ថាហៃបុត្រថ្លៃកល្យាណ ពុំងារបុរាណ សំឡូតសំឡាញ់ជនក។
សូមអ្នកអត់ទោសឪពុក សូមឲ្យអ្នកទុក ស្មើសត្វកុំថាជាមនុស្ស។
បទឪពុកពិតជាខុស យល់ឥតសំប្បុរស នឹងកូនមាសដល់តិចឡើយ។
កាលនោះស័ង្ខសិល្បជ័យ និងមាតាទាំងពីរ ក៏មានបន្ទូលវិញថាៈ “យើងខ្ញុំពុំមានខឹងតបនឹងព្រះអង្គឡើយ ទាំងនេះគឺសុទ្ធតែជកម្មពៀរពីបរ្ឹងនាយ ដែលមានក្នុងព្រះគាថា ព្រះសម្តែងទេសនាប្រដៅសត្វលោកនោះហើយ”។ ព្រះអង្គសេនាកុត្តរាជទ្រង់សណ្តាប់រួចមានបន្ទូលថាៈ “ឳអ្នកមាសអាចអត់កាន់ក្តីអំណត់សុចរិតធម៌ ចំណេរទៅអ្នកនឹងបានត្រាស់ជាព្រះពុទ្ធនាំសត្វលោកឆ្លងដល់និព្វានមិនខានឡើយ”។ មានបន្ទូលរួច ទ្រង់ក៏អោបបុត្រស័ង្ខសិល្បជ័យពេញអង្គប្រាណ រួចហើយស្តេចក៏បានសោយអាហារទិព្វជួបជុំគ្នាយ៉ាងសប្បាយព្រះទ័យ…។ លុះសោយរួចទ្រង់ក៏មានបន្ទូលសួរពីរឿង ដែលទៅយកកេសរសុមន្ទាពីយក្ស។ ស័ង្ខសិល្បជ័យ ក៏បានរៀបរាប់ប្រាប់ពីស្តេចពាលទាំងប្រាំមួយដែលនាំអាជ្ញាមក ហើយថាព្រះបិតាទ្រង់មានព្រះរាជឳង្ការ ឲ្យទូលបង្គំទៅយកព្រះមាតុច្ឆាពីយក្ស។ ទ្រង់ព្រះសណ្តាប់រួច ព្រះអង្គសេនាកុត្តរាជមានបន្ទូលថាៈ “បន្ទូលរបស់បុត្រ និងមាតុច្ឆា គឺដូចគ្នាណាស់បិតាជឿបុត្រ”។ បន្ទាប់មកស័ង្ខសិល្បជ័យក៏យាងបិតាទតមើលជុំវិញប្រាសាទសព្វទីកន្លែង។ លុះរួចរាល់ហើយ ព្រះអង្គសេនាកុត្តរាជក៏បានហៅបុត្រឲ្យចូលនគរងវិញ។ ស័ង្ខសិល្បជ័យ និងមាតាទាំងពីរក៏ព្រមតាម ហើយក៏រៀបចំដំណើរយាងចូលនគរវិញ ដោយមានទេវតា នាម៉ឺនសេនាសព្វមុខមន្រ្តីហែហមជាច្រើន អស់អាណាប្រជានុរាស្រ្តសឹងសប្បាយត្រេកអរគ្រាប់ប្រាណ។
ព្រះអង្គសេនាកុត្តរាជក៏រៀបចំចាត់ចែងធ្វើពិធីអភិសេក ស័ង្ខសិល្បជ័យអង្គពោធិសត្វ ឲ្យសោយរាជដែលជាស្តេចឯកលើលោក ហើយទ្រង់ក៏បានធ្វើសារទៅគ្រប់ទិសតំបន់គ្រប់ស្តេចទាំងអស់ឲ្យចូលរួម ស្តេចទាំងអស់សឹងខ្លបខ្លាចបារមី ក្នុងនោះមានស្តេចមួយអង្គ ទ្រង់ព្រះនាមសិរីរាជមានមហេសីស្វ័យរាជទេវី និងមានបុត្រមួយអង្គនាមសុរអមច្ចណា…។ ស្តេចសិរីរាជទ្រង់ក៏បាននាំបុត្រីសុរអមច្ចណាមកថ្វាយស័ង្ខសិល្បជ័យផងដែរ…។ លុះបានប្ញក្សពារពេលាល្អ ព្រះអង្គសេនាកុត្តរាជក៏រៀបចំមង្គលការធំដោយយកបុត្រីសុពណ៌ទេវីជាអគ្គមហេសីស្តាំ ឯនាងអមច្ចណាជាមហេសីឆ្វេង។ លុះរៀបចំពិធីរួច ព្រះអង្គសេនាកុត្តរាជ ទ្រង់ឲ្យហៅស្តេចពាលទាំងប្រាំមួយមកតទល់នឹងស័ង្ខសិល្បជ័យ តែស្តេចទាំងប្រាំមួយនៅតែប្រកែកថាខ្លួនជាអ្នកបានទៅយកមាតុច្ឆាពីយក្ស។ ដោយពិបាកនឹងជជែកតតាំងពេក ស័ង្ខសិល្បជ័យក៏បបួលស្តេចទាំងប្រាំមួយសាកល្បងប្ញទ្ធិវិញ។ ស្តេចទាំងប្រាំមួយក៏យល់ព្រម តែម្តងថាពេលនេះម្តងថាពេលនោះ ធ្វើឲ្យព្រះអង្គសេនាកុត្តរាជខ្ញាល់ ទ្រង់បញ្ជាឲ្យអាមាត្យទៅហៅមកជាប្រញាប់។ ស្តេចទាំងប្រាំមួយមកដល់ ទ្រង់ក៏មានបន្ទូលខ្លាំងៗថាៈ “អាអួតអាខ្លាំងថាបានទៅច្បាំងនឹងយក្ស តែពេលនេះតើចាំដល់ឆ្នាំណាទៅអាចេញទៅបាន ពួកស្តេចទាំងប្រាំមួយ ក្រាបស្ងៀមមិនហ៊ានមាត់ឡើយ ទើបព្រះអង្គស័ង្ខសិល្បជ័យទូលថាៈ “ ចាំខ្ញុំថ្លែងសរថ្វាយបិតាទត”។ ស័ង្ខសិល្បជ័យថ្លែងសរទៅលើអាកាសលាន់សូរដូចរន្ទះ ក្លាយជាអាវុធធ្លាក់ចុះមកប្រដេញស្តេចទាំងប្រាំមួយ ឲ្យរត់ប្រសេចប្រសាចស្រែកសុំឲ្យទុកជីវិត…។ ទតឃើញដូច្នោះ ព្រះអង្គសេនាកុត្តរាជ ទ្រង់ខ្ញាល់ជាខ្លាំង ប្រើពេជ្ឈឃាដចាប់ទាំងម្តាយទាំងកូនទៅប្រហារជីវិត។ តែត្រូវស័ង្ខសិល្បជ័យ សុំឲ្យលើកលែងទោសវិញ។ កន្លងមកបានបន្តិច ស្តេចទាំងប្រាំមួយនិងម្តាយមិនគិតក្រែងដល់ជីវិតខ្លួន បានពោលពាក្យប្រមាថដល់ស័ង្ខសិល្បជ័យ ធ្វើឲ្យស័ង្ខសិល្បជ័យខឹងក្រោធជាខ្លាំង ហើយព្រះអង្គសេនាកុត្តរាជក៏ទ្រង់ក្រោធជាខ្លាំងដែរ ទើបត្រាស់បញ្ជាឲ្យពេជ្ឈឃាដ ចាប់ទាំងម្តាយទំាងកូនទៅប្រហារជីវិត។ ស្តេចទាំងប្រាំមួយ ក៏បានបណ្តោះជំនិតទៅប្រាប់ដូនតា បានទទួលដំណឹងភ្លាម ដូនតាក៏ប្រញាប់មកចូលគាល់ព្រះអង្គសេនាកុត្តរាជ សុំលើកទោសទុកជីវិតផង។ ទើបព្រះពោធិសត្វទូលបិតាឲ្យលើកលែងទោលស្តេចទាំងប្រាំមួយ តែឲ្យចាកចេញពីរាជវាំងទៅជារាស្ត្រធម្មតាវិញ។ ស្តេចទាំងប្រាំមួយនឹងម្តាយរស់រងទុក្ខតាមកម្ម លុះអស់សង្ខារក៏ធ្លាក់ទៅក្នុងមហាអវិចី ម្តាយទាំងប្រាំមួយ ក៏ក្លាយទៅជាប្រែត។ ចំណែកអង្គព្រះពោធិសត្វ សោយរាជ្យដោយកាន់ធម៌ ប្រជារាស្រ្តទូទាំងនគរបានសុខក្សេមក្សាន្ត អស់នាម៉ឺន មន្រ្តី តូចធំបានសុខក្សេមក្សាន្តទាំងអស់។ ព្រះអង្គសេនាកុត្តរាជ ទ្រង់គង់ជាឧបយោរាជ ដោយមានបទុមាជាអគ្គមហេសីស្តាំ និងកេសរបុប្ផាជាមហេសីឆ្វេង។ លុះក្រោយមកក្សត្រីសុពណ៌ទេវី ទ្រង់ព្រះគភ៌ប្រសូតបានបុត្រាមួយអង្គ ព្រះនាមវិជ័យរាជកុមារ។ ចំណែកសរអមច្ចណា ទ្រង់ប្រសូតបានបុត្រមួយអង្គព្រះនាមសីលរត័ន៍រាជទេវី។ អស់ពួកភីលៀង ជួយថែរក្សាបំបៅបុត្រទាំងពីរមិនឲ្យទាស់ឡើយ។
លុះអំឡុងយូរទៅ ព្រះអង្គសេនាកុត្តរាជ និងមហេសីទាំងពីរក៏ចាស់ជរាសោយទីវង្គត់។ ព្រះពោធិសត្វអង្គស័ង្ខសិល្បជ័យ ក៏រៀបចំព្រះសពថ្វាយព្រះភ្លើងរួចហើយ ធ្វើចេតិយដើម្បីបញ្ចុះព្រះធាតុព្រះបិតា និងមាតាទាំងពីរតាមព្រះគុណមាតាបិតា។
កន្លងច្រើនឆ្នាំក្រោយមក វិជ័យរាជកុមារ និងសីលរត័ន៍ទេវី ក៏ធំពេញរូបរាង មានរូបសម្បត្តិសមសោភាឥតខ្ចោះ។ ថ្ងៃមួយព្រះពោធិសត្វមានព្រះរាជឳង្ការប្រាប់ទៅមន្រ្តីតូចធំ និងអស់ក្សត្រទាំងពួងឲ្យចូលរួមមង្គលឲ្យទាន់ពេលា។ អស់ស្តេចទាំងឡាយ បានទទួលរាជសារហើយ ក៏ប្រញាប់មកឲ្យទាន់ពេលា។ លុះមកជួបជុំអស់ហើយ ព្រះពោធិសត្វក៏ចាត់ឲ្យរៀបចមពិធីអាពាហ៍ពិពាហ៍ផ្សំក្សត្រទាំងពីរពង្ស និងផ្ទេររាជសម្បត្តិឲ្យបុត្រទាំងពីរ សោយរាជ្យគ្រប់គ្រងប្រជានុរាស្រ្តបន្តពីព្រះអង្គ។ ហើយទ្រង់ក៏បានប្រទានពរជ័យដល់បុត្រទាំងពីរ ព្រមទាំងបានឲ្យឳវាទដល់បុត្រៈ
ថាហៃកូនរត័ន៍ ពិចិត្រស្នេហ៍ស្នាល បាគ្រងភពភា
ពំនាក់រាស្រ្តផង។
កូនអើយធម្មតា ហៅមហាក្សត្រា ជាម្លប់រាស្រ្តផ្គង
លោកឲ្យធ្វើក្រឹត្យ ប្រព្រឹត្តគន្លង តាមដោយគន្លង
ព្រេងព្រឹទ្ធបុរាណ។
ឲ្យស្គាល់បាបបុណ្យ ស្គាល់ទោសស្គាល់គុណ ស្គាល់អត់ស្គាល់ឃ្លាន
ស្គាល់ដែនស្គាល់ដី ស្គាល់ទីស្គាល់ឋាន ស្គាល់មានស្គាល់គ្មាន
ប្រណីសព្វសាយ។
កុំអរលោភលន់ កុំពារអាងបុណ្យ បំពូនពាយងាយ
ពុំយកដោយធម៌ សម្មាពណ្ណរាយ ចំណេរទៅប្លាយ
ទល់ទុក្ខភយា។
ស្តេចផ្តាំបុត្រស្រេចហើយ បុត្រទាំងក្រាបបង្គំទទួលដំបូន្មាន។ លុះដល់សព្វគ្រប់ហើយ ទ្រង់ក៏បានលោមលា មហេសីទាំងពីរអង្គទៅសាងផ្នួសនៅឯស្ថានព្រៃព្រឹក្សា។ មហេសីទាំងពីរក៏ព្រមតាម ដោយមិនបានឃាត់ឃាំងឡើយ…។ ព្រះពោធិសត្វទ្រង់ព្រះផ្នួសជាក្សត្រសង្ឃ រៀនព្រះកម្មដ្ឋានដល់ចប់បរិបូណ៌…។ លុះព្រះពោធិសត្វ និងមហេសីទាំងពីរសោយទីវង្គត់រំលត់ខន្ធទៅ ក៏បានទៅកើតជាទេវបុត្រនៅតុសិតសួគ៌ា មូលព្រះមាតាបិតាព្រមទាំងមាតុច្ឆាផង។ លុះព្រះបានត្រាស់ជាសម្ពុទ្ធស្សបរមសត្ថាសម្ពោធិញ្ញាណ ទ្រង់សម្តែងធម៌ទេសនាថាៈ
បិតាព្រះនាមសេនាកុត្តរាជទ្រង់ជា ព្រះស្រីសុទ្ធោទន៍។ នាងបទុមាព្រះវរមាតា បានជានាង សិរិមហាមាយា។ នាងកេសរបុប្ផា ម្តាយរាជសីហ៍វិងវិលជាតិជានាង មហាបជាបតិគោតមី។ រាជសីហ៍បានជាព្រះអានន្ទ។ ព្រះនាងកេសរសុមន្ទាបានជា នាងខេមា។ ព្រះឥន្រ្ទបានជាព្រះអនុរុទ្ធ។ រាជបុត្រវិជ័យរាជកុមារ បានជាព្រះរាហុលត្ថេរ។ សីលរត័ន៍ទេវី បុត្រីពុំងារ បានជានាង ឧប្បលវណ្ណា។ នាងសុរអមច្ចណា ព្រះរាជទេវីបានជានាងវិសាខា។ សុពណ៌ទេវី វររាជក្សត្រីបានជានាងយសោធរា។
ព្រះស័ង្ខសិល្បជ័យ អង្គីដទៃ ឯទៀតឡើយណា គឺអញឯងច្បាស់បានត្រាស់ប្រាជ្ញាសព៌េជ្ជតាញាណញេយ្យកន្លង។
រឿងព្រះស័ង្ខសិល្បជ័យ អង្គព្រះពោធិសត្វ បានត្រាស់ជាព្រះពុទ្ធ សន្មតថាចប់ត្រឹមនេះហផង។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព