ល្ខោនបាសាក់

ល្ខោនបាសាក់ ជាទម្រង់សិល្បៈទស្សនីយភាពមួយ ដែលមានប្រជាប្រិយភាពធំធេង ណាស់នៅក្នុងស្រទាប់ទស្សនិកជនខ្មែរ។ កាលពីដើមឡើយ ខ្មែរយើងហៅល្ខោនបាសាក់ថា “ល្ខោនទ្រើងឃ្លោក” ព្រោះរោងដែលសម្រាប់សម្តែងល្ខោននេះសឹងតែគ្រប់ទីកន្លែងគឺសង់ផ្ទាល់ដី គ្រាន់តែបោះសសរឈើឬឫស្សី ហើយប្រក់ដោយថែបប្របុស ឬប្រក់កន្ទេលហើយយកមែកឈើមកសង្កត់ដើម្បីការពារកុំឲ្យខ្យល់ប៉ើង។ ឯជញ្ជាំងវិញបាំងថែបឬស្លឹកត្នោត រួចក្រាលកន្ទេលស្លឹកត្នោតផ្ទាល់ដី ដែលមានសណ្ឋានភិនភាគមិនខុសគ្នានឹងទ្រើងដាំឃ្លោកឡើយ។ ទម្រង់នេះអាចមានវត្តមានរហូតមកដល់ឆ្នាំ១៩៥៣ ឬក្រោយនេះបន្តិចផងនៅតាមទីជនបទនានា ដូច ជាខេត្តកណ្តាលឬតាមជាយក្រុងភ្នំពេញជាដើម។ចំណែកឯប្រជាជនខ្មែរដែលរស់នៅភាគខាងក្រោម នៃប្រទេសកម្ពុជា គឺដែនដីកម្ពុជាក្រោម ដែលបានក្លាយទៅជាដែនដីភាគខាងត្បូងនៃប្រទេសវៀតណាមនៅឆ្នាំ១៩៤៩ និយមហៅទម្រង់ល្ខោននេះថា “ល្ខោនយូរកេរ” ដែលមានន័យថា មរតករបស់ខ្មែរ តាំងពីយូរលង់ណាស់មកហើយ

ក្នុងការស្រាវជ្រាវរបស់ លោក​ ពេជ្រ ទុំក្រវ៉ិល លោកក៏បានអះអាងថាជនជាតិខ្មែរ បានស្រូបយកបទពិសោធន៍មួយចំនួនពីសិល្បៈ ល្ខោនហ៊ី របស់ចិន និងល្ខោនកៃលឿង របស់វៀតណាម​ មានដូចជាក្បាច់ហួននិងវិធីហោះហើរដោយចងខ្សែរ៉ត ព្រមទាំងឧបករណ៍តន្ត្រី បទភ្លេង និងសម្លៀកបំពាក់មកបំពេញឲ្យទម្រង់របស់ខ្លួន។

ក្នុងអំឡុងឆ្នាំ១៩២៩ ឬ ១៩៣០ ក្រោយពីពេលដែលពង្រីកពង្រឹងខ្លួនរឹងមាំហើយ ក្រុមសិល្បៈយូរកេរនៃស្រុកបាសាក់ដែលដឹកនាំដោយលោក ឆា គ្រួន (ឈ្មោះដើម លី សួន) បានធ្វើសកម្មភាពឡើងមកសម្តែងនៅខេត្តមួយចំនួនតាមដងទន្លេនិងរាជធានីភ្នំពេញ តាមទូកប៉ុកចាយជាមធ្យោបាយដឹកជញ្ជូន ស្នាក់នៅ និងកន្លែងសម្តែងខ្លះផង។ វត្តមាននៃល្ខោនយូរកេរមកពីបាសាក់ក្នុងដំណើរបេសកកម្មនេះ បានធ្វើឲ្យទម្រង់ល្ខោនមួយចំនួននៅភ្នំពេញដូចជា ល្ខោនមហោរី ល្ខោនបើកបទ និងល្ខោនប្រាមោជទ័យ ត្រូវរង្គោះរង្គើ ដោយសារទស្សនិកជនហាក់ដូចជាបែរទៅនិយមយ៉ាងខ្លាំងនូវវង់ល្ខោនដែលមកពីតំបន់បាសាក់ខេត្តឃ្លាំងទល់មុខនឹងព្រះត្រពាំងកម្ពុជាក្រោមនេះ។

ម្យ៉ាងវិញទៀត ដោយសារមធ្យោបាយសម្តែងថ្មី ភាពរហ័សរហួន ស្វាហាប់ ការតុបតែងលម្អឆាកក៏ល្អ ល្បិចហោះហើរក៏ប៉ិនប្រសប់ ជាពិសេសចម្រៀងខ្មែរបាសាក់រដឺនស្រទន់ពីរោះ ហើយពាក្យសម្តីក៏ប្រកបដោយអត្ថន័យខ្លឹមសារល្អផង ធ្វើឲ្យទស្សនិកជននៅតំបន់កម្ពុជាកណ្តាលជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំងរហូតដល់នាំគ្នាហៅទម្រង់ល្ខោននេះថា «ល្ខោនបាសាក់» ដោយយកទីកន្លែងកំណើតនៃវង់សិល្បៈមកដាក់ជាឈ្មោះទម្រង់តែម្តង។ គឺចាប់ពីពេលនោះមក ហើយ ដែលល្ខោនទ្រើងឃ្លោក ឬ ល្ខោនយូរកេរ បានប្រែឈ្មោះមកជា ល្ខោនបាសាក់ រហូតមកទល់នឹងសព្វថ្ងៃនេះ។

ចាប់ពីអំឡុងឆ្នាំ១៩៣៧មក នៅទីក្រុងភ្នំពេញ គេឃើញមានក្រុមនិងរោងល្ខោនបាសាក់ជាច្រើន​ មានរោងផ្សារកាប់គោ រោងឈើ (នៅខាងលិចបន្តិចមិនឆ្ងាយពីរោងផ្សារកាប់គោ) រោងស្ពានកូនកាត់ឬរោងថ្ម (នៅខាងលិចរោងឈើ) ដឹកនាំដោយអ្នកស្រី ម្លិះ ឡា រោងសយសង្វាន (នៅខាងលិចព្រះបរមរាជវាំងជ្រុងខាងត្បូង) រោងផ្សារសួនចាស់ឬរោងល្ខោនក្លឹង (នៅទល់មុខ នឹងវត្តបទុមវត្តី) និងរោងផ្សារស៊ីឡឹប ដឹកនាំដោយអ្នកម្នាង ឃុន តាត។​ នៅតាមតំបន់ជាយទីក្រុងភ្នំពេញក៏មានរោងល្ខោនបាសាក់ឯទៀតដែរ មានដូចជារោងនៅតាខ្មៅ ខេត្តកណ្តាល រោងគីឡូលេខ៦ រោងទួលទំពូង (នៅចែងខាងជើងវត្តទួលទំពូង) រោងទួលគោក រោងបាក់ស្រេងនិងអ្នកស្រី អ៊ុន វ៉ាង (នៅម្តុំរោងភាពយន្ត ចេន​ ឡា សព្វថ្ងៃ) រោងផ្សារដេប៉ូ និងរោងដទៃទៀត។ គឺចាប់ពីពេលនោះហើយ ដែលល្ខោនបាសាក់មានការរីកលូតលាស់ដុះដាលនៅកម្ពុជា។

ក្រោយពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបង្កើតឡើងនៅឆ្នាំ១៩៦៥មក ទម្រង់ល្ខោនបាសាក់ក៏ដូចជាទម្រង់សិល្បៈឯទៀត ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ដោយមានការចាត់ឱ្យគ្រូនិងសិស្សចុះទៅធ្វើការស្រាវជ្រាវរៀនសូត្រពី គ្រូនិងសិល្បករជំនាញ ដូចជាលោកតា សាំង សារុន និងអ្នកស្រី ចេក ម៉ាច លោកគ្រូ ពៅ លោកគ្រូ ណន និងលោកគ្រូ សាមិត ជាដើម។ លើសពីនេះទៅទៀត សាកលវិទ្យាល័យក៏បានអញ្ជើញលោកគ្រូ ទក ខ្មៅ ​ដែលមានទេពកោសល្យខ្ពស់លើតួឯក តួយក្ស និងតួត្លុក មកបង្រៀសិស្សថែមទៀតផង។

ល្ខោនបាសាក់សម្តែងរឿងជាច្រើនរួមមាន ព្រះលក្សិណាវង្ស ព្រះច័ន្ទគោរព រតនាវង្ស ម៉ាក់ភូយុងកែវ និងស័ង្ខសិល្ប៍ជ័យ ជាដើម។ល។ យើងឃើញថា សម្លៀកបំពាក់របស់តួអង្គ នៅក្នុងល្ខោនបាសាក់មានការវិវត្ត កែច្នៃ លម្អ ប្រកបដោយក្បូរក្បាច់រចនាភ្លឺផ្លេកដោយប៉ាក់ ឌិនភ្ជាប់ទៅនឹងក្រណាត់កាម៉ាញ៉ី ដែលអាចទាក់ទាញទស្សនិកជនឱ្យជក់ចិត្តនិងស្រឡាញ់ទម្រង់សិល្បៈនេះជាពន់ពេក។

វង់តន្ត្រីបាសាក់ រួមមានឧបករណ៍ទ្រអ៊ូ (ឧបករណ៍សំខាន់នាំមុខ) ឃឹមតូច ឃឹមធំ ខ្លុយ ប៉ាន់ ឡោ ឃ្មោះ និងស្គរ ដែលមានលក្ខណៈឥទ្ធិពលចិនច្រើន។ ហួន ជាលក្ខណៈពិសេស របស់ល្ខោនបាសាក់។ សឹងតែគ្រប់តួអង្គទាំងអស់ មានក្បាច់ហួនប្រចាំតួរៀងៗខ្លួន ពោលគឺ ហួនប្រុស ហួនស្រី ហួនយក្ស ជាដើម៕

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!