ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី១២)

ផ្កាស្រពោន (ភាគទី១២)

         មានយប់មួយនៅវេលាអាធ្រាត្រនាងវិធាវីដែលនិទ្រ្ទាមិនលក់សោះនោះ ក៏ក្រោកឡើងបើកបង្អួចក្បាលដំណេក។ ខ្យល់ត្រជាក់បោកបក់ក្លិនរុក្ខជាតិ ស្ទុះចូលមកអង្អែលភក្ត្រានាង។ នៅខាងក្រៅ លោកខែបញ្ចាំងរស្មីទន់ត្រជាក់ដូចព្រែមកគ្របលើសាកលទ្វីប។ នៅក្នុងមេឃពណ៌ខៀវផ្លាត្រយង់ ដុំពពកសៗដូចកប្បាសរសាត់បន្តគ្នា ជួនកាលមកបាំងវង់ព្រះច័ន្ទបណ្តា្យស្រទំស្ងប់មួយភ្លែត។ កាលណាពពកនោះអណ្តែតផុតទៅ ពន្លឺរាជនីនៃរាត្រីមកចាំលើធាងដូងដែលយោលរេរាដោយវាយោ ហើយដែលភ្លឺភ្លែតៗ ដូចជាបន្ទះដែកស្មិត។

         នៅក្នុងសន្ធិយាស្ងាត់នោះ នាងវិធាវីនៅកណ្តែងកណ្តោចឈឺអួលផ្សាតែម្នាក់ឯង។ ចិត្តនាងនឹកទៅដល់ប៊ុនធឿនមិនលោះវេលា។ ឳម្លេះនៅពេលមួយនេះ សមអ្នកបងនិទ្រ្ទាសុខសំរាន្ត ឬមួយក៏មានចិត្តគិតមកនាងខ្លះដែរក៏មិនដឹង។ នៅពេលដែលនាងគិតឃើញដូច្នេះ ទឹកភ្នែកពីរដំណក់ហូររមៀលចុះមក។ នាងនឹកដល់ពពួកទេវតាដែលមានគេជាអនុភាពម្តេចក៏ទុកនាងឲ្យរងកម្មអ្វីដល់ម្លេះ? ម្តេចក៏មិនរំលាយជីវិតនាងនៅគ្រាដែលទៅមើលប្រាសាទអង្គរទៅ?…អង្គរ? នាងនឹកឡើងសែនគ្នាន់ក្នាញ់ក្តៅរោល ដូចឃើញនៅនឹងមុខថ្មីៗ។ យីអាណៃស៊តនេះ ចំជាព្រហើន ថ្លើមធំមែនហើយហ្ន៎! វាហ៊ានទៅរលុករលុយឯងកំពុងថ្វាយបង្គំព្រះអង្គ។ នាងនឹកឃើញវេលាដែលឡើងជិះរទេះមកទាំងភ្លៀង នាងនឹកឃើញកាលដែលនាងដេកញ័រកន្ត្រាក់ទទូរផួយពីរ បីជាន់ដោយនាងចាប់គ្រុនយ៉ាងធ្ងន់។ នាងនឹកឃើញដល់នាងសុចិត្រាដែលជួយបីបាច់ថែរក្សានាងក្នុងពេលនោះ។ នាងនឹកដល់ថៅកែបេងជុន ដែលរត់រកពេទ្យទាំងរាត្រី ដើម្បីយកថ្នាំមកចាក់ឲ្យនាង…លុះតែនាងបានគ្រាន់ស្រយាល។ ឳបើប្រសិនណាជានាងមានសំណាងទៅថ្ងៃក្រោយ នាងនឹងមិនភ្លេចគុណជនទាំងពីរនាក់នេះឡើយ។

         លុះឃើញថានាងបានគ្រាន់ស្រួលបួលបន្តិចហើយ ម្តាយនាងក៏បាននាំនាងវិលមកផ្ទះសំបែងវញដោយរួសរាន់។ ចំណែកយាយនួនដែល មានព្រួយដោយខ្លាចក្រែងទាស់អធ្យាស្រ័យនៃនាងថូ ព្រោះយល់ឃើញថាកូនគាត់មានកិរិយាមិនគប្បីក្នុងកំពែងអង្គរធំនោះ គាត់ក៏បានទៅនិយាយសុំចិត្តកុំឲ្យនាងថូគេចាប់ថ្នាក់ប្រកាន់អ្វីសោះឡើយ។ ស្រី្តនោះឮហើយក៏សើចកាច់កក្អាកក្អាយហើយថា ចែកុំព្រួយអីយ៉ាងនោះក្មេងនៅព្រហ្មចារីតែងអៀនគូស្រករយ៉ាងនេះឯង។ យាយនួនគាត់បានធូរដើមទ្រូងពីរឿងនេះ ហើយក៏ពាំសំដីនេះដោយមានទឹកមុខរីករាយ មកប្រាប់កូនគាត់ភ្លាម។

         នាងវិធាវីដែលអង្គុយក្នុងយប់ស្ងាត់ កាលបើនឹកឃើញកិរិយាយ៉ាងនេះនៃម្តាយនាងហើយ នាងក៏សែនក្នាញ់តូចចិត្ត ដោយនឹកខ្មាសគេពន់ប្រមាណ។នាងមានចំបែងជាអនេក។ បានពេលណា នាងរៀបតែរបូតមាត់ជំរាបម្តាយពីហេតុដែលនាងស្អប់ឈ្មោះណៃស៊ត តែសេចក្តីអៀន និងដំណើរទាស់ខុសប្រពៃណីមកសង្កត់អណ្តាតនាងឲ្យស្ងៀមទៅវិញ ព្រោះយល់ឃើញថាតាំងពីបុរាណនាយមក ស្រ្តីខ្មែរមិនមានអំណាចរើសប្តីលើខ្លួនឯងទេ។ បើឪពុកម្តាយទុកដាក់ល្អអាក្រក់ដូចម្តេច ក៏ត្រូវតែទទួលយកជានិច្ច។ ទំលាប់យ៉ាងនេះ នាងយល់ឃើញថា ជាការមិនប្រកបនឹងយុត្តិធម៌សោះ។ ព្រះឥន្ទ្រ ព្រះព្រហ្ម ដែលមានប្ញទ្ធានុភាពក្រៃលែង ម្តេចឡើយក៏មិនមកជួយខ្ញុំឲ្យផុតពីទុក្ខទម្ងន់នេះចេញ? ឳបងប៊ុនធឿនសំឡាញ់អើយ! ទ្រូងអូនគ្មានធូរស្បើយវេលាណាទេ។ បើនៅតែចុកណែនអួលផ្សាយ៉ាងនេះទៅ ឃើញថានឹងធន់ធារមិនបានយូរប៉ុន្មានឡើយ។

         នាងវិធាវីនៅត្រាំក្នុងទុក្ខសង្រេងយ៉ាងនេះ ទាល់តែឮមាត់ក្អែក ដែលប្រស្រ័យនៅដោយចុងអម្ពិល តាមជួរមាត់កំពង់ ស្រែកខ្វកឡើងទ្រហឹងអឹងអាប់។​ នាងងាកទៅខាងកើតក៏ឃើញពន្លឺព្រាងៗ របស់ព្រះសុរិយាដែលរះបំភ្លឺលោក។ នាងក្រោកឡើយមានដៃជើងរួយស្រពន់ ហើយដើរទៅបើកមុងចូលដំណេក។

         នាងវិធាវី កើតទុក្ខឥតដំណេកអង្គុយយ៉ាងនេះសព្វទិវារាត្រី។ ខ្លួននាងល្ហិតល្ហៃស្គមនៅតែស្បែកដណ្តប់ឆ្អឹង។ យាយនួនឃើញដូច្នេះហើយ ក៏បង្ខំឲ្យខាងប្រុសគេរៀបចំឲ្យបានក្នុងពេលឆាប់ ដើម្បីឲ្យបុត្រីគាត់បានស្វាមីហើយនឹងអាលនាំគ្នាដើរលេងកំសាន្តរំហែចិត្ត។  ដូច្នោះហើយនាងថូ ដែលសមចិត្ត និងគំនិតយ៉ាងនេះផងក៏ប្រើគូលីមកជំរះស្មៅយកទីកន្លែងទុកធ្វើរោងផ្កាស្លា រោងចុងភៅ ហើយជញ្ជូនដើមស្លានៅទាំងមូលខ្លះ ពុះជារនាបខ្លះ ព្រមទាំងស្បូវកណ្តបដែលយកបង្គរទុកបំរុងជាស្រេច។

         នាងវិធាវីកាលបើឃើញវត្ថុទាំងនោះហើយ ក៏រឹតតែសុបសៅខ្លាំងឡើងៗ។​ នាងលែងចេញវាចាស្តីថាអ្វីសោះ បើគេដេញដោលសួរពីសុខពលនាងច្រើនពេក នាងក៏ញញឹមដោយស្រពោន ហើយបែរមុខចេញទៅ។

ប្រហែលពីរបីថ្ងៃមក ចាប់មានក្អកស្ងួតមកអង្រួនដើមទ្រូងឲ្យនាងឈឺផ្សារអស់ប្រាណ។ នៅព្រហាមយប់មួយដែលឥតបាននិទ្ទ្រាសោះ ស្រាប់តែនាងក្អកឃុះមកមានធ្លាក់លោហិត    ស្រស់ៗ គេយកកន្ថោរមកត្រងឈាមនោះបានចំនួនពីរពែង។ ឯនាងអស់កំលាំងពេក ក៏ដួលស្រប៉ូបនៅត្រង់កន្លែងអង្គុយ។

         យាយនួន និងយាយផៃ ភ័យស្រឡាំងកាំង ក៏នាំគ្នាលើកគ្រាហ៍នាងវិធាវី ទៅដាក់លើគ្រែ  ហើយម៉ែផៃរត់ទៅពឹងអ្នកជិតខាងម្នាក់ឲ្យគេអាណិត ទៅអញ្ជើញគ្រូពេទ្យមកជា ប្រញាប់។

នៅពេលដែលគ្រូពេទ្យមកដល់ នាងវិធាវីនៅតែស្តូកស្តឹងមិនទាន់ដឹងខ្លួននៅឡើយ។ គ្រូពេទ្យចូលទៅចាប់ដៃ ឆ្វេងអ្នកឈឺមកពិនិត្យជីពចរ ហើយយល់ថាស្រ្តីក្រមុំនេះមានកម្លាំងខ្សោយពេកណាស់។ ដូច្នេះហើយ គេបើកប្រអប់យកថ្នាំមួយបំពង់មកចាក់ឲ្យ ទើបគេនិយាយសុំឲ្យអ្នកជំងឺទៅសម្រាកកម្លាំងកុំឲ្យមានផលរមាស់ ឬមានអ្នកណាធ្វើឲ្យឃ្នើសចិត្តអ្វីឡើយ។

         លុះគ្រូពេទ្យចុះទៅបានមួយស្របក់ នាងវិធាវិក៏ភ្ញាក់ដឹងខ្លួនឡើង។ យាយនួនគាត់អររខិបរខុប លើកបបរ និងត្រីងៀតដែលបំរុងទុកមកឲ្យនាងអាស្រ័យ។ យុវតីនេះឮម្តាយលួងលោមឲ្យញ៉ាំពេក ក៏កើតមានចិត្តអាណិត ហើយខំត្រដរមកអង្គុយជិតម្តាយ ទើបលើកស្លាបព្រាចូកអាហារ។ នាងទើបតែនឹងលេបបានពីរបីមាត់ប៉ុណ្ណោះស្រាប់តែមានរថយន្តមួយបើកមកឈប់នៅមុខផ្ទះ ហើយគេឃើញនាងថូចុះប្រញិបប្រញាប់មកស្រែកពីចម្ងាយ។

         ចែអើយ ចែ ខ្ញុំទើបឮគេនិយាយអំបាញ់មិញនេះសោះ។ នាងវិធាវី ឮសូរមាត់នោះក៏ងាកមើលទៅ ស្គាល់ជានាងថូក៏នឹកអួលក្នាញ់ភ្លាម។ សម្បុរមុខនាងឡើងក្រហមច្រាលដោយសេចក្តីខឹង ឯរោគក្អួតក៏ងើបឡើងទាញអង្រួនខ្លួននាង។ លុះនាងស្តោះទៅក្នុងកន្ថោរគេឃើញធ្លាក់សុទ្ធតែឈាមក្រហមឆ្អៅ។

ឃើញដូច្នោះហើយ នាងថូក៏ស្ទុះទៅត្រកងនាងវិធាវីៈ

យីក្មួយអញឈឺអីដល់យ៉ាងនេះហ្ន៎? ចែបានអញ្ជើញគ្រូណាមើលហើយ ឬនៅ? យាយនួនដែលភ័យស្ទើរគ្មានស្មារតីនោះ ក៏ហាមាត់ឆ្លើយឡើងទាំងប៉ប៉ិបប៉ប៉ុប។

គ្រូពេទ្យបារាំងគេទើបនឹងចុះទៅមុន នាងអញ្ជើញមកដល់បន្តិចនេះ។

ឳចែកុំរកពេទ្យ! ពេទ្យគេមើលមិនពូកែដូចគ្រូខ្មែរទេ។ ខ្ញុំស្គាល់លោកាសង្ឃមួយអង្គដែលតែចង្រ្កមភាវនា នៅក្នុងគុហាភ្នំសំពៅ។ លោកចេះមន្តវិជ្ជាពូកែណាស់។ ​លោកធ្វើទឹកមន្តឲ្យភ្ងូត បើបានងូតទឹកម្តងនឹងឃើញស្បើយ បីដងនឹងជាស្រឡះ។

យីលោកនៅឆ្ងាយអីម្ល៉េះ តើបានរណាគេទៅនិមន្តលោកមក?

ចែព្រួយអី ឡានខ្ញុំឈឹបទៅឈឹបមក ពីនេះទៅភ្នំសំពៅឆ្ងាយប៉ុន្មាន!

យាយនួនក៏ស្រែកហៅម៉ែផៃឲ្យដកហូត ពីខ្លាក់យកទៀនមួយគូ និងធូបមួយសំណុំមកជូននាងថូ។ ស្រ្តីនេះក៏ម្នីម្នាចុះទៅថា ដើម្បីនឹងចាត់ចែងឲ្យគេទៅនិមន្តព្រះសង្ឃពូកែនោះមក។

         នៅល្ងាចត្រជាក់ ឡាននាងថូក៏ត្រឡប់មកឈប់នៅមុខផ្ទះយាយនួនវិញ ស្រ្តីនេះឃើញហើយ ក៏មានវាចារទៅកាន់ជនម្នាក់ក្នុងបណ្តាភ្ញៀវទាំងឡាយ ដែលមកសួរដំណឹងត្រៀបត្រា ឲ្យចុះទៅអារាធនាភិក្ខុឡើងលើផ្ទះ។ ព្រះសង្ឃរូបនេះមានវ័យចាស់គ្រាន់បើហើយ ដំណើរកោងច្រត់ទៅលើឈើមួយ ហើយមានសាច់ជ្រីវជ្រោកដណ្តប់ ដោយចីពរជ្រលក់ខ្លឹមខ្នុរ។

         លុះគេបាននិមន្តលោកឲ្យឡើងរួចហើយ លោកក៏មកគង់កន្លែងមួយដែលគេរៀបបំរុងជាមុន។ ក្រោយដែលគេលើកទឹកតែ បារី​ ម្លូ ស្លាមកប្រគេនលោក លោកក៏មានថេរដីកា សួរដោយសំដីស្អកៗមួយៗ៖

ញោមនិមន្តអាត្មាមកនេះ តើមានការដូចម្តេចខ្លះ?

យាយនួនគាត់ក៏ខិតចូលជិត ហើយនិយាយពិតលោកតាមដំណើរ។ ភ្ញៀវម្នាក់ដែលនៅជិតខាងក៏លើកថាំងមកដាក់ទឹកពេញមកប្រគេនលោក។ ក្នុងភាជន៍មានផ្កាម្លិះក្រពុំៗអណ្តែតសក្បុស។ លោកយកធូបបីសរសៃមកផ្គុំគ្នានឹងដុំក្រមួនមួយប៉ុនកូនដៃ ហើយយកទៅបិទភ្ជាប់នឹងមាត់ធុងទឹក។

(សូមរងតាមដានរឿង ផ្កាស្រពោន ភាគទី១៣ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!