ជំនឿលើពិធីឱ្យធម៌ដល់មនុស្សជិតស្លាប់ក្នុងសង្គមខ្មែរតាមជនបទ គឺនៅប្រតិបត្តិនៅឡើយ ពិសេសតំបន់ដែលមានកាន់ទំនៀមទំលាប់ច្រើន ដូចជាព្រៃវែង កំពង់ចាម បាត់ដំបង និងសៀមរាបជាដើម។ ពិធីនេះ ជាទំនៀមបែបព្រហ្មញ្ញសាសនាមួយ ដែលសង្កត់ធ្ងន់ទៅលើជំនឿនៃព្រលឹងរបស់មនុស្ស។ ប៉ុន្តែជំនឿនេះក៏បានក្លាយមកបែបពុទ្ធសាសនា ឬសំយោគក្នុងពុទ្ធសាសនា ដោយមានការនិមន្តព្រះសង្ឃមកសូត្រព្រះធម៌ចន្ទសុកគីរីសូត្រដែរ។ ជាធម្មតាគេធ្វើពិធីនេះ ព្រោះគេជឿថា អ្នកជំងឺគឺចៀសមិនផុតពីការស្លាប់។
តើគេជឿរបៀបដូចម្តេច?
អត្ថបទនេះ ខ្ញុំសុំលើកយកជំនឿរបស់មនុស្សក្នុងតំបន់ខាងក្រោមខេត្តសៀមរាបមកបង្ហាញត្រួសៗ។ អ្នកស្រុកខាងក្រោម (ចាប់ពីជាយទីរួមខេត្តសៀមរាបរហូតដល់មាត់បឹងទន្លេសាប) តែងជឿលើព្រលឹងរបស់មនុស្សដែលមានចំនួន១៩។ ក្នុងករណីបើមានមនុស្សឈឺរហូតដល់ព្យាបាលលែងជា ឬក៏អស់សង្ឃឹមក្នុងការព្យាបាល សមាជិកគ្រួសារតែងអញ្ចើញអាចារ្យយោគី (អាចារ្យធំ ឬមេអាចារ្យ) និងអាចារ្យភ្លុកទាំង៤ (ពេលខ្លះមកតែម្នាក់) មករៀបចំពិធីឱ្យធម៌ ឬពាក្យក្នុងតំបន់នោះ ហៅថា “រៀបសូត្រ”។ អាចារ្យយោគី គឺជាអាចារ្យធំដែលមានចំណេះ និងញាណពិសេសអាចប្រមើរមើលតាមរយៈការធ្វើសមាធិនាពេលរាត្រី ឬពាក់កណ្តាលយប់។ នៅពេលអាចារ្យយោគីធ្វើសមាធិរួចហើយ អាចារ្យយោគីនឹងប្រាប់ទៅសាច់ញាតិអ្នកជំងឺថា តើអ្នកជំងឺអាចជាឡើងវិញ ឬយ៉ាងណា? ក្នុងករណីខ្លះ អាចារ្យយោគីប្រាប់ថា ព្រលឹងអ្នកជំងឺជាប់នៅកន្លែងណាមួយ ត្រូវធ្វើពិធីហៅ មកវិញ អ្នកជំងឺនឹងបានជាសះស្បើយឡើងវិញ។ ក្នុងករណីមួយទៀត ភាគច្រើនអាចារ្យយោគីតែងប្រមើរមើលឃើញថា ព្រលឹងរបស់អ្នកជំងឺ (ពិសេសព្រលឹងធំ ) បានចាកចេញពីរាងកាយរបស់អ្នកជំងឺហើយ គឺមានតែរងចាំដល់វេលាអ្នកជំងឺផុតដង្ហើមតែប៉ុណ្ណោះ។ ដូចនេះ គោលបំណងនៃការរៀបសូត្រនេះ គឺមានគោលដៅពីរសំខាន់ដែលប្រជាជនខ្មែរ តែងមានជំនឿ៖ ទី១ គឺអាចជួយឱ្យអ្នកជំងឺអាចជាសះស្បើយ។ ទី២ គឺជាការផ្តល់ធម៌ដល់អ្នកជំងឺមុននឹងស្លាប់ ដោយឱ្យព្រលឹងនោះនាំយកព្រះធម៌ទៅតាមផ្លូវនាំទៅដល់ព្រះពុទ្ធ (សក្យមុនីចេតិយ)។
ពេលវេលានៃពិធី
ពិធីឱ្យធម៌នេះមិនកំណត់ពេលវេលាទេ គឺចាប់ផ្តើមតាំងពីដំបូងរហូតដល់អ្នកជំងឺជា ឬក៏ស្លាប់។ ក្នុងរយៈពេលនោះ រៀងរាល់ល្ងាចគេតែងនិមន្តព្រះសង្ឃមកសូត្រព្រះធម៌ រួចហើយវេលាយប់ អាចារ្យយោគី និងភ្លុកសូត្រធម៌ចន្ទសុកគីរីសូត្រ (ក្រាំងគីរីមានន្ទសូត្រ)បន្ត។ ពេលខ្លះគេធ្វើពិធីសង្ឃទាន ដើម្បីធ្វើឱ្យអ្នកជំងឺស្ងប់ចិត្ត និងអស់អាល័យ (ដោយសារតែព្រលឹងបានចាក់ចេញពីប្រាណអស់ហើយ គេគិតថាអ្នកជំងឺមានសភាពដូចមនុស្សរុក្ខជាតិ គឺមិនអាចទទួលទានបានអ្វីទាំងអស់ មិនអាចនិយាយ និងស្តាប់ឮអ្វីឡើយ)។ គោលបំណងសំខាន់ គឺការឱ្យធម៌ដល់អ្នកជំងឺជារៀងរាល់ល្ងាច។ ប្រសិនបើអ្នកជំងឺជាសះស្បើយ គេនឹងបញ្ចប់ពិធីនោះ។ ប៉ុន្តែប្រសិនបើអ្នកជំងឺស្លាប់ គេនឹងធ្វើពិធីបុណ្យសពបន្តទៀត។ អ្នកជំងឺខ្លះអាចមានរយៈពេល១ទៅ២សប្តាហ៍ ឬមិនកំណត់តាមតែការអស់បុណ្យរបស់អ្នកជំងឺ។
ការរៀបចំ
គេតែងដាក់អ្នកជំងឺឱ្យដេកបែរក្បាលទៅទិសខាងត្បូង។ គេចងព្រះបត់នៅលើក្បាលដំណេក ហើយព្រះបត់នោះមានគំនូរ៣ថ្នាក់ គឺខាងលើមានរូបព្រះពុទ្ធដែលត្រាស់រួចហើយ ៤អង្គ និងព្រះសិរ្យមេត្រីយ ១អង្គ គង់មួយជួរ បន្ទាប់មក គឺគំនូររូបព្រះចេតិយ ហើយខាងក្រោមគេបង្អស់ គឺរូបព្រះផ្ចាញ់មារ។ គេចងក្រណាត់ស ជារាងចតុកោណកែង ត្រង់ចំពីលើអ្នកជំងឺ។ អាចារ្យរៀបចំបាយសី និងគ្រឿងរណ្តាប់ផ្សេងៗនៅក្បែរក្បាលអ្នកជំងឺផ្នែកខាងឆ្វេង មានដូចជា ទៀន៥ ធូប៥ ផ្កា៥ លាជ៥ ត្រួយ៥ និងទៀន១គូ ធូប១គូ ផ្កា១គូ លាជ១គូ ត្រួយ១គូ។ គេធ្វើបាយសី១គូ ស្លាធម៌១គូ កន្ទោងម្លូស្លាបារី១ ដាក់នៅលើរាន ទិសឥសាន្ត។ ចំណុចពិសេសនោះ គឺគេរៀបចំចង្ក្រៀងប្រេងកាត់មួយដាក់ព្យូរនៅទិសឥសាន្ត ដែលតំណាងឱ្យដង្ហើមរបស់អ្នកជំងឺ (គេជឿថា ប្រសិនបើចង្កៀងរលត់ អ្នកជំងឺនឹងអស់ដង្ហើមដែរ គេតែងមើលថែ ពិសេសគឺការថែមប្រេងជាប្រចាំ)។
ពេលរៀបចំគ្រឿងរណ្តាប់រួចហើយ អាចារ្យយោគី តែងហៅឱ្យញាតិសន្តានអ្នកជំងឺមកជុំគ្នា ដើម្បីសុំខមាលទោស និងសូត្រ៣ដង ដើម្បីសុំឱ្យអ្នកជំងឺជាសះស្បើយរោគាទាំងឡាយ។ អាចារ្យសូត្រឬពោល (ចំនួន៣ដង) ថា៖ “កូនចៅមានចិត្តសទ្ធារៀបចំ សូមបវរណា រៀបសូត្រក្នុងវេលាល្ងាចនេះ មានទៀន៥ ធូប៥ ផ្កា៥ លាជ៥ ត្រួយ៥ និងទៀន១គូ ធូប១គូ ផ្កា១គូ លាជ១គូ ត្រួយ១គូ ហើយមានកម្មពារវេរាទាំងអម្បាលមាន សូមជួយរំដោះគ្រោះ ជំងឺរោគាព្យាធិទាំងប៉ុន្មាន ក៏សូមព្រះអង្គកុំប្រកាន់ សូមឱ្យអ្នកជំងឺបានជាសះស្បើយទៅហោង” (កូនចៅញាតិសន្តានសំពះគោរពអ្នកជំងឺ) រួចហើយទើបនិមន្តព្រះអង្គមកសូត្រមន្ត។ ក្រោយព្រះសង្ឃឱ្យធម៌ចប់ អាចារ្យទាំងអស់នឹងសូត្រក្រាំងគីរីមានន្ទ ជារៀងរាល់ល្ងាចឱ្យអ្នកជំងឺស្តាប់។ នេះជាជំនឿតូចមួយដែល យើងគួរយកមកសិក្សាបន្ថែម និងស្វែងយល់ឱ្យកាន់តែ ស៊ីជម្រៅលើឫសគល់នៃទំនៀមមួយនេះ។
———————————
Belief in giving Dharma (Reab Sut), die could not be stopped. This is true and taught by every religion. Significantly, the concern on the soul was one of the Hindu practices. In contrast, Cambodian have adopted it in the form of Buddhist practice as “Giving Dharma” or “Reab Sut” in Khmer. It is a ritual practice for a serious illness person. Significantly, this ritual practice is believed firstly to cure the sickness and secondly to provide Dharma (Teaching of Buddha) to the soul to reach the Buddha. However, the question is how do they practice? To answer the question, Siem Reap is one of the examples among 4 provinces.
Giving Dharma does not concern the specific time. It could be done since the person got sick until recover or die. The important person in this practice is the monk, Acarya (Buddhist Guru), and the man who will cremate the body. Importantly, everything has to do carefully and correctly include the direction to place the head of the disease, the Dharma to give, the banner of 4 Buddha who got enlightenment, the offering, and the important thing is the lamp which is representing the soul of the disease. Besides, it is necessary to get involved by the family members as they might wish for recovery and ask for forgiveness for any accident mistakes that have been made on the disease.
អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា