(៥.មធ្យោបាយផ្សេងៗ)
កក្កដាបានកន្លងផុត។ សីហាចូលជាង១៥ថ្ងៃ…។ បដាចាស់ខ្លះដែលបានចងសន្ធឹងទទឹងផ្លូវនៅទីប្រជុំជនបានត្រូវបណ្តាច់។ ខ្លះទៀតបានត្រូវខ្យល់បកហែក…។ បដាថ្មីបានចងជំនួស។ នៅផ្លូវបំបែកទៅពាម ទៅកំពង់ ទៅភ្នំពេញ ខាងត្បូងម៉ាស៊ីនស្រូវមុខផ្ទះបងហម ចំងាយប្រហែល៥០០ម៉ែត្រ បដាថ្មីមួយ បានចងសន្ធឹងមានលំអដោយមនុស្សពាក់ឌួនភ្ជួរនង្គ័លទឹមមនុស្សពីរនាក់ ហើយនៅខាងមុខនង្គ័លទឹមមនុស្សនោះមានរូបមនុស្សស្តួចខ្ពស់ពាក់មុខប្រមោយដំរី។ បដាថ្មីចំលែកខុសពីបដាមុន បានចាប់ភ្នែកមនុស្សដោយទៅកកកុញមើល។ អ្នកជិះឡានទៅភ្នំពេញក៏បានឃើញដែរ។ បដាថ្មីនេះបានឲ្យអ្នកដំណើរ និងអ្នកភូមិមានយោបល់ខុសៗគ្នា។ ខ្លះថាអញប្រាប់យូរហើយ ពួកវានេះហើយ ដែលជាអ្នកប្រឆាំងដុតក្បាលបញ្ជី និងត្រាមេឃុំ។ ខ្លះថាបើមិនធ្វើដូច្នេះខ្លះ ធ្វើដូចម្តេចបោសសំអាតអាណានិគមបាន។ ខ្លះថាពួកអាដំរីនេះហើយ ដែលឲ្យតំណាងរាស្រ្តបានអភ័យឯកសិទ្ធិធំពេក។
ទន្ទឹមនឹងបដា ខិតប័ណ្ណជាច្រើនម៉ឺនសែនលាន បានបាចសាចរាយពាសវាលពាសភូមិ ខិត្តប័ណ្ណខ្លះស្រែកថា មានតែប្រជាជនអាចដោះទុក្ខប្រជាជនបាន។ ខ្លះទៀតបានលាតត្រដាងបញ្ជាក់ថានារីឈ្មោះនេះ ឈ្មោះនោះជានារីខ្លាឃ្លោកមិនមែនជានារីក្លាហានទេ។ ខ្លះបានស្រែកថារួបរួមសាមគ្គីប្រជាជនគ្រប់ជាន់ថ្នាក់ ប្តេជ្ញាការពារសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ…។
ពេលខ្លះនៅតែហូរឆ្លង…។ ១១ កញ្ញាកាន់តែខិតមកជិត។ ចំបាំងបដាខិតប័ណ្ណមិនស្កប់ស្កល់ មិនគ្រប់គ្រាន់តាមបំណងទេ។ នៅត្រង់ផ្លូវបំបែកទៅពាមទៅកំពង់ ត្រង់ទីប្រជុំជនច្រើននេះ សកម្មភាពសង្គម និងបក្សនយោបាយរិតប្រញឹកកំរិតប្រញាប់។ បន្តិចមេក្រូស្រែកប្រាប់ថា អ្នកកំពង់មកឃោសនា។ បន្តិចខិតប័ណ្ណព្រាចតាមដងផ្លូវ អំពាវនាវអ្នកស្រុកឲ្យទៅស្តាប់អ្នកភ្នំពេញ។ បន្តិចក្បួនឡានទាហានស៊ីវិលតូចធំទៅពាម។ បន្តិចមេឃុំ ប៉ូលីស មេកងភូមិឃុំបានទៅនិមន្តលោកសង្ឃ និងហៅប្រជាជនឲ្យមកសាលាស្រុក បន្តិចក្បួនឡានធំពេញដោយសិស្សហួសទៅកំពង់…។ នៅស្រុកម៉ាស៊ីនស្រូវត្រូវការប្រជាជនមានស្ទើររាល់ថ្ងៃ ជួននៅសាលាស្រុក ជួននៅថ្នល់បំបែក ជួននៅទីវាលមុខម៉ាស៊ីនស្រូវធំ…។ ឃោសនាម្តងៗ សុទ្ធតែមានអ្នកបន្ទរ និងអ្នកប្រឆាំង។ អ្នកស្របច្រើនបានលាន់មាត់ថាៈ នេះបានចំជាពិរោះ ចំជាចេះនិយាយ ចំជាគិតប្រយោជន៍រួមមែន។ អញថាយូរហើយ ឥលូវដូចអញស្មានមែន…។
ឯអ្នកប្រឆាំងក៏មិនមែនបើកមាត់ដែរ។ ខ្លះខំផ្ទៀងស្តាប់កត់ទុក ហើយត្មិះតេះដៀល ខ្លះច្រឡោតខឹងរអ៊ូប្រាប់អ្នកនៅបៀតខាងថាៈ….ឃើញទេវានិយាយអួតតែពីហ្សឺណែវ។ វាថាការបោះឆ្នោតនេះសម្រេចមកពីហ្សឺណែវ មិនមែនបារាំងឲ្យបោះទេ…។ មើលវាថាកិច្ចព្រមព្រៀងយោធាខ្មែរអាមេរិកកាំងប្រឆាំងបំផ្លាញអព្យាក្រឹត្យ ឃើញទេ វាចោទរដ្ឋាភិបាល…។ អញផ្តិចមេដៃប្តឹងចាប់ដាក់គុកហើយ…។
មានខ្លះទៀតមិនខ្ចីស្តាប់ មិនខ្ចីឮ។ ពួកនេះច្រើនជាប់មាត់នឹងឪទិន។ គេដាក់មួយចានហើយមួយចានទៀត អស់ស្រេះមួយហើយស្រេះមួយទៀត។ អស់ចិត្តដល់ព្រះអង្គគេកាលណា គេបញ្ចេញឥទ្ធិពលសាហាវគេភ្លាម។ គេឈ្លោះ គេប្រកែក គេដេញ។ គេឡូឡាស្រែកគំហកទៅឲ្យអ្នកឃោសនាថា អញថាវាយចោលម្រ៉ាយឥឡូវ…វាណាមួយនៅឈរត្រង់ណា អញចោលបែកក្បាលឥឡូវ។ គេវាយប៉ោត គេទះក្តិត គេស្រែកជេរ គេគប់ គេចោល គេឡើងបណ្តាច់បដា គេដេញវាយ…។ ប្រៀប្រឆាំងតាមកំលាំងឪទិនមួយស្រេះពីរស្រេះបានយ៉ាងស្រួល គ្មានភ្នាក់ងាររក្សារបៀបរៀបរយហាមប្រាមឡើយ។
ហើយធម្មតាគេឃើញអ្នកជារត់ចោលអ្នកស្រវឹង គេឃើញអ្នកឪទិន និងអ្នកប៉ោត បណ្តេញបង្អាក់អ្នកមេក្រូ ឲ្យឈប់និយាយ ដោយសាររោងរត់ទៅលំនោវិញ។ អ្នកមេក្រូដកថយគ្រវីក្បាល។ ខ្លះជិះឡានរត់ភ្នែកនៅកញ្ចឹងក។ ខ្លះទៀតអស់សំណើចពោលពាក្យថា ស្រាខ្លាំងជាងមនុស្ស មែនចេះឲ្យមនុស្ស ជាលែងទៅឆ្កួត លែងដឹងការខុសត្រូវ…។
ចំណែកអ្នកភូមិធម្មតា គ្មានបក្សពួកច្រើនតែរអ៊ូរោលអាលថាៈ បើវាមិនស្តាប់ទេ ចុះហេតុអ្វីក៏វានៅសំដែងថោកទាបឆ្កួតដូចនេះ…វាមិនខ្មាស់គណៈអន្តរជាតិទេ រឺបើឃើញយើងស្រវឹងឆ្កួតដូចនេះ ក្នុងពេលប្រលងប្រណាំងកសាងជាតិ…។
(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី៥ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព