ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកគុកព្រីងជ្រុំ K.92

សិលាចារឹកគុកព្រីងជ្រុំ K.92

គុកព្រីងជ្រុំ មានទីតាំងស្ថិតនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែល​សាងឡើងនៅសម័យអង្គរ ជាប្រភេទសំណង់ប្រាសាទទោលធ្វើអំពីឥដ្ឋ និងមានកំពែងធ្វើអំពីថ្ម​បាយក្រៀម។ ឈ្មោះថា “គុកព្រីងជ្រុំ” គឺកត់ត្រា​ដោយអ្នកស្រាវជ្រាវជនជាតិបារាំងជាច្រើន ប៉ុន្តែអ្នកស្រុកមិនហៅដូច្នេះឡើយ ពោល គឺគេហៅខ្លី​ត្រឹមថា “គុក” (មានន័យថា ប្រាសាទ)។ នៅទីនេះ គេបានរកឃើញ​សិលាចារឹកមួយផ្ទាំង ចុះបញ្ជី​លេខ K.92 ដែលចាប់ផ្តើមរៀបរាប់ដំបូងនៅ​ក្នុងអត្ថបទរបស់លោក លូណេ ដឺឡាស្យង់ឃ្យែ នៅ​ក្នុងឆ្នាំ១៩០២ និងសិក្សាបន្ថែមដោយលោក ហ្សក សឺដេស ក្នុងឆ្នាំ១៩៥៣។ តើសិលាចារឹកគុកព្រីងជ្រុំ K.92 មានអត្ថន័យ និងខ្លឹមសារបែប​ណា​ខ្លះ?

សិលាចារឹកគុកព្រីងជ្រុំ ចារឹកនៅលើមេទ្វារទាំងសងខាងរបស់ប្រាសាទ ប៉ុន្តែផ្ទៃមេទ្វារនេះ​គេមិនបានរំលីងឱ្យស្មើស្អាតសម្រាប់ចារឹកអក្សរនោះទេ ហើយម្យ៉ាងស្មេរចារឹក​អក្សរតូចៗនិងរាក់ៗ​ថែមទៀតផង ជាហេតុនាំឱ្យសិលាចារឹកនេះងាយទទួលរងការសឹករេចរិល និងរលុបអក្សរ ព្រម​ទាំងពិបាកក្នុងការផ្តិត។ បើពិនិត្យមើលទៅលើការសិក្សារបស់លោក ហ្សក សឺដេស បង្ហាញថា លោកបានកាត់សន្ធិនូវបទមួយចំនួនដើម្បីងាយស្រួលដល់ការអានតាមលំនាំអឺរ៉ុប។ ការផ្តាច់សន្ធិ​ដូច្នេះ វាមានគុណសម្បត្តិសំខាន់ត្រង់ថា ងាយស្រួលក្នុងការអាន និងងាយស្រួលប្រែពាក្យចំពោះ​អ្នករៀនសំស្រ្កឹតដំបូង។ ប៉ុន្តែ ការផ្តាច់សន្ធិនេះ បាននាំឱ្យមានការលំបាកដល់អ្នករៀនសំស្រ្កឹត​ដំបូងដូចគ្នាដែរ ព្រោះថាក្នុងសិលាចារឹកសរសេរផ្សេង លោក សឺដេស សរសេរផ្សេង ហើយការ​ផ្តាច់នេះទៀតសោត គឺខុសទៅនឹងគណៈឆន្ទតាមក្បួនកាព្យសាស្រ្ត និងធ្វើឱ្យបាត់សម្ផស្សខាង​សព្ទាលង្ការផងដែរ។ ដូចពោលមកខាងលើ សិលាចារឹកនេះចែកចេញជាពីរផ្នែក (មេទ្វារខាងត្បូង និងមេទ្វារ​ខាងជើង) ដោយចាប់ផ្តើមសាច់រឿងពីចារឹកនៅមេទ្វារខាងត្បូងមានចំនួន ៣៨ បន្ទាត់ ស្មើនឹង ១៩ ស្លោក ចារឹក​ជាភាសាសំស្រ្កឹតតាមបែបអនុឞ្តុភឆន្ទ និងខ្លឹមសារបន្តទៅមេទ្វារខាងជើងមានចំនួន ២៦ បន្ទាត់ ស្មើនឹង ១៣ ស្លោក ចារឹក​ជាភាសាសំស្រ្កឹតតាមបែបអនុឞ្តុភឆន្ទដូចគ្នាដែរ។ ស្លោកទី១ ចាប់ផ្តើមដោយពាក្យថា សិទ្ធិ ដែលជាពាក្យបួងសួង​សូមឱ្យទទួលបានសេចក្តីសម្រេចគ្រប់ប្រការ ហើយស្លោកទី១ ជាប្រភេទប្រណាមស្លោក (ពាក្យ នមស្ការ) ថ្វាយបង្គំចំពោះព្រះសិវ  ពោលគឺ “នមាមីឝម៑” ដែលមានន័យថា ខ្ញុំព្រះករុណាសូមថ្វាយ​បង្គំនូវព្រះឦឝ (ទេពធំជាងគេនៅក្នុងស្ថានទាំងបី)។

ស្លោកទី២ ជាប្រភេទ ឝិវប្រណាម ដូចស្លោកទី១ដែរ គ្រាន់តែបានបន្ថែមនូវពាក្យមួយចំនួន ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ព្រះសិវ ដូចជា ទ្រង់មានសម្រែកលាន់ឮសន្ធឹកដូចសូរផ្គរលាន់នៅលើមេឃ។ ស្លោកទី៣ ជាប្រភេទទេវីប្រណាម និងស្លោកទី៤ ជាប្រភេទវិស្ណុប្រណាម ហើយស្លោកទី៥ ជាប្រភេទព្រហ្មប្រណាម ហើយដែលរៀបរាប់ពិពណ៌នាអំពីព្រះបាទឝ្រីសូយ៌្យវម៌្មទេវ (ទី១) និងសន្តតិវង្សរបស់ទ្រង់ (សូយ៌្យវង្ស)។ ទោះបីសិលាចារឹកនេះ ចារឹកឡើងនៅក្នុងរជ្ជកាលព្រះ​បាទ ស្រីសូរ្យវរ្ម័នទី១ ក៏ដោយ តែបានរៀបរាប់ថយក្រោយអំពីមន្រ្តីម្នាក់មាននាមថា “បទ្ម” ដែលជា​សេនាបតីនៅក្នុងរជ្ជកាលព្រះបាទបរមេស្វរ (ព្រះបាទស្រីជ័យវរ្ម័នទី២) និងភរិយារបស់លោកមាន​ព្រះនាម “នាងបទ្មា” ហើយសេនាបតីរូបនេះគឺជាប្អូនប្រុសរបស់ព្រះនាង “សរស្វតិ” ដែលជាព្រះ​មហេសីរបស់ព្រះរាជា។ គ្រួសារសេនាបតីនេះ មានដើមកំណើតមកពីទីក្រុងអនិន្ទិតបុរ ក្នុងក្រុង ព្រៃ​ស្លាបុរ។ ក្រៅពីនេះ ខ្លឹមសារសិលាចារឹកបានពណ៌នាអំពីចៅទួតរបស់គាត់មានព្រះនាមថា “ទេវស្រីបរាក្រមវម៌្ម” ដែលជាមេទ័ពដ៏ឆ្នើមរបស់ព្រះបាទស្រីសូរ្យវរ្ម័នទី១ ដោយបានទទួលការ​ឧបត្ថម្ភទំនុកបម្រុងពីព្រះមហាក្សត្រ។

តួអង្គសំខាន់បំផុតនៅក្នុងខ្លឹមសារសិលាចារឹកគុកព្រីងជ្រុំ ជារាជសេនាបតីស្រីបរាក្រមវម៌្មនេះហើយ ព្រោះនៅក្នុងសិលាចារឹកបានបញ្ជាក់ដល់គាត់ដដែលៗអស់ជាច្រើនស្លោក ដូចជាគាត់ជិះលើគ្រែស្នែងមាស មានអំណត់ធន់ រឹងមាំ យកជ័យជម្នះគ្រប់គ្រងលើដែនដីទាំង១០តំបន់ យកឈ្នះលើគូរបដិបក្សឈ្មោះអជ៌ុន និងអង់អាចដូចទៅនឹងព្រះវិស្ណុ ហើយក្រុមគ្រួសាររបស់គាត់បានទទួលដីសួយអាករពីព្រះមហាក្សត្រថែមទៀតផង។ ស្លោកចុងក្រោយរបស់មេទ្វារខាងត្បូងនេះ ពណ៌នាអំពីការប្រតិស្ថានបដិមាព្រះសិវលិង្គនៅក្នុងក្រុងវ្រៃវ្យក (ព្រៃពើក) និងព្រះឥសានតីថ៌ នៅក្នុងមហាសករាជឆ្នាំ ៩៥០ និងរាជតង្វាយផ្សេងៗរបស់ព្រះបាទស្រីសូយ៌្យវម៌្មទេវទី១ ។ ចំណែក អក្សរចារឹកនៅលើមេទ្វារខាងជើងវិញ ស្លោកទាំងបីខាងលើបានសឹករេចរឹករលុបអក្សរ និងមិនអាចអានយល់សេចក្តីបាននោះទេ។ យោងតាមទម្រង់ទូទៅ និងអត្ថន័យ មេទ្វារខាងជើងនេះ ចារឹកឡើងដោយបុគ្គលតែម្នាក់ ហើយជាអត្ថបទបន្តមកពីមេទ្វារខាងត្បូង។ ចាប់ពីស្លោក​ទី២៤ មក ជាការឧទ្ទិសផលបុណ្យរួមគ្នារវាងសេនាបតីស្រីបរាក្រមវម៌្មជាមួយព្រះបាទស្រីសូយ៌្យវម៌្មទេវទី១ដល់ព្រះមាតាបិតា។ ស្លោកបន្តបន្ទាប់ជាច្រើន គឺរំឮកនិងដាក់បណ្តាសាដល់ជនទាំងឡាយ​ណាដែលហ៊ានដណ្តើមកាន់កាប់យកដីធ្លី និងទ្រព្យសម្បត្តិរបស់ទេពដែលព្រះរាជាប្រទានឱ្យ នឹង​ត្រូវធ្លាក់នរក។ ស្លោកទី២៦ បានពណ៌នាអំពីអំពើបាប ទោះបីជាធ្វើតិចក្តី ច្រើនក្តី ក៏មានបាបធ្ងន់ និងធ្លាក់នរកដូចគ្នា។ ត្រង់ស្លោកទី២៧ ជាការបង្ហាញឱ្យឃើញអំពីការអនុវត្តច្បាប់ បើទោះបីជា លួចខ្លួនឯងក្តី ប្រើគេឱ្យលួចក្តី ឬធ្វើតាមបញ្ជាគេមកលួចក្តី នឹងត្រូវទទួលទណ្ឌកម្មផ្លូវច្បាប់ដូចគ្នា។ ចាប់ពីស្លោកទី២៨ ដល់ស្លោកទី៣១ ពណ៌នាអំពីបណ្តាសា និងស្លោកទី៣២ ជាពាក្យជូនពរផលបុណ្យដល់ជនទាំងឡាយណាដែលជាអ្នកថែរក្សាការពារដីធ្លីនិងទ្រព្យម្បត្តិរប់ទេព ឱ្យទទួលបានសេចក្តីសុខក្នុងបច្ចុប្បន្នជាតិ និងជាតិខាងមុខ។

អត្ថបទពាក្យចារឹក

មេទ្វារខាងត្បូង

សិទ្ធិ ៙

១. នមាមិឝមិមម៑  វ្យោម                           ភរិត ជ្យោតិឞោ រុចា

ជជ្វលតិ ស្ម្ឫតិរ យោគ                     យុជាំ យស្យ រវេរិវ ។

២. នមឝ្ឝិវាយ យទ្ឃោឞោ                    ឃណាបឃណកធ្វនិះ

យោគីនាំ ហ្ឫទ្គុហារន្ធ្រ                    ធគទ្ធគិតិមាន្ទ្យគះ។

៣.      ទេវ្យៃ នមោស្តុ យត្កន្ថេ                    សក្ឫត សុស្ថេ សហស្តកំ

គង្គាទ្យាបិ …ទ្យាំ                                  ស្ថិតាប្រេក្ឞ្យនុសូយយា។

៤.       វិឞ្ណូន្នមាមិ យោ ភោគិ                           ភុជោ ភីត្យភិឝង្កិតំ

តត្ស្នេហាទិវ ភោគេន្ទ្រំ                     មហាវ្ធៅ លាបយត្យរំ។

៥.       បទ្មជាយ នមះ បទ្មា                            បទ្មលីនាហរីឞ៌យា

បទ្មាន្តស្ថះ បុនទ៌ាតុ                             ក្រឞ្ថុកាមតយោវ យះ។

៦.       អាសិច្ឆ្រីសូយ៌្យវម៌្មេតិ                            វម៌្មឝ្ឝ្រីសូយ៌្យវង្ឝជះ

ភូបេន្ទ្រោ ភូបតិភូមិ                                   ភូឞណោ ភូរិភានុភាះ។

៧.       យទ្វក្ត្រឝោភយា ស្វាឝូ                 ញ្ជិតះ បទ្មោ នុ លជ្ជយា

លេតុកាមោ ហរេណ៌ាភឹ                សរោភ្យាឝង្កយាវសត៑។

៨.       ប្រទានេ ធនទោ ធៃយ៌្យេ                 មហាវ្ធិស្តៃជសេ រវិះ

ឝយ៌្យេ ម្ឫគបតិះ កាន្តៅ                 ឝឝី វិទ្យាសុ យោ គុរុះ។

៩.       អាសីទ្សេនាបតិះ ម្មន្ត្រី                    បរមេឝ្វរភូបតេះ

បទ្មនាមាភិធានោ យះ                   បទ្មាបតិបរាក្រមះ។

១០.    រាជទារាសរស្វត្យា                               ស្ស ភ្រាតា រាជវល្លភះ

មន្ត្រីនាំ អគ្រតោ ធៃយ៌្យ                  ស្សេនាណីរាហវេ ជិតះ។

១១.    សោ អនិន្ទិតបុរឝ្រេឞ្ឋ                           វណ៌្នសន្តានសន្តតិះ

វ្រៃស្លាបរាគតោ រាជ្ញោ                    នុចរះ បរមេឞ្ឋិណះ។

១២.    ស្យាសិន្នប្ត្ឫនប្តាយ                                    ឝ្ឝ្រីបរាក្រមវីរកម៑

ទេវាទឹ វិទធន្នាម                                  យត្សវម៌្មាវសនកម៑។          

១៣.    ឝ្រីសូយ៌្យវម៌្មណោ រាជ្ញ                    ស្ស អាសីទ្វហីណីបតិះ

យោធានាមគ្រតោ យុទ្ធេ                សហ្យទៅទ៌ន្ទវីយ៌្យកះ។

១៤.    យាម្យាឝារក្ឞណេ រាជ្ញា               ប្រេរិតស្ស រណេ ជិតះ

ហេមទោលាមហាវាហី                  យាតនាបតីវីយ៌្យកះ។

១៥.    ក្ឞាន្តទាន្តស្យ យស្យាប្យា                  ហវេ និជ៌ិ្ជតវៃរិណះ

និទយាលោយ៌្យោឝោរាឝិ                ទ៌ឝាឝាស្តនុតេ ភ្ឫឝម៑។

១៦.    អាសីត្វៃរី មហីន្ទ្រស្យ                      យោជ៌ុណោ នាម តទ្វធេ

រណេ ស ប្រេរិតស្តេន                     ឝៅរីឝៅយ៌្យបរាក្រមះ។

១៧.    តស្យ ភូមិឝ្ច យា សវ៌្វា                     ស កុលោបាយ សន្តតិះ

រាជា ទទាតិ តត្សវ៌្វំ                               តស្មៃ ភក្តិមតេ បតិះ។

១៨.    ខវានទ្វារកៃល៌ិ្លង្គំ                                ឥទមីឝស្យ យោ វ្យធាត៑

វ្រៃវ្យកនាម្នា បុរេ ភក្ត្យា                 ទត្តេ ឝ្រីសូយ៌្យវម៌្មណា។

១៩.    តល្លិង្គមិឝ្រភោគឝ្រី                              ឝានតីថ៌េឝ្វរេ ទទៅ

កាន្យាធិកកល្បនាំ ទក្ឞាំ           ស ភក្ត្យា ប្រតិវត្សរំ។

មេទ្វារខាងជើង

(ស្លោកទី២០ ដល់ទី២៣ រលុប)

២៤.    ភក្ត្យា បុណ្យំ ឥទន្ទត្តំ                    តេនឝ្ឝ្រីសូយ៌្យវម៌្មណេ

បាល្យន្តត្មត្កុលៃស្សវ៌្វំ                            ធម៌ិ្មកៃឝ្ច សនាតនំ។

២៥.    ទត្តំ ភូម្យាទិ យទ្ទ្រវ្យំ                             តេន ឝម្ភោស្សុភក្តិតះ

តេ នានានរកំ យាន្តិ                      យេ ហរន្តិ នរាធមា។

២៦.    ឧបបាតកិបាតិក                              មហាបាតកិនាំ យថា

បាបាន្យុក្តានិ បាបានាំ                  បាបិឞ្ឋា បាតយន្តុ វៃ។

២៧.    ហរន្ត្យន្យេ ស្វយំ ស្វំ យ                  ទ្ធាយ៌្យន្ត្យន្យកាន្យទិ

និមន្ត្រានុគតាឝ្ចាន្យេ                            និឝ្ចិតំ តល្លភន្តិ តេ។

២៨.    កុវ៌្វន្តីឝស្វនាឝំ យេ                             បតន្ត្យន្យេ ច បាបិនះ

កាលានលមហាតេជោ                 នារកំ រៅរវាទិកំ។

២៩.    យាវាច្ចាទិត្យចន្ទ្រមៅ ច                 យាវាច្ចាកាឝភូមិកៅ

តាវត្បាបានិ លភ្យានិ                      សកុលៃះ បុរុឞាធមៃះ។

៣០.    តទ្វាក្យំ យេ វិលុម្បន្តិ                     កាលរុទ្រាគ្និតេជសះ

វ្យតិក្រមន្តិ តត្សវ៌្វំ                            ឝាបានិ ច លភន្តិ តេ។

៣១.    មត្កុលានិ ឝិវស្ថានា                             វិនាឝំ កុវ៌្វតេបិទំ

បតន្តុ នរកំ ឃៅរំ                               មនោវាក្កាយកម៌្មភិះ។

៣២.    យេ ចាន្យេ មត្កុលានីទំ                   សុបុណ្យំ វទ៌្ធយន្តិ តេ

ឥទមុត្រ សុខៃឝ្វយ៌ំ្យ                  សវ៌្វេ សទ្គតីមាប្នុយុះ។

បំណកប្រែ

១. ខ្ញុំសូមក្រាបថ្វាយវន្ទាបង្គំចំពោះព្រះឦឝៈ ព្រះអង្គមានពន្លឺរស្មីចែងចាំពេញផ្ទៃអាកាសវេហា សម្រាប់យោធីប្រតិបត្តិនូវសមាធិ ដោយបញ្ចេញនូវពន្លឺរស្មី ដូចទៅនឹងដួងព្រះសុរិយា។

២. ថ្វាយបង្គំវន្ទាដល់ព្រះសិវ ដោយសម្រែកព្រះសូរសព្ទរបស់ទ្រង់លាន់ឮសន្ធឹកដូចសូរផ្គរលាន់នៅលើអាកាសវេហា ឥតពពក ជាស្នូរដែលលាយឡំនឹងស្នូរចង្វាក់បេះដូងនៃពពួកយោគី​ទាំងឡាយ។

៣. រីកិរិយា នមស្ការថ្វាយបង្គំចូរមានដល់ព្រះនាងទេវី នៅលើព្រះកណ្ឋ (ក) ប្រកបដោយសេចក្តីសុខ ព្រះនាងគង្គាអាស្រ័យនៅ ….មិនមានសេចក្តីសោកសង្រេង បើទោះបីមិនបានមើលឃើញក៏ដោយ។

៤. ខ្ញុំសូមគោរពក្រាបវន្ទាបង្គំព្រះវិស្ណុ ព្រះអង្គសេ្តចនាគ និងគ្រុឌ ទំពាស៊ីនាគជាអាហារ បានសម្តែងសេចក្តីគោរពកោតខ្លាច និងមានសេចក្តីស្នេហា (សេចក្តីស្រឡាញ់) ថ្នាក់ថ្នមឱ្យផ្ទំលង់លក់នៅក្នុងមហាសមុទ្រសែនធំល្វឹងល្វើយ។

៥. សូមគោរពវន្ទាដល់ព្រះព្រហ្ម ទ្រង់ប្រសូត្រចេញផ្កាបទុមជាតិ ទ្រង់គង់នៅ​កណ្ដាលផ្កាឈូក ដោយសេចក្តីនិន្ទានឹងព្រះវិស្ណុ (ហរិ) ដែលបានភ្ជាប់ទៅនឹងផ្កាឈូក ព្រះអង្គហាក់មានបំណងក្នុងការសងសឹក។

៦. មានព្រះរាជាមួយព្រះអង្គ ព្រះនាមស្រីសូយ៌្យវម៌្ម ទ្រង់ប្រសូតក្នុងស្រីសូយ៌្យវង្ស ទ្រង់ជាស្តេចផែនដី មានពន្លឺរស្មីត្រចះត្រង់ ប្រដូចទៅនឹងពន្លឺព្រះសុរិយា។

៧. ជ័យជម្នះដោយសារសម្រស់ភក្ត្រា ធ្វើឱ្យផ្កាបទុមអៀនខ្មាស ហើយលាក់មុខនៅក្នុងផ្ចិតនៃព្រះហរិ​ បានសាងរាជដំណាក់ប្រកបដោយការឈ្វេងយល់អំពីទឹក។

៨. ព្រះកុវេរ (ទេពទ្រព្យសម្បត្តិ) ជាសប្បុរស មហាសមុទ្រជាស្ថេរភាព ព្រះសុរិយាជាភាពថ្កុំថ្កើង សិង្ហជាវីរភាព ព្រះចន្រ្ទ​ជាសោភ័ណភាព គ្រូ (វ្ឫហស្បតិ) ជាវិទ្យាសាស្ត្រ។

៩. មានរដ្ឋមន្ត្រីម្នាក់ ជារាជសេនាបតី ជារាជគ្រូរបស់ព្រះបាទបរមេស្វរ (ព្រះបាទស្រីជយ  វម៌្មនទី២) មាននាមថា “បទ្ម” មានសេចក្តីក្លាហានដូចជាព្រះស្រីបរាក្រម (ព្រះវិស្ណុ) គាត់ជាស្វាមីរបស់ព្រះនាងបទ្មា (បទ្មាបតិ)។

១០. ភ្រាតា (បងប្អូនប្រុស) របស់ព្រះនាង សរស្វតី ជារាជមហេសី ទទួលមុខងារជាមន្ត្រីជាន់ខ្ពស់ ជាប្រធានក្រុមប្រឹក្សា ដោយបានទទួលក្តីករុណាពីព្រះរាជា គាត់ជាមេទ័ពដ៏អង់អាចក្លាហាន មានជ័យជម្នះជាប្រក្រតី មិនដែលស្គាល់បរាជ័យនៅក្នុងសមរភូមិឡើយ។

១១. គាត់មានដើមកំណើតត្រកូលអភិជននៅទីក្រុងអនិន្ទិតបុរ និងបានយាងមកពីក្រុងវ្រៃស្លាបុរ គាត់រាជបរិពាហ៍ ដែលមានភក្តីភាពបំផុត។

១២. មានចៅទួតប្រុសម្នាក់ មាននាមថា ស្រីបរក្រមវីរ ដែលនាំមុខដោយពាក្យទេវ និងនៅពីខាងក្រោយពាក្យវម៌្ម។

១៣. មេទ័ពរូបនេះ ជាមេទ័ពរបស់ព្រះបាទ ស្រីសូយ៌្យវម៌្ម គាត់ស្ថិតនៅលើពលយោធាក្នុងសមរភូមិ ប្រកបដោយវិរិយភាពព្រហស្តទាំងទ្វេមិនមាននរណាអាចបំបាក់បាន។

១៤. គាត់ជាមេទ័ពដែលគ្រប់គ្រងរក្សាដោយស្តេចយមរាជ គាត់មានជ័យជម្នះលើសត្រូវក្នុងសង្គ្រាម គាត់គង់លើគ្រែស្នែងមាស ជាអ្នកមានសេចក្តីព្យាយាមប្រដូចទៅនឹងស្តេចក្នុងស្ថាននរក។

១៥. គាត់ជាអ្នកមានខន្តីធម៌ រឹងមាំ មានជ័យជម្នះអស់លើពួកសត្រូវនៅក្នុងចម្បាំង ធ្វើឱ្យលោកមេទ័ពនេះមានកិត្តិស័ព្ទល្បីរន្ទឺនៅភូមិភាគទាំង១០នៃដែនដី។

១៦. ដោយមានព្រះឱង្ការអំពីព្រះមហាក្សត្រ ឱ្យសម្លាប់គូប្រជែងម្នាក់ឈ្មោះអជ៌ុននៅក្នុងការប្រយុទ្ធ សេនាបតីបានបង្ហាញឱ្យឃើញផ្ទាល់ភ្នែកនូវជ័យជម្នះ និងវីរភាពរបស់គាត់ ប្រដូចព្រះវិស្ណុ (ឝៅរី)។

១៧. ដីធ្លីភូមិករទាំងអស់ រួមទាំងមធ្យោបាយ ចិញ្ចឹមគ្រួសារ (អជ៌ុន) គ្រប់ជំនាន់ ត្រូវប្រទានឱ្យសេនាបតី មានភក្តីភាពសម្រាប់ជាជំនូនពីព្រះមហាក្សត្រ។

១៨. ស្ថាបនាលិង្គព្រះឦស នៅក្នុងទីក្រុង វ្រៃវ្យកបុរ (ព្រៃពើក) និងដីដែលប្រទានដោយព្រះបាទស្រីសូរ្យវម៌្ម នៅក្នុងឆ្នាំកំណត់ដោយទ្វារ=៩ ព្រួញ=៥ ខ=០ (ម.ស. ៩៥០ ត្រូវនឹងគ.ស. ១០២៨)។

១៩. ព្រះស្រីឥសានតីថ៌េស្វរ តម្កល់រួមគ្នាជាមួយព្រះលិង្គ តង្វាយបូជាជារៀងរាល់ឆ្នាំ រួមមានទាំងនាងកញ្ញាផង។

២៤. តង្វាយបុណ្យដោយសេចក្តីគោរព នូវចំណែកបុណ្យបានពីសមិទ្ធផលធម៌នេះ ចំពោះព្រះបាទឝ្រីសូយ៌្យវម៌្ម និងសូមឱ្យផលបុណ្យនេះបានទៅដល់ឳពុក និងម្តាយជាអ្នកមានធម៌សប្បុរស។

២៥. តង្វាយមានដីធ្លីជាដើម ទ្រព្យសម្បត្តិណាដែលបានថ្វាយ ដោយសេចក្តីគោរពចំពោះព្រះសម្ភុ  ជនទាំងឡាយណាដែលបានកាន់យក (លួច) ជនទាំងឡាយនោះរមែងធ្លាក់ទៅកាន់ស្ថាននរកមានប្រការផ្សេងៗ។

២៦. សូមឱ្យបាបកម្មដែលគេបានប្រព្រឹត្តក្លាយជាបាបធ្ងន់ ទោះជាអ្នកនោះជាអ្នកទ្រុស្តតិច ទ្រុស្តមធ្យម ឬទ្រុស្តខ្លាំងក៏ដោយ សូមឱ្យគេធ្លាក់ទៅក្នុងនរក។

២៧. បើជនណាលួចយកដោយខ្លួនឯង ឬប្រើឱ្យអ្នកដទៃផ្សេងលួចទ្រព្យភោគ ឬដោយធ្វើតាមបញ្ជាគេមកលួចយក អ្នកទាំងអម្បាលនោះ នឹងត្រូវទទួលទណ្ឌកម្មទៅតាមច្បាប់ជាធរមាន។

២៨. ជនទាំងឡាយណា បានលួចយកភោគទ្រព្យ របស់ព្រះឦសៈ និងបាបជន ត្រូវធ្លាក់ទៅក្នុងនរកដោយត្រូវដុតកម្លោចដោយភ្លើងសន្ធោសន្ធៅ ដោយចាប់ផ្តើមឋានរៅរវនរក។

២៩. ជនទាំងអស់នោះស្ថិតនៅជានិច្ចនិរន្តរ៍ ដូចព្រះអាទិត្យ និងព្រះចន្រ្ទ ស្ថិតស្ថេអមតៈ ដូចមេឃ និងធរណីនៅក្នុងបាបកម្ម រួមជាមួយក្រុមគ្រួសាររបស់គេផង។

៣០. ជនទាំងឡាយណា ដែលបំផ្លាញប្រសាសន៍នេះ  និងជនដែលបានល្មើសច្បាប់នេះ ជនទាំងអស់នោះនឹងត្រូវបណ្តាសា ដោយការដុតរោលរាលដោយភ្លើងអគ្គីយ៉ាងសន្ធោសន្ធៅ។

៣១. បើត្រកូលសន្ដានរបស់ខ្ញុំ បានបង្កឱ្យវិនាសអន្តរាយសិវស្ថាននេះ ដោយកាយកម្មក្តី ដោយវចីកម្មក្តី ដោយមនោកម្មក្តី សូមឱ្យធ្លាក់ទៅកាន់ស្ថាននរក តាមបាបកម្មដែលបានប្រព្រឹត្ត។

៣២. សប្បុរសជនទាំងឡាយមានម្តាយឱពុកខ្ញុំក្តី  និងជនកន្តៀតអ្នកដទៃឯណាក្តី ដែលជួយថែរក្សានូវសមិទ្ធផលធម៌ដ៏ល្អនេះ សូមសប្បុរសជនទាំងអស់នោះ ទទួលបានសេចក្តីសុខក្នុងបច្ចុប្បន្នជាតិ និងជាតិមុខទទួលបាននូវបរមសុខ។

ជារួមមក សិលាចារឹកគុកព្រីងជ្រុំ K.92 ខេត្តកំពង់ចាម គឺពិតជាប្រភពព័ត៌មានដ៏សំខាន់ដែលបានរៀបរាប់អំពីសាវតាររបស់សេនាបតី (មេទ័ព) ដ៏ខ្លាំងពូកែមួយរូបក្នុងរជ្ជកាលព្រះបាទ​ស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩) ដែលមាននាមថា “ស្រីបរាក្រមវម៌្ម”។ ព្រមទាំងរៀបរាប់​ឱ្យដឹងអំពីប្រពៃណីនៃការថ្វាយបង្គំវន្ទាដល់អាទិទេពសំខាន់ៗទាំងបីក្នុងព្រហ្មញ្ញសាសនា និង​ការ​កសាងសិវលិង្គនៅមហាសករាជឆ្នាំ៩៥០ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ១០២៨។ លើសពីនេះ ខ្លឹមសារ​អក្សរចារឹកគុកព្រីងជ្រុំ នាំយើងឱ្យដឹងអំពីអំពើបុណ្យនិងបាបក្នុងព្រហ្មញ្ញសាសនា ពោល គឺជន​ទាំងឡាយណាដែលប្រកបដោយធម៌នឹងទទួលបានសេចក្តីសុខក្នុងស្ថានបច្ចុប្បន្ន និងស្ថាន​ខាង​មុខ ប៉ុន្តែបើជនទាំងឡាយណាដែលប្រព្រឹត្តមិនល្អ លួច ប្លន់ ។ល។ នឹងត្រូវទទួលទណ្ឌកម្មធ្លាក់​ទៅ​ស្ថាននរក។

—————–

The Kuk Pring Chrum Inscription K.92

The Kuk Pring Chrum Inscription K.92 is situated in Pring Chrum commune, Cherng Prei district, Kampong Cham province. It is a type of inscription written on the door jambs including the south and north sides. It was first studied by Lunet De Lajonquière in 1902. Then it was translated by George Coedès in 1953. The inscription was written in Sanskrit in 1028, corresponding to the reign of King Suryavarman I (1002 – 1049 CE). The overall meaning describes the family history of a senãpati (commander) named “Srīparãkramavarmma” who was a prominent official during the reign of King Suryavarman I. The general came from a noble family in the city of Aninditapura and came to the city of Vraislãpura. He built a Śivaliṅga in the city of Vraivyakapura in 1028 CE, and this Shiva temple received financial support from the king. He cursed anyone who dared to steal the wealth from this temple to go to hell, and anyone who protected the wealth of the god would obtain happiness and good fortune here and in the world.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!