៩កើត មាឃធំ

ភូមិមួយចំនួននៅក្នុងខេត្តសៀមរាប និងតំបន់ជាច្រើនទៀតដែលស្ថិតនៅប៉ែកខាងជើងប្រទេសកម្ពុជាធ្លាយចូលដល់ខេត្តបុរីរម្យ និងសូរិន្រ្ទ (ប្រទេសថៃឡង់ដ៍) គេតែងជ្រើសរើសយកថ្ងៃ ៣កើត ខែមាឃ ជាថ្ងៃរៀបចំបុណ្យ និងកិច្ចពិធីផ្សេងៗ​ ជាពិសេស គឺពិធីឡើងអ្នកតាតែម្តង (សូមមើលឧទាហរណ៍របស់លោក​គ្រូ អាំង ជូលាន នៅក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ)។ ដោយឡែក នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាអតីតទីប្រជុំជនដ៏សំខាន់មួយតាំងពីស.វ.ទី៧ និងស្ថិតនៅមិនឆ្ងាយពីតំបន់ប្រាសាទសំបូរព្រៃគុក គេតែងកំណត់យកថ្ងៃ៩កើត ខែមាឃធំ គឺជាវេលាកំណត់ដ៏សំខាន់មួយសម្រាប់រៀបចំធ្វើកិច្ចឡើងលោកយាយ។ តើថ្ងៃ៩កើត មាឃធំនៅភូមិមហរនេះមានកិច្ចសំខាន់ៗអ្វីខ្លះ និងមានអត្ថន័យយ៉ាងដូចម្តេច?

ដោយហេតុថាភូមិមហរជាភូមិបុរាណ និងស្ថិតនៅមិនឆ្ងាយពីតំបន់ប្រាសាទសំបូរព្រៃគុកទៀតសោត ការគោរពទៅលើជំនឿជីវចលនៅតែបន្តចាក់ឬស​យ៉ាងរឹងមាំដដែល។ ក្នុងនោះយើងសង្កេតឃើញថា បើរាប់ត្រឹមតែអ្នកតា (អមនុស្សដែលជាអ្នកថែរក្សាភូមិស្រុក) សំខាន់ៗនៅក្នុងភូមិមានរហូតដល់ទៅ ៨ រួមមាន លោកយាយ (អ្នកស្រុកហៅថាលោកយាយ ដោយមិនមានភ្ជាប់ឈ្មោះឡើយ) អ្នកតាម៉ឺនហង្ស អ្នកតាឆក់វៃឆក់ម៉ៃ អ្នកតាក្រហមក អ្នកតាកន្សោមអក អ្នកតាយាយឡង់ អ្នកតាពែនជុំ និងអ្នកតាឯក។ ក្នុងចំណោមតួអង្គអមនុស្សទាំង ៨ នេះ អ្នកស្រុកមានជំនឿថា “លោកយាយ” គឺជាអ្នកដែលមានអានុភាពខ្លាំងជាងគេបង្អស់ ដ្បិតគេជឿថាលោកយាយគឺជាម្ចាស់ប្រាសាទមហរ និងជាប់ខ្សែរាជវង្សថែមទៀតផង។ កាលដើមឡើយ ខ្ទមលោកយាយតម្កល់នៅទិសអាគ្នេយ៍ប្រាសាទមហរ ប៉ុន្តែសព្វថ្ងៃគេរំកិលមកដាក់នៅទិសឦសានប្រាសាទមហរវិញ (ប្រាសាទមហរបាត់រូបរាងហើយ នៅសល់តែថ្មបាយក្រៀម និងស្លាកស្នាមកំពែង ហើយសព្វថ្ងៃមានព្រះវិហារធ្វើអំពីបេតុងរែងដែកមួយនៅពីលើប្រាសាទ ដែលគេកសាងឡើងតាំងពីគ.ស.១៩៥៤មកម្ល៉េះ) (រូបលេខ១)។ ប្រសិនក្រឡេកមើលមួយភ្លែត យើងនឹកស្មានថា ពិធីឡើងលោកយាយនៅក្នុងវត្តមហរនាថ្ងៃ៩កើត ខែមាឃ គឺជាបុណ្យមួយក្នុងព្រះពុទ្ធសាសនាថេរវាទ ព្រោះក្នុងកម្មវិធីនេះគេមាននិមន្តព្រះសង្ឃមកឆាន់។ ប៉ុន្តែ កិច្ចជាទូទៅ គឺពាក់ព័ន្ធជាមួយនឹងជំនឿជីវចល ពោល គឺពាក់ព័ន្ធជាមួយរបរធ្វើស្រែសុទ្ធសាធតែម្តង។

យើងសង្កេតឃើញថា អ្វីដែលមិនអាចខ្វះបាននៅក្នុងកិច្ចឡើងលោកយាយ​ គឺនំអន្សម ដែលមានរហូតដល់ ៤ ប្រភេទ រួមមាន អន្សមក្របី (វេចស្លឹកផ្អាវ) អន្សមស្លឹកផ្អាវ (វេចស្លឹកផ្អាវជារាងស្បង់ ឬភ្លៅកង្កែប) អន្សមកាតំ (វេចពីស្លឹកត្នោត) និងអន្សមចម្រៀកផ្តៅ (វេចស្លឹកចេក)។ នំអន្សមទាំងអម្បាលម៉ាន​ គេមកវេចជុំគ្នានៅទីតាំងប្រារព្ធពិធីមុខខ្ទមលោកយាយដែលស្ថិតនៅក្នុងវត្តមហរតែម្តង (រូបលេខ២)។ កិច្ចជាទូទៅមិនសូវខុសគ្នាប៉ុន្មានពីទំនៀមឡើងអ្នកតានៅភូមិផ្សេងៗឡើយ ជាពិសេសនោះ មានការរាំបញ្ជាន់រូបដូចគ្នាចាប់ពីម៉ោងប្រមាណ ៥ ល្ងាច បន្តរហូតដល់ម៉ោង ៨ ព្រឹកថ្ងៃបន្ទាប់ទើបចប់សព្វគ្រប់ (រូបលេខ៣)។ អ្វីដែលខុសប្លែកពីភូមិជិតខាង ការរាំបញ្ជាន់រូបក្នុងពិធីឡើងលោកយាយគេប្រគុំភ្លេងពិណពាទ្យជំនួសការប្រគុំវង់ភ្លេងអារក្ស (រូបលេខ៤)។ កាលដើមឡើយ គេប្រើប្រាស់វង់ភ្លេងអារក្សដូចប្រក្រតី ទើបតែប្រមាណ ១០ ឆ្នាំចុងក្រោយនេះ គេប្រើប្រាស់វង់ភ្លេងពិណពាទ្យជំនួសវិញ ដោយហេតុថានៅក្នុងវត្តមានឧបករណ៍វង់ភ្លេងនេះស្រាប់ ហើយការបញ្ជាន់រូបដើម្បីសួរលោកយាយទៀតនោះ លោកយាយក៏ប្រាប់ថាពេញចិត្តឱ្យប្រគុំវង់ភ្លេងពិណពាទ្យនេះផង។ ដោយឡែក អ្នកតាម៉ឺនហង្សដែលមានខ្ទមនៅទិសឦសានខ្ទមលោកយាយប្រមាណ ៥០ ម៉ែត្រ មិនអាចប្រើប្រាស់វង់ភ្លេងដទៃក្រៅពីវង់ភ្លេងអារក្សឡើយ ព្រោះនៅពេលបញ្ជាន់រូប អ្នកតាម៉ឺនហង្សប្រាប់ថា មិនពេញចិត្តវង់ភ្លេងដទៃឡើយ។

ប្រការគួរឱ្យកត់សម្គាល់ជាពិសេសនៅក្នុងថ្ងៃប្រារព្ធពិធីឡើងលោកយាយ នៅម៉ោងចន្លោះ ៦ ទៅ ៨ យប់ នៅក្នុងថ្ងៃ៩កើត ខែមាឃនេះ អ្នកភូមិមហរមានទំនៀមដ៏ពិសេសមួយគឺ នៅតាមផ្ទះនីមួយៗតែងធ្វើកិច្ចបវារណាចំពោះគោក្របីរបស់ខ្លួន (“បវារណា” មានន័យថា​ ការបើកឱកាសឱ្យនិយាយ ឬសូមឱកាសនិយាយ)។ ការបវារណាចំពោះសត្វពាហនៈរបស់អ្នកភូមិមហរ គឺធ្វើឡើងដើម្បីសុំខមាទោសចំពោះសត្វគោក្របី ដែលកន្លងមកតែងតែវាយដំច្រំធាក់ និងជេរប្រទេចផ្តាសាដើម្បីប្រើទឹមដឹកអូសគ្រប់រូបភាពក្នុងរបរធ្វើស្រែចម្ការរបស់ខ្លួន ពោលគឺសូមឱ្យរួចចាកពៀរវេរានូវទង្វើដែលគេបានប្រព្រឹត្តចំពោះសត្វពាហនៈទាំងនោះ។ នៅក្នុងគ្រួសារនីមួយៗ កិច្ចនេះគេមិនហាមប្រាមថា អ្នកដែលទៅលត់ជង្គង់សំពះសុំខមាទោសសត្វគោក្របីជាមនុស្សប្រុសឬស្រី និងមិនប្រកាន់អាយុឡើយ ដោយសមាជិករូបណាក៏អាចធ្វើជាតំណាងឱ្យគ្រួសារទាំងមូលធ្វើកិច្ចនេះបានដូចគ្នា។ ជាដំបូង គេយកស្រូវចាក់ចូលទៅក្នុងកញ្ជើ ឬល្អី ឬចានដែកទៅតាមចំណុះតិចឬច្រើនទៅតាមទំហំនៃកញ្ជើ ឬល្អី ឬចានដែលយកមកប្រើ ហើយគេយកធូបចំនួន ៥ សរសៃ ដោតជាប់ជាមួយស្រូវចំពាក់កណ្តាលកញ្ជើឬចានដែលគេបានប្រើនោះ (រូបលេខ៥)។ បន្ទាប់មក គេកាន់កញ្ជើស្រូវនោះយកទៅកាន់ក្រោលគោ ឬក្របី ហើយដាក់កញ្ជើឬចានដែលមានស្រូវនោះនៅចំពីមុខសត្វពាហនៈ។ នៅក្រោលគោ ឬក្របី គេអង្គុយចោងហោងគោរពសត្វពាហនៈ ដោយដាក់បាតដៃឱ្យដល់ដីចំនួន ៣ ដង ហើយលើកដៃប្រណម្យសំពះភ្ជាប់ជាមួយសំដីយ៉ាងដូច្នេះថា “ខ្ញុំម្ចាស់សូមខមាទោសសម្រាប់សត្វទាំងឡាយដែលធ្លាប់ជេរប្រទេចផ្តាសានៅឆ្នាំកន្លងទៅ ខ្ញុំម្ចាស់សូមលាមាត់លាក កុំឱ្យមានកម្មវេរាតទៅមុខទៀត មួយឆ្នាំមានតែម្តងទេឡើងលោកយាយ សូមឱ្យជាសុខសប្បាយគ្រប់សត្វគោក្របីទាំងអស់ ហើយកូនចៅទៅវត្តទៅវ៉ាជួយថែរក្សាខ្ញុំម្ចាស់ និងសត្វទាំងអស់​ឱ្យជាសុខសប្បាយទាំងអស់គ្នា ឱ្យផុតកម្មវេរាទាំងអស់ក្នុងថ្ងៃឡើងលោកយាយឆ្នាំនេះ” (រូបលេខ៦-៧)។ បន្ទាប់មកទៀត គេយកទឹកមកប្រោះព្រំលើសត្វពាហនៈ ក្នុងន័យសូមឱ្យបានក្តីសុខសប្បាយ និងវៀរចាកកម្មវេរាទាំងឡាយ (រូបលេខ៨)។ ចប់កិច្ចបវារណានៅក្រោលគោឬក្រីបីរួចមក គេត្រូវយកស្រូវដែលបានសែនសុំខមាទោសសត្វពាហនៈទាំងនោះយកទៅកាន់រោងពិធីដែលស្ថិតនៅមុខខ្ទមលោកយាយ (រូបលេខ៩)។ ស្រូវនោះគេយកទៅដាក់នៅលើកន្ទេលគរលើគ្នាដែលហៅថា “ភ្នំស្រូវ” ក្នុងន័យបញ្ជាក់ឱ្យឃើញថា វដ្តនៃស្រូវក្នុងឆ្នាំនេះបានចប់សព្វគ្រប់ហើយ (រូបលេខ១០)។ ស្រូវដែលចាក់បង្គរទាំងអម្បាលម៉ាន​ គេយកទៅលក់ដើម្បីយកប្រាក់ផ្គត់ផ្គង់ដល់ពិធីឡើងលោកយាយ បន្ទាប់ពីព្រះសង្ឃសូត្រធម៌នមស្ការរួចរាល់។

សរុបជារួមមក ៩កើត មាឃធំ គឺជាដ៏សំខាន់របស់អ្នកភូមិមហរដែលត្រូវរៀបចំកិច្ចឡើងលោកយាយ និងធ្វើកិច្ចបវារណាសត្វគោក្របី ដែលន័យជារួមនៃកិច្ចទាំងឡាយ គឺជាប់ពាក់ព័ន្ធទាំងអស់ជាមួយរបរធ្វើស្រែរបស់អ្នកស្រុក។ ទំនៀមនេះ គេមិនដឹងថាមានតាំងពីពេលណាមកឡើយ តែគេគ្រាន់ដឹងថា ទំនៀមនេះមានយូរមកហើយ ដ្បិតអ្នកភូមិបានបន្តធ្វើជាច្រើនជំនាន់មកហើយ។ សូម្បីតែសព្វថ្ងៃនេះ បច្ចេកវិទ្យាមានភាពរីកចម្រើនយ៉ាងណាក៏ដោយ ក៏កិច្ចពាក់ព័ន្ធនឹងស្រូវមួយនេះ នៅតែចាក់គ្រឹះយ៉ាងរឹងមាំក្នុងផ្នត់គំនិតអ្នកស្រុកដដែល។

អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!