ទំព័រដើមនិទានកថាគ្រូបង្រៀនស្រុកស្រែ (ភាគទី៧)

គ្រូបង្រៀនស្រុកស្រែ (ភាគទី៧)

(៨.គុកខ្មែរ)

ថ្ងៃចេះតែដើរ…។ សីហា ដាច់ ថ្ងៃ២កញ្ញាបានមកដល់។ ម៉ៅបានត្រូវដោះលែងចេញពីគុក។ ដំណើរនេះបានធ្វើឲ្យម៉ែអាថា អរហួស រកចាប់អីវ៉ាន់មិនចំពោះ បន្តិចចាប់ត្រី បន្តិចចាប់បន្លែ។ ភូមិម៉ាស៊ីនស្រូវ អ្នកភូមិថ្នល់បំបែកបានជួយត្រេកអរគ្រប់គ្នា សេចក្តីសង្ឃឹមបានមកដល់ក្រុមគេវិញខ្លះ។

ជាដំបូង ម៉ៅបានចូលទៅលេងអ្នកភូមិខាងត្បូងផ្លូវបំបែក ជិតម៉ាស៊ីនស្រូវធំ ទៅផ្ទះលោកគ្រូផាន់ ទៅផ្ទះលោកគ្រូច័ន្ទ រួចគាត់បានត្រលប់ទៅជាមួយលោកគ្រូវ៉ាត សួរសុខទុក្ខពូព្រឿង និងអ្នកសន។

ចេញពីគុកសើមៗ ម៉ៅមានសំបុរជ្រះជាងធម្មតា ហើយមានចរិតនឹងដូចដើម។ ឃើញដូចនេះពូព្រឿងបានថាៈ

នៅតែមិនព្រមក្រៀមសោះ។ ម៉េចអស់ប៉ុន្មានថ្ងៃដែរ លោកគ្រូក្នុងគុកនោះជ្រះផងឥឡូវ។ ជិតមួយខែដែរ។ រស់នៅដូចម្តេចក្នុងគុកពិបាកយ៉ាងណា?

ម៉ៅមិនបានឆ្លើយ ពូព្រឿងភ្លាមទេ។ គាត់ហូតកន្ទុយបារីចងចំកំលឿងខៀវពីហោប៉ៅអាវសឺមិគាត់។ បន្ទាប់មក គាត់ស៊កបារីទៅក្នុងកន្ទុយបារីនោះ រួចសូមភ្លើងពូព្រឿងអុជ។ លោកគ្រូវ៉ាតឃើញលាន់មាត់ថា បងបានកន្ទុយបារីល្អផង ថ្លៃប៉ុន្មាន?

មានតែមួយទេនៅស្រុកយើងនេះ ម៉េចឆ្លើយសើចចេញធ្មេញសស្គុស ពូឈុំបានឲ្យខ្ញុំនៅគុក។

អើម៉េចទៅឈុំ ពូព្រឿងបានសួរ។ ស្មងជើងវាដែលត្រូវគេវាយនោះជាហើយរឺនៅ? ជាហើយ ប៉ុន្តែគាត់ដើរមិនត្រង់ដូចដើមទេ។ គាត់ដើរវៀចៗ។ មិនដឹងថាថ្ងៃណាទេបានគាត់រួច។ សាលាដំបូងមិនព្រមកោះហៅសួរទៀតសោះ…។ គណៈអន្តរជាតិបានយកចិត្តទុកដាក់ដែររឿងនេះ តែដូចជាមិនបានផល សព្វថ្ងៃគាត់ត្រូវគេចាត់ឲ្យបោសច្រាសក្នុងគុហា…។

ចុះអាអេងដែលគេចាប់មុនលោកគ្រូនោះវាយ៉ាងណាដែរ?

គាត់នៅជាមួយពូឈុំដែរ។ គេចោទគាត់ថាលាក់កាំភ្លើង ឥលូវគេលែងកោះហៅទៅសួរទៀតហើយ ប្រហែលជាគេឃុំចោលនៅគុករហូតហើយមើលទៅ។ លោកគ្រូវ៉ាតបានកាត់ៈ

ម៉ែអេងមកជួយខ្ញុំពីព្រឹកមិញ ពរកូនតូចមួយមកផង។ គាត់ប្រាប់ខ្ញុំថាកំពុងគិតគូរ…។ គាត់បានបញ្ចាំស្រែមួយថ្លៃពីរពាន់រៀល យកទៅជូនលោកកាន់សំនុំរឿងនៅសាលាដំបូង…។ គាត់ថាគេសន្យាឲ្យអេងរួចខ្លួនអាទិត្យក្រោយនេះដែរ…។ ចុះបងហមអ្នកដំនឹងពីគាត់ទេ ម៉ៅបានងាកទៅសួរអ្នកសន។

ច៎ាសសុខសប្បាយទេ ចំាតែពេលឈប់តឹងតែងបន្តិចមកវិញ។ ចុះលោកគ្រូរស់នៅដូចម្តេចទៅ គេមានធ្វើបាបទេ ខ្ញុំចង់ទៅសួរណាស់ តែរវល់ពេករកដើរទៅណាផងមិនបាន។

មើល៍យ៉ាងម៉េចទៅគុក ប្រាប់ខ្ញុំផងក្រែងលោដល់វេនខ្ញុំ លោកគ្រូវ៉ាតបានសួរយប់គេចាប់បងទៅ ខ្ញុំលោកគ្រូម៉េងបានទៅភ្លាម តែសួរដំណឹងបងទៅមិនលេចសោះ។

ក្រោយដែលគេចាប់ខ្ញុំទៅភ្លាម គេដឹកខ្ញុំដាក់ឡាន នាំទៅឃុំនៅប៉ុស្តិ៍ប៉ូលិស កំពង់អស់មួយយប់។ គេគ្មានធ្វើបានខ្ញុំទេ អ្នកដែលយាមខ្ញុំយប់នោះស្រួលណាស់ គាត់បានឲ្យខ្ញុំដេកក្នុងប៊ុយរ៉ូធ្វើការ មិនបានបញ្ជូនខ្ញុំទៅក្នុងសែលលូលទេ…។ គាត់ដើរចុះឡើង បន្តិចៗគាត់មកអើតមើលខ្ញុំ គាត់ប្រាប់ខ្ញុំថា បើត្រូវការបារី ទឹកកក កាផែប្រាប់គាត់។ ហើយគាត់ថាគាត់មានក្មួយមួយមានចិត្តគំនិតដូចខ្ញុំដែរ។ ព្រឹកឡើងគិញម្នាក់បាននាំខ្ញុំទៅប្រគល់លោកព្រះរាជអាជ្ញា ដែលបន្ទាប់មកបានឲ្យអ្នកយាមម្នាក់បណ្តើរខ្ញុំទៅបន្ទប់ស៊ើបសួរសុភាចារបុរស…។

គេចោទបងរឿងអ្វី?

ដូចប្អូនវ៉ាតឯងបានធ្វើសាក្សីឃើញស្រាប់ហើយ។ មនុស្សបួនដប់នាក់ បានផ្តិតមេដៃប្តឹងខ្ញុំ ទិទៀនដល់រដ្ឋាភិបាល ហើយថា ខ្ញុំនិយាយមិនពិត…។ ខ្ញុំបានឆ្លើយបដិសេធពាក្យចោទទាំងស្រុង ហើយបានសូមឲ្យលោកសុភាជួយបកស្រាយមាត្រា១០៣ នៃរដ្ឋធម្មនុញ្ញ ដែលបានបដិសេធច្បាប់ណារំលោភលើសេរីភាព សិទ្ធិដែលបានចងក្នុងមាត្រា៩នៃរដ្ឋធម្មនុញ្ញយើង…។ លោកសុភាបានឆ្លើយថា លោកជាចៅក្រមលោកមិនមែនជាអ្នកជំនាញបកស្រាយច្បាប់រដ្ឋធម្មនុញ្ញទេ ហើយលោកបានប្រាប់ខ្ញុំថា ខ្ញុំជាកូនក្តីត្រូវតែចាំឆ្លើយបានហើយ…។ បងបានឆ្លើយដូចម្តេចទៀតទៅឃើញលោកបន្ទោសដូចនេះខ្ញុំក៏សួរលោកថែមទៀតថា តើខ្ញុំត្រូវឃុំទេហើយនរណាស៊ីញ៉េឃុំខ្ញុំ ហើយអាងមាត្រាក្រមព្រហ្មទណ្ឌរដ្ឋប្បវេណីណាមួយ។ លោកនៅស្ងៀមដាក់មុខមើលឆ្វេងស្តាំ ហើយប្រាប់ខ្ញុំថាលោកត្រូវរកសាក្សីថែមទៀតមក ខ្ញុំនឹងកោះមកសួរបញ្ជាក់មួយស្របក់ក្រោយរួចពីសញ្ជឹងចោលភ្នែកមើលខ្ញុំ លោកនិយាយតិចៗថាខ្ញុំមានកូនច្រើន គ្មាននរណាចិញ្ជឹមវាទេ បើខ្ញុំខានធ្វើការ។

បើលោករួចខ្លួនឆាប់ ខ្ញុំជាមនុស្សមួយរូប ដែលរីករាយត្រេកអរជាងគេ…។ ថាចប់ទទួល ថ្ងៃត្រង់ដល់ម៉ោងឈប់ធ្វើការ លោកក៏ចុចកណ្តឹងហៅអ្នកយាមឲ្យនាំខ្ញុំទៅឃុំក្នុងគុក រហូតដល់ថ្ងៃ២កញ្ញា…។

ប៉ុណ្ណឹងហៅលោកល្អហើយ ពូព្រឿងលាន់មាត់ ចុះដល់គុកយ៉ាងណាដែរពួកអ្នកយាមអ្នកគុកដូចម្តេចទៅ?

ម៉ៅបានស៊កបារីមួយទៀតក្នុងកន្ទុយបារី អុជបឺទផ្សែងហុយទ្រលោមនិយាយៈ

កន្លងទ្វារគុកភ្លាមមានអ្នកយាមមាឌធំមុនអុតបានទទួល។ គាត់និយាយធំៗសំឡុតថា មានលុយកាក់ទេផ្ញើទុកមក មានរឿងអ្វីនឹង អឺនយោបាយទៀតហើយ តែចាប់យ៉ាងហ្នឹងមានកន្លែងណាដាក់ ចង្អៀតណែតប៉ែស ហើយសែលលូលនេះ…។

            គាត់បាននាំខ្ញុំបញ្ចូលក្នុងសែលលូល ដែលមានមនុស្សប្រាំមួយអ្នកនៅចាំ។ រួចកាលណាគាត់បានចាក់សោះគ្រាំងៗពីក្រៅ។

            ដើម្បីឲ្យដឹងការរស់នៅក្នុងគុកយ៉ាងដូចម្តេច ខ្ញុំសូមជូនកំណាព្យមួយ។ កំណាព្យនេះមិត្តសូផនដែលទើបមករួមសង្គមជាតិយើងក្រោយ កិច្ចព្រមព្រៀងហ្សឺណែវបានលបតែង។

បន្ទាប់មកម៉ៅបានហូតក្រដាសមួយសន្លឹកហុចទៅឲ្យលោកគ្រូវ៉ាតនិយាយថាៈ

ណេះប្អូនវ៉ាត មើលទៅធ្វើបទឲ្យអ្នក និងពូស្តាប់ផង។

លោកគ្រូវ៉ាតបានយកមកអានធ្វើបទថាៈ

បរិយាកាសគុក

ច្រាវៗខ្នោះដែកទង្គិចឮ                     ម៉ោងជាងប្រាំភ្លឺអ្នកគុកក្រោយ

ឡើងពីដំណេកមាត់កាកកោក        នាំគ្នាឡើងក្រោកដោះខ្នោះជើង។

ពីគ្រប់ល្វែងធំឆ្អេះស្អុយឆួល             ឬពីសែលលូលទិសត្បូងជើង

អ្នកគុកដើរចេញមុខសើងម៉ើង        រៀបកាយរៀបជើងប្រុងប្រាណចាំ។

លើដីទីវាលអង្គុយទាប                     ជាជួរក្បាលត្រៀបមួយជួរប្រាំ

រួចអ្នកតំរួតត្រូវវេនចាំ                        រាប់ក្បាលជួរប្រាំផ្ទៀងបញ្ជី។

ស្រេចហើយកាលណាតំរួតប្រាប់    ឡូឡាចំណាប់បន្ទោសស្តី

វាយដំច្រំធាក់គ្មានប្រណី                  ប្រើសុទ្ធសំឡីអានិងមី។

ចាត់ខ្លះទៅឡានកើបសំរាម             ខ្លះទៀតរហាមមានចាស់ថ្មី

ត្រូវគេដាក់ខ្នោះបណ្តើរខ្មី                 ទៅសួរសេចក្តីតុលាការ។

ខ្លះទៅថែរសួនផ្ទះលោកធំ               ខ្លះចាត់ទៅបំបោសសាលា

ខ្លះបោសចង្អូរគុកគុហា                     សំអាតទីធ្លាឲ្យបាត់ធុំ។

ខ្លះនៅជើងក្រានដណ្តាំបាយ           ពួកនយោបាយត្រូវនៅជុំ

គេហាមមិនឲ្យចេញពីក្រុម              ខ្លាចកែអប់រំក្រុមចោរបាន។

ឲ្យចេះស្តាប់មិត្តស្គាល់សត្រូវ            ឲ្យរកផ្លូវត្រូវកែខ្លួនបាន

ឲ្យយល់ជំនួយរែងសំខាន់                 បើចងខ្មែរបានទុក្ខគ្មានល្ហែ។

ចក្រពត្តិអាមេរិកមេចោរប្លន់             ជ្រៀតជ្រែកមកប្លន់ទឹកដីខ្មែរ

ប្រើគ្រប់កលល្បិចបំបែកខ្មែរ                        ដោយបានផ្លាស់ប្រែភេទជំនួយ។

ជំនួយសេដ្ឋកិច្ចយោធា                     បង្ខំប្រជាឲ្យក្រំព្រួយ

ឲ្យញាក់ឲ្យផ្អើលដូចគេស្ទួយ            ក្រោយឡើងងើបជួយដេញចក្រពត្តិ។

នាំយករឿងនេះចូលគ្រប់ទី              ជជែកវក់វីពេញគុកវត្ត

ឃើញជាក់អាមេរិកចក្រពត្តិ             ចង់ព័ទ្ធស្រុកខ្មែរឲ្យខ្ញុំវា។

                                                                        គុកកំពង់ ថ្ងៃ ២៥-៨-៥៥

យប់ក្នុងគុក

ច្រាវៗកំលុងប្រាំនាទី                                     អ្នកគុកក្បាលមីរចូលខ្នោះជើង

រួចអ្នកតំរួតដើរចុះឡើង                                រាប់ក្បាលពួកយើងចុះបញ្ជី។

ឈ្ងោកមើលក្រោមគ្រែកៀនជញ្ជាំង            ក្រែងមានបំបាំងលាក់ឡោស៊ី

ដែកគោលខ្សែលួសកាសែតថ្មី                      ក្រែងលាក់ក្រោមដីបង្កប់នៅ។

ក្រោយមកតំរួតទាញកូនសោ                      បិទទ្វារចាក់សោពីខាងក្រៅ 

ទុកឲ្យអ្នកគុកដេកហាលនៅ                        ក្នុងក្រោលលំនៅធុំឆ្អេះស្អុយ។

ក្នុងក្រោលអ្នកគុកចាប់ជជែក                      មានរឿងប្លែកៗកំសាន្តព្រួយ

ខ្លះនឹកឃើញឈ្មោះមិត្តមកជួយ                  ឲ្យបារីមួយលបឲ្យការ។

ខ្លះខឹងតំរួតជេរវាយស្តី                                  ខ្លះបន្ទោសស្តីតុលាការ

ត្រូវសំណូកគេភ្លេចមុខការ                           ដើរផ្លូវមុសាអាងដាក់គុក។

ខ្លះគិតបារម្ភអនាគត                                     ព្រោះជិតកំណត់ចេញពីគុក

ត្រលប់វិលវិញទៅភូមិស្រុក                         ទៅជួបអស់មុខបងប្អូនមិត្រ។

ខ្លះផ្តើមនិយាយនយោបាយ                         អត្ថាធិប្បាយរឿងអាមេរិក

ចូលមកក្នុងស្រុកនាំវវឹក                                អាវុធសន្ធឹករាយពេញដី។

ឲ្យមានចាប់ចងពេញទាំងស្រុក                   ទន្រ្ទានបុករុកជ្រៀងគ្រប់ទី

ចាក់ចុចឲ្យខ្មែរបែកសាមគ្គី                           ដើម្បីវាស្រួលជិះជាន់យើង។

សូរសព្ទជជែកឮសូរអ៊ូ                                   បំបាត់អស់សូរនៃខ្នោះជើង

ដល់ម៉ោងប្រាំពីរសូត្រធម៌ឡើង                   សូរជើងប៉ុន្មានបាត់សូន្យឈឹង។

លុះសូត្រធម៌ចប់ហើយកាលណា                សញ្ញាភ្លើងភ្លែតប្រាប់នៅហ្នឹង

ឲ្យឈប់ឮមាត់ស្ងប់ឲ្យឈឹង                          អ្នកគុកសញ្ជឹងឃើញឧបទ្រព។

ពាក្យខ្សឹបពាក្យខ្សុចនៅមានឮ                     អ្នកខ្នោះបន្លឺពាក្យចុបៗ

អ្នកវេនចាំយាមខំស្ទុះហុច                            ធុងអាចម៍ស្អុយឡប់ឲ្យនោមជុះ។

យប់កាន់តែជ្រៅសូរចំលែក                          ក្រោកក្រាកខ្នោះដែកលាន់ចំរុះ

លាយសូរចុបៗហៅនោមជុះ                        សូរសព្ទទាំងនោះយប់គុកខ្មែរ។

                             គុកកំពង់ ថ្ងៃ២៧-៨-៥៥

មើលចប់លោកគ្រូវ៉ាតបត់ទុកដាក់ក្នុងហោប៉ៅអាវ គាត់និយាយថា ខ្ញុំទុកយកទៅឲ្យបងប្អូនស្តាប់…។ យីនៅគុកនៅតែមានដាក់ខ្នោះទៀត។ ចំឡែកកាលពីឆ្នាំ១៩៤៧ ពេលសម្ពោធរដ្ឋធម្មនុញ្ញ ខ្ញុំឃើញគេមិនដាក់ច្រវាក់អ្នកគុកធ្វើការទេ នៅកំពង់…។

យីនៅគុក មានសូត្រធម៌ផង…ពូព្រឿងបានភ្ញាក់ ហើយស្អីមានធ្វើចុបៗ ហៅជុះនោម…ក្រោកក្រាក ខ្នោះដែកវេទនាណាស់។

            លោកគ្រូសំរាន្តយប់ដូចម្តេចទៅ? អ្នកសនបញ្ជាក់ គេមិនដាក់ខ្នោះទេរឺ?

            យើងនៅគុកបន្ទប់តូចគ្នាប្រាំមួយនាក់ដេកចំហៀងខ្លួន។ តម្រួតចាក់សោពីក្រៅ។ ពេលដែលអ្នកគុក ក្នុងក្រោលត្រូវបង្ខំសូត្រធម៌ យើងក្នុសែលលូលបានបបួលជជែករឿងផ្សេងៗ ហើយមានថ្ងៃណាមួយព្រួយអផ្សុកតប់ប្រមល់ ពេកក៏បានបបួលគ្នាច្រៀងចំរៀងផ្សេងៗ។ មិត្រសូផនសំលេងពីរោះ បទពីរោះច្រើនណាស់។ គាត់បានច្រៀងបទ ផ្ការំដួលខៀវខ្ចី បទបង្កើនផល ជ្រូកមាន់ទា។ ពិរោះអស្ចារ្យ ហើយចាំតែគាត់រួចពីគុកមក ខ្ញុំនាំគាត់មកច្រៀងប្រណាំងនឹងថាសសារឹមប៉ាក់ ស្មៀនឈិន…

            ម៉ៅនិយាយជក់ញាប់មាត់។ លោកគ្រុវ៉ាងឃើញពេលកាន់តែល្ងាច បានកេះគាតថាល្មហើយបង តស់យើងទៅផ្ទះយើងវិញ ក្រែងមានភ្ញៀវមកចាំ។

            លោកគ្រូវ៉ាតបានក្រោក ម៉ៅក្រោកតាម រួចអ្នកទាំងពីរលាពូព្រឿង អ្នកសនមកផ្ទះបៀតម៉ាស៊ីនស្រូវវិញ…។

(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី៨ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!