ប្រាសាទបាភួនស្ថិតនៅក្នុងបរិវេណអង្គរធំ ជាប់នឹងទិសពាយព្យនៃប្រាសាទបាយ័ន្ត។ ប្រាសាទបាភួនសាងនៅស.វទី១១ (ឆ្នាំ១០៦០) ស្ថិតនៅក្នុងរាជ្យ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញសាសនា។
ឈ្មោះនៃប្រាសាទនេះ គេច្រើនតែសរសេរ “បាពួន” ដែលផ្ទុយពីន័យដើមរបស់ប្រាសាទនេះ។ ឈ្មោះគួរតែហៅ ឬក៏សរសេរ “បាភួន” ដែលអាចផ្ដល់ន័យត្រឹមត្រូវទៅនឹងន័យដើមរបស់ប្រាសាទមានចារនៅក្នុងសិលាចារឹក។ ថ្វីត្បិតការបកស្រាយអំពីឈ្មោះប្រាសាទនេះអាចមានភាពស្មុគស្មាញក្ដី ខ្ញុំបានរកឯកសារមកធ្វើជាអំណះអំណាង ហើយធ្វើការវិនិច្ឆ័យដូចខាងក្រោម។
១. តាមមាត់អ្នកស្រុកដែលហៅ “បាភួន” នេះមានឈ្មោះជាភាសាសំស្រ្កឹត “ភូវនតិលក (Bhuvan-tilaka) ឬព្រះភូវន (តិលក)” ដែលលោកសឺដែស (Cœdès) គិតថាមានន័យដូចគ្នានឹង “ត្រៃលោក្យតិលក (Trailokyatilaka)” ប្រែមកថា “ភពបី”។ ឈ្មោះ ត្រៃលោក្យតិលក មានចារនៅក្នុងសិលាចារឹកលង្វែកដែលនិយាយទាក់ទងនឹងប្រាសាទបាភួន។ រីឯអ្នកគ្រូ ពៅ សាវរស យល់ថាឈ្មោះបាភួននេះក្លាយមកពី “ត្រីភូវនចូធាមណិ (Tribhuvanacūḍā maṇi)” ប៉ុន្តែអ្នកគ្រូមិនបានពន្យល់ពីឈ្មោះនេះមកពីសិលាចារឹកណាមួយទេ។ ទោះជាយ៉ាងណាក្ដី “ភួន” ក្លាយមកពី “ភូវន” ដែលជាសម្លេងខ្លីទម្លាប់ហៅតាមមាត់ខ្មែរ។ រីឯ “បា” វិញ ពោលគឺមានន័យស្មើនឹង “ព្រះ”។ ឈ្មោះប្រាសាទផ្សេងទៀតក៏មានហៅជួនកាល “បា” ជួនកាល “ព្រះ” ដូចជាប្រាសាទ “ព្រះគោ” ឬ “បាគោ” (ប្រាសាទនៅរលួស)ជាដើម។
២. តាមសិលាចារឹកលង្វែកដដែលនេះ ប្រាសាទបាភួនមានឈ្មោះដើម “ហេមាទ្រី (Hemadri)” មានន័យថា “ភ្នំមាស”។ សូមសម្រួល និងសង្ខេបន័យនៅក្នុងសិលាចារឹកដែលនិយាយថា “នៅកណ្ដាលជម្ពូទ្វីប ដែលជាលំនៅនៃទេពទាំងឡាយមានភ្នំមាសមួយ (ហេមាទ្រី)។ ព្រះបាទឧទ័យទិត្យវម៌្មបានលើកភ្នំមាសមួយនេះនៅកណ្ដាលទីក្រុង…”។ ទាក់ទងនឹងភ្នំមាស ឬប្រាសាទមាសនេះក៏មាននិយាយនៅក្នុងកំណត់ត្រារបស់អ្នកការទូតចិន ជីវតាក្វាន់ដែលមកអង្គរនៅក្នុងឆ្នាំ១២៩៦ដែរ។ ក្នុងកំណត់ត្រានោះនិយាយថា៖ “…ព្រះរាជវាំងស្ថិតនៅផ្នែកខាងជើងនៃប្រាសាទមាស និងស្ពានមាស នៅជិតទ្វារចូលខាងជើង ចម្ងាយប្រហែលពី៥ទៅ៦លី”។ ព្រះបរមរាជវាំង គឺនៅក្នុងបរិវេណអង្គរធំ មានប្រាសាទភិមានអាកាសនៅកណ្ដាល។ អ្នកស្រាវជ្រាវយល់ថាប្រាសាទមាស និងស្ពានមាសដែលនិយាយក្នុងកំណត់ត្រាចិននោះ គឺប្រាសាទបាភួននេះឯង។
អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ