ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី១០)

ផ្កាស្រពោន (ភាគទី១០)

ព្រះសុរិយារះទន្ទែងចាំងចុងដូងលៃ ដែលមានវាយោមកបន្ទន់យោលយាលទៅមក។ អ្នកផងទាំងឡាយដើរហូរហែចុះឡើងពាសពេញ។ យាយនួននិងម៉ែផៃស្លៀកពាក់ស្អាតបាត នាំនាងវិធាវីដែលមានសាច់ស្លាំង ហើយដណ្តប់ក្រមា ដើរលុយទឹកឆ្លងស្ទឹងទៅផ្សារ។ ស្ទឹងសង្កែនៅរដូវប្រាំង តែងរឹងស្រកស្ទើរអស់នៅសល់តែខ្សែទឹកតូចតាមប្រឡោះកូនកោះខ្សាច់ដុះឡើងក្នុងផ្ទៃនៃទឹក។ ដោយសារក្រុងបាត់ដំបងមិនសូវសំបូរទៅដោយស្ពាន និងដោយសារទឹកវារាក់ពេករកប្រើទូកដមិនកើត មហាជនតែងនាំគ្នាលាត់សំពត់លុយឆ្លងកាត់ទៅ ពីត្រើយម្ខាងទៅត្រើយម្ខាង។

គ្រានោះមានឈ្នួលម្នាក់លីវ៉ាលីស ស្បែកមួយធំនៅលើស្មាឆ្វេង និងយួរកូនវ៉ាលីសតូចមួយនៅដៃស្តាំដើរតាមក្រោយស្រ្តីទាំងបីប្រាណ។ នាងវិធាវីខំប្រឹងទប់ខ្លួនកុំឲ្យដួល ដោយកំលាំងទឹកហូរច្រាន។ ដំណើរនាងក៏ធេងធោងទ្រេតមិនដូចជាជន ដែលលុយទឹកជាមួយនាងហើយដែលមានអាយុច្រើនជាងនាងនោះឡើយ។ មុខស្លេកស្លាំង និងដំណើរបែបនេះជាហេតុចង្អុលឲ្យឃើញថា នាងមានសុខភាពមិនមាំទាំទេ។

កាលបើបានដល់ផ្សារវិលហើយ យាយនួនគាត់តំរង់ទៅចំណតឡានទៅសៀមរាប។ លុះបានតថ្លៃរួចគាត់ក៏បង្គាប់ឲកូនគាត់និងម៉ែផៃឡើងជិះលើរថយន្តនោះ។ លុះគាត់ប្រាប់ឲ្យគូលីឡានម្នាក់ លើកវ៉ាលីសទាំងពីររៀបដាក់ទៅលើដំបូលរថយន្តឲ្យបានស្រួលបួលឲ្យគាត់រួច ទើបគាត់ដើរទៅរកទិញម្ហូបចំណីយកទៅទុកអាស្រ័យ

យីចែតើហ្ន៎! អញ្ជើញទៅណាមកណាបានជាទិញអីវ៉ាន់យ៉ាងនេះ? យាយនួនគាត់ងើបមើលឡើងឃើញនាងថូ គាត់ក៏ញញឹមឆ្លើយៈ

ចា៎នាង ខ្ញុំជូនកូនទៅសៀមរាប។

បើយ៉ាងនេះ ចាំឲ្យគេបើកឡានតូចខ្ញុំជូនទៅ! កុំជិះឡានឈ្នួលធ្វើអី វាពិបាកណាស់។

អរណាស់ហើយនាង ខ្ញុំទិញកន្លែងស្រេចទៅហើយកុំឲ្យនាងព្រួយ។

មានកើតអីចែ ឡានខ្ញុំនៅទំនេរសោះ ប៉ុនជាទៅលេងជាមួយគ្នាទេតើ។

ចិត្តយាយនួនចង់ទទួលអាការគួរសមនៃដន្លងគាត់ពន់ពេកតែគាត់នឹកខ្លាចទាស់ចិត្តកូនគាត់។ គាត់ក៏នៅស្ងៀមមិនតប ហើយលូកដៃទៅរើសសាច់ក្រកឲ្យចិនថ្លឹងចំនួនកន្លះនាឡិ។ ឲ្យនាងថូទៅឈរចាំមើល។ លុះឃើញយាយនួនទិញរួចហើយ​ ក៏ចៅរៅសួរថែមទៀតៈ

ឯណា ក្មួយ ចែ?

វានៅចាំឡានឯនោះ។

បើអីចឹង ខ្ញុំទៅជួបមួយភ្លែត។

ថាហើយ ស្រ្តីទាំងពីរនាក់ក៏នាំគ្នាដើរត្រង់ទៅឡានឈ្នួលៈ

យី ក្មួយឯងទៅលេងសៀមរាបហ្នឹង?

នាងវិធាវី ដែលភ្នែករវល់សំឡឹងភ្លឹកទៅឆ្ងាយ លុះឮសំដីនេះហើយក៏ភ្ញាក់ខ្លួនព្រើត។ នាងងាកមុខមកឃើញនាងថូ ភក្រ្តនាងដែលពីមុនស្លាំងសដូចទេសឯក ក៏ប្រែជាក្រហមទុំភ្លាម ដោយសេចក្តីក្រៅក្រហាយ។ តាំងតែពីនាងដឹងខ្លួនថាម្តាយនាងលើកឲ្យទៅជាកូនប្រសានាងថូ កាលណាមកនាងចេះតែទោម្នេញដំណេកមិនបាន បាយទឹកអ្វីក៏ឡើងជាប្រហាត ឥតឳជារស។ នាងដែលមិនហ៊ាន នឹកខឹងនឹងមាតាក៏បង្វិលសេចក្តីក្រោធនេះដាក់ទៅលើគ្រួសារដែល ប្រាថ្នាចង់បាននាងជាកូនប្រសារវិញ។ យាយនួនឃើញកូនគាត់ចេះតែមុខស្រពោន ហើយស្គមថយកម្លាំងទៅៗ ដូច្នោះក៏គិតឃើញថាគួរនាំកូនគាត់ទៅលេង រំហើយចិត្ត ដោយយល់ថាការទស្សនាបុរាណដ្ឋានទាំងពួងដែលឋិតនៅក្នុងខេត្តសៀមរាប នឹងអាចនាំឲ្យកូនគាត់រីករាយសប្បាយ មានសាច់មានឈាមឡើង នឹងអាលរៀបការឲ្យទាន់ខែពិសាខខាងមុខ។

នាងវិធាវីដែលឈ្វេងយល់គំនិត កំបាំងម្តាយខ្លួនដូច្នោះ ក៏រឹតតែក្នាញ់តែមិនចេញស្តីថាអ្វីឡើយ។ លុះឮសំដីនាងថូមកប្រលោមសួរទៀត សេចក្តីក្រោធពិរោធទាំងប៉ុន្មាន ក៏ដាលពុះពោរឡើងពេញទាំងទ្រូង តែដោយនាងជាអ្នកមានពូជពង្សនាងក៏ខំទប់សង្កត់ហើយឆ្លើយតបដោយសំឡេងនៅញ័របន្តិច។

         ចា៎មីង ម៉ែគាត់នាំខ្ញុំទៅលេងអង្គរ។

         យីក្មួយ! ឯងកើតអីហ្នឹងក៏ស្គមម៉្លេះ? មកកុំជុះឡាននេះ ចាំជិះឡានមីងវិញ មីងប្រើឲ្យទៅយកមួយរំពេចបានហើយ។

អរគុណណាស់ហើយមីង កុំឲ្យមីងមានព្រួយឡើយ ម្យ៉ាងទៀតខ្លួនខ្ញុំនេះមិនមានរោគអ្វីទេ។  នាងថូរៀបនឹងហាមាត់ឆ្លើយទៅហើយ ប៉ុន្តែជួនជាពេលនោះ មានមនោគតិមួយចំឡែក ហើរមកប៉ះសតិគាត់ គាត់ក៏ឈប់នៅស្ងៀមទៅវិញ។ មួយសន្ទុះក្រោយមកនាងថូក៏លាអ្នកដំណើរទាំងនោះ ក៏ចេញទៅ។ ឡានរត់លឿន…រត់លឿនកាត់វាលស្រែដែលមានជញ្ជ្រាំងជាប់នៅដី នាងវិធាវីដែលមានម្តាយនាង និងម៉ែផៃអង្គុយអមសងខាងនាង ខំគយគន់រុក្ខជាតិ ជួរភ្នំនិងទេសភាពទាំងពួង ដែលកំដៅព្រះអាទិត្យរដូវប្រាំង កំទេចជាផង់ធូលីមើលយូរទៅនាងរោយភ្នែក នាងក៏ដាក់មុខសញ្ជឹងសញ្ជប់ ខ្យល់ល្បឿនរត់បក់បោកសក់នាងយោលរវិចៗ។

         ឳគូសង្សារថ្លើមប្រមាត់ កម្មអ្វីមកកាត់ឲ្យព្រាត់ខ្ចាយ

         ពីថ្ងៃនេះទៅបែកចេញឆ្ងាយ ឳស្តាយសែនស្តាយ ស្តាយខ្លួនក្មេង

         ម៉ែអើយមានសីលនៅពេញខ្លួន ម្តេចឲ្យកូនខ្លួនសោកសង្រេង

         ម្តេចហ៊ានផ្តាច់កូនពីគូព្រេង វង្វេងនេះព្រាតតែក្តីលោភ

ពាក្យកាព្យដែលនាងបានអានឃើញក្នុងសៀវភៅមួយ ក៏នៅថតជាប់ក្នុងសតិនាង។ លុះនាងត្រូវរងទុក្ខប្រកបគ្នានឹងលក្ខណៈនៃពាក្យនេះ ទំនុកឃ្លោងក៏រោយជ្រុះចេញមកដោយឯង។ តាំងតែពីនាងដឹងខ្លួនថា ម្តាយលើកនាងឲ្យទៅចៅណៃស៊តកាលណាមក ទឹកមុខនាងក៏ចេះតែក្រៀមក្រំអាប់រស្មី។ បុប្ជាទាំងពួងដែលរីកស្គុះស្គាយជាលំអធម្មជាតិ បើត្រូវកំដៅព្រះអាទិត្យ ឬមានម្លប់អ្វីមកគ្របដណ្តប់ តែងនឹងស្រពោន រុះរោយចោលត្របករាយនៅលើពសុធា យ៉ាងណាមិញ នារីដែលមានរូបឆោមលោមពណ៌ ដែលជាលំអនៃមនុស្សធម៌ តែកាលណាមានអាការអកុសលមកបៀតបៀន ក៏សឹងតែធ្លាក់ទៅក្នុងសភាវៈចង្រៃនោះ ដូចគ្នាដែរ។

នាងវិធាវី គិតដល់ពាក្យដែលបានសន្យា គិតដល់សេចក្តីស្នេហារបស់នាង គិតដល់រឿងរ៉ាវសៀវភៅប្រលោមលោក ដែលនាងបានអានខ្លះក្នុងអក្សរសាស្រ្តសៀមគិតដល់ប៊ុន ធឿន ដែលនាងធ្លាប់ដឹងចិត្តដឹងថ្លើម គិតមមៃសព្វគ្រប់ទៅ នាងសល់សែនចំបែងក្នុងចិត្ត នាងយល់ម្តងថា ត្រូវជំរាបម្តាយនាង ពីការណ៍មិនចូលចិត្ត នឹងនាងថូព្រោះថាស្រ្តីនេះ ជាអ្នកវាយកំពស់ដោយអាងសម្បត្តិ និងពីដំណើរស្អប់ឈ្មោះណៃស៊ត ដែលជាកំឡោះប្រហើនស្រវឹងដោយធនធាន មិនមានចិត្តមេត្តាករុណាដល់អ្នកតូចទាបឡើយ។ នាងគិតពន្យល់ម្តាយនាងថា ឈ្មោះណៃស៊តចង់បាននាងជាភរិយានេះ ដោយប្រាថ្នាត្រេកនឹងលំងរូបនាងប៉ុណ្ណោះ។ តែបើកាលណា នៅភពប្រសព្វគ្នាយូរទៅនាងនឹងមានកូនចៅ ឯរូបរាងក៏អន់ទ្រុឌទ្រោមទៅដែរ ឈ្មោះនេះក៏នឹងលះបង់ចោលនាងហើយ នាងនឹងលុះនៅក្នុងសេចក្តី តោកយ៉ាកពុំខាន។ តាមពាក្យអ្នកផងគេនិយាយថា ឈ្មោះណៃស៊ត មានចំណូលនឹងបរទាកម្មណាស់ ហើយថែមទាំងបានធ្វើនារីម្នាក់ឲ្យមានគត៌ រួចហើយឈ្មោះណៃស៊តក៏បង់ប្រាក់កាស បន្តិចបន្តួចចោលស្រ្តីនោះមានទំនួលដូចគេបរិភោគគុយទាវ ឬកាហ្វេ ហើយចេញប្រាក់ឲ្យទៅអ្នកលក់យ៉ាងនោះឯង។  នឹកហើយនាងខ្សឹកខ្សួលតែនឹងហាមាត់ជំរាបម្តាយតាមយោបល់នេះមិនរួចដោយនាងជាយុវតីមួយស្រគត់ស្រគំ ធ្លាប់ពន្លយកិរិយាមារយាទតាមលំអាននៃទំនៀមបុរាណចាស់ទុំជានិច្ច។ នាងមានសេចក្តីអៀនខ្មាសច្រើន មិនហ៊ានចរចាពីសេចក្តីសេ្នហាសោះឡើយ ប្រការមួយទៀត នាងគិតឃើញថា សម័យនេះហួសឳកាសទៅហើយ ទោះនាងប្រកែករឹងរូសដូចម្តេចក៏មុខតែយាយនួនគាត់ប្រែសំដីថាទេវិញ មិនបានឡើយ។ ខែពិសាខ! នៅតែមួយខែទៀតទេ…នឹកឃើញថាពេលអាពាហ៍ពិពាហ៍កិច្ចនៅខ្លីដូច្នោះនាងក៏ព្រឺព្រួច ហើយសុំបួងសួងទេវតាឲ្យជួយយោងសេចក្តីសេ្នហានាងឲ្យផុតពីគ្រោះធំនេះ។

         ឡានបរទៅមុខ! ទៅមុខ! …នេះប្រជុំជនមង្គលបុរី…នេះសេរីសោភ័ណ! អ្នកដំណើរក៏នាំគ្នាចុះស្រទៅប្រញិបប្រញាប់ទិញបាយចិនអាស្រ័យ។ យាយនួនគាត់ក៏ស្រាយកញ្ចប់ ហើយកាច់នំប៉័ងមួយកំណាត់ និងបេះសាច់ក្រកមួយគូឲ្យទៅម៉ែផៃ ទើបគាត់ហៅកូនគាត់៖

         មកអាវី​ ស៊ីនំប៉័ងទៅ។

នាងវិធាវីក៏យកនំប៉័ងប៉ុនមេដៃបិទនឹងសាច់ក្រកមួយចំណិត។ ម្ហូបនេះហាក់ដូចជាមានឳជារសល្វីងចត់ផ្តេសផ្តាសក្នុងមាត់នាង។ នាងលេបមិនរួច ក៏ខ្ជាក់ចោលទៅនឹងថ្នល់។ ក្នុងវេលានោះមានឆ្កែខ្មៅមួយដែលមាន អង្គែស៊ីពេញខ្លួន ដើរមករើសកញ្ជាក់នាងវិធាវី ឆក់បរិភោគហើយសំដែងទឹកមុខឲ្យឃើញថា ចំណីនោះឆ្ងាញ់ពិសាយ៉ាងចំឡែក។ នាងក៏កាច់នំប៉័ងមួយដុំប៉ុនកដៃបោះឲ្យទៅសុនខនេះទៀត។ សត្វនេះមុននឹងត្របាក់ចំណីនោះ ក៏លើកភ្នែកសំឡឹងមកនាង មានកិរិយាហាក់ដូចជាចង់ថ្លែងសេចក្តីអរគុណចំពោះនាង! នាង វិធាវីក៏កើតសញ្ជឹងៈ ឳសត្វតិរច្ឆាននេះ ចេះនឹកគុណ ឯមនុស្សម្តេចក៏ភ្លេចសេចក្តីសន្យាហ្ន៎?

អាវី ម៉េចក៏មិនញ៉ាំនំឲ្យច្រើនទៅ នៅជាងពាក់កណ្តាលផ្លូវទៀតទើបដល់សៀមរាប។ ញ៉ាំទៅ តិចទៅជាខ្យល់ ជាព្យុះអីទៀតហើយ។

         ចា៎ម៉ែ ខ្ញុំមិនសូវឃ្លានទេ។

យាយនួនគាត់ក៏ងើបមើលភក្រ្តកូនគាត់ ហើយងាកចេញភ្លាមបែរសំឡឹងទៅទីឆ្ងាយមានទឹកមុខព្រួយចំប្រប់ ទ្រូងគាត់តឹង ខ្លួនគាត់ស្រយង់។ គាត់គិតឃើញថា កិរិយាចំឡែកនៃកូនគាត់យ៉ាងនេះ ដល់មានគូគ្រងទៅមុខជានឹងផ្លាស់ប្តូរវិញពុំខាន…គំនិតនេះធ្វើឲ្យយាយនួនធូរទ្រូង ព្រោះនៅជិតថ្ងៃខែណាស់ហើយ។

(សូមរងតាមដានរឿង ផ្កាស្រពោន ភាគទី១១ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!