ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកមានភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនគួរសម ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។ ការឈ្លោះប្រកែក នឹងនាំមកនូវបញ្ហាធំ ព្រមទាំងខាតប្រយោជន៍ផងដែរ។ គួរយកចិត្តទុកដាក់សេចក្តីសុខក្នុងក្រុមគ្រួសារ ពិសេសជាមួយកូនចៅ។ សម្រាប់ទំនាក់ទនងដៃគូ លោកអ្នកមានភាពស៊ីសង្វាក់គ្នាល្អប្រសើរណាស់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិចច្ចការងារ និងមនុស្សនៅជុំវិញខ្លួននឹងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំណែកការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់។ សម្រាប់កំឡោះក្រមុំ គួររក្សាចិត្តថ្លើមសិន ព្រោះទំនាក់ទំនងអ្នកស្ថិតក្នុងសភាពមិនច្បាស់លាស់នៅឡើយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ។ ទិសភោគទ្រព្យនៅថ្ងៃនេះ គឺទិសអាគ្នេយ៍។ ចំណែកមនុស្សដែលមិនគួរប្រាស្រ័យគឺមានកំណើតឆ្នាំវក។ គូស្នេហ៍មានភក្តីភាពនឹងគ្នាណាស់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។ សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ សូមរក្សាចិត្តគំនិត និងភាពទន់ភ្លន់ ប៉ុន្តែមិនត្រូវទុកចិត្តមនុស្សពេកនោះទេ ពិសេសអ្នកដែលមានកំណើតឆ្នាំជូត។ សូមទម្លាក់ចោលកិច្ចការងារខ្លះចោល នឹងធ្វើការងារណាមួយឲ្យច្បាស់ទើបប្រសើរជាង។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សឆ្នាំមមែ។ ដោយឡែក គូស្នេហ៍ស្រលាញ់រាប់អានគ្នាណាស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះធាតុទឹកនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ដូច្នេះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ លោកអ្នកគួរយកចិត្តទុកដាក់ជាមួយមនុស្សផ្ទុយភេទដែលនៅក្បែរលោកអ្នក ព្រោះគេអាចនឹងនាំសំណាងដល់អ្នក។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ។ ប៉ុន្តែសូមអ្នកកុំមានចិត្តខឹងក្រោធឲ្យសោះក្នុងថ្ងៃនេះ។ សម្រាប់គូស្នេហ៍ មានភាពចុះសម្រុងល្អណាស់។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ លោកអ្នកត្រូវមានចិត្តស្មោះត្រង់ និងមិនត្រូវធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃនោះទេ។ មនុស្សដែលអាចជួយយកអាសារអ្នកបានមានកំណើតឆ្នាំចរ។ ចំពោះគូស្នេហ៍ ស្រលាញ់ និងយឹតយោងគ្នាណាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីរបស់លោកអ្នកផ្សារភ្ជាប់ខ្លាំងទៅនឹងកុមារ ដូច្នេះចូរធ្វើទំនាក់ទំនងល្អជាមួយពួកគេ។ ចំពោះការងារ និងរបរនានាលោកអ្នកអាចនឹងទទួលផលដ៏ប្រសើរណាស់ ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយគ្មានគម្រោងបានទេ។ ពេលវេលាល្អសម្រាប់ការរៀបចំពិធីនានាគឺនៅពេលព្រឹក។ សូមប្រុងប្រយ័ត្ននឹងការរលាកស្បែក។ ចំពោះគូស្នេហ៍មានភាពចុះសម្រុងគ្នាណាស់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ ប្រសិនបើសមានគម្រោងផ្លាស់ប្តូរការងារ សូមកុំបារម្ភ ការងារថ្មីនឹងអាចផ្តល់ផលល្អដល់អ្នក។ សូមជៀសឲ្យផុតពីជម្លោះនៅក្នុងក្រុមការងារ និងកុំពាក់ព័ន្ធរឿងអ្នកដទៃ។ លោកអ្នកអាចរៀបចំពិធីមង្គលនានាបានដោយមិនប្រកាន់ពេលនោះទេ។ ចំពោះស្នេហ៍ លោកអ្នកស្រលាញ់គ្នាណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា។ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។ រាសីរបស់អ្នកថ្ងៃនេះមិនត្រូវគ្នានឹងមនុស្សឆ្នាំខាលនោះទេ ដូច្នេះសូមរក្សាគំលាត និងមិនគួរពាក់ព័ន្ធក្នុងកិច្ចការធំដុំនោះទេ។ សម្រាប់សេចក្តីស្នេហា គូស្នេហ៍យល់ចិត្តថ្លើមគ្នាល្អណាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សដែលមកពីចំងាយនាំលាភមកឲ្យ។ សូមរក្សាលាភសំណាងនេះ ដោយភាពស្មោះត្រង់ និងការចេះជួយយកអាសារមនុស្សនៅជុំវិញខ្លួន។ សូមលោកអ្នកប្រយ័ត្នក្នុងការនិយាយស្តី ពីព្រោះកំហុសដោយអចេតនានឹងបណ្តាលឲ្យអ្នកមានភាពស្មុគ្រស្មាញខ្លាំង។ សម្រាប់គូស្នេហ៍ មានភាពល្អូកល្អឺនណាស់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ។ សូមចាប់ផ្តើមការងារ និងពិធីនានានៅពេលព្រឹក ហើយទិសមង្គលរបស់អ្នកគឺទិសបូព៌។ សម្រាប់គូស្នេហ៍ ចុះសម្រុងគ្នាណាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលនោះទេ។ សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារឡើងវិញ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ សម្រាប់ទំនាក់ទំនងស្នេហា លោកអ្នកគួរយកចិត្តទុកដាក់នឹងគ្នា។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព