ទំព័រដើមនិទានកថាស័ង្ខសិល្បជ័យ (ភាគទី៩)

ស័ង្ខសិល្បជ័យ (ភាគទី៩)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះរៀបចំរួចស្រេចហើយ ទ្រង់ក៏ក្រាបបង្គំយាងសម្តេចព្រះមាតុច្ឆាចូលព្រះនគរ។ កេសរសុមន្ទាស្តាប់ហើយឆ្លើយថាៈ “កូនអើយចិត្តមាតាមិនណាយបិតាកូននោះឡើយ តែថាមាតាមានបុត្រីដែលត្រូវជាប្អូនបុត្រ ឥឡូវត្រូវព្រាត់ទៅឆ្ងាយរហូតដល់ពិភពនាគ ដោយបុណ្យចេស្តាររបស់បុត្រដូច្នេះសូមបុត្រទៅយកប្អូនមកមូលនឹងមាតាផង…”។ ព្រះពោធិសត្វទ្រង់សណ្តាប់រួចក៏ធានាថា នឹងទៅយកមកថ្វាយឲ្យបាន។ បន្ទាប់មកព្រះពោធិសត្វក៏នាំមាតុច្ឆាទៅគង់នៅប្រាសាទទិព្វ ដោយចំណីអាហារតាមតែចិត្តនឹក ទ្រង់ក៏ឲ្យរាជសីហ៍នៅចាំថែរក្សាព្រះមាតុច្ឆា ស្រេចហើយក៏ក្រាបបង្គំលាចេញទៅ។ ទ្រង់អធិដ្ឋានផ្សងនូវបារមីព្រះអង្គ ដែលអនាគតក្លាយជាព្រះពុទ្ធថាៈ “បើឋាននាគនៅត្រង់ណាសូមឲ្យស័ង្ខសិល្បជ័យនាំទៅទីនោះ”។ ផ្សងស្រេចទ្រង់ក៏ឡើងគង់លើស័ង្ខ ហើយស័ង្ខក៏នាំផ្លូវទៅដល់ឆ្នេរសមុទ្រ ស័ង្ខក៏មុជជ្រែកផ្ទៃទឹកនាំព្រះពោធិសត្វរហូតដល់ឋាននាគ។ ព្រះពោធិសត្វទ្រង់យាងមើលផ្សារតាមកន្លែងផ្សេងៗ រួចហើយក៏បបួលរាស្ត្រនាគលេងល្បែងបាសកា។ រាស្ត្រនាគទាំងអស់លេងជាមួយព្រះពោធិសត្វ គ្មាននរណាមួយយកឈ្នះបាន   ឡើយ។ មិនយូរប៉ុន្មានក៏ឮល្បីដល់មន្រ្តីនាគ។ មន្ត្រីនាគក៏បានយាងព្រះពោធិសត្វទៅលេងបាសកា ហើយក៏ចាញ់ដៃព្រះពោធិសត្វ។ កាលនោះទ្រង់ក៏អួតអាងថាៈ “មិនថារាស្រ្ត ឬមន្ត្រីទេ គ្មាននាគណាមួយអាចឈ្នះលើយើងជាមនុស្សបានឡើយ”។ ក្នុងកាលនោះដែរ មន្រ្តីនាគក៏បាននាំពាក្យទៅទូលស្តេចនាគ។ ព្រះបាទភុជង្គនាគទ្រង់សណ្តាប់រួចត្រាស់បញ្ជាថាៈ “ទៅអញ្ជើញព្រះចៅនោះមក លាភមកដល់ហើយ មនុស្សណាហ៊ានមកអួតលេងបាសកានឹងនាគនោះឃើញរាស្រ្ត និងមន្រ្តីនាគចាញ់ដៃនោះ ដោយសារពួកគេខ្ជីខ្ជាប៉ុណ្ណោះ ចំណែកយើងៗមានបុណ្យគ្មាននរណាមកលេងឈ្នះយើងឡើយ…”។ កាលនោះអាមាត្យទទួលរាជបញ្ជាហើយ ក៏ប្រញាប់រត់ទៅក្រាបបង្គំព្រះពោធិសត្វទូលថាៈ “បិពិត្រព្រះមហាក្សត្រ ពេលនេះស្តេចនាគ ទ្រង់យាងស្តេចទៅ…”។ ព្រះពោធិសត្វពុំបានប្រណិប័តន៍ស្តេចនាគទេ ទ្រង់គង់ស្ងៀមដោយមិនមានភ័យអ្វីឡើយ…។ ស្តេចនាគទទួលហើយ ក៏បានសួរពីឈ្មោះ និងនគររបស់ព្រះពោធិសត្វ។ ព្រះពោធិសត្វសណ្តាប់ហើយ ឆ្លើយថាៈ  “ព្រះបិតាយើង ព្រះនាមសេនាកុត្តរាជសយរាជ្យនៅ ឧត្តរបញ្ចាល យើងជារាជបុត្រព្រះអង្គព្រះនាម ស័ង្ខសិល្បជ័យ”។

យើងមកឥឡូវ      ប្រយោជន៍នានៅ  លេងលងបាសកា

ភ្នាល់យកសម្បត្តិ  រម្យរដ្ឋសីមា          នូវអង្គព្រះមហា

មហេសីមិត្តផង។

ស្តេចនាគទ្រង់សណ្តាប់រួច ក៏ឆ្លើយថាៈ

ឯអង្គក្សត្រី           រតន៍រាជមហេសី   ពីរនឹងអាត្មា

នោះសូមពីមិត្ត     ចេញឥតសង្កា     រីរាជសីមា

ថ្វាយដោយចិត្តចង់។

នេះបើមិត្តឈ្នះបាសកាយើងៗ នឹងថ្វាយរាជសីមាដោយមិនប្រកែកឡើយ យើងសូមតែរាជទេពីចេញប៉ុណ្ណោះ តែថាបើមិត្តចាញ់ដៃវិញ តើបានអ្វីមកជាតំណាងបាសកា? ព្រះពោធិសត្វឆ្លើយ យើងមានធ្នូសិល្ប៍ ព្រះខ័នជ័យនិងស័ង្ខ ទ្រព្យទាំងបីនេះ គឺមានតម្លៃឥតគូប្រៀប យើងសូមដាក់ជាតំណាង បើយើងចាញ់ដៃមិត្ត យើងនឹងប្រគល់ឲ្យដោយមិនប្រកែកឡើយ…។

ស្តេចនាគសួរវិញ មិត្តអើយមិត្តថា យកធ្នូសិល្ប៍ ព្រះខ័ន និងស័ង្ខជាតំណាងបាសកា តើសិល្ប៍នោះមានប្ញទ្ធិយ៉ាងណា?

ព្រះពោធិសត្វទ្រង់សណ្តាប់រួច ក៏ទ្រង់ថ្លែងសរឡើងទៅលើអាកាសវេហាស៍ ក្លាយជាប្រាសាទដ៏ស្អាតមួយ មានកិន្នរីរេយ៉ាងល្វតល្វន់មើលទៅគួរឲ្យអស្វារ្យណាស់។ ព្រះពោធិសត្វ ទ្រង់មានបន្ទូលថាៈ “មិត្តឃើញទេ នេះគ្រាន់តែធ្នូសិល្ប៍បន្តិចប៉ុណ្ណោះ ចំណែកស័ង្ខមានកំលាំងខ្លាំងមហិមា”។ ទ្រង់ក៏បោះឡើងទៅលើ បញ្ចេញទឹកប្រៀបបាននឹងភ្លៀង រួចហើយទ្រង់ក៏គ្រវីព្រះខ័នក្លាយជាអគ្គីឆាបឆេះសន្ធោសន្ធៅ។ លុះចប់ហើយ ទ្រង់ក៏សួរថាៈ “ដូចម្តេចហើយមិត្ត តើរបស់ទាំងបីនេះអាចតាំងតំណាងបាសកាបានទេ?”។ ព្រះបាទភុជង្គនាគទ្រង់តបវិញថាៈ “ធ្នូ សិល្ប៍ ព្រះខ័ន និងស័ង្ខសឹងជារបស់ប្រពៃណាស់​អាចតាំងជាតំណាងបាន”។ រួចហើយ ទ្រង់ក៏ឲ្យអាមាត្យរៀបចំបាសកា។​ បន្ទាប់មកក្សត្រទាំងពីរក៏លេងបាសកាយ៉ាងយកចិត្តទុកដាក់។​ ទីបំផុតព្រះពោធិសត្វបានឈ្នះស្តេចនាគប្រាំពីរក្តារ ព្រះពោធិសត្វទ្រង់មានបន្ទូលថាៈ “យ៉ាងម៉េចហើយមិត្តពេលនេះយើងឈ្នះហើយ យើងមិនយកទេដែនដីសីមារបស់អ្នក យើងយកតែរាជទេពីទៅនគរវិញបុណ្ណោះ”។

ស្តេចនាគឆ្លើយ យើងមិនឲ្យរាជទេពីទៅមិត្តបានទេ យើងបាននិយាយពីដើមមកថាបើមិត្តឈ្នះ មិត្តយកសីមាចុះ ត្រង់រាជទេពីនិងយើងសូមចុះចេញ។

ព្រះពោធិសត្វមាន​បន្ទូល យើងនឹងមកទៅឲ្យបាន ចូរមិត្តស្តាប់ណាយើងរ៉ាយរ៉ាប់ប្រាប់មិត្តថា ព្រះអង្គសេនាកុត្តរាជយើងមានអនុជក្សត្រីមួយអង្គព្រះនាមកេសរសុមន្ទាដែលកុម្ភ័ណ្ឌលួចយកមក ហើយក៏មានបុត្រីមួយអង្គនាមសុពណ៌ទេវីនេះ ត្រូវជា​ប្អូនស្រីយើង ដូច្នេះយើងត្រូវតែយកទៅវិញ ហើយបើចង់ច្បាំងគួរតែគិតឲ្យវែងអម្បាលកុម្ភ័ណ្ឌយក្សមានពលរាប់មិនអស់ គង់មិនធានាបាននឹងប្ញទ្ធិយើង ចំណែកស្តេចនាគ យើងមិនភ័យព្រឺព្រួចអ្វីឡើយ…។ មានបន្ទូលតែប៉ុណ្ណោះ ទ្រង់ក៏ចូលទៅចាប់ដៃសុពណ៌ទេវីៗ ភ័យក៏ហៅស្តេចនាគឲ្យជួយ។ ស្តេចនាគឃើញដូច្នោះខឹងក្រោធយ៉ាងខ្លាំង ហៅអស់ពលយោធាសេនាមន្ត្រីមកដើម្បីតតាំងប្ញទ្ធិ។ ពួកពលនាគ សេនានាគមកចោមរោមព្រះពោធិសត្វ និងប្រែកាឡាគ្រប់រូបភាពមើលទៅគួរឲ្យខ្លាចណាស់ តែព្រះពោធិសត្វមិនភ័យខ្លាចអ្វីឡើយ ទ្រង់មានបន្ទូលថាៈ “តើមកជុំគ្នាហើយឬនៅនឹងអាលយើងថ្លែងសរកុំឲ្យសល់”។​

ស្តេចនាគឆ្លើយថាៈ “វ៉ឺយមនុស្ស! កុំមកអួតអាង មិនដឹងប្ញទ្ធិយើង”។ ពោលហើយស្តេចនាគ ក៏ថ្លែងសរទៅលើអាកាសក្លាយជាអាវុធជាច្រើនធ្លាក់ចុះមក ព្រះពោធិសត្វក៏ថ្លែងសរជាខ្យល់ផាត់ទៅអស់។ រួចហើយទ្រង់ក៏ថ្លែងសរជាគ្រុឌធំហោះមកចឹកនាគស៊ី។ សេនា មន្ត្រី ព្រមទាំងស្តេចនាគទាំងអស់ភិតភ័យរត់គេចរកកន្លែងពួនគ្រប់គ្នាដោយខ្លាចបារមី ព្រះពោធិសត្វក៏បានឲ្យស័ង្ខដេញនាគចេញទាំងអស់ដោយផ្តាំថា កុំសម្លាប់គ្រាន់តែបំភ័យឲ្យរាងចាលទៅបានហើយ…។ ក្នុងកាលនោះដែរ ទេពតាក៏បានថ្វាយព្រះពរសព្ទសាធុការដល់ព្រះពោធិសត្វ ហេតុព្រះអង្គទ្រង់ក៏បានត្រាស់ជាព្រះពុទ្ធនា     អនាគត។

(សូមដានរឿង ស័ង្ខសិល្បជ័យ ភាគទី១០ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!