ទួលសុពណ៌កាលី មានទីតាំងស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាប្រភេទសំណង់ប្រាសាទទោលកសាងឡើងអំពីឥដ្ឋ នៅស.វ.ទី៧ និងឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។ សព្វថ្ងៃ ប្រាសាទទួលសុពណ៌កាលីបាក់បែកនៅសល់តែខ្លោងទ្វារ និងសំណល់ឥដ្ឋរាយប៉ាយប៉ុណ្ណោះ។ នៅចុងទសវត្សរ៍ ១៩៩០ គេបានប្រទះឃើញសិលាចារឹកមួយផ្ទាំង (មេទ្វារចារឹក) កប់នៅក្នុងដីនៅទួលទួលសុពណ៌កាលី។ សិលាចារឹកនេះ គេបានបញ្ជូនមករក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំប្រមាណ ២០ ឆ្នាំមកហើយ។ តើសិលាចារឹកដែលរកឃើញ នៅទួលសុពណ៌កាលី K.1464 មានលក្ខណៈ និងខ្លឹមសារបែបណាខ្លះ?
សិលាចារឹកទួលសុពណ៌កាលី ចារឹកនៅលើមេទ្វារ ប៉ុន្តែបានបាក់បែកត្រង់ផ្នែកខាងលើ នៅសល់តែខ្លឹមសារខាងក្រោមប៉ុណ្ណោះ។ អក្សរនៅផ្នែកខាងក្រោមដែលនៅសល់ មានចំនួន ៩ បន្ទាត់ ដែលចារឹកជាភាសាខ្មែរបុរាណ។ ដោយសារតែផ្នែកខាងលើបានបាត់បង់ យើងពុំឃើញមានបញ្ជាក់អំពីកាលបរិច្ឆេទនោះឡើយ ប៉ុន្តែបើមើលទៅលើទម្រង់ទូទៅអក្សរ និងសំណេរអក្ខរាវិរុទ្ធ សិលាចារឹកនេះទំនងចារឹកឡើងនៅស.វ.ទី៧ ឬយ៉ាងចាស់បំផុតត្រឹមដើមស.វ.ទី៨។ ខ្លឹមសារចារឹកដែលនៅសល់ចំនួន ៩ បន្ទាត់ ពុំបានឱ្យយើងដឹងអំពីព័ត៌មានព្រះរាជាអង្គណានោះឡើយ ពោល គឺដឹងត្រឹមតែម្ចាស់អំណោយដែលបានបូជាដល់ទេពតម្កល់នៅក្នុងប្រាសាទ ដែលលោកជាមន្រ្តីជាន់ខ្ពស់ម្នាក់មានឋានន្តរនាមថា “បោញក្ឞេត្របាល”។ “បោញក្ឞេត្របាល” ទំនងជាឈ្មោះដែលភ្ជាប់ជាមួយមុខងារ និងតួនាទីរបស់គាត់ផង ដ្បិត “ក្ឞេត្របាល” មានន័យថា “អ្នកថែរក្សា ឬអ្នកការពារដីស្រែ” ដែលមានតួនាទីជាអ្នកមើលការខុសត្រូវត្រួតត្រាដីស្រែ។ នៅស.វ.ទី៧-៨ នរនាម ក៏ជាឈ្មោះសម្រាប់សម្គាល់ដល់មុខងារ និងតួនាទីរបស់មនុស្សនៅក្នុងសង្គមដែរ។
តាមរយៈសិលាចារឹកនេះ យើងដឹងថាទេពនៅប្រាសាទទួលសុពណ៌កាលីមានព្រះនាមថា “ស្រីមណ្ទលេស្វរ”។ ចំណែក តង្វាយដែលបោញក្ឞេត្របាលថ្វាយចំពោះព្រះស្រីមណ្ទលេស្វរ រួមមានដូចជា ស្រូវ ប្រភេទសម្លៀកបំពាក់ ដែលតង្វាយទាំងនេះកើតឡើងអំពីកូនបំណុលដែលបានសងដល់ម្ចាស់អំណោយ (បោញក្ឞេត្របាល)។ ផ្នែកខាងចុងរបស់អត្ថបទ ជាពាក្យបណ្តាសាដល់ជនទាំងឡាយណាដែលមិនបានសងបុលឱ្យអស់ ជនណាដែលមិនព្រមយករបស់របរផ្សេងមកបង់សងរំលស់ អ្នកលួចទ្រព្យសម្បត្តិ អ្នកបំផ្លាញ នៅពេលស្លាប់ទៅនឹងទៅកើតនៅក្នុងនរក ២១ ជាន់ បូករួមទាំងសាច់ញាតិផង។
អត្ថបទពាក្យចារឹក
១. ឝ្រីមណ្ទលេឝ្វរ ស្រុ……………………………………………
២. កំម្រតេង៑អញ៑អ្នក្តទង៑ត……………………………
៣. គិតទង៑កំតិង៑គិផោង្ងកាល្លនិវន្ធតគិទិវសត………………
៤. ជេ១០វទារ៑តគេម្រាតាញ៑បំជុះអវល៑យៅ២អំវិតគិនេះ……..
៥. គុល្តកោន៑ច្នង៑អំវល៑វ្លះ១នៅអ្នកតទង៑វិត្វាលគិនេះទានបោញ៑ក្ឞេត្រ
៦. បាលតអំបាល្លនេះហអាយ៑តវ្រះកម្រតាង៑អញ៑ទហ៑ក្តិង៑គិ
៧. វោំឥស៑តេល៑សោង៑លហ៑ទហ៑លោច៑គិលហ៑ទហ៑តេប្នត៑គិលហ៑
៨. នៅអ្នកតទង៑លោបេយនេះទានតរោះហនេះហគេទៅសិង
៩. តគិឯកាវិឝជហនិរយគិតនាគោត្របនៅហ្វនិវា
បំណកប្រែ
(បន្ទាត់ទី១-៥) ព្រះស្រីមណ្ទលេស្វរ ស្រូវ………..កំម្រតេងអញ អ្នកទាំងអម្បាលនេះដែលបានថ្វាយដល់ព្រះ…………គឺទាំងកំដឹងផងកាលនិវន្ធ (ពេលខ្ចីបុល) គឺនៅចំពេលថ្ងៃ..ចំនួន១០ជេ ទទួលបានពីម្រតាញ៑បំជុះ (បព្វជិតអ្នករៀបចំវិធីលាងបាប) សម្លៀកបំពាក់ អវល២យៅ អំពីនេះ…..អំពីកូនឆ្នាំង អំវល១វ្លះ។
(បន្ទាត់ទី៥-៩) នៅអ្នកទាំងអម្បាលណាដែលបានរំលោភបំពានតង្វាយទានរបស់បោញ ក្ឞេត្របាលទាំងអម្បាលដែលថ្វាយចំពោះព្រះកម្រតាងអញ ទោះជាអ្នកសងបំណុលមិនអស់ ទោះអ្នកសងរំលស់មិនអស់ ទោះអ្នកលួច ទោះអ្នកធ្វើឱ្យបាត់ រួមជាមួយនិងអ្នកដែលបំផ្លាញនូវតង្វាយទានទាំងអស់នេះ ជនទាំងនោះនឹងសិង (ស្លាប់ ឬដេកស្ងៀម) ទៅកើតនៅក្នុងស្ថាននរក ២១ជាន់ រួមជាមួយសាច់ញាតិសន្ដាន និងអ្នកផ្សំគំនិត។
ជារួមមក សិលាចារឹកទួលសុពណ៌កាលី K.1464 ខេត្តកំពង់ធំ ជាប្រភពព័ត៌មានដ៏សំខាន់ដែលបានរៀបរាប់អំពីព្រឹត្តិការណ៍រស់នៅរបស់មនុស្សនៅក្នុងសង្គមកាលពីស.វ.ទី៧ ដែលបានបង្ហាញអំពីការគោរពបូជាចំពោះព្រះអាទិទេព (ព្រះឥសូរ) ការថ្វាយតង្វាយដល់ទេព និងបញ្ជាក់ឱ្យដឹងអំពីមនុស្សដែលមិនបានសងបំណុលគេ ព្រមទាំងរំលេចនូវបណ្តាសាចំពោះមនុស្សអាក្រក់ទាំងឡាយ។ ខ្លឹមសារនេះនាំយើងឱ្យដឹងអំពីអំពើបុណ្យនិងបាបក្នុងព្រហ្មញ្ញសាសនា ពោល គឺជនទាំងឡាយណាដែលប្រកបដោយធម៌នឹងទទួលបានសេចក្តីសុខក្នុងស្ថានបច្ចុប្បន្ន និងស្ថានខាងមុខ ប៉ុន្តែបើជនទាំងឡាយណាដែលប្រព្រឹត្តមិនល្អ ជំពាក់បំណុលគេមិនសង លួច ប្លន់ បំផ្លាញទ្រព្យគេ ។ល។ នឹងត្រូវទទួលទណ្ឌកម្មធ្លាក់ទៅស្ថាននរក ២១ ជាន់។ ប្រពៃណីដាក់បណ្តាសានេះ
នៅតែបន្តរហូតមកទល់សព្វថ្ងៃ ដូចឃើញមាននៅព្រះវិហារចាស់នៅក្នុងវត្តស្លែង ខេត្តកំពង់ធំ ដែលជានិច្ចកាលមានមនុស្សយកសំណែនមកថ្វាយព្រះ ហើយសរសេររៀបរាប់នៅលើក្រដាសដាក់នៅក្រោមទម្រផ្សេងៗ ដែលខ្លឹមសារមួយចំនួនស្រដៀងសិលាចារឹកទួលសុពណ៌កាលីដែរ ពោល គឺការដាក់បណ្តាសាដល់ជនទាំងឡាយដែលខ្ចីបុលគេមិនសង។
![](https://asset-api.ams.com.kh/khmercivilization/media/5-3-1024x719.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/1-4-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/2-4-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/3-4-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/4-4-1024x683.jpg)
————
The Tuol Supor Kali Inscription K.1464 is located in Prasat commune, Santuk district, Kampong Thom province. It is a type of inscription written on the door jamb. The inscription was written in Khmer and possibly scripted in the 7th and 8th centuries. The general interpretation explains the Poň Kśetrapāla sacrifices to the God Srīmaṅdaleśvara, which include rice, garments, and other offerings from debtors who have settled their debts. According to the text’s last section, people who fail to pay back their debts, refuse to employ other means to do so, steal, or destroy property will be reborn in the 21st level of hell when they die, along with their kin.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា