរបស់ព្រះបាទស្រីសូយ៌្យវម៌្មទេវទី១ ប្រទានស្រុកកម្រឮង្វិដល់ព្រះគម្ដែងតបស្វីន្ទ្របណ្ឌិត។ ទ្រង់ក៏បានត្រាស់ឱ្យរៀបចំរណ្ដាប់បូជាគ្រាមុនដែលសូន្យវិនាសអស់ទៅហើយនោះ ឱ្យរស់រានឡើងវិញ។ បន្ទុកនេះ ធ្លាក់ទៅលើព្រះគម្ដែងអញតបស្វីន្ទ្របណ្ឌិត ជាអ្នករៀបចំ ពោលគឺរៀបចំចាត់ចែងផលស្រូវសម្រាប់ផ្គត់ផ្គង់វេនខ្នើតនិងរនោច។ ចុងក្រោយ គឺជាពរនិងបណ្ដាសា។ ពាក្យផ្ដាសាមានដល់នរណាដែលពុំរៀបចំឬបំផ្លាញរណ្ដាប់បូជានោះឱ្យធ្លាក់នរកនានា រួមទាំងគ្រួសារ ដរាបណាព្រះចន្ទនិងព្រះអាទិត្យនៅតែមាន នៅតែស្ថិតក្នុងនរកនោះដដែល។ ឯពរវិញ មានដល់នរណាដែលរក្សារណ្ដាប់បូជាឬបុណ្យនោះឱ្យគង់វង្ស នឹងបានសោយនូវទិព្វលោក រួមទាំងគ្រួសារផង។
ពន្យល់ពាក្យ
ឱយ៑ប្រសាទ ប្រទាន។
មន្មាន៑ < មន៑ + មាន៑ = មាន។
ហិត (សំ.) ប្រយោជន៍។
វេឝ (សំ.) និវេសន៍ លំនៅ…។
ទេវតាក្ឞេត្រ (សំ.) លំនៅទេវតា ទេវាល័យ ប្រាសាទ។
សាធកាចាយ៌្យ (សំ. សាធក + អាចាយ៌្យ) អាចារ្យអ្នកនាំឱ្យសម្រេច(បុណ្យ)។
វទ៌្ធេ (សំ.) ចម្រើន។
តំគល តម្កល់ ដាក់ថ្កល់។
រុតតេល៑ ដូចដដែល។
អំវល ច្រើន ច្រើនក្រៃ។
វ្ឫន្ទ (សំ.) គណ ក្រុម គ្រួសារ ញាតិមិត្ត។
បរិបាលន (សំ.) រក្សា។
ស្វេយ៑ សោយ។
ទិវ្យលោក (សំ.) ទិព្វលោក ស្ថានសួគ៌ ស្ថានទេវតា។
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង