ខ្មែរស្គាល់ពាក្យ “នរក” យូរអង្វែងមកហើយ តាមរយៈគម្ពីរ សិលាចារឹក និងចម្លាក់នានាថាជាស្ថានរបស់ពួកសត្វមានបាប រស់រងទុក្ខតាមកម្លាំងកម្មដែលសាងកាលពីអតីតជាតិ។ ពាក្យនេះលេចឡើងក្នុងសិលាចារឹកតាំងពីមុនសម័យអង្គរ ក្នុងន័យជាបណ្តាសាអ្នកបំផ្លិចបំផ្លាញ “បុណ្យ” ឬ “ធម៌” (សមិទ្ធផល) ឱ្យធ្លាក់ទៅរងទុក្ខវេនានៅស្ថាននរកដរាប ព្រះចន្រ្ទនិងព្រះអាទិត្យនៅតែមាន។ ចូលដល់សម័យអង្គរ គេឃើញចម្លាក់នៅជញ្ជាំងខាងត្បូងនៃប្រាសាទអង្គរវត្ត បង្ហាញពីសត្វនរកទាំងឡាយកំពុងរងទារុណកម្មផ្សេងៗ និងពពួកសត្វនរកថ្វាយបង្គំព្រះលោកេស្វរ ឆ្លាក់នៅប្រាសាទតានៃជាដើម។ លុះដល់ខ្មែរគោរពប្រតិបត្តិយកព្រះពុទ្ធសាសនាជាធំ ជំនឿអំពីនរកនៅតែឃើញបង្ហាញតាមរយៈគម្ពីរ កិច្ចពិធី និងជាពិសេសក្នុងគំនូរតាមវត្ត។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1-%E1%9E%85%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%93%E1%9F%85%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F-1024x681.jpeg)
ចម្លាក់ជញ្ជាំងខាងត្បូងប្រាសាទអង្គរវត្ត
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A2-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%93%E1%9F%83.jpeg)
តាមព្រះពុទ្ធសាសនា បុថុជ្ជនពុំអាចឃើញនរកបានឡើយ មានតែព្រះអរិយបុគ្គលមានឥទ្ធិឫទ្ធិដូចជាព្រះពុទ្ធ ព្រះមោគ្គល្លាន ព្រះមាល័យ ឬព្រះបាទនេមិរាជ… ទើបឃើញបាន។ ប្រការត្រង់នេះបើលើកយក “ព្រះមាល័យសូត្រ” មកនិទានគេដឹងថា ស្ថាននរកមានរណ្តៅធំៗចំនួន៨ ហើយមានស្តេចយមរាជចំនួន៣២ និងនាយនិរយបាលឬយម្ភូបាលចំនួន១២៨ នៅបម្រើចាំកត់ត្រាទោស និងអានទោសថ្វាយស្តេចយមរាជ។ រីឯក្រុមយម្ភូបាលនេះសោត គេហៅម្យ៉ាងទៀតថា “កិង្ករ” មានមុខមាត់គួរឱ្យខ្លាច ហើយមានអាកប្បកិរិយាកាចសាហាវ វាយដំ និងធ្វើទារុណកម្មគ្រប់បែបយ៉ាងដល់អ្នកដែលធ្លាក់ក្នុងនរកនានា។ មិនតែប៉ុណ្ណោះ ក្រុមយម្ភូបាលមានឆ្កែចាំយាមផ្លូវនរក ស្វែងរកសត្វនរក និងនាំសារផង។ ហេតុដូច្នេះ ទើបក្នុងពាក្យសូត្រពេលចាប់ពូតបាយបិណ្ឌថា “ខ្ញុំសូមចាប់បាយបិណ្ឌ មធុបាយាស ព្រះពុទ្ធបានត្រាស់ ពោធិសត្វផង ផ្តាំទៅតាកឹង ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង យកបាយទៅជូនដូនតា”។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A3-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%98%E1%9F%84%E1%9E%82%E1%9F%92%E1%9E%82%E1%9E%9B%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%93%E1%9E%93%E1%9E%B7%E1%9E%98%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%91%E1%9F%85%E1%9E%98%E1%9E%BE%E1%9E%9B%E1%9E%8B%E1%9E%B6%E1%9E%93%E1%9E%93%E1%9E%9A%E1%9E%80-%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9A%E2%80%8B%E1%9E%81%E1%9E%B6%E1%9E%84%E1%9E%8F%E1%9F%92%E1%9E%94%E1%9E%BC%E1%9E%84-1024x392.jpeg)
ព្រះមោគ្គល្លាននិមន្តទតឋាននរក (គំនូរលើជញ្ជាំងខាងក្រៅព្រះវិហារវត្តអង្គរខាងត្បូង)
បើមើលក្នុងគំនូរតាមវត្តនានាសព្វថ្ងៃ យើងឃើញថាគេគូរបង្ហាញចូលគ្នាទាំងនរក និងប្រេត។ គំនូរទាំងនោះឃើញគូរនៅទីសំខាន់ៗដូចជា សាលាបុណ្យ សាលាឆាន់ និងជាពិសេសគឺនៅក្នុងព្រះវិហារ។ ប៉ុន្តែប្រសិនបើគំនូរបង្ហាញអំពីនរក និងប្រេតមានតែមួយផ្ទាំង គេច្រើនគូរនៅទិសខាងលិច ដែលអ្នកស្រាវជ្រាវយល់ថាពាក់ព័ន្ធនឹងជំនឿទិសនៃសេចក្តីស្លាប់។ដោយឡែក ចំពោះហេតុជាផលបាបនាំឱ្យធ្លាក់នរក ឬកើតជាប្រេតដែលខ្មែរជឿ ព្រមទាំងនៅចងចាំលើកមកគូរនោះមានដូចជា បាបជល់មាន់ សម្លាប់សត្វ ស្ទូចត្រីក្នុងវត្ត លែងគោក្របីចូលវត្ត បង្ខិតព្រំដី សាហាយស្មន់ បំបែកបំបាក់សង្ឃ ព្រះសង្ឃឆាន់មិនចម្រើនអជ្ជៈ ។ល។ សូមរម្លឹកថា ក្នុងជំនឿខ្មែរ “ប្រេត” ជាអមនុស្សមួយបែប មានជាប់ទាក់ទងតែក្នុងបរិបទវត្តអារាមប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក្តីបើតាម “នរកកថា” ហេតុនាំឱ្យធ្លាក់មានដូចជា អ្នកប្រទូសរាយព្រះឫសីមានសីលធម៌ល្អត្រូវធ្លាក់នរកធំ ព្រះរាជាមិនតាំងនៅក្នុងធម៌ឱ្យរាស្រ្តក្តៅក្រហាយដោយអយុត្តិធម៌ ធ្លាក់ក្នុងនរកមានភ្លើងឆេះកាយ ស្រីសម្លាប់កូនក្នុងពោះ ធ្លាក់នរកពេញទៅដោយផ្តៅមានបន្លាដ៏មុត ហើយស្រីដែលគេលោះមកធ្វើភរិយា ហើយមើលងាយស្វាមី ឬឪពុកម្តាយក្មេក ធ្លាក់នរកមានសន្ទូចថ្ពក់ទាញអណ្តាតចេញមក អណ្តាតនោះវែងពេញដោយដង្កូវ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A6-%E1%9E%9F%E1%9E%B6%E1%9E%9B%E1%9E%B6%E1%9E%86%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%91%E1%9E%BD%E1%9E%9B%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%89%E1%9F%8B-1024x843.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A7-%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%8F%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%9F%E1%9E%B6%E1%9F%86%E1%9E%84-1024x683.jpeg)
ការធ្វើទារុណកម្មសត្វនរក-ប្រេតគូរនៅតាមវត្តផ្សេងៗ
រីឯអ្នកសម្លាប់មាតាបិតា ធ្លាក់នរកទទួលទារុណកម្មចាក់រុកដោយលំពែងតាមរាងកាយ ចាក់ឱ្យខ្វាក់ភ្នែក ឱ្យស៊ីមូត្រគូថ ឱ្យស៊ីដុំដែកក្រហម ឱ្យឆ្កែខាំ ក្អែកចឹកស៊ី ភ្ជួរដោយផាលដែកក្រហម ផឹកស៊ីលោហិតខ្លួនឯង ផឹកទឹកទង់ដែង ត្រាំក្នុងទឹកមូត្រគូថ ដង្កូវធំមានមាត់ដែកខាំចោះរាងកាយ ធ្លាក់ក្នុងទឹកឈាម និងខ្ទុះដ៏ជ្រៅរាប់រយយោជន៍។ ចំណែកឯបុរស ឬស្រ្តីប្រព្រឹត្តកន្លងភរិយា-ប្តីអ្នកដទៃ ធ្លាក់នរកពេញទៅដោយដើមរកា កម្ពស់១យោជន៍ ត្រូវពួកយម្ភូបាលចាក់ឱ្យឡើងដើមរកា ក្នុងវេលាឡើងបន្លារកាឆេះជាអណ្តាតភ្លើងក្ងុងចុះមក ក្នុងវេលាចុះ បន្លានោះបះច្រាងឡើងលើ គ្រារួចចាកនរកនេះហើយ ធ្លាក់ក្នុងនរកពេញដោយទឹកទង់ដែងទៀត។ លើសពីនេះ លោកសម្តែងថា អ្នកសម្លាប់សត្វ ជល់សត្វមាន់ គោ ក្របី ជល់ត្រី ធ្លាក់នរកដែលពេញដោយទឹកផ្សារ ត្រូវយម្ភូបាលចាក់ដោយដែកស្រួច វាយសំពងដោយញញួរ សាប់ដោយដាវព្រឹកល្ងាច ចំណែកអ្នកបង្ខូចគេ ត្រូវនាយយម្ភូបាលធ្វើទោសផង ឱ្យស៊ីអាចម៍របស់សត្វនរកដទៃផង ត្រូវសុនខ និងត្មាតចឹកចោះផង។
បើពិនិត្យតាមគំនូរអំពីនរកទាំងឡាយដូចរៀបរាប់ខាងលើ គេសង្កេតឃើញគំនូរតាមវត្តខ្លះទៀត បង្ហាញឱ្យឃើញទិដ្ឋភាពទារុណកម្មទោសផ្សេងៗប្លែកៗច្រើនសណ្ឋាន ដែលពុំធ្លាប់ឃើញដូចជា ចុករន្ធសត្វមិនឱ្យចេញក្រៅ ធ្វើបុណ្យមានចិត្តមិនស្អាត ដុតព្រៃ ឬលួចល្ពៅ-ត្រឡាចអ្នកដទៃជាដើម។ បាបកម្មទាំងនេះ ប្រហែលមានចែងក្នុងគម្ពីរផ្សេងៗទៀត ដែលអ្នកស្រុកខ្លះធ្លាប់ស្គាល់ ហើយលើកយកមកគូរ។ ដោយឡែក គេឃើញទោសជល់មាន់ គឺជាគំនូរដែលហាក់ដូចជាមនុស្សខ្មែរស្គាល់ទូទៅ និងពេញនិយមគូរស្ទើរគ្រប់វត្ត។ មិនតែប៉ុណ្ណោះ ល្បែងនេះគេឃើញមានតាំងពីសម័យអង្គរ ឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ន្តផង និងអង្គរវត្តផង។ ចំពោះទារុណកម្មនៃទោសជល់មាន់នេះ គេច្រើនគូរបង្ហាញជារូបជាខ្លួនមនុស្ស មានក្បាលជាសត្វមាន់ មានសៀតពូថៅ ឬកាំបិតនៅចង្កេះ ឬកាន់នៅដៃ ហើយត្រូវពួកយម្ភូបាលបង្ខំឱ្យជល់ ឬកាប់ចាក់គ្នាហូរឈាមស្រោចខ្លួន។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A0-%E1%9E%87%E1%9E%9B%E1%9F%8B%E1%9E%98%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%93%E1%9F%85%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%94%E1%9E%B6%E1%9E%99%E1%9F%90%E1%9E%93%E1%9F%92%E1%9E%8F-1024x670.jpeg)
ចម្លាក់ជល់មាន់នៅប្រាសាទបាយ័ន្ត, ចុងសតវត្សទី១២ ដើមសតវត្សទី១៣
ដូច្នេះជាសង្ខេបមក បើផ្អែកតាមជំនឿដែលបង្ហាញអំពី “នរក” តាមរយៈគំនូរនានានៅតាមវត្ត គេសង្កេតឃើញគូរបង្ហាញនៅតាមទីសំខាន់ៗដូចជា ព្រះវិហារ សាលាឆាន់ ឬសាលាបុណ្យ ក្នុងន័យក្រើនរម្លឹកពុទ្ធសាសនិកកុំឱ្យសាងអកុលកម្មទាំងនោះ។ ទន្ទឹមនឹងនេះ ទោសកំហុសលើកមកបង្ហាញដែលនាំឱ្យធ្លាក់នរក ឬកើតជាប្រេតនោះសោត ពុំមានច្រើនប្រការដូចក្នុងគម្ពីរសម្តែង ឬឆ្លាក់នៅអង្គរវត្ត (នរក៣២) ឡើយ។ ប៉ុន្តែអ្វីដែលខ្មែរនៅជឿថាជាបាបនាំឱ្យធ្លាក់ទៅនរក ភាគច្រើនជាសកម្មភាពអកុសលកម្ម ដែលគេតែងសង្កេតឃើញតាមរយៈសកម្មភាពប្រចាំថ្ងៃ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត