ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ត្រូវនឹងថ្ងៃ១២ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ណាស់ ចំណែកប្រាក់កាសក៏ហូរចូលមិនដាច់។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ បើអ្នកសម្រេចចិត្តបង្កើតមុខរបរការងារថ្មី ឬធ្វើការបណ្តាក់ទុន សូមកុំភ័យខ្លាច និងបារម្ភអ្វីឡើយព្រោះនឹងអាចសម្រេចទៅដោយជោគជ័យ។ សូមកុំភ្លេចមានចិត្តសណ្តោសប្រណី ដល់មនុស្សទន់ខ្សោយ។ សម្រាប់ទំនាក់ទំនងសេ្នហា គូស្នេហ៍ស្គាល់តែភាពសុខដុមរមនា។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងជាប្រាក់កាសជាច្រើននឹងធ្លាក់ដល់ដៃលោកអ្នកដែលប្រកបអាជីវកម្ម ចំណែកអ្នកធ្វើការងាររដ្ឋឯកជននឹងបានសម្រេចគម្រោងការងារដែលបានដាក់ចេញ ម្យ៉ាងមុខតំណែងការងារល្អៗនឹងមកដល់ផងដដែរ។ លោកអ្នកអាចសម្រេចចិត្តរៀបចំពិធីមង្គលផ្សេងៗបាន ដោយមិនមានផលរំខានអ្វីទេ។ សូមបង្កើនទំនាក់ទំនងល្អបន្ថែម។ សម្រាប់អ្នកមិនទាន់មានគូ លោកអ្នកនឹងជួបមនុស្សដែលអាចពឹងពាក់អាស្រ័យទៅថ្ងៃខាងមុខបាន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា។ ប៉ុន្តែសូមកុំជឿទុកចិត្តមនុស្សដែលមានកំណើតឆ្នាំកុរ។ ទន្ទឹមនឹងនោះដែរ សូមកុំទាន់សម្រេចចិត្តផ្លាស់ប្តូរកិច្ចការងារនៅពេលនេះ ព្រោះអ្វីៗមិនទាន់ប្រាកដទាំងស្រុងទេ។ អ្នកត្រូវធ្វើជាមនុស្សទឹក ការច្រណែនឈ្នានីសមិនល្អទេ ចូររស់នៅបែបស្ងប់ស្ងាត់និងធម្មតា។ សម្រាប់កំឡោះក្រមុំ អ្នកអាចសាងទំនាក់ទំនងសេ្នហាបាន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញសុទ្ធតែជាមនុស្សដែលអាចពឹងពាក់បាន ប៉ុន្តែលើកលែងមនុស្សដែលមានកំណើតឆ្នាំរកា។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្ត។ កុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ ហើយជៀសពីជម្លោះ ពិសេសក្នុងការិយាល័យ។ ការធ្វើដំណើរសូមប្រយ័ត្នប្រយែងឲ្យបានខ្ពស់។ ដោយឡែក គូស្នេហ៍ស្គាល់តែភាពរីករាយនឹងគ្នា។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារនឹងទទួលបានដំណឹងនៅថ្ងៃនេះ ប៉ុន្តែសូមប្រយ័ត្នពាក្យសំដី។ ហោរាតម្រូវឲ្យលោកអ្នករក្សាចិត្តស្ងប់ អនុគ្រោះ និងរស់នៅដោយមិនប្រមាទចំពោះហេតុការណ៍នានា។ លោកអ្នកមិនគួរជឿទុកចិត្តមនុស្សដោយងាយៗនោះទេ។ ការធ្វើដំណើរផ្លូវឆ្ងាយអាចដំណើរការបាន ប៉ុន្តែសូមប្រយ័ត្នក្នុងការបើកបរ។ សម្រាប់គូស្នេហ៍ លោកអ្នកមានភាពចុះសម្រុងគ្នាណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ប៉ុន្តែសូមប្រយ័ត្នក្នុងការចាយវាយ ដើម្បីកុំឲ្យមានហានិភ័យក្នុងផ្នែកសេដ្ឋកិច្ច។ ប្រសិនបើអ្នកខកបំណងជាមួយនឹងដៃគូរួមការងារ ឬមុខជំនួញជួញដូរ ចូររក្សាភាពស្ងប់ស្ងាត់ ហើយរៀបចំគម្រោងការងារជាថ្មីឲ្យច្បាស់លាស់។ រក្សាការសំងាត់ជាកិច្ចការដែលអ្នកត្រូវតែធ្វើ។ សម្រាប់គូស្នេហ៍ មានភាពផ្អែមល្ហែមនឹងគ្នាណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានការគាំទ្រពីអតិថិជនល្អៗ និងផលចំណេញយ៉ាងច្រើន។ ផលលាភទាំងនេះទាក់ទងយ៉ាងជិតស្និទ្ធនឹងអាកប្បកិរិយាល្អរបស់អ្នក។ លោកអ្នកអាចនឹងត្រូវគេនាំរឿងមកឲ្យ ដូច្នេះសូមជៀសឲ្យឆ្ងាយ វាគ្មានប្រយោជន៍អ្វីសោះដល់អ្នកទេ។ ទំនាក់ទំនងស្នេហា ស្គាល់តែភាពរីករាយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត។ សូមកុំមានចិត្តស្ទាក់ស្ទើរ ចូរចាប់យកឳកាសនានាដែលមាននៅក្នុងថ្ងៃនេះ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទដែលមកពីឆ្ងាយ ព្រោះគេនឹងនាំសំណាងស្ថិតស្ថេរដល់អ្នក។ ចូរត្រៀមខ្លួនទប់ស្កាត់នឹងបញ្ហាតូចតាចនានាដែលនាំកង្វល់ដល់ជីវិតអ្នក។ ដោយឡែកគូស្នេហ៍មានការអធ្យាស្រ័យ និងយោគយល់គ្នាល្អណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យហូរចូលផ្ទះមិនដាច់។ អ្នកអាចសម្រេចចិត្តធ្វើការងារសំខាន់បាន ព្រោះពាក្យសំដីអ្នកនឹងមានអ្នកជឿទុកចិត្តជាច្រើន។ កុំខ្លាចក្នុងការបណ្តាក់ទុន ឬជ្រើសរើសមុខតំណែងថ្មី។ លោកអ្នកអាចរៀបពិធីរៀបអាពាហ៍ពិពាហ៍ និងឡើងគេហដ្ឋានបានប្រសើរណាស់។ សូមរក្សាគំលាតពីមនុស្សកើតថ្ងៃពុធ ឆ្នាំមមី។ ចំពោះគូស្នេហ៍ ល្អូកល្អឺននឹងគ្នា លោកអ្នកអាចទទួលបានកំណើតបុត្រាបុត្រីផងដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញទ្វេរគុណ។ សម្រាប់បុគ្គលិកកម្មករនឹងទទួលបានឳកាសការងារដ៏ប្រសើរជាងមុន ព្រមទាំងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តរួមការងារ។ ចូរប្រុងប្រយ័ត្នពាក្យសំដី អាកប្បកិរិយាច្រងេងច្រងាង ការមើលងាយស្ថានការណ៍ និងកុំទាក់ទងមនុស្សឆ្នាំថោះ។ សូមកុំទាន់សម្រេចចិត្តធ្វើការងារថ្មី រងចាំឳកាសបន្តិចទៀតសិន ពីព្រោះភាពអវិជ្ជមានស្ថិតក្នុងខ្សែបណ្តោយជាមួយសំណាងនៅឡើយ។ ចំណែកគូស្នេហ៍ មានការអធ្យាស្រ័យគ្នាបានល្អណាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី និងមិនមានផលរំខានអ្វីឡើយ។ សូមអ្នករៀបចំគម្រោងការងារជាថ្មី ដោយត្រូវត្រៀមចំពោះហានិភ័យដែលនឹងអាចកើតឡើងដោយចៃដន្យ។ លាក់ការសំងាត់ ពាក្យសំដីដែលគ្មានប្រយោជន៍មិនគួរនិយាយសោះឡើយ។ កុំធ្វើការងារធំដុំជាមួយកើតថ្ងៃអង្គារ។ ការរៀបចំពិធីមង្គលនានាគួរចាប់ផ្តើមនៅពេលរសៀល។ សម្រាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ មានដំណើរការយ៉ាងល្អប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានហេតុជំទាស់ឡើយ។ ប៉ុន្តែសូមផ្អាកការផ្លាស់ប្តូរសិនទើបជាការប្រសើរជាង។ កំហុសតិចតួចអាចកើតឡើង ប៉ុន្តែសូមដោះស្រាយដោយសន្តិវិធី និងយោគយល់។ ទិសភោគផលធំរបស់អ្នក គឺទិសនិរតី ហើយមនុស្សដែលអាចជួយជ្រោមជ្រែងអ្នកបាន មានកំណើតឆ្នាំវក។ សម្រាប់ទំនាក់ទំនងស្នេហាកំឡោះក្រមុំ សញ្ញាណនៃចម្លើយដ៏រីករាយនឹងមានដល់អ្នក។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព