ចុងរដូវវស្សា គឺជាពេលវេលាមួយរយៈខ្លី ដែលគេសង្កេតឃើញអ្នកស្រែភាគច្រើនទំនេរដៃ ផ្អាកពីការងារដកស្ទូងស្រូវស្រែ។ ចំពោះអ្នកស្រុករស់នៅតាមដងទន្លេ ក្នុងវេលាចុងរដូវវស្សា ឬគេតែងហៅថារដូវទឹកស្រក គឺជាពេលដែលគេរង់ចាំទឹកស្រកដកថយ លេចបានផ្ទៃដីធំទូលាយសម្រាប់ដាំដុះបង្កើបង្កើនផលដំណាំផ្សេងៗ។ ក្នុងអំឡុងពេលខ្លីនេះគេក៏អាចហៅជារួមបានថា “ចុងឆ្នាំ” ពោលគឺឆ្នាំនៃវដ្ដស្រូវ មុននឹងចូលឆ្នាំថ្មីក្នុងខែចេត្រ (ឆ្នាំចន្ទគតិ)។ ក្នុងពេលនេះជាទូទៅគេសង្កេតឃើញអ្នកស្រុកតាមតំបន់នានា តែងប្រារព្ធពិធីផ្សេងៗតាមទំនៀម និងទម្លាប់ស្រុកភូមិរៀងៗខ្លួន ដោយពិធីខ្លះបានផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនាផង ហើយពិធីខ្លះទៀតមានរៀបចំល្បែងលេងប្រឡងប្រណាំងកម្សាន្តសប្បាយតាមចំណាំផង។
ជាការពិតក្នុងវស្សារយៈពេលបីខែ (១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ) ខ្មែរពុំដែលរៀបចំកិច្ចពិធីអ្វីធំដុំទេ ពិសេសពិធីមង្គលការកូនចៅ សង់ផ្ទះថ្មី ឬឡើងផ្ទះថ្មីឡើយ ដ្បិតខ្មែរកាន់តំណមតឹងរ៉ឹងខ្លះយល់ថានៅក្នុងវស្សា គឺជាពេលឥតមានឫក្សល្អ ឥតមានជោគជ័យ និងឥតមានស្រីសួស្តី វៀរលែងតែបុណ្យខ្មោចដែលចៀសខានមិនប្រារព្ធមិនបាន។ ប៉ុន្តែលុះចាប់ពីត្រឹមរវាងមុននិងក្រោយចេញវស្សាបន្តិច គេសង្កេតឃើញកិច្ចពិធីជាទំនៀមនិងទម្លាប់ខ្លះ ចាប់ផ្តើមប្រារព្ធជាហូរហែទៅតាមទំនៀមនិងទម្លាប់ស្រុកភូមិនីមួយៗ។ បើរៀបរាប់ដោយសង្ខេប កិច្ចពិធីតូចធំទាំងនោះមានដូចជា បុណ្យបវរណាចេញវស្សា (ចេញព្រះវស្សា) ការលេងប្រណាំងទូកតាមទម្លាប់អ្នកស្រុក ដង្ហែអង្គកថិនតាមវត្តនីមួយៗ ពិធីបណ្តែតប្រទីប សំពះព្រះខែ អកអំបុក បុណ្យដារលាន បុណ្យទេសន៍មហាជាតក៍ ការលេងបង្ហើរខ្លែង និងពិធីឡើងមាឃ ឬឡើងអ្នកតាជាដើម។ ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបនៃទំនៀមនីមួយៗប្រារព្ធនាចុងរដូវវស្សា។
ក.ចេញព្រះវស្សា ពិធីចេញព្រះវស្សា ឬបុណ្យបវរណាចេញព្រះវស្សា គឺជាទំនៀមក្នុងពុទ្ធសាសនា ប្រារព្ធក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែអស្សុជ។ វេលានេះ បើមើលទំនៀមក្នុងព្រះបរមរាជវាំង គេឃើញក្រុមបារគូតែងធ្វើពិធីយាងទេវរូបចេញព្រះវស្សាប្រារព្ធនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ដោយមានប្រារព្ធទេសនាគាថាពាន់ផង។ ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅគ្រប់វត្តអារាមនានា ព្រះសង្ឃក៏ប្រជុំគ្នាធ្វើកិច្ចបវរណាចេញព្រះវស្សា សុំខមាទោសកំហុសរបស់ខ្លួនគ្រប់ព្រះអង្គ។ ចំណែកឯពុទ្ធបរិស័ទក៏ជ្រះថ្លាធ្វើទានប្រគេនព្រះសង្ឃទៅតាមទំនៀម ហើយនៅតាមវត្តខ្លះក៏មាននិមន្តព្រះសង្ឃទេសន៍មហាជាតក៍ក្នុងពេលនេះដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2-%E1%9E%94%E1%9E%9C%E1%9E%9A%E1%9E%8E%E1%9E%B6_%E1%9E%85%E1%9F%81%E1%9E%89%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%B6-%E1%9E%98%E1%9E%B6%E1%9E%9F-%E1%9E%9F%E1%9E%BB%E1%9E%97%E1%9E%B6%E1%9E%96-1024x687.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A3-%E1%9E%91%E1%9F%81%E1%9E%9F%E1%9E%93%E1%9E%B6%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%80%E1%9F%8D-1024x680.png)
ព្រះសង្ឃបវរណាចេញព្រះវស្សា ទេសនាមហាជាតក៍នៅតាមវត្ត (រូបថត៖ មាស សុភាព)
ខ.ប្រណាំងទូក ដោយឡែកក្នុងរវាងចេញព្រះវស្សានេះដែរ ចំពោះអ្នកស្រុករស់នៅតាមដងទន្លេ ឬរស់នៅតាមតំបន់ផ្លូវទឹកធំៗ តែងស្រុះស្រួលគ្នារៀបចំលេងប្រណាំងទូកទៅតាមរបៀបនិងទម្លាប់អ្នកស្រុក។ ទូកនីមួយៗច្រើនតែជាប្រភេទទូក-ង ដឹកនាំកសាងដោយព្រះចៅអធិការវត្ត ហើយរក្សាទុកជាសម្បត្តិរួមរបស់អ្នកស្រុកនៅក្នុងវត្តតែម្តង។ នៅតាមវត្តខ្លះ ចាប់ពីថ្ងៃភ្ជុំមកគេឃើញចាប់ផ្តើមរៀបចំសម្អាត ជួសជុលទូក និងធ្វើកិច្ចប្រុងពាលីដាក់ទូកពីបង្គង ចុះទឹកហាត់អុំសម្រាប់ត្រៀមប្រណាំងជាមួយទូកវត្តផ្សេងៗនៅក្នុងថ្ងៃភ្ជុំធំ ឬក្នុងថ្ងៃចេញព្រះវស្សា។ តាមសង្កេត ការប្រណាំងទូកតាមស្រុកភូមិនីមួយៗ តែងតែធ្វើមុនព្រះរាជពិធីអុំទូកថ្នាក់ជាតិ ដ្បិតជាទូទៅគេច្រើនរើសយកទូកល្អៗពីភូមិស្រុកនានាមកចូលរួមប្រណាំងនៅមុខព្រះរាជដំណាក់ផែនៃទន្លេចតុមុខ មុខព្រះបរមរាជវាំង។ សព្វថ្ងៃគេសម្គាល់ឃើញអ្នកស្រុកជលគិរី (ខេត្តកំពង់ឆ្នាំង) តែងរៀបចំប្រណាំងទូកនៅដងទន្លេសាប ក្រោយវត្តកោះថ្កូវ នៅក្នុងថ្ងៃភ្ជុំធំ។ ចំណែកឯនៅកោះដាច់ (ខណ្ឌជ្រោយចង្វារ) នៅល្វាឯម និងនៅវត្តជ្រោយអំពិល អ្នកស្រុកច្រើនរៀបចំប្រណាំងក្នុងថ្ងៃចេញព្រះវស្សា។ សូមបញ្ជាក់ថា ការប្រណាំងទូកតាមទម្លាប់អ្នកស្រុក ឃើញមានចាប់តាំងពីភ្ជុំរហូតដល់កថិនក៏មានដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A5%E2%80%8B-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%8E%E1%9E%B6%E1%9F%86%E1%9E%84%E2%80%8B%E1%9E%91%E1%9E%BC%E1%9E%80%E1%9E%93%E1%9F%85%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%84%E1%9F%87%E1%9E%90%E1%9F%92%E1%9E%80%E1%9E%BC%E1%9E%9C-1024x682.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A4-%E1%9E%87%E1%9E%BD%E1%9E%9F%E1%9E%87%E1%9E%BB%E1%9E%9B%E1%9E%91%E1%9E%BC%E1%9E%80-2-1024x719.jpeg)
ប្រណាំងទូកនៅវត្តកោះថ្កូវ (រូប៖ ស៊ុំ កុសល) និងរៀបចំជួសជុលទូក ត្រៀមអុំក្នុងថ្ងៃចេញវស្សា
គ.កថិនទាន
តាមទំនៀមព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ក្នុងរយៈពេល២៩ថ្ងៃដែលរាប់ជាកថិនកាល (១រោច ខែអស្សុជ ដល់ ១៥កើត ខែកត្តិក) ពុទ្ធបរិស័ទតែងមូលមតិគ្នាផ្តួចផ្តើមរៀបចំអង្គកថិន ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសរយៈពេល៣ខែ។ ក្នុងរយៈពេលនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់តែងចេញថតព្រះកថិនវេរប្រគេនព្រះសង្ឃតាមវត្តនានាក្នុងទីក្រុងនិងខេត្តក្រៅខ្លះ តាមដែលទ្រង់សព្វព្រះរាជហឫទ័យហៅថា “អង្គព្រះកថិនទានព្រះរាជទ្រព្យ”។ ព្រះមហាក្សត្រអាចយាងផ្ទាល់ព្រះអង្គ ឬចាត់ព្រះរាជតំណាងចូលដង្ហែអង្គព្រះកថិននោះក៏បាន។ ដោយឡែកនៅក្នុងរយៈពេលនៃកថិនកាលនេះ បើវត្តណាពុំមានអង្គកថិនដង្ហែចូលទៅ នោះពុទ្ធបរិស័ទចំណុះជើងវត្តតែងតែមូលមតិរៃអង្គាសប្រាក់តាមភូមិ រៀបចំឱ្យកើតជាកថិនឡើងមិនដែលខាន។ ទិដ្ឋភាពនេះហាក់ស្តែងឱ្យឃើញថាកថិនជាបុណ្យក្នុងព្រះពុទ្ធសាសនាដ៏សំខាន់ ប្រកបដោយភាពឱឡាឫក សប្បាយរីករាយ សាមគី្គ និងបានផ្សារភ្ជាប់យ៉ាងស្អិតរមួតនឹងសង្គមខ្មែរ រហូតក្លាយជាទំនៀមបុណ្យយ៉ាងឱឡាឫកក្រៃលែងបំផុតនាចុងរដូវភ្លៀង។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A7-%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%80%E1%9E%8B%E1%9E%B7%E1%9E%93%E1%9E%91%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%8A%E1%9E%84%E1%9F%92%E1%9E%A0%E1%9F%82%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9E%B7%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A-1024x673.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A8-%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9B%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%84%E1%9E%80%E1%9E%8B%E1%9E%B7%E1%9E%93%E2%80%8B%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A.jpg)
ទិដ្ឋភាពដង្ហែ និងវេរអង្គកថិនទានប្រគេនព្រះសង្ឃតាមទំនៀម
ឃ.បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
បើយកតាមប្រតិទិនចន្ទគតិ ពីថ្ងៃ១៤-១៥កើត ដល់ថ្ងៃ១រោច ខែកត្តិក កំណត់ជា “ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក” ប្រារព្ធយ៉ាងឱឡាឫកក្នុងព្រះបរមរាជវាំង និងនៅមុខព្រះរាជដំណាក់ផែទន្លេចតុមុខ។ ពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលនិយាយមកខាងដើម ក៏តែងសង្កេតឃើញអ្នកស្រុកប្រារព្ធជាប្រក្រតីតាមទំនៀម តែពុំសូវធ្វើពិធីរួមទាំងអស់ក្នុងពេលតែមួយឡើយ។ ដូចបានរៀបរាប់ក្នុងចំណុចខាងលើ អ្នកស្រុកតែងប្រណាំងទូកចាប់ពីថ្ងៃភ្ជុំបិណ្ឌដល់ចេញព្រះវស្សា។ ក្នុងយប់ចេញព្រះវស្សានោះសោត ទើបគេធ្វើកិច្ចបណ្តែតប្រទីប (និងកន្ទោងផង)។ ប៉ុន្តែពិធីសំពះព្រះខែ និងអកអំបុកគេប្រារព្ធក្នុងថ្ងៃ១៥កើត ខែកត្តិក។ ចំពោះពិធីសំពះព្រះខែ អកអំបុក អ្នកស្រុកខ្លះហៅដោយខ្លីក្នុងន័យរួមថា “បុណ្យអកអំបុក” ឬ “បុណ្យមហាអំបុក” ឬអ្នកស្រុកភាគខាងជើងហៅថា “អកព្រះខែ” ឬ “បង្អកព្រះខែ”។ តាមសង្កេតគេច្រើនឃើញយុវជនជំទង់ៗចូលរួម ហើយតែងប្រារព្ធធ្វើនៅក្នុងវត្ត ដោយការចាប់ផ្តើមបុកអំបុកនោះតាំងពីព្រលប់ រហូតដល់ពាក់កណ្តាលអាធ្រាត្រ ពេលដែលព្រះចន្រ្ទរំកិលត្រង់ចំលើក្បាលទើបគេធ្វើកិច្ចសំពះព្រះខែ និងអកអំបុក។ ក្នុងវេលាពាក់កណ្តាលអាធ្រាត្រនៃថ្ងៃពេញបូណ៌មីនោះ នៅតាមវត្តខ្លះថែមទាំងរៀបចំកិច្ចសម្រក់ទៀនផ្សងទឹកភ្លៀងឆ្នាំថ្មីដែរ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A9-%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80%E1%9E%93%E1%9F%85%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%8A%E1%9E%84%E1%9E%91%E1%9E%93%E1%9F%92%E1%9E%9B%E1%9F%81%E1%9E%98%E1%9F%81%E1%9E%82%E1%9E%84%E1%9F%92%E1%9E%82-%E1%9E%98%E1%9E%BB%E1%9E%81%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%A2%E1%9E%B6%E1%9E%9A-1-1024x632.png)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1%E1%9F%A0-%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%A2%E1%9F%86%E1%9E%94%E1%9E%BB%E1%9E%80%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F.jpg)
អ្នកស្រុកបណ្តែតប្រទីបក្នុងទន្លេមេគង្គ (មុខវត្តរកាអារ) និងការរៀបចំប្រារព្ធពិធី សំពះព្រះខែ និងអកអំបុក នៅតាមវត្ត
សង្ខេបសេចក្តីមក ពិធីជាទំនៀម និងល្បែងប្រពៃណីដែលអ្នកស្រុកតែងប្រារព្ធនិងលេងនៅក្នុងវេលាខ្លីនៃចុងរដូវវស្សា មានច្រើនប្រការណាស់ ហើយមានន័យនិងខ្លឹមសារជាប់នឹងផ្នត់គំនិតអ្នកស្រុកជាដរាប។ ដូច្នេះនៅក្នុងអត្ថបទភាគ២ ខ្ញុំនឹងរៀបរាប់បញ្ចប់នូវពិធី ឬកិច្ចជាទំនៀម និងល្បែងប្រពៃណីដែលលេងជាទម្លាប់របស់អ្នកស្រុកក្នុងវេលាចុងឆ្នាំជាសេចក្តីបញ្ចប់៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត