ប្រាសាទព្រះគោ មានទីតាំងស្ថិតនៅភូមិអូរទ្រៀល ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ ប៉ែកខាងជើងក្រុងស្ទឹងត្រែង។ ក្នុងដំណើរស្រាវជ្រាវរបស់លោក Étienne Aymonier នៅចុងស.វ.ទី១៩ លោកបានចុះបញ្ជីប្រាសាទនេះ ដោយកត់ត្រាឈ្មោះប្រាសាទនេះថា “Prasat Baan” ឬ “Prasat Preah An”។ ក្រោយមក អ្នកស្រាវជ្រាវបន្តបន្ទាប់ ដូចជា លោក Lunet De Lajonquière លោក Henri Parmentier លោក Pierre Dupont លោក Jean Boisselier លោកស្រី Mireille Bénisti បានកត់ត្រាឈ្មោះប្រាសាទនេះថា “Prasat Bohan” (“បូហាន” តាមសំនៀងភាសាលាវដែលត្រូវនឹងខ្មែរថា “បុរាណ”)។ ដូច្នេះ ឈ្មោះដែលថា “ព្រះគោ” ប្រហែលជាទើបនឹងហៅនៅប៉ុន្មានទសវត្សរ៍មុននេះ ព្រោះតែនៅប្រាសាទនេះគេបានរកឃើញបដិមាគោនន្ទិដ៏ធំមួយនៅខាងមុខប្រាសាទ។ ប៉ុន្តែ ក្រៅពីឈ្មោះថា “ព្រះគោ” អ្នកស្រុកនៅក្នុងតំបន់ហៅឈ្មោះប្រាសាទនេះមួយទៀតថា “ប្រាសាទស្រី” ដែលត្រូវជាគូនឹងប្រាសាទមួយទៀតដែលស្ថិតនៅមិនឆ្ងាយពីគ្នាឈ្មោះថា “ប្រាសាទប្រុស” (អ្នកស្រាវជ្រាវហៅថា ប្រាសាទខ្ទប)។ តើប្រាសាទព្រះគោ ឬប្រាសាទស្រី មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ប្រាសាទព្រះគោ ជាសំណង់ទោលកសាងឡើងអំពីឥដ្ឋ ដែលសង់នៅលើខឿនធំមួយដែលធ្វើអំពីឥដ្ឋ (ខឿនមានរាងបួនជ្រុងទ្រវែង)។ តាមការស្រាវជ្រាវកន្លងមក លោក ហេង ពិភាល់ សន្និដ្ឋានថា នៅតំបន់ថាឡាបរិវ៉ាត់គេច្រើនសាងសង់ខឿនបួនជ្រុងធំៗ ដែលមានប្រាសាទនិងទីកន្លែងមនុស្សរស់នៅពីលើ ដែលជាលក្ខណៈពិសេសដោយឡែក មិនធ្លាប់ឃើញមាននៅតំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ផ្សេងៗឡើយ។ ប្រាង្គទាំងមូលនៃប្រាសាទព្រះគោ មានរាងបួនជ្រុងទ្រវែង ដែលមានទទឹងពីកើតទៅលិចប្រវែង ៧ម៉ែត្រ និងបណ្តោយពីជើងទៅត្បូងប្រវែង ១១ ម៉ែត្រ។ សព្វថ្ងៃ ផ្នែកដំបូលរបស់ប្រាសាទបានបាក់បែកទាំងស្រុង ពោល គឺនៅសល់ត្រឹមតែខឿនជញ្ជាំង ដែលមានកម្ពស់សរុបពីដីប្រវែង ៤ ម៉ែត្រ។ ដំបូលនេះ គឺទើបតែបាក់បែកនៅក្នុងទសវត្សរ៍ ១៩៨០ ប៉ុណ្ណោះ។ នៅពេលផ្នែកដំបូលមិនទាន់បាក់បែក លោក Aymonier បានកត់ត្រាថា ប្រាសាទនេះមានកម្ពស់ប្រមាណ ១៥ ម៉ែត្រ។ បើមើលតាមរូបភាពចាស់ដែលថតនៅក្នុងទសវត្សរ៍ ១៩៦០ ក្នុងពេលដែលលោកស្រី Mireille Bénisti ចុះសិក្សាអំពីប្រវត្តិសិល្បៈ និងស្ថាបត្យកម្មនៅតំបន់ថាឡាបរិវ៉ាត់ យើងឃើញថា តាមក្បាលជញ្ជាំង និងផ្នែកដំបូលរបស់ប្រាសាទមានលម្អជាគុឌុ (ក្បាច់កូនបង្អួច) ដែលមានរូបមុខមនុស្ស ឬទេពនៅខាងក្នុង។ ការលម្អគុឌុរបៀបនេះ គេជួបប្រទះនៅតាមប្រាសាទជាច្រើននៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាទូទៅក្បាច់នេះគេប្រើប្រាស់នៅក្នុងស.វ.ទី៦ ឬទី៧។ ក្រៅពីនេះ នៅទិសអាគ្នេយ៍មានប្រាង្គមួយធ្វើអំពីឥដ្ឋ ប្រៀបដូចជាហោត្រៃដូច្នេះដែរ តែប្រាង្គឥដ្ឋនេះបានបាក់រលំទាំងស្រុងទៅហើយ។
ប្រាសាទព្រះគោ ឬហៅថា ប្រាសាទស្រី មានច្រកចូលនៅទិសខាងកើត និងទិសបីទៀតលម្អជាសសរផ្អោបតាមជញ្ជាំង ដោយឥតមានរំលេចជាទ្វារបញ្ឆោតឡើយ ហើយហ៊ុមព័ទ្ធជុំវិញដោយកំពែងធ្វើអំពីឥដ្ឋប្រវែង ៦០ ម៉ែត្រ x ១០០ ម៉ែត្រ។ ជាអកុសល កំពែងគ្រប់ទិសទាំងអស់បានបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ។ គួរកត់សម្គាល់នោះ សិល្បកររៀបចំផ្នែកខាងក្នុងជាបន្ទប់ សក្ការៈចំនួន ២ ដែលបន្ទប់ខាងក្រោយមានទំហំធំជាងបន្ទប់សក្ការៈខាងមុខ។ បន្ទប់ខាងក្រោយ ជាបន្ទប់សក្ការៈសំខាន់ហៅថា “គភ៌គ្រឹះ” ដែលទំនងកន្លែងសម្រាប់តម្កល់សិវលិង្គ (លិង្គព្រះសិវ)។ ប៉ុន្តែ ចាប់តាំងពីមានការសិក្សាស្រាវជ្រាវមក គេមិនធ្លាប់ប្រទះឃើញមានសិវលិង្គ ឬទេពណាមួយនៅខាងក្នុងឡើយ ពោល បើតាមការរៀបរាប់របស់លោក Lajonquière គឺមានតែបំណែកជើងទម្រនៅសល់តែប៉ុណ្ណោះ។ លោក Aymonier សន្និដ្ឋានថា បន្ទប់សក្ការៈនៅផ្នែកខាងមុខ ទំនងជាបន្ថែមនៅសម័យក្រោយ ព្រោះលោកមិនធ្លាប់ឃើញមានប្រាសាទសម័យមុនអង្គរមានទម្រង់ជាបន្ទប់ពីរជាន់បែបនេះឡើយ។ បន្ទប់សក្ការៈសំខាន់នេះ មានរៀបចំជាប្រព័ន្ធបង្ហូរទឹកមន្តនៅទិសខាងជើង។
សព្វថ្ងៃ គេមិនប្រទះឃើញមានផ្តែរទ្វារណាមួយនៅទីតាំងប្រាសាទនេះឡើយ។ ប៉ុន្តែ យោងតាមឯកសាររបស់លោក de Carné នៅក្នុងឆ្នាំ១៨៧២ (ទំព័រ ៧៦) បានរៀបរាប់ថា “នៅមុខខាងកើតមានលម្អផ្តែរទ្វារមួយធ្វើអំពីថ្មភក់ ទ្រដោយសសរពេជ្រតូចៗពីរដែលធ្វើអំពីឥដ្ឋ”។ ផ្តែរទ្វារដែលបានរៀបរាប់នេះ គេមិនដឹងព័ត៌មានជាក់លាក់ឡើយនៅសម័យក្រោយមកទៀត។ លោក Parmentier ជឿថា ផ្តែរទ្វារនៅប្រាសាទព្រះគោប្រហែលជាដឹកជញ្ជូនទៅកាន់ទីរួមខេត្តស្ទឹងត្រែងមួយរយៈសិន មុននឹងដឹកជញ្ជូនបន្តទៅកាន់សារមន្ទីរជាតិកម្ពុជា នៅឯរាជធានីភ្នំពេញ។ លោក Bruno Bruguier យល់ថា ផ្តែរទ្វារនេះប្រហែលកំពុងស្ថិតនៅសារមន្ទីរជាតិកម្ពុជា ដែលជាផ្តែរទ្វារមានកាត់ផ្នែកខាងចុងសងខាង ដើម្បីឱ្យមានទំហំស្របជាមួយប្រាសាទព្រះគោ ពោល គឺមានន័យថា ផ្តែរទ្វារនេះយកមកពីប្រាសាទណាមួយផ្សេង ហើយកាត់តម្រឹមផ្នែកខាងចុងចេញខ្លះដើម្បីប្រើប្រាស់ឡើងវិញនៅប្រាសាទព្រះគោ។ ផ្តែរទ្វារនេះមានរូបគ្រុឌចាប់នាគឆ្លាក់នៅរង្វង់មេដាយ៉ុងនៅចំកណ្តាល និងអមដោយចម្លាក់សត្វមករធំៗបែរមុខចូលក្នុង ដែលលោកស្រី Bénisti ស្នើ និងចាត់ថ្នាក់ថា ផ្តែរទ្វាររចនាបថថាឡាបរិវ៉ាត់ (ចុងស.វ.ទី៦ ដើមស.វ.ទី៧) ពោល គឺមានអាយុកាលចំណាស់ជាងរចនាបថសំបូរព្រៃគុកបន្តិច។
កាន់តែពិសេសទៀតនោះ នៅមុខខាងកើតប្រាសាទ មានបដិមាគោនន្ទិស្ទើរតែធំជាងគោធម្មជាតិមួយដែលធ្វើអំពីថ្មភក់ ដែលគេស្គាល់ជាទូទៅតាមព្រហ្មញ្ញសាសនាថា ជាយានជំនិះរបស់ព្រះសិវ។ តាមការរៀបរាប់របស់លោក Aymonier និងលោក Lajonquière នៅក្នុងឆ្នាំ១៨៩៩ បដិមាគោនន្ទិនេះ មានគម្លាតពីប្រាសាទប្រមាណ ១២ ម៉ែត្រ ដែលទំនងជាទីតាំងដើមរបស់បដិមាគោនន្ទិនេះតែម្តង។ បដិមាគោនន្ទិ មានទំហំបណ្តោយ ២ ម៉ែត្រ និងកម្ពស់ ១,៩០ ម៉ែត្រ ហើយមានសភាពបាក់បែកជាច្រើនកំណាត់។ ម្ល៉ោះហើយ គេមិនដឹងថា បដិមាគោនេះបានជួសជុលរួចរាល់ឡើងវិញនៅពេលណានោះឡើយ។ អ្នកស្រុក បានតម្កល់បដិមាគោនន្ទិនេះបែរមុខទៅទិសខាងកើត ពោល គឺផ្ទុយរបៀបដើមដែលបែរមុខទៅរកព្រះសិវ ឬសិវលិង្គដែលតម្កល់នៅខាងក្នុងគភ៌គ្រឹះ (បន្ទប់សក្ការៈនៃប្រាសាទ) ដូចដែលយើងធ្លាប់ឃើញនៅប្រាសាទជាច្រើនក្នុងប្រទេសកម្ពុជា និងនៅស្រុកឥណ្ឌា។
តាមការសិក្សាកន្លងមករបស់អ្នកស្រាវជ្រាវជនជាតិបារាំងកាលពីចុងស.វ.ទី១៩ គេបានរកឃើញសិលាចារឹកមួយឆ្លាក់នៅលើថ្មគោល មានប្រវែងបណ្តោយ០,៨០ម៉ែត្រ និងទទឹង ០,២០ម៉ែត្រ ដែលលោក Aymonier ឱ្យឈ្មោះថា “សិលាចារឹកវាលកន្ទេល” ពោល គឺហៅតាមឈ្មោះតំបន់ (ក្នុងឯកសាររបស់លោក គឺលោកមិនបានហៅថាតំបន់ថាឡាបរិវ៉ាត់ឡើយ ពោល គឺលោកហៅថា “វាលកន្ទេល”)។ សិលាចារឹកនេះ ចុះបញ្ជីលេខ K.359 សរសេរជាភាសាសំស្រ្កឹតមាន ៧ បន្ទាត់ ស្មើនឹង ៧ ស្លោកដូចគ្នា។ លោក M.Barth យល់ថា សិលាចារឹកនេះចារឹកនៅស.វ.ទី១០។ ប៉ុន្តែ បើពិនិត្យមើលទៅលើអក្សរ គឺមិនឆ្ងាយពីស.វ.ទី៧ ឡើយ ពោល គឺអាចចារឹកនៅរវាងឆ្នាំ៦២០ ដល់ ៦៣៧ ដែលត្រូវនឹងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។ ប៉ុន្តែ ខ្លឹមសារជារួម គឺរំឭកសាច់រឿងថយក្រោយ ប្រហែលក្នុងពេលដែលព្រះបាទស្រីភវវរ្ម័នទី១ នៅមានព្រះជន្មនៅឡើយ។ ខ្លឹមសារជារួមរៀបរាប់អំពីការកសាងរូបសំណាកព្រះត្រីភូវនេស្វរ អមដោយរូបព្រះសូរ្យ ដែលរូបនេះកសាងដោយព្រាហ្មណ៍ម្នាក់ឈ្មោះថា “ស្រីសោមវរ្ម័ន” ត្រូវជាព្រះស្វាមីរបស់បុត្រីព្រះបាទវីរវរ្ម័ន និងត្រូវជាព្រះអនុជស្រីរបស់ព្រះបាទស្រីភវវរ្ម័នទី១។ ព្រមទាំងរៀបរាប់អំពីអំណោយសម្រាប់ថ្វាយដល់ទេព និងក្បួនច្បាប់នានានៃគម្ពីរមហាភារត គម្ពីររាមាយណ និងគម្ពីរបុរាណ។ ក្បួនច្បាប់ទាំងឡាយនៃគម្ពីរទាំងនេះ ត្រូវកំណត់ឱ្យសូត្រជារៀងរាល់ថ្ងៃ ហើយបានដាក់ទណ្ឌកម្មអ្នកទាំងឡាយណាដែលហ៊ានលួចចម្លងគម្ពីរទាំងនេះ។
ជារួមមក យោងទៅតាមក្បាច់លម្អនៅលើប្រាសាទ ប្លង់ រូបរាង និងសិលាចារឹកដែលរកឃើញ យើងអាចសន្និដ្ឋានថា ប្រាសាទព្រះគោ ឬប្រាសាទស្រី ទំនងកសាងឡើងនៅរវាងដើមស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ ហើយទំនងបានជួសជុល ឬសង់បន្ថែមក្នុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦ ដល់ ៦៣៧)។ ការសន្និដ្ឋានដូច្នេះ មកពីយើងឃើញផ្តែរទ្វារដែលនៅច្រកចូលខាងកើតដែលស្ថិតនៅក្នុងរចនាបថថាឡាបរិវ៉ាត់ (ចុងស.វ.ទី៦ ឬដើមស.វ.ទី៧) មានការកាត់តម្រឹមចុងខាងក្នុងយកមកប្រើប្រាស់ឡើងវិញ។ លើសពីនេះ ភស្តុតាងទម្រង់នៃអក្សរនៅលើគោលចារឹកក៏អាចបំពេញបន្ថែមដែរ ព្រោះអក្សរមានទម្រង់ដូចគ្នាទៅនឹងអក្សរនៅរាជ្យព្រះបាទស្រីឦសានវរ្ម័នទី១។ បន្ថែមពីនេះទៅទៀត យើងសន្និដ្ឋានថា ប្រាសាទព្រះគោ ប្រហែលកសាងឡើងសម្រាប់តម្កល់សិវលិង្គ (លិង្គព្រះឥសូរ) ព្រោះមានបដិមាគោនន្ទិនៅខាងមុខ ហើយខ្លឹមសារអក្សរចារឹកក៏បានរៀបរាប់អំពីការកសាងសិវលិង្គព្រះភូវនេស្វរ ដោយព្រាហ្មណ៍ម្នាក់ឈ្មោះ “ស្រីសោមវម៌្ម” (ព្រាហ្មណ៍ម្នាក់នេះអាចជាអ្នកកសាងប្រាសាទព្រះគោ)។








—————
Prasat Preah Ko
The temple is situated in Ou Treal village, Srae Reussey commune, Thala Boriwat district, Stung Treng province. The temple is a single rectangular brick tower, facing east, and surrounded by the brick enclosure (60m x 100m). This temple was possibly constructed in the early seventh century, based on art historical evidence and an inscription (K.359). According to the inscription, inside this temple, possibly housed the Shiva Linga known as “Srîbhûvaneśvara,” which was constructed by an ascetic named ‘Srisomavarmma’.