ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ទី៦ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។ សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ សូមរក្សាចិត្តគំនិត និងភាពទន់ភ្លន់ ប៉ុន្តែមិនត្រូវទុកចិត្តមនុស្សពេកនោះទេ។ សូមទម្លាក់ចោលកិច្ចការងារខ្លះ នឹងធ្វើការងារណាមួយឲ្យច្បាស់ទើបប្រសើរជាង។ ថ្ងៃនេះសុខភាពរបស់អ្នកអាចរងផលប៉ះពាល់មួយចំនួន ដូច្នេះសូមរកពេលសម្រាក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍ថ្ងៃនេះឡើងវិញ។ ភាពរស់រាយរាក់ទាក់ និងការដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំពោះការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់ ឬប្រទះភាពមិនច្បាស់លាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ សូមចាប់ផ្តើមការងារ តាំងពីព្រលឹម កុំទុកពេលវេលាសំណាង និងជោគជ័យឲ្យកន្លងទៅបាត់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សដែលមកពីចំងាយនាំលាភមកឲ្យ។ សូមរក្សាលាភសំណាងនេះ ដោយភាពស្មោះត្រង់ និងការចេះជួយយកអាសារមនុស្សនៅជុំវិញខ្លួន។ សូមលោកអ្នកប្រយ័ត្នក្នុងការនិយាយស្តី ពីព្រោះកំហុសដោយអចេតនានឹងបណ្តាលឲ្យអ្នកមានភាពស្មុគ្រស្មាញខ្លាំង ហើយពិបាកក្នុងការកែប្រែ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ លោកអ្នកត្រូវមានចិត្តស្មោះត្រង់ និងមិនត្រូវធ្វើរឿងអ្វីដែលពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃនោះទេ។ មនុស្សដែលអាចជួយយកអាសារអ្នកបាន គឺមនុស្សដែលជិតស្និទ្ធនឹងអ្នក ពិសេសសមាជិកក្រុមគ្រួសារ។ ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីរបស់លោកអ្នកផ្សារភ្ជាប់ខ្លាំងទៅនឹងមនុស្សចំណាស់ ដូច្នេះចូរធ្វើទំនាក់ទំនងល្អជាមួយពួកគេ។ ចំពោះការងារ និងរបរនានាលោកអ្នកអាចនឹងទទួលផលដ៏ប្រសើរណាស់ ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយគ្មានគម្រោងបានទេ។ ពេលវេលាល្អសម្រាប់កិច្ចការនានាគឺនៅពេលព្រឹក។ ថ្ងៃនេះលោកអ្នកក៏អាចមានលទ្ធភាពស្វែងយល់ពីបញ្ហា ហើយរកផ្លូវដោះស្រាយបានផងដែរ ដូច្នេះកុំមានការភ័យព្រួយ ឬអន្ទះសារនឹងបញ្ហាឲ្យសោះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ពិសេសទាក់ទងនឹងរឿងលុយកាក់។ ចំពោះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ ដូច្នេះសូមព្យយាមបង្ហាញការងារនោះឲ្យអស់ពីសមត្ថភាព។ ចូរមានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែសូមអ្នកកុំមានចិត្តខឹងក្រោធឲ្យសោះក្នុងថ្ងៃនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកមានភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនគួរសម ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។ ការឈ្លោះប្រកែក នឹងនាំមកនូវបញ្ហាធំ ព្រមទាំងខាតប្រយោជន៍ផងដែរ។ គួរយកចិត្តទុកដាក់សេចក្តីសុខក្នុងក្រុមគ្រួសារ មនុស្សចំណាស់ក្នុងគ្រួសារ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលពេកកទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែប្រិសនបើអ្នកមានចិត្តមានះ នោះនឹងប៉ះពាល់ដល់លាភសំណាង។ សូមចំណាយពេល និងយកចិត្តទុកដាក់ចំពោះសេចក្តីសុខក្នុងក្រុមគ្រួសារ ដោយត្រូវថ្លឹងថ្លែងនិងការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬបោះចោលការងារខ្លះដែលមិនសូវសក្តិសមនឹងអ្នក។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា ដូច្នេះសូមកុំមានការព្រួយបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពជោគជ័យគួរជាទីមោទនៈក្រៃលែង។ លោកអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាច្រើន ដូច្នេះត្រូវរក្សាឥរិយាបថ និងមិនត្រូវធ្វើឲ្យប៉ះពាល់អ្នកដទៃទេ។ ចំពោះការប្រមូលទិញអចលនវត្ថុ នឹងទទួលបានភោគផល និងមង្គលដ៏ល្អ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ប៉ុន្តែសូមរស់នៅដោយធម្មតា។ ការសំដែងចេញនូវភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរ។ ប្រសិនបើមានគម្រោងផ្លាស់ប្តូរការងារ សូមកុំបារម្ភ ការងារថ្មីនឹងអាចផ្តល់ផលល្អដល់អ្នក។ សូមជៀសឲ្យផុតពីជម្លោះនៅក្នុងក្រុមការងារ និងកុំពាក់ព័ន្ធរឿងអ្នកដទៃ ព្រោះករណីនេះនឹងនាំអ្នកឲ្យបាត់បង់ឱកាសជោគជ័យដោយងាយ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព