ប្រាសាទសក្ល

ប្រាសាទសក្ល មានទីតាំងស្ថិតនៅភូមិច្រណូកកើត ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណ ៣៥០ ម៉ែត្រ ប៉ែកអាគ្នេយ៍ភ្នំកង្កែប និងចម្ងាយប្រមាណ ២ គីឡូម៉ែត្រ​ ប៉ែកខាងកើតទីប្រជុំជនឃុំច្រណូក។ សព្វថ្ងៃ គេច្រើនហៅប្រាសាទនេះថា ប្រាសាទប្រុស គូគ្នាជាមួយប្រាសាទព្រះស្រី ឬប្រាសាទស្រី ដែលស្ថិតនៅប៉ែកអាគ្នេយ៍ ចម្ងាយប្រមាណ ២,៧ គីឡូម៉ែត្រ។ តើប្រាសាទសក្ល ឬប្រាសាទប្រុស មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

បន្ទាប់ពីមានការរកឃើញស្ថានីយបុរេប្រវត្តិសាស្រ្តសំរោងសែន ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ដោយលោក Michael Rouques កាលពីឆ្នាំ១៨៧៦ រួចមក លោក Étienne Aymonier ក៏ចាប់ផ្តើមចុះសិក្សាស្រាវជ្រាវ និងចុះបញ្ជីសម្បត្តិបេតិកភណ្ឌនៅស្រុកកំពង់លែងនៅពេលបីឆ្នាំបន្ទាប់ (១៨៧៩)។ ក្នុងនោះ លោករៀបរាប់ដោយសង្ខេបអំពីប្រាសាទសក្ល តែលោកសរសេរឈ្មោះប្រាសាទនេះថា “Kalo”។ ឈ្មោះ Kalo នេះក៏បន្តសរសេរនៅក្នុងសៀវភៅបញ្ជីបេតិកភណ្ឌកម្ពុជារបស់លោក Lunet De Lajonquière ដូចគ្នានៅក្នុងឆ្នាំ១៩០២។ លុះប៉ុន្មានឆ្នាំក្រោយមក លោក Henri Parmentier បានប្តូរការសរសេរឈ្មោះប្រាសាទនេះទៅជា “Sakhlà” (សក្ល) ត្រូវនឹងឈ្មោះដែលកត់ត្រានៅសម័យបច្ចុប្បន្ន។ នៅទសវត្សរ៍ ១៩៧០ លោកស្រី Mireille Bénisti បានសិក្សាលម្អិតអំពីក្បាច់លម្អនៅប្រាសាទសក្ល ដោយប្រៀបធៀបជាមួយប្រាសាទជាច្រើន ដូចជា ប្រាសាទព្រះស្រី ប្រាសាទអំពិលរលំ ប្រាសាទភូមិប្រាសាទ ប្រាសាទកំពង់ព្រះ ប្រាសាទតោ ។ល។

ប្រាសាទសក្ល គឺជាសំណង់កសាងឡើងអំពីឥដ្ឋនៅលើទួលខ្ពស់មួយដែលអ្នកស្រុកហៅថា “ទួលតាអុង”។ ប្រាសាទនេះមានប្រាង្គចំនួនពីរ រត់ជួរពីជើងទៅត្បូង និងបែរមុខទៅទិសខាងកើត។ ប៉ុន្តែ សព្វថ្ងៃមានតែប្រាង្គខាងត្បូងប៉ុណ្ណោះដែលនៅសល់រូបរាងល្អប្រសើរ រីឯប្រាង្គខាងជើងបានបាក់រលំទាំងស្រុងទៅហើយ។ ប្រាង្គខាងជើងនេះ លោក Lunet De Lajonquière មិនបានបញ្ជាក់ឱ្យដឹងឡើយ ដែលករណីនេះអាចឱ្យយើងដឹងថាប្រាង្គនេះមិនមែនទើបបាក់រលំថ្មីៗនោះឡើយ។ ប៉ុន្តែ ការសិក្សាដំបូងរបស់លោក Étienne Aymonier បានបញ្ជាក់ថា ប្រាសាទសក្លមានប្រាង្គចំនួនពីរសង់ឡើងអំពីឥដ្ឋ។ ប្រាង្គខាងត្បូងដែលនៅរូបរាង ជាសំណង់ទោលមានរាងបួនជ្រុងស្មើប្រវែងប្រវែង ៦,៥ម៉ែត្រ និងកម្ពស់ប្រមាណ ១៥ ម៉ែត្រ។ ប្រាង្គនេះមានទ្វារចូលតែមួយប៉ុណ្ណោះ (ខាងកើត) រីឯជញ្ជាំងបីទិសទៀត គេលម្អជាទ្វារបញ្ឆោតដែលមានក្បាច់លម្អយ៉ាងរស់រើក។ លោក Henri Parmentier លើកឡើងថា ថ្វីដ្បិតតែប្រាង្គខាងត្បូងនៃប្រាសាទសក្ល មានលក្ខណៈប្លង់ខុសគ្នាពីប្រាសាទព្រះស្រី ក៏ពិតមែន តែក្បាច់លម្អសិល្បៈរបស់ប្រាសាទទាំងពីរស្ទើរតែដូចគ្នាបេះបិទទៅហើយ ពោល គឺប្រាសាទសក្លមានប្លង់រាងបួនជ្រុងស្មើ រីឯប្រាសាទព្រះស្រីមានប្លង់រាងបួនជ្រុងទ្រវែង។ ក្បាច់លម្អប្រាសាទទាំងពីរនេះ គឺស្រដៀងគ្នាច្រើនជាមួយប្រាសាទកំពង់ព្រះ នៅឯស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ បន្ថែមពីនេះ យើងសង្កេតឃើញថា ប្រាសាទសក្លសង់ឡើងយកលំនាំខ្លះៗតាមសំណង់ប្រាសាទនៅឥណ្ឌាខាងជើង (វលភី) និងឥណ្ឌាខាងត្បូង (សាលា) ជាពិសេស គឺផ្នែកខាងលើបង្អស់នៃដំបូលដែលមានរាងកោងដូចទូក។ ដោយហេតុថាឥដ្ឋផ្នែកដំបូលមួយចំនួនជ្រុះធ្លាក់ក្រោមអស់មួយអន្លើ សព្វថ្ងៃយើងពិបាកមើលដំបូលប្រាសាទសក្លឱ្យចេញជារាងដូចទូកណាស់។ ប៉ុន្តែ បើយើងពិនិត្យមើលប្លង់ដែលគូរដោយលោក Henri Parmentier ដំបូលខាងលើបង្អស់ពិតជាស្រដៀងទូកដូចប្រាសាទបែបវលភីនៅឥណ្ឌាជើងយ៉ាងពិតប្រាកដមែន។ លក្ខណៈបែបនេះ មិនមែនឃើញតែនៅប្រាសាទសក្ល និងប្រាសាទព្រះស្រីប៉ុណ្ណោះទេ មានប្រាសាទមួយចំនួនដែលកសាងឡើងនៅស.វ.ទី ៧ – ៨ ក៏មានរូបរាងដំបូលបែបនេះដែរ។ អ្វីដែលគួរចាប់អារម្មណ៍នៃប្រាសាទសក្លនោះ គឺក្បាច់លម្អដែលមានឆ្លាក់នៅតាមផ្នែកជាច្រើនជុំវិញប្រាសាទ រាប់បញ្ចូលទាំងខឿន ផ្តែរទ្វារ សសរផ្អោប សសរពេជ្រ ស៊ុមទ្វារ ដំបូល ។ល។ ក្នុងនោះ ផ្តែរទ្វារស្ទើរតែមានលក្ខណៈដូចគ្នាទៅនឹងប្រាសាទព្រះស្រី និងប្រាសាទតោ (សំបូរព្រៃគុក) ពោល គឺផ្តែរទា្វរទាំងបួនរបស់ប្រាសាទមានទម្រង់ដូចគ្នាជាគូ (ពីរៗដូចគ្នា)។ ផ្តែរទ្វារខាងកើតនិងខាងលិចមានក្បាច់ដូចគ្នា តែខុសត្រង់ថានៅផ្តែរទ្វារចូលខាងកើតជាឆ្លាក់អំពីថ្មភក់ (បាក់បែកជ្រុះមកក្រោមជាច្រើនកំណាត់ ហើយសព្វថ្ងៃរកឃើញពីរកំណាត់កំពុងដាក់នៅខាងមុខប្រាសាទ) និងផ្តែរខាងលិចឆ្លាក់នៅលើឥដ្ឋប្រាសាទតែម្តង (ផ្តែរទ្វារបញ្ឆោត) ដែលមានក្បាច់ដងធ្នូជាធាង ឬមែកនៃក្បាច់សន្លឹកភ្ញីទេសកម្រងស្លឹកឈើនិងខាងចុងដងធ្នូទាំងសងខាងមានរាងកោងពត់វង់ទៅលើ រីឯផ្នែកខាងក្រោមនៃផ្តែរឆ្លាក់ជាក្បាច់ស្លឹកឈើរាងដូចខ្យងហៀន និងមានរាងដូចទម្ពក់។ ផ្តែរខាងកើតនិងខាងលិចនៃប្រាសាទសក្លនេះ លោកស្រី​ Mireille Bénisti បានចាត់ចូលជាសិល្បៈរចនាបថកំពង់ព្រះ នាចុងស.វ.ទី៧ ឬដើមស.វ.ទី៨ ដូចទៅនឹងផ្តែរជាច្រើនទៀតដែលមាននៅប្រាសាទកំពង់ព្រះ ប្រាសាទភូមិប្រាសាទ ប្រាសាទព្រះស្រី ។ល។​ រីឯផ្តែរទ្វារបញ្ឆោតខាងជើងនិងខាងត្បូង គេឆ្លាក់នៅលើឥដ្ឋផ្ទាល់តែម្តង ដែលមានក្បាច់ដងធ្នូរាងត្រង់ មានក្បាច់សន្លឹកឈើតូចៗចំនួន ៥ និងខាងចុងជាក្បាច់សន្លឹកឈើធំ ហើយផ្នែកខាងក្រោមផ្តែរជារំយោលឬកម្រងមាលា។ ផ្តែរទ្វារទាំងពីរនេះ លោកស្រី Mireille Bénisti បានប្រដូចទៅនឹងផ្តែរទ្វារប្រាសាទអំពិលរលំ (ស្ទោង កំពង់ធំ) និងប្រាសាទតោ (សំបូរព្រៃគុក កំពង់ធំ) និងប្រាសាទមួយចំនួននៅក្បែរបារាយណ៍ទឹកថ្លា (តំបន់អង្គរ សៀមរាប) ដែលអាចចាត់ថ្នាក់ជាសិល្បៈពាក់កណ្តាល ឬចុងរចនាបថព្រៃក្មេង នៅរវាងពាក់កណ្តាល ឬចុងស.វ.ទី៧។ ក្រៅអំពីផ្តែរទ្វារ សសរពេជ្រប្រាសាទសក្លពិតជាគួរឱ្យចាប់អារម្មណ៍ដូចគ្នា។ ក្នុងនោះ សសរពេជ្រនៅទ្វារចូលខាងកើតធ្វើឡើងអំពីថ្មភក់មានរាងមូល (សព្វថ្ងៃបាក់បែកជាច្រើនកំណាត់) រីឯសសរពេជ្រនៅទ្វារបញ្ឆោតខាងជើង ខាងត្បូង និងខាងលិចសាងឡើងអំពីឥដ្ឋ ដែលមានរាងប្រាំបីជ្រុង និងមានទម្រង់ស្ទើរដូចគ្នាបេះបិទជាមួយសសរពេជ្រប្រាសាទតោ នៅតំបន់ប្រាសាទសំបូរព្រៃគុក ហើយអាចចាត់ថ្នាក់បានថា ជាសសរពេជ្ររចនាបថព្រៃក្មេង ស្ថិតនៅពាក់កណ្តាល ឬចុងស.វ.ទី៧។ បើក្រឡេកមកមើលចម្លាក់វិមានអណ្តែតនៅលើជញ្ជាំងប្រាសាទសក្លវិញ គឺមានការលម្អមួយជ្រុងចំនួន ២ (ម្ខាង ១) សរុបទាំងអស់ ៨។ លក្ខណៈបែបនេះ ខុសពីប្រាសាទព្រះស្រីដែលមានប្លង់រាងបួនជ្រុងទ្រវែង គេឆ្លាក់ប្រាសាទអណ្តែតមួយជ្រុងចំនួន ៤ សរុបទាំងអស់ ១៦។ ក្បាច់លម្អចម្លាក់វិមានអណ្តែតនេះ មិនដូចទៅនឹងចម្លាក់វិមានអណ្តែតនៅសំបូរព្រៃគុកឡើយ ប៉ុន្តែវាមានទម្រង់ស្រដៀងទៅនឹងប្រាសាទអំពិលរលំ (កំពង់ធំ) និងប្រាសាទព្រះធាតុសម្តី (ត្បូងឃ្មុំ)។

យោងទៅតាមឯកសារចាស់ៗរបស់អ្នកស្រាវជ្រាវបារាំង កន្លងមកគេមិនដែលប្រទះឃើញសិលាចារឹកនៅប្រាសាទសក្លនោះឡើយ។ ផ្ទុយពីប្រាសាទព្រះស្រីដែលមាននៅសល់សិលាចារឹកចំនួន ១០ ឬ ១៥ បន្ទាត់នៅលើមេទ្វារ​ តែលោក Étienne Aymonier បានអះអាងថាសិលាចារឹកប្រាសាទព្រះស្រីបានរលុបអក្សរទាំងស្រុងនៅឆ្នាំ១៨៨២។ រីឯប្រាសាទតូចដែលស្ថិតនៅមិនឆ្ងាយពីគ្នា ក៏មានបន្សល់ទុកសិលាចារឹកមួយផ្ទាំងដែរ (លេខបញ្ជី K.138) ដែលមានកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៥៤២ (គ.ស.៦២០) ត្រូវនឹងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១។ តែទោះបីជាយ៉ាងណា យើងអាចដឹងថា​ប្រាសាទសក្លមានប្រាង្គចំនួន ២ ដូចប្រាសាទព្រះស្រីដែរ។ ក្នុងនោះ ប្រាង្គខាងជើងនៃប្រាសាទព្រះស្រីដែលបាក់បែកទាំងស្រុងទៅហើយ ជាសំណង់កសាងបន្ថែមនៅរវាងស.វ.ទី១០ ផ្ទុយពីប្រាង្គខាងត្បូងដែលនៅឈរមានរូបរាងជាសំណង់ចាស់នៅរវាងពាក់កណ្តាល ឬចុងស.វ.ទី៧។ យើងអាចទាញសេចក្តីសន្និដ្ឋានថា​ ប្រាសាទព្រះស្រីដែលមានប្រាង្គមួយសង់បន្ថែមនៅសម័យក្រោយ អាចជាកែប្រែសំណង់ដែលឧទ្ទិសដល់ព្រះសិវទៅជាសំណង់ប្រាសាទឧទ្ទិសដល់ព្រះវិស្ណុវិញ ដ្បិតប្រាសាទស.វ.ទី១០ដែលស្ថិតនៅមិនឆ្ងាយពីគ្នា (ប្រាសាទថ្នមប្តី និងប្រាសាទភ្នំពណ្ណរាយ) សុទ្ធសឹងជាប្រាសាទស.វ.ទី១០ ដែលមានប្រាង្គចំនួនពីរឧទ្ទិសដល់ព្រះវិស្ណុដូចគ្នា។ ម្ល៉ោះហើយ បើទោះបីជាយើងមិនដឹង ឬមិនមានរូបភាពប្រាង្គខាងជើងនៃប្រាសាទសក្លក៏ដោយ យើងក៏អាចទាញសេចក្តីសន្និដ្ឋានថា ប្រាង្គដែលបាក់បែកប្រហែលជាគេកសាងបន្ថែមនៅសម័យអង្គរ (រវាងស.វ.ទី១០) ដូចប្រាសាទព្រះស្រីដែរ ព្រោះជាទូទៅនៅសម័យមុនអង្គរ (ស.វ.ទី៧ – ៨) គេមិននិយមកសាងប្រាសាទមានប្រាង្គពីរទន្ទឹមគ្នាឡើយ។

សរុបជារួមមក យោងទៅតាមសមាសធាតុលម្អរបស់ប្រាង្គខាងត្បូងនៃប្រាសាទសក្លដែលកំពុងនៅឈរមានរូបរាង យើងអាចសន្និដ្ឋានថា ប្រាសាទនេះអាចចាត់ថ្នាក់ជាប្រាសាទស្ថិតនៅពាក់កណ្តាលឬចុងរចនាបថព្រៃក្មេង រហូតដល់ដើមរចនាបថកំពង់ព្រះ ដែលមានអាយុកាលនៅរវាងពាក់កណ្តាលដល់ចុងស.វ.ទី៧ ឬដើមស.វ.ទី៨។ រីឯប្រាង្គមួយទៀតដែលបាក់បែកទាំងស្រុងទៅហើយ អាចជាសំណង់បន្ថែមនៅសម័យអង្គរ (រវាងស.វ.ទី១០) ដែលទំនងជាការកែប្រែសំណង់ដែលធ្លាប់ឧទ្ទិសដល់ព្រះសិវ ទៅជាសំណង់ឧទ្ទិសដល់ព្រះវិស្ណុ ដូចទៅនឹងប្រាសាទព្រះស្រីដែលស្ថិតនៅមិនឆ្ងាយពីប្រាសាទសក្ល។ ជាទូទៅប្រាសាទមានប្រាង្គពីរដែលឧទ្ទិសដល់និកាយវៃស្នវ (និកាយដែលគោរពព្រះវិស្ណុ) ច្រើនមានប្រាង្គមួយតម្កល់ព្រះវិស្ណុ និងប្រាង្គមួយទៀតតម្កល់ព្រះនាងលក្ស្មី (មហេសីព្រះវិស្ណុ) ដូចដែលលោក សុខ កែវសុវណ្ណារ៉ា ធ្លាប់បានសន្និដ្ឋានដែលយោងទៅលើភស្តុតាងសិលាចារឹក និងបដិមារកឃើញនៅប្រាសាទនាងខ្មៅ (តាកែវ) និងប្រាសាទឥន្រ្ទកោសីយ៍ (សៀមរាប)។

———

Prasat Sakhlar Temple

The Prasat Sakhlar Temple is situated in Kangkaeb village, Chranok commune, Kampong Leng district, Kampong Chhnang province. The temple consists of two brick towers (one tower is collapsed), a square,​​ and faces to the east. The southern tower (still standing) was possibly constructed in the late seventh century, based on art historical evidence. Another tower was possibly built in the tenth century. We conclude that the temple was likely modified from a Saiva temple to Vaishnava temple as we have seen at Prasat Preah Srei, because two-tower temples are often dedicated to Vishnu and were not common in the pre-Angkorian period.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!