ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ លោកអ្នកគួរចាប់យកឳកាស ហើយបំពេញក្តីស្រមៃរបស់ខ្លួនក្នុងពេលនេះ។ សូមរក្សាភាពស្មោះត្រង់ និងសប្បុរសរបស់អ្នកដើម្បីរក្សាលាភសំណាងឲ្យស្ថិតស្ថេរ។ លោកអ្នកអាចយកឈ្នះមនុស្សដែលកំពុងឈ្នានីសអ្នក ព្រមទាំងអាចដោះស្រាយគ្រប់ឧបសគ្គផងដែរ។ ម្យ៉ាងទៀតលោកអ្នកអាចស្តាប់គំនិតយោបល់របស់អ្នកដទៃ ប៉ុន្តែមិនត្រូវស្លុងចិត្តពេកនោះទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ ដូច្នេះប្រសិនបើអ្នកអាចបង្កើនទំនាក់ទំនងល្អជាមួយពួកគេ នោះអ្នកអាចនឹងទទួលបានជោគជ័យយ៉ាងខ្លាំង។ ដូច្នេះសូមរក្សាអាកប្បកិរិយា និងពាក្យសំដីឲ្យបានល្អផងដែរ ធ្វើយ៉ាងណាកុំឲ្យប៉ះទង្គិចទៅលើសេចក្តីសុខ និងផលប្រយោជន៍អ្នកដទៃ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំមានក្តីបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក ព្រោះក្នុងថ្ងៃនេះប្រាក់កាសនឹងហូរចូលក្នុងហោប៉ៅរបស់អ្នកយ៉ាងប្រាកដ។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាន និងជួយយកអាសារណាស់ ដូច្នេះគ្មានអ្វីជាការបារម្ភនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រប់គ្រងការនិយាយស្តី និងអាកប្បកិរិយា។ ផ្ទុយទៅវិញ បើទោះបីមានអ្វីកើតឡើង សូមកុំមានការសោកស្តាយចំពោះការខកខានឡើយ។ លោកអ្នកអាចយកឈ្នះមនុស្សគ្រប់គ្រងដែលមានបំណងមិនល្អលើអ្នកបានយ៉ាងងាយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ លោកអ្នកអាចទទួលបានសំណាងនានា ប៉ុន្តែមិនទាក់ទងជាពិសេសទៅនឹងទ្រព្យសម្បត្តិនោះទេ។ សូមរក្សាភាពរីករាយរាក់ទាក់ជានិច្ចក្នុងថ្ងៃនេះ។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារ សូមកុំមានចិត្តស្ទាក់ស្ទើរ អ្វីៗនឹងដំណើរការល្អទៅតាមបំណង។ សូមកុំជឿទុកចិត្តមនុស្សដោយងាយ និងជៀសវាងមនុស្សដែលមកពីចំងាយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី និងធំដុំនោះទេ។ ចំណែកបុគ្គលិករដ្ឋឯកជន មិនទាន់អានទទួលផលពីការងារដែលដាក់ចេញផងដែរ។ ហោរាណែនាំអ្នកឲ្យរៀបចំគម្រោងការងារលម្អិត និងពេញលេញ។ ការតុបតែងខ្លួន និងជួយលើកស្ទួយ ព្រមទាំងកែប្រែស្ថានការណ៍បានយ៉ាងប្រសើរ។ សូមធ្វើទំនាក់ទំនង និងសុំយោបល់ពីមនុស្សដែលលោកអ្នកជឿទុកចិត្ត ប្រសិនបើអ្នកមិនអាចរកច្រកចេញបានល្អ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ឯដំណឹងនានាក៏មិនទាន់អាចទទួលបានដែរ។ ក្រៅពីនេះ លោកអ្នកមានបញ្ហាប្រឡាក់ក្រឡាច្រើន ដែលរំខានដល់អារម្មណ៍ជាខ្លាំង។ សូមព្យាយាមរកពេលរិះគិត រកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍ដែលនឹងកើតឡើង។ សូមការពារឯកជនភាពរបស់ខ្លួនអ្នកឲ្យបាន ព្រោះមានមនុស្សកំពុងចង់ជ្រៀតជ្រែកកិច្ចការរបស់អ្នក។ សូមមានចិត្តអត់ធ្មត់ និងស្ងៀមស្ងាត់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ លោកអ្នកនឹងមានមនុស្សផ្ទុយភេទជួយទំនុកបម្រុងយ៉ាងខ្លាំង ដូច្នេះចូរមានចិត្តស្មោះត្រង់ និងរស់រាយជានិច្ច។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាក់ល្បងឲ្យសោះ ផ្អាកសិន និងសុំយោបល់មនុស្សដែលអ្នកទុកចិត្ត។ សូមលោកអ្នកមានការប្រុងប្រយ័ត្នចំពោះសុខសុវត្ថិភាពពេញមួយថ្ងៃ ទម្លាក់ចោលការងារខ្លះទើបប្រសើរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជូញដូរ ហាក់សូវទទួលបានផលចំណេញតាមការរំពឹងទុក និងទុនដែលបានចំណាយនោះទេ។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយមានគម្រោងការងារជាក់លាក់។ ភាពរស់រាយរាក់ទាក់ និងសំដីទន់ភ្លន់ជាគន្លឹះដោះស្រាយបញ្ហា។ កុំជឿទុកចិត្តមនុស្សមកពីចំងាយ ប្រសិនបើគ្មានទំនាក់ទំនងទើបជាការប្រសើរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗស្ថិតក្នុងដំណើរដ៏ប្រសើរ។ សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍។ ថ្ងៃនេះសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះចូរព្យាយាមសម្រេចផលការងាររបស់អ្នក ប៉ុន្តែសូមជៀសវាងការជឿមនុស្សដោយងាយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ សូមកែប្រែការតុបតែងខ្លួនរបស់អ្នកដើម្បីទទួលបានភាពស្អិតស្នាលពីដៃគូការងារ និងរបររកស៊ី។ សូមមានគំនិតច្នៃប្រឌិតថ្មី និងកុំភ័យខ្លាចក្នុងការបង្ហាញចេញនូវគំនិតរបស់អ្នក។ លោកអ្នកអាចមានការឈ្លោះប្រកែកគ្នាតិចតួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានដោយគ្មានផលរំខានអ្វីទេ។ សូមរំលឹកថា ការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនមែនជាជំរើសល្អនោះទេ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកមានចិត្តគំនិតល្អ និងសប្បុរសណាស់ ដែលអាចនឹងនាំលាភសំណាងធំក្នុងចូលក្នុងផ្ទះនាពេលនេះ។ សូមប្រុងប្រយ័ត្ន ក្រែងមានជំលោះនៅក្នុងគ្រួសារ។ លោកអ្នកគួរដាក់ការងារខ្លះ និងគិតគូរដល់ដំណើរកំសាន្ត។ ការទទួលគំនិតមនុស្សជុំវិញខ្លួន។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពពេញលេញក្នុងការស្វែងយល់ពីបញ្ហា និងរកមធ្យោបាយដោះស្រាយមានយ៉ាងប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ បន្ថែមពីនោះទៅទៀត អ្នកនឹងបានទទួលការគាំទ្រពីមនុស្សជាទីស្រលាញ់។ ផ្ទុយទៅវិញ ហោរាណែនាំកុំទាន់ឲ្យមានការផ្លាស់ប្តូរការងារដែលអ្នកកំពុងមានបញ្ហា ចំណាយពេលបន្ថែមទៀតសិន និងព្យាយាមឲ្យអស់ពីសមត្ថភាព ព្រោះការងាររបស់លោកអ្នកកំពុងមានសញ្ញាណល្អ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា រួមទាំងជម្លោះដែលកើតឡើងពីមុនផងដែរ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព