ប្រាសាទព្រៃនគរ មានទីតាំងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ៣០០ ម៉ែត្រ ភាគខាងជើងប្រាសាទត្រពាំងប្រាសាទខាងត្បូង។ សព្វថ្ងៃ អ្នកស្រុកហៅប្រាសាទត្រពាំងប្រាសាទខាងជើងថា “ប្រាសាទតូច” រីឯក្រុមប្រាសាទមួយទៀតដែលស្ថិតនៅខាងត្បូង អ្នកស្រុកហៅថា “ប្រាសាទធំ”។ តើប្រាសាទត្រពាំងប្រាសាទខាងជើង មានតួនាទី និងលក្ខណៈដូចម្តេចខ្លះ?
ក្នុងដំណើរសិក្សាស្រាវជ្រាវ និងចុះបញ្ជីសំណង់បេតិកភណ្ឌខ្មែរនៅរវាងចុងស.វ.ទី១៩ និងដើមស.វ.ទី២០ គេមិនបានចុះសិក្សានិងចុះបញ្ជីប្រាសាទនេះទេ ដែលប្រហែលមកពីកាលពីជំនាន់នោះមានព្រៃក្រាស់ពេក។ រហូតទាល់តែចប់សង្រ្គាមស៊ីវិលនៅចុងទសវត្សរ៍១៩៩០ ទើបមានការសិក្សាថ្មីៗខ្លះ។ ប្រាសាទនេះជាសំណង់ទោលដែលកសាងឡើងអំពីថ្មបាយក្រៀម មានរាងបួនជ្រុងស្មើ និងបែរមុខទៅទិសខាងកើត។ សំណង់នៅមុខខាងកើត បន្ថែមដោយយ៉មួយឆ្ពោះទៅកើតដែលកសាងអំពីថ្មបាយក្រៀមដូចគ្នា។ ប្រាង្គទាំងមូលកំពុងស្ថិតនៅក្នុងសភាពទ្រុឌទ្រោមខ្លាំង ជាពិសេស នៅផ្នែកខាងជើង និងឦសាន។ រីឯផ្នែកខាងលិច ខាងត្បូង និងខាងកើត បាក់បែកផ្នែកដំបូលទាំងស្រុង ហើយនៅសល់ត្រឹមក្បាលជញ្ជាំងចុះមកក្រោម។ នៅទិសអាគ្នេយ៍នៃសំណង់ទោលនេះ មានសំណង់ហោត្រៃ (អគ្និគ្រឹះ) មួយ បែរមុខបញ្ច្រាសជាមួយសំណង់សំខាន់ (បែរទៅទិសខាងលិច) សាងអំពីថ្មបាយក្រៀមដូចគ្នា។ សំណង់ទាំងពីរនេះ ហ៊ុមព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែងប្រវែង ២២ ម៉ែត្រ x ៣២ ម៉ែត្រ។ ក្នុងនោះ នៅកំពែងខាងកើត គេរៀបចំប្រាង្គច្រកទ្វារចូល (គោបុរ) ធ្វើពីថ្មបាយក្រៀមដូចគ្នា ដែលសព្វថ្ងៃនៅមានស្ថានភាពល្អប្រសើរជាងសំណង់សំខាន់នៅបរិវេណខាងក្នុងកំពែង។ សំណង់ទាំងអស់ដែលបានរៀបរាប់នេះ មានលាយឡំជាមួយស៊ុមទ្វារ ផ្តែរទ្វារ និងសសរធ្វើអំពីថ្មភក់ ប៉ុន្តែនៅមិនទាន់មានចម្លាក់អ្វីបន្តិចឡើយ។ ក្រៅពីនេះទៀត នៅមុខខាងកើត មានត្រពាំងធំមួយដែលមានបណ្តោយប្រវែង ១៨៥ ម៉ែត្រ និងទទឹងប្រវែង ៩០ ម៉ែត្រ។
រចនាសម្ព័ន្ធដែលបង្ហាញខាងលើនេះ ស្តែងឱ្យឃើញថា ប្រាសាទត្រពាំងប្រាសាទខាងជើង មានប្លង់និងរចនាសម្ព័ន្ធសំណង់ជាហោរបន់ស្រន់ នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នាទៅនឹងប្រាសាទដទៃផ្សេងទៀតដែលជាហោរបន់ស្រន់ តួយ៉ាងដូចជា ឧទាហរណ៍ ប្រាសាទព្រះធាតុរកា (ខេត្តកំពង់ធំ) ប្រាសាទបឹងស្រែខាងលិច (ខេត្តព្រះវិហារ) ប្រាសាទក្រពុំឈូក (ខេត្តព្រះវិហារ) ប្រាសាទក្តីតាគមតូច (ខេត្តសៀមរាប) ប្រាសាទព្រៃនគរ (ខេត្តឧត្តរមានជ័យ) ប្រាសាទតាមាន់តូច (ព្រំដែនខ្មែរ-សៀម) ។ល។ ជាទូទៅ ប្រាសាទដែលជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យច្រើនមានរចនាសម្ព័ន្ធដូចគ្នា ឬស្រដៀងគ្នា រួមមាន ទី១ មានសំណង់ប្រាង្គកណ្តាលរាងបួនជ្រុង ហើយមានយ៉លយទៅខាងកើត ទី២ មានសំណង់ហោត្រៃបែរមុខទៅទិសខាងលិច, ទី៣ មានកំពែងព័ទ្ធជុំវិញនិងមានច្រកចូលនៅទិសខាងកើត និងទី៤ គឺមានស្រះទឹកមួយនៅទិសឦសាន។ ដូច្នេះ មានន័យថា រចនាសម្ព័ន្ធប្រាសាទត្រពាំងប្រាសាទខាងជើង ខុសគ្នាត្រង់ថា មិនមានស្រះទឹកមួយនៅទិសឦសាន តែបែរជាមានស្រះធំមួយនៅទិសខាងកើតទៅវិញ (ចម្ងាយពីប្រាសាទប្រមាណ ៧០ ម៉ែត្រ)។ ប៉ុន្តែ នៅទិសឦសាន មានអូរធម្មជាតិមួយដែលហូរធ្លាក់ទៅស្រះធំនៅខាងមុខប្រាសាទ។ ការដែលមានអូរធម្មជាតិនេះហើយ ដែលប្រហែលអាចជាមូលហេតុដែលគេមិនជីកស្រះមួយនៅទិសឦសាន។ រីឯស្រះធំមួយដែលនៅមុខខាងកើត អាចជាភស្តុតាងមួយដែលយើងអាចសន្និដ្ឋានថា ប្រាសាទត្រពាំងប្រាសាទខាងជើង ប្រហែលជាសង់នៅពីលើ ឬកែប្រែសំណង់ប្រាសាទចាស់ណាមួយបង្កើតជាប្រាសាទនេះឡើង ព្រោះស្រះធំនៅពីមុខដូច្នេះវាដូចទៅនឹងប្រាសាទត្រពាំងប្រាសាទខាងត្បូងដែលសង់នៅក្នុងស.វ.ទី១០ ដូច្នោះដែរ។
នៅប្រាសាទត្រពាំងប្រាសាទខាងជើង គេមិនធ្លាប់រកឃើញសិលាចារឹកណាមួយឡើយ ខុសពីប្រាសាទហោរបន់ស្រន់មួយចំនួនតែងមានថ្មគោលចារឹក ដែលសរសេរជាភាសាសំស្រ្កឹត ហើយរាល់អត្ថន័យសិលាចារឹកនីមួយៗតែងតែដូចគ្នាស្ទើរបេះបិទ។ ឧទាហរណ៍ សិលាចារឹកព្រះធាតុរកា មានខ្លឹមសារស្ទើរដូចគ្នាទាំងស្រុងទៅនឹងសិលាចារឹកសាយហ្វុង។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវកន្លងមក គេមិនដែលប្រទះឃើញបដិមា ឬវត្ថុសិល្បៈណាមួយនៅប្រាសាទត្រពាំងប្រាសាទខាងជើងនេះឡើយ។ យោងតាមព័ត៌មានបង្ហាញក្នុងសិលាចារឹកប្រាសាទផ្សេងៗទៀតដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នានោះ បង្ហាញឱ្យឃើញថា នៅក្នុងប្រាង្គកណ្តាលតែងតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយានចំនួន ៣ អង្គ រួមមាន ព្រះភៃសជ្យគុរុ (ព្រះពុទ្ធគ្រូថ្នាំ) ព្រះសូរ្យ (ព្រះអាទិត្យ) និងព្រះវៃរោចន (ព្រះចន្រ្ទ)។ ដូច្នេះហើយ កាលពីដើមមក នៅបន្ទាប់សក្ការបូជាខាងក្នុង (គភ៌គ្រឹះ) នៃប្រាសាទត្រពាំងប្រាសាទខាងជើង ទំនងតម្កល់ទេពទាំង៣នេះដូចគ្នាដែរ។ សិលាចារឹកក៏បានបញ្ជាក់ដែរថា រាល់មន្ទីរពេទ្យនីមួយៗមិនត្រឹមតែជាកន្លែងព្យាបាលរោគប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលផ្តល់ជម្រក និងម្ហូបអាហារដល់ជនដាច់សង្វែងថែមទៀតផង។ ជាងនេះទៅទៀត មន្ទីរពេទ្យនីមួយៗនៅសម័យអង្គរ អាចមានអ្នកធ្វើការសរុបចំនួន ១០០ នាក់ រួមមាន គ្រូពេទ្យ អ្នកប្រចាំការ គ្រូថ្នាំកាន់ឃ្លាំង អ្នកដាំបាយដាំស្ល អ្នកសំអាត អ្នកបញ្ជូនថ្នាំដល់គ្រូពេទ្យ អ្នកដាំថ្នាំ ។ល។
ជារួមមក ប្រាសាទត្រពាំងប្រាសាទខាងជើង ទំនងជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យមួយ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ (គ.ស.១១៨១ – ១២២០)។ ពោល គឺមានអាយុកាលក្រោយប្រាសាទត្រពាំងប្រាសាទខាងត្បូងបន្តិច (ប្រាសាទត្រពាំងប្រាសាទខាងត្បូង ទំនងកសាងឡើងនៅក្នុងស.វ.ទី១០)។ រចនាសម្ព័ន្ធទាំងមូលរបស់ប្រាសាទ គឺមានទម្រង់ស្រដៀងគ្នាច្រើនជាមួយសំណង់ហោរបន់ស្រន់ផ្សេងទៀតដែលមាននៅតំបន់អង្គរ ខេត្តកំពង់ធំ និងតំបន់ផ្សេងៗទៀត។ សំណង់ប្រាសាទត្រពាំងប្រាសាទខាងជើង អាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា តំបន់ត្រពាំងប្រាសាទនេះ គឺជាក្រុង ឬទីប្រជុំជនដ៏សំខាន់មួយនៅសម័យអង្គរ ព្រោះជាទូទៅរាល់មន្ទីរពេទ្យតែងតែកសាងឡើងនៅក្នុងក្រុងឬទីប្រជុំជន។ សំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺជាសក្ខីភាពមួយនៃការរីកចម្រើនវិស័យសុខាភិបាលនៅសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលគេរួមបញ្ចូលទាំងការព្យាបាលផ្នែកវិទ្យាសាស្រ្ត (ការប្រើប្រាស់ថ្នាំច្នៃចេញពីរុក្ខជាតិ) និងការប្រើប្រាស់ការព្យាបាលតាមបែបជំនឿ ដោយមានសាងជាហោរបន់ស្រន់មួយតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយាន ដើម្បីឱ្យអ្នកជំងឺ អាចចូលបន់ស្រន់ដល់ទេពទាំងនោះបាន។








—————-
Prasat Trapeang Prasat Khang Cheung
Prasat is an Angkorian laterite temple or ‘chapel’ of one of the 102 hospitals built by King Jayavarman VII throughout the kingdom. This temple possibly housed the God Bhaisajyaguru, Surya and Vairocana of Mahayana Buddhism. This temple can be distinguished as a chapel of one of the 102 hospitals built by King Jayavarman VII due to the structure of the temple includes, firstly, the central tower is a square structure with a balcony to the east, and secondly, there is a rectangular library building in the southeast and facing to the west, the thirdly has a laterite wall and has an entrance to the east, and the fourthly has a small natural stream to the northeast (outside the enclosure). The chapel building of the hospital is a testament to the growth of healthcare service in the Angkorian period during the reign of King Jayavarman VII, which included scientific therapies (the use of herbal remedies) and the use of faith therapies with a building of chapel to house the deities of Mahayana Buddhism so that patients can enter to pray to those deities.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី