ប្រាសាទគុកព្រីងជ្រុំ មានទីតាំងស្ថិតនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចម្ងាយប្រមាណ ៣០០ ម៉ែត្រ ប៉ែកអាគ្នេយ៍វត្តព្រីងជ្រុំ និងចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ប៉ែកខាងលិចប្រាសាទគុកត្រពាំងស្រុក។ ពាក្យ “គុក” ជាពាក្យអ្នកស្រុកហៅសំដៅដល់ប្រាសាទ រីឯឈ្មោះថា “ព្រីងជ្រុំ” សំដៅដល់ឈ្មោះភូមិសាស្រ្ត។ ដូច្នេះ គុកព្រីងជ្រុំ សំដៅដល់ប្រាសាទដែលស្ថិតនៅព្រីងជ្រុំ។ តើប្រាសាទគុកព្រីងជ្រុំ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
លោក Lunet De Lajonquière ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានសិក្សា និងចុះបញ្ជីប្រាសាទនេះដំបូងគេ ដោយបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅបញ្ជីបេតិកភណ្ឌនៅកម្ពុជារបស់លោក នៅក្នុងឆ្នាំ១៩០២។ ពេលនោះលោកកត់ឈ្មោះប្រាសាទនេះថា “គុកព្រីងជ្រុំ” (Kuk Pring Chrom)។ ក្រោយនេះបន្តិច ក្នុងឆ្នាំ១៩១៣ និងឆ្នាំ១៩២៧ លោក Henri Parmentier បានរៀបរាប់ខ្លះៗអំពីផ្តែរទ្វារប្រាសាទគុកព្រីងជ្រុំ ដ្បិតផ្តែរនេះកសាងឡើងដំបូងនៅស.វ.ទី៧ ដែលស្របទៅនឹងគោលដៅរបស់លោកដែលសិក្សាអំពីសិល្បៈខ្មែរនាសម័យដំបូងៗ (L’Art Khmèr Primitif)។ លុះមកដល់ឆ្នាំ១៩៥៣ លោក George Coedès ដែលជាប្រវត្តិវិទូជនជាតិបារាំង បានសិក្សាលម្អិតអំពីសិលាចារឹកនៅលើមេទ្វារប្រាសាទគុកព្រីងជ្រុំ ដោយសិលាចារឹកនោះចុះបញ្ជីលេខ K.92។
ប្រាសាទគុកព្រីងជ្រុំ ជាសំណង់ទោលកសាងឡើងអំពីឥដ្ឋនៅលើខឿនថ្មបាយក្រៀម មានរាងបួនជ្រុងស្មើប្រវែង ៣,៥ម៉ែត្រ និងកម្ពស់ប្រមាណ ៧ ម៉ែត្រ ហើយហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀមរាងបួនជ្រុងទ្រវែងប្រវែង ២៣ម៉ែត្រ x ២៥ម៉ែត្រ និងហ៊ុមព័ទ្ធជុំវិញដោយកសិន្ធុមួយជាន់ទៀត។ កំពែងថ្មបាយក្រៀមនេះ មានច្រកចូលតែទិសខាងកើតប៉ុណ្ណោះ ហើយសាងឡើងអំពីថ្មបាយក្រៀមតែម្តង។ អ្វីដែលគួរកត់សម្គាល់ នៅប៉ែកខាងកើតប្រាសាទមានត្រពាំងធំមួយ មានរាងបួនជ្រុងទ្រវែង ប្រវែង ១០៥ម៉ែត្រ x ២១០ ម៉ែត្រ ដែលជាលក្ខណៈសម្គាល់ទូទៅនៃការរៀបចំប្លង់ប្រាសាទនៅស.វ.ទី១០ និងទី១១។ នៅប៉ែកខាងលិចត្រពាំង ត្រូវនឹងមុខខាងកើតប្រាសាទសព្វថ្ងៃ មានខ្ទមអ្នកតាមួយដែលតម្កល់សំណល់ស៊ុមទ្វារ និងថ្មបាយក្រៀមមួយចំនួន។
ប្រាសាទគុកព្រីងជ្រុំ មានទ្វារចូលនៅទិសខាងកើតធ្វើអំពីថ្មភក់ និងទិសចំនួនបីផ្សេងទៀតលម្អជាទ្វារបញ្ឆោតដែលធ្វើអំពីឥដ្ឋ។ សព្វថ្ងៃ ដោយហេតុថាប្រាសាទនេះកំពុងស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំង យើងឃើញថា ទ្វារបញ្ឆោតនៅទិសខាងលិចបានបាក់បែកមើលលែងយល់ទៅហើយ។ ដ្បិត ផ្នែកដំបូលដែលបាក់មកបណ្តាលឱ្យសង្កត់លើទ្វារបញ្ឆោតខាងលិច។ ទ្វារបញ្ឆោតនៅទិសខាងជើង និងខាងត្បូង គេដាប់ឥដ្ឋចេញជាក្បាច់សន្ទះបញ្ឈរមានរាងបួនជ្រុងទ្រវែង អមដោយសសរផ្អោបសងខាង។ ក្បាច់ក្បាលសសរផ្អោបទៀតសោត មានទម្រង់ទូទៅដូចប្រាសាទមួយចំនួននៅក្នុងស.វ.ទី១០ រួមមានជាអាទិ៍ ប្រាសាទភ្នំត្រប់ (ស្ថិតនៅមិនឆ្ងាយពីគ្នា) ប្រាសាទបាក់រូង ប្រាសាទត្នោតជុំខាងលិច ។ល។
ប្រការគួរចាប់អារម្មណ៍ តាមឯកសាររបស់លោក Lunet De Lajonquière បានរៀបរាប់ថា នៅច្រកទ្វារចូលខាងកើត មានផ្តែរទ្វារមួយមានចម្លាក់រឿងកូរសមុទ្រទឹកដោះ ហើយលោកចាត់ថ្នាក់ចម្លាក់នៅលើផ្តែរទ្វារនេះទៅក្នុងប្រភេទទី៤ (ផ្តែរទ្វារស.វ.ទី១០)។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកម្ខាងទៀតនៃផ្តែរទ្វារ មានស្លាកស្នាមចម្លាក់បង្ហាញអំពីសិល្បៈខ្មែរនៅស.វ.ទី៧ ដែលមានន័យថា ផ្តែរទ្វារនេះជារបស់ចាស់នៅប្រាសាទណាមួយ ហើយជាង ៣០០ ឆ្នាំក្រោយមក គេបានផ្តែរទ្វារមួយផ្ទាំងនេះមកប្រើប្រាស់ឡើងវិញនៅរវាងស.វ.ទី១០។ ផ្តែរទ្វារចាស់ដែលយកមកប្រើប្រាស់ឡើងវិញដូច្នេះ (ម្ខាងឆ្លាក់នៅស.វ.ទី៧ និងម្ខាងទៀតឆ្លាក់នៅស.វ.ទី១០) គេប្រទះឃើញមាននៅច្រើនកន្លែងណាស់។ ឧទាហរណ៍ ផ្តែរទ្វារមួយដែលរកឃើញនៅប្រាសាទស្រីគ្រប់ល័ក្ខណ (តំបន់ប្រាសាទសំបូរព្រៃគុក) មានម្ខាងឆ្លាក់រូបសត្វមករនៅស.វ.ទី៧ និងម្ខាងទៀតឆ្លាក់រឿងព្រះក្រឹស្ណទ្រភ្នំគោវធ៌ននៅស.វ.ទី១១។ នៅក្នុងឆ្នាំ១៩៨៨ ជនទុច្ចរឹតមានបំណងលួចយកផ្តែរទ្វារប្រាសាទគុកព្រីងជ្រុំយកទៅជួញដូរនៅក្រៅប្រទេស តែមិនបានសម្រេច។ ទើបក្រោយមក អ្នកស្រុកបានយកផ្តែរទ្វារនេះទៅរក្សាទុកនៅវត្តទួលជ្រុំ ហៅវត្តព្រីងជ្រុំ ដែលស្ថិតនៅមិនឆ្ងាយពីប្រាសាទ។ សព្វថ្ងៃ ផ្តែរទ្វារនេះគេតម្កល់នៅក្នុងសាលាឆាន់ ត្រង់កន្លែងបូជាព្រះពុទ្ធរូប។ ក្រៅពីនេះ បច្ចុប្បន្ននៅអមសងខាងទ្វារចូលប្រាសាទ យើងឃើញបំណែកសសរពេជ្រចំនួន ២ ដើម មានរាងមូល ដែលជាសិល្បៈនៅស.វ.ទី៧។ ហេតុដូច្នេះ សសរពេជ្រទាំងនេះមិនខុសពីផ្តែរទ្វារឡើយ គឺគេបានយកមកប្រើប្រាស់ឡើងវិញនៅសម័យក្រោយ។ ដ្បិត ប្រាង្គទាំងមូលរបស់ប្រាសាទ មានទម្រង់ជាប្រាសាទដែលសង់នៅសម័យអង្គរនាពាក់កណ្តាលស.វ.ទី១០។
ដូចបានបញ្ជាក់ខាងលើហើយ នៅប្រាសាទគុកព្រីងជ្រុំមានបន្សល់ទុកនូវសិលាចារឹកនៅលើមេទ្វារទាំងសងខាង ដែលធ្លាប់សិក្សា និងប្រែសម្រួលជាភាសាបារាំងដោយលោក George Coedès កាលពីឆ្នាំ១៩៥៣។ នាពេលថ្មីៗនេះ លោក កំ វណ្ណារ៉ា បានសិក្សា និងប្រែសម្រួលឡើងវិញជាភាសាខ្មែរ។ ទិន្នន័យសិលាចារឹក រួមផ្សំទាំងភស្តុតាងក្បាច់ចម្លាក់នៅលើផ្តែរទ្វារបន្ថែមនោះ នាំឱ្យការសិក្សាស្វែងយល់អំពីប្រវត្តិ តួនាទី និងអាយុកាលរបស់ប្រាសាទនេះមិនពិបាកឡើយ។ សិលាចារឹកដែលកំពុងស្ថិតនៅលើមេទ្វារនេះ មានលេខបញ្ជី K.92 ជាប្រភេទសិលាចារឹកសរសេរជាអក្សរខ្មែរបុរាណ និងប្រើប្រាស់ភាសាសំស្រ្កឹត ដែលមានរហូតដល់ ៣២ ស្លោក។ ក្នុង មេទ្វារខាងជើងមានចំនួន ១៩ ស្លោក និងមេទ្វារខាងត្បូងមានចំនួន ១៣ ស្លោក។ ប៉ុន្តែ ស្លោកចំនួន ៤ ខាងលើនៃមេទ្វារខាងត្បូងបានរលុបអស់ហើយ។ ខ្លឹមសារជារួមរបស់សិលាចារឹកនេះ គឺរៀបរាប់អំពីសាវតារសេនាបតីម្នាក់ (មេទ័ព) ដ៏ខ្លាំងពូកែម្នាក់ក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស. ១០០២ – ១០៤៩) ដែលមានឈ្មោះថា “ស្រីបរាក្រមវម៌្ម”។ ព្រមទាំងបានរៀបរាប់អំពី ការកសាងសិវលិង្គនៅទីក្រុងវ្រៃវ្យកបុរ ក្នុងមហាសករាជឆ្នាំ៩៥០ ត្រូវនឹងគ្រិស្តសករាជឆ្នាំ១០២៨ ហើយសិវលិង្គនេះតម្កល់រួមគ្នាជាមួយព្រះស្រីឦសានតីថ៌េស្វរ និងបានថ្វាយដង្វាយជាច្រើនដល់ព្រះ។ នៅស្លោកចុងក្រោយ មានរៀបរាប់អំពីបណ្តាសាដល់ជនទាំងឡាយណាដែលហ៊ានលួចយក ឬបំផ្លាញទ្រព្យសម្បត្តិទាំងឡាយណារបស់ព្រះនៅប្រាសាទ ឱ្យត្រូវភ្លើងឆេះសន្ធោសន្ធៅក្នុងនរកតាមបាបកម្មដែលបានប្រព្រឹត្ត។ រីឯត្រកូលសន្តាន និងម្តាយឪពុករបស់សេនាបតីដែលបានកសាង រួមទាំងអ្នកដែលថែរក្សានូវអស់ទ្រព្យសម្បត្តិ នឹងទទួលបានសេចក្តីទាំងនៅក្នុងជាតិនេះ និងជាតិមុខ។
យោងទៅតាមប្លង់ រូបរាង និងចម្លាក់នៅលើផ្តែរទ្វាររបស់ប្រាសាទ គឺយើងអាចសន្និដ្ឋានបានថា ពេលវេលាកសាងប្រាសាទ និងពេលវេលានៃការចារឹកអក្សរនៅលើមេទ្វារប្រាសាទនេះ ទំនងមិនស្ថិតនៅក្នុងពេលតែមួយនោះឡើយ។ ដ្បិត ប្លង់ រូបរាង និងចម្លាក់នៅលើផ្តែររបស់ប្រាសាទ មានទម្រង់ដូចទៅនឹងសិល្បៈរចនាបថប្រែរូប ឬបន្ទាយស្រី ដែលស្ថិតនៅពាក់កណ្តាលស.វ.ទី១០ ទំនងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ឬព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨-១០០០)។ ប៉ុន្តែ ទិន្នន័យសិលាចារឹកបានបញ្ជាក់ឱ្យដឹងថា ពេលវេលានៃស្ថាបនាសិវលិង្គតម្កល់នៅប្រាសាទនេះ ធ្វើឡើងនៅក្នុងគ.ស.១០២៨ ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ ដូច្នេះ មានន័យថា ប្រាសាទនេះអាចកសាងឡើងដំបូងនៅក្នុងស.វ.ទី១០ ដោយប្រើប្រាស់ឡើងវិញនូវវត្ថុធាតុមួយចំនួន (ផ្តែរទ្វារ និងសសរពេជ្រ) ពីប្រាសាទចាស់ណាមួយដែលសង់កាលពីស.វ.ទី៧។ ក្រោយមក សេនាបតី (មេទ័ព) ម្នាក់ឈ្មោះ “ស្រីបរាក្រមវម៌្ម” បានមកគោរពបូជាចំពោះព្រះ និងបានកសាងសិវលិង្គថ្មីមួយទៀតនៅប្រាសាទនេះនៅក្នុងគ.ស.១០២៨។ គួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅស្លោកទី១៩ ដែលបានរៀបរាប់ថា “ព្រះស្រីឥសានតីថ៌េស្វរ តម្កល់រួមគ្នាជាមួយព្រះសិវលិង្គ……” ដែលទំនងចង់សំដៅថា “សិវលិង្គដែលបានកសាងថ្មីនោះ ត្រូវតម្កល់ជាមួយព្រះសិវលិង្គចាស់ដែលមានឈ្មោះថា “ស្រីឦសានតីថ៌េស្វរ” ហើយឈ្មោះថា “ស្រីឦសានតីថ៌េស្វរ” នេះ ទំនងជាឈ្មោះដើមរបស់ប្រាសាទគុកព្រីងជ្រុំ។











————-
The Prasat Kuk Pring Chrum
The Prasat Kuk Pring Chrum Temple is situated in Pring Chrum village, Pring Chrum commune, Choeng Prei district, Kampong Cham province. The temple is a single brick tower, square, facing east, and surrounded by the laterite gate and moat. This temple was possibly constructed in the tenth century, based on art historical evidence and an inscription on the doorframe. In 1028, a general (senâpatî) by the name of “Srîparakramavarmma” constructed a new Shiva Linga and housed it inside the temple. The previous Shiva Linga known as “Srîiśânatîrtheśvara,” which was probably the original name of Kuk Pring Chrum Temple, was positioned next to this new Shiva Linga. Of special note, the temple’s columns and lintel, which date back to the seventh century, were repurposed in the tenth century.