(៧.លោកប្អូនរបស់ពូព្រឿង)
ពូខ្វាវនៅភូមិមុខផ្ទះពូព្រឿងជាអ្នកចង់ចេះដឹង។ គាត់បានប្រមូលសៀវភៅកាសែតចាស់ៗពីផ្ទះបងហមរាល់អាទិត្យគាត់យកចិត្តទុកដាក់រៀនសូត្រ ហើយចាំរឿងច្រើន។ ពេលគាត់ជួបលោកគ្រូច័ន្ទ ជួបម៉ៅម្តងៗ គាត់បានចោទបញ្ហាជាក់ស្តែងឲ្យជួយរករបៀបកែប្រែការរស់នៅ អ្នកស្រែចំការ។ ការឆ្លាតវែប្រសព្វដោះស្រាយផ្សំនឹងអាកប្បកិរិយា និងមិនចេះច្រឡោតក្អេងក្អាងរបស់គាត់បានធ្វើឲ្យលោកគ្រូច័ន្ទ យកចិត្តទុកដាក់សរសើរគាត់ច្រើន។ លោកគ្រូច័ន្ទបានឧស្សាហ៍ដំណាលប្រាប់គេឯងពីគាត់ថាៈពូខ្វាវជាអ្នកប្រាជ្ញ ស្រុកស្រែគាត់អាចធ្វើសមាជិកមួយយ៉ាងចំណាន ក្នុងសមាគមអ្នកស្រុកស្រែយើងទៅ ថ្ងៃក្រោយ…។
តាំងពីបងហមទៅបាត់ ពូខ្វាវនៅតែទៅមកផ្ទះបងហមដូចធម្មតា។ គាត់មកសួរសុខទុក្ខអ្នកសន សួរដំណឹងបងហមមករកខ្ចីសៀវភៅ…។
យប់មួយគាត់មករកខ្ចីកាសែត ខ្ចីសៀវភៅ។ ពូព្រឿងបានឃាត់គាត់អង្គុយលេង។ ពូព្រឿងបានសួរគាត់ពីធ្វើស្រែរួចហើយរឺនៅ ពីសង្ឃឹមបានស្រូវស៊ីគ្រប់ រឺទេឆ្នាំនេះ ពីយោបល់អ្នកភូមិគាត់…។ បន្ទាប់មកពូព្រឿងបានបន្ទោសគាត់ថា: អញធុញតែអ្នកខ្វាវមកកាលណាសួរតែដដែលៗ។
សួរអីដដែលនោះ…
សួររកតែក្រហម…
មិនសួរឯណាបានមនុស្សល្អដូចអ្នកហម ម៉េចឥលូវលោកបងបានដំណឹងពីគាត់ទេ?
កុំព្រួយពីក្រហមពេក។ ប្រហែលវានោះមិនងាយងាប់ទេ
តាំងពីគាត់ទៅ ខ្ញុំខ្សត់កាសែតមើល…។ តែឥលូវខ្ញុំរកទំនុកឃើញហើយ។ អ្នកភូមិខ្ញុំគេសុខចិត្តចូលប្រាក់គ្នាតាមធនធានខ្លះ ៥០០រ ខ្លះ២០០រ រាល់ខែប្រមូលគ្នាជាវកាសែត…។ ខ្ញុំជួបលោកគ្រូច័ន្ទពីថ្ងៃមុន ខ្ញុំបានសូមឲ្យគាត់ចុះឈ្មោះជាវឲ្យខ្ញុំស្រេច…។
ល្អចេះរកទំនុកឃើញ តែអញនៅតែមិនពេញចិត្តអ្នកខ្វាងឯងទៀត។ អ្នកខ្វាងឯងចូលចិត្តតែនឹងក្រហមដែលទៅបាត់ ហើយដែលជួយផងមិនកើត។ តាមអញៗយល់ថាថ ត្រូវជួយមនុស្សនៅផ្ទះល្អជាង…។
ជួយនរណា?
នៅតែបើកភ្នែកមើលមិនឃើញទៀត។ ចំពោះរឿងចង់ជួយដាក់គ្រោងការណ៍នេះអញមានរឿងមួយ យកមកឲ្យអ្នកខ្វាងឯងជួយពិចារណា?
រឿងដូចម្តេចទៅ?
កាលអញទៅឲ្យពេទ្យមើលភ្នែកនៅភ្នំពេញ អញទៅសំនាក់ផ្ទះប្អូនអញនៅម្តុំផ្សារសួនពេទ្យចិន
ប្អូនលោកបងណាមួយ? លោកសុភានោះឬ?
ហ្នឹងហើយ
ខ្ញុំបានស្តាប់លោកដែរ លោកជាអ្នកប្រសព្វនិយាយណាស់ ពូកែពន្យល់ពីសេរីភាពយ៉ាងស្រស់ ហើយចេះដោះស្រាយនឹងពាក្យចាក់ដោតរបស់គេណាស់…។
ខាងវោហារនោះពិបាករកមនុស្សប្រដូចហើយ។ គេចេះនិយាយណាស់…។ គេជិតមួយខែ អញត្រូវគេពន្យល់ពីសេរីភាព ពីសិទ្ធិ ហើយើប្រពន្ធគេទៀតក៏នៅមិនស្ងៀមដែរ បានពួតដៃគ្នាជាមួយប្តីទាមទារសេរីភាព សិទ្ធិសមភាព ប្រុសស្រីបោះឆ្នោតធ្វើតំណាងរាស្រ្ត…។
ស្រីៗឥឡូវងើបហើយ លោកបងឃើញទេ នាម៉ឺនរាស្ត្រគ្រប់គ្នាស្រលាញ់សេរីភាព…
ដឹងជាគេស្រលាញ់សេរីភាព សិទ្ធិស្មោះត្រង់ រឺមិនស្មោះត្រង់ទេ នៅមួយខែជាមួយអញដូចជាមិនឃើញ គេឈ្លីជាន់សិទ្ធិសេរីភាពទៅវិញ…។
ម៉េចតែលោកបងនិយាយដូចនេះ?
នៅផ្ទះគេ អញលឺរាល់តែថ្ងៃពាក្យចំអេសចំអាសជេរបញ្ចោរខ្ញុំកំដរ គេប្រើពាក្យអាក្រក់ណស់…។ល។ អញសង្កេតទៅឃើញថានៅផ្ទះគេ អ្នកតូចតាចគ្មានសេរីភាពសិទ្ធិបន្តិចសោះឡើយ។ គេជួលទិញមនុស្សខួប ប្រើមួយថ្ងៃៗវាល់ៗល្ងាច គ្មានឈប់សម្រាកសោះ។ គេបង្ហាត់អ្នកតូចទាំងនោះឲ្យលុតក្រាប ឲ្យដើរទា ឲ្យចេះលុតជង្គង់ពេកគ្នា និយាយរកខ្លួន ឲ្យចេះបត់ជើងគាល់នៅវេលាបាយ។ ខាងស៊ីចុក ខាងដំណេកនោះស្រេចតែម្តងហើយ គេឲ្យគ្នាស៊ីសំណល់បាតចាន គេឲ្យគ្នាដេកគៀនជើងក្រាន…។
ឃើញដូចនេះអញទ្រាំមិនបាន។ ថ្ងៃមួយសុភា គេយកកាសែតមកពន្យល់ថាលទ្ធិប្រជាធិបតេយ្យល្អដូចនេះ ល្អដូចនោះ។ អញស្តាប់ហើយសួរតបវិញថាៈ ប្អូនចង់រាស្រ្តមានសេរីភាពសិទ្ធិនោះល្អហើយៗចំជាត្រូវ។ តែមុននឹងទៅផ្សាយជួយស្រោចស្រង់អ្នកដទៃ មុននឹងបន្ទោសថា អ្នកនេះប្រឆាំងប្រជាធិបតេយ្យត្រូវស្រោចស្រង់អ្នកក្នុងផ្ទះខ្លះផង។ គួរណាស់តែលៃលកដូចម្តេច ឲ្យជើងឈ្នួលរបស់ខ្លួន មានសេរីភាពសិទ្ធិមានបាយគ្រប់គ្រាន់ផង…គួរណាស់កុំទុកគ្នាជាមនុស្សដូចជាន់ដើម ហើយកុំយកគ្នាមកបំបត់បំបែនឲ្យវាជើងពីរជើងបួននិយាយនឹងឯងនោះ។
លោកឆ្លើយថាម៉េច?
គេបន្ទោសថាអញមិនទាន់យល់ប្រជាធិបតេយ្យនៅឡើយ។ គេថាមានលុយត្រូវតែជួលមនុស្សប្រើតាមបំណងគេ។ គេថា គេនឿយហត់រៀនសាលាច្បាប់សាលាលីស្សេ គេត្រូវតែមានអំណាចប្រើខ្ញុំកំដរអញ្ចឹង…។
លោកបងឯងឆ្លើយដូចម៉េចវិញ?
អញប្រាប់គេថា បើគេស្រលាញ់សេរីភាព គេត្រូវស្រលាញ់សំរាប់មនុស្សទូទៅ គេមិនមែនស្រលាញ់សម្រាប់តែគ្រួសារ តែពូជខ្លួនទេ…។ សុភាពគេថាកុំឲ្យអញយល់ផ្តាសដូចនេះ? អ្នកក្រតូចតាចនេះ គឺមកពីកម្មផលជាតិមុនទេតើ កែមិនឡើងឡើយ…។ អញឆ្លើយវិញថា កម្មមិនកម្ម អញមិនដឹងទេ តែអ្នកស្រែចំការតូចតាចស្រេចឃ្លានសេរីភាពពិតៗ មិនចូលចិត្តធ្វើខ្ញុំកំដរគេទេ…។ សុភាពគេបន្ទោសថាពិបាកនិយាយណាស់ជាមួយអ្នកស្រែ មិនដឹងអ្វីស្តាប់គ្នាមិនបានទេ…។ ឲ្យតែឃើញគេអាណិតរាប់អានបន្តិចចុះតាំងធ្វើគ្រាន់បើហើយ បានតែដេរមាត់ដូចជាន់មុនទេ…។
អីខ្ញុំនឹកឃើញហើយ ពូខ្វាវបានលាន់មាត់
នឹកឃើញអ្វី?
បងសែម ភូមិឯជើងក្បែរវត្តបានពន្យល់ប្រាប់ខ្ញុំថា ក្នុងលោកសព្វថ្ងៃ មានប្រជាធិបតេយ្យពីរ ប្រជាធិបតេយ្យបារាំង អាមេរិកកាំង ប្រជាធិបតេយ្យចាស់ ដែលឲ្យសេរីភាព សិទ្ធិទៅតែនាម៉ឺន អ្នកមាន ហើយប្រជាធិបតេយ្យថ្មីមួយទៀត ឲ្យសេរីភាពទៅប្រជាជនតូចតាចពិតប្រាកដ។ បងសែមបាន ប្រាប់ខ្ញុំថានៅស្រុកប្រជាធិបតេយ្យថ្មី អ្នកស្រែចំការកម្មករបានមានសេរីភាព ហើយធូរគ្មានគេមាក់ងាយទេ…
ពូព្រឿងគាត់កាត់ភ្លាមថាៈ
អញមិនគិតពីប្រជាធិបតេយ្យថ្មីចាស់ទេ ការដែលអញខំលើករឿងនេះមកនិយាយអញចង់ឲ្យឯងឃើញថា មានមនុស្សច្រើនណាស់ គិតតែការក្រៅការធំ សំរេចផងមិនបានឯការតូច ការធ្វើភ្លាមបានក្នុងផ្ទះមិនព្រមគិតសោះ ដូចអ្នកខ្វាវឯងនេះជាដើម។ ឲ្យតែជួបអញថ្ងៃណា គិតតែអាណិតក្រហម គិតតែសួររកក្រហម ឯប្រពន្ធក្រហមនៅមុខ គ្មាននរណាជួយដាស់ស្រែ អ្នកខ្វាវឯងមិនបានគិតគូរនឹងគេឯងជួយភ្ជួរគ្នាម្តងឡើយ…។
ខ្ញុំយល់ហើយ ចំពោះរឿងស្រែកុំព្រួយ។ ចាំខ្ញុំទៅបបួលគេជួយ។ ភ្ជួរថ្ងៃណាប្រាប់មក… ពូព្រឿងឃើញពូខ្វាវទទួលដូចនេះ ស្រែកហៅអ្នកសនថាៈ
នាងសនៗ នែឥលូវអ្នកខ្វាវសុខចិត្តភ្ជួរឲ្យហើយ។
ប្រាប់មកមួយស្របក់ ក្រោយសំលេងអ្នកសនបានលេចឮៈ ថ្ងៃស្អែកខ្ញុំប្រាប់ ចាំខ្ញុំទៅសួរអ្នកស្ទូងសិន។ និយាយស្រុះស្រួលគ្នារួច ដូចនេះពូព្រឿង និងពូខ្វាវបានឈប់ និយាយ ពូព្រឿងផឹកទឹក ពូខ្វាវមូបារីស្លឹកសង្កែ អុជជក់ផ្សែងទ្រលោម។ បន្ទាប់មកគាត់ និយាយថា យប់ជ្រៅហើយមិនទាន់ដុតភ្លើងភ្នក់គោផង ខ្ញុំសូមលាលោកបងសិនហើយ។
(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី៧ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព