ទំព័រដើមនិទានកថាគ្រូបង្រៀនស្រុកស្រែ (ភាគទី៩​ ជាភាគបញ្ចប់)

គ្រូបង្រៀនស្រុកស្រែ (ភាគទី៩​ ជាភាគបញ្ចប់)

(១១.វ៉ាកងខែចែត្រ)

ខែចែត្រសាលារៀនបិទទ្វារសំរាកខែក្តៅ។ សិស្សវិទ្យាល័យ អនុវិទ្យាល័យ ខ្លះបានត្រឡប់ទៅស្រុកកំនើតវិញ ខ្លះមានឆ្លៀតទៅលេងបងប្អូនមាមីងនៅខេត្តផ្សេងៗ។​ ខ្លះទៀតបានទៅជាមួយឪពុកម្តាយមិត្តភក្តិមើលប្រាសាទបូរាណ ឬទៅកំសាន្តនៅកែបមាត់សមុទ្រ…។ គ្រូបង្រៀនខ្លះទៅស្រុកស្រែចំការបានចូលមកលេងក្រុង។ គ្រូខ្លះដែលត្រូវផ្លាស់ពីខែកញ្ញាមុន បានវិលមកលេងកន្លែងចាស់ខ្លួនវិញ។

នៅខែសំរាកចូលឆ្នាំនេះ មុខគ្រូចាស់ៗខ្លះដែលបានទៅបាត់ពីដើមឆ្នាំ បានលេចមកស្រុកម៉ាស៊ីនវិញ។ លោកគ្រូថាន់ បាននាំប្រពន្ធកូនគាត់មកមុនគេ។ លោកគ្រូវ៉ាតពិតមែនតែសំណាក់កំពង់ជាមួយឪពុកក្មេកគាត់ក៏មិនភ្លេចមកអើតកន្លែងចាស់គាត់ឡើយ។ លោកគ្រូច័ន្ទបានត្រលប់មកជួបជុំប្រពន្ធកូនគាត់ក្រោយគេបន្តិច។

នៅវ៉ាកងតូចនេះ គ្រូតូចស្រុកម៉ាស៊ីនស្រូវ បានគួរសមទាក់ទងរកគ្នា យ៉ាងស្និទ្ធស្នាល។ បន្តិចលោកគ្រូម៉េង ធ្វើការបញ្ឆែវអញ្ញើញលោកគ្រូច័ន្ទ លោកគ្រូថាន់…ទៅលេងផ្ទះ។ បន្តិចម៉ែអាថាបានផ្លែម្នាសពីចំការយកទៅជូនប្រពន្ធលោកគ្រូច័ន្ទ…។ អ្នកសនប្រពន្ធបងហមបានទៅដល់ផ្ទះ​ សាកសួរសុខទុក្ខអ្នកទើបមកដល់ថ្មី…។ ការនឹករលឹករាប់អានគ្នា បានធ្វើឲ្យគេដើរទៅមករកគ្នាលែងញញើតញញើម មើលឆ្វេងស្តាំដូចកាលទើបចូលរៀនទៀតហើយ។ គេគុយទាវ កាផែ នៅផ្លូវបំបែកផ្ទះអាចិកលាង និយាយចំអែចំអន់គ្នាលេងសើចក្អាកក្អាយ។ គេដណ្តើមគ្នាចេញលុយ ឲ្យចិនថា “អ្នកស្ទឹងត្រែងកុំអី ទុកឲ្យអ្នកស្រុកម៉ាស៊ីនស្រូវចេញបានហើយ”។

ក្រៅពីការប្រជុំគ្នានៅផ្សារ គេបានឆ្លៀតទៅសួរសុខទុក្ខមិត្តនៅភូមិ ឃុំ។ គេសួរដំណឹងពីភូមិប្ញស្សី។ គេជិះកង់ទៅលេងគរ គេទៅជួបនឹងបងសែមនៅភូមិជើង។ គេសួរដំណឹងពីនាយអេង គេនឹកអនុស្សាវរីយពីគ្រូម៉ៅ។ គេចង់ទៅកំពង់ គេចង់ទៅពាមគេចង់ទៅភូមិពូសន។ គេចង់ធ្វើគ្រប់…តែពេលចូលរៀនជិតមកដល់។ លោកគ្រូច័ន្ទក៏លាន់មាត់ថា មិនទាន់បានអីផងដល់ពេលទៅវិញហើយ។

លោកគ្រូម៉េងឃើញថ្ងៃបែកគ្នាជិតមកដល់ បានស្នើបងហមឲ្យរៀបចំផ្ទះលាមិត្តដែលត្រូវទៅ។ បងហមបានពឹងអាចិកគ្រុយ ជាអ្នកដៃស្រស់ខាងគុយទាវគោ នៅក្បែរម៉ាស៊ីនស្រូវមុខផ្ទះគាត់ អាចិកគ្រុយបានកាប់មាន់ កាប់ទាយកមកឲ្យនិយាយប៉ៃឡាំសើចលេងថា អញឡឹងហើយពួកអាបងហមឯងនេះឡូចតែអញអីចឹង។ អញក្រ អញចូលចិត្តតែអាណាជួយ អ្នកក្រឡូចស្រុកចិនឥលូវ…។

ពេលបាយ ផ្តាច់វ៉ាកងគេជួបជុំគ្នាដប់នាក់។ លោកគ្រូវ៉ាត លោកគ្រូរ៉េត បានមកតាំងពីកំពង់។ លោកគ្រូសេនបានមកពីពាម។ គេចំអែចំអន់គ្នាលេង។ គេសរសើរពីសម្លគេថាបើតែឆ្ងាញ់យ៉ាងនេះមកទៀតហើយ។ គេថាលោកគ្រូវ៉ាតពូកែលាងចាន…។

រួចបាយគេក៏បានចាប់និយាយពីការដែលគេបានជួបប្រទះនៅក្រោយពេលបែកគ្នាប៉ុន្មានខែមុន។

លោកគ្រូថាន់បានដំអូញមុនគេថា

ពិបាកណាស់ស្រុកចំការនោះ។ ខ្ញុំទ្រាំមិនបានទេ។ ឆ្នាំក្រោយសូមរត់ហើយថាម៉េចក៏ថាចុះពិបាកណាស់។ តាំងពីផ្លាស់ទៅខ្ញុំចាយលុយអស់សន្ធឹក។

តុងទីនមួយក្បាល អស់រលីង មិនដឹងបានអ្វី…។ ម៉ែអាថាមិនស្រួល អាកូនតូចឈឺជាប់…។

ចំណាប់ខ្ញុំក៏យ៉ាប់ណាស់ដែរ។ ប្រាក់ខែលែងគ្រប់តែម្តង លោកគ្រូច័ន្ទបានកាត់។ ឯងនៅឯមេឃ ឯដី ​ឯណា ឯនោះ ឯកូនប្រពន្ធនៅឯនេះ។ គេទៅផងមិនបានផ្ទះពីរខ្ចីគេចាយរាល់ខែ និយាយពីយ៉ាប់លែងនិយាយខ្ញុំមិនដែលចេញស្តីប្រាប់នរណាទេរឿងនេះ…។

ស្តាប់ឮដូចនេះ លោកគ្រូម៉េងបានកាត់

មិនមែនតែលោកគ្រូឯងទេ ដែលវេទនា។ គ្រប់គ្រូតូចតាចស្រទាប់ក្រោមវេទនាដូចគ្នា។ លោកគ្រូហេង អ្នកគ្រូម៉ន  បន្លាស់លោកគ្រូក៏វេទនាណាស់ដែរ។ អ្នកគ្រូម៉នត្រូវផ្លាស់មកធ្វើទីនេះ ឃ្លាតពីឪពុកម្តាយចាស់ៗ​នៅឯភ្នំពេញឯណោះ។ ឯចំនែកលោកគ្រូៗ ដែលនៅមិនមែនស្រួលដែរ។ យើងតឹងទ្រូងជាប់។ ដូចលោកគ្រូ ជ្រាបហើយ មិនចាំបាច់រាប់រៀបឲ្យវែងឆ្ងាយទេ…។ លោកគ្រូដឹងហើយ ជួបប្រទះហើយ…។ ខ្ញុំជៀសធ្វើនាម៉ឺន តុលាការ បាល័ដ្ឋ ព្រោះខ្ជិលអែបអប ខ្ជិលសូក ដល់មកធ្វើគ្រូនៅតែឮសំនូក នៅតែជួបរបៀបលុតក្រាប។ ឳកាសណាទៅយើងនឹងបានផុតការសំលុតទៀត…។ តើធ្វើដូចម្តេចទៅ? គិតមួយស្របក់លោកគ្រូច័ន្ទ បានឲ្យយោបល់

យើងខំពង្រីកសមាគមសាលារៀន ខំច្រាកលុយ ខំឡើងប្រក់សាលា តើយើងធ្វើដើម្បីផ្គាប់ផ្គុននរណា? យើងដែលបានស្ម័ក្រចិត្តរួមគ្នាចាយកំលាំងកាយ កំលាំងប្រាក់ដូចនេះមិនមែនដើម្បីបុណ្យសក្តិ ដើម្បីតំរូវចិត្តលោកនោះក៏ទេដែរ គឺយើងធ្វើដើម្បីកូនប្រជាជន ដើម្បីប្រឆាំងនឹងអវិជ្ជា។ ការយើងធ្វើនេះបានផលជាក់ស្តែងទេ? មិនបានដូចបំនងយើងទាំងអស់ពិតមែន តែសាលាដែលទ្រេតទ្រោតធ្លុះធ្លាយ យើងបានទ្រទល់តំរង់ យើងបានប្រក់ជួសជុល យើងបានទាំងបង្កើតថ្នាក់ពីរថែមទៀត បើកឲ្យកុមារាកុមារី តូចៗបានរៀងជា១០០នាក់ផង។ ចំពោះការយើងធ្វើនេះ តើប្រជាជនខឹងនឹងយើងទេ? ប្រជាជនស្រលាញ់យើងជួយយើងពេញទីមានពូសានជាដើម បានទាំងខំធ្វើពាក្យទៅសូមគ្រូពីកំពង់ពីភ្នំពេញរដ្ឋសភាទៀតផង។ ម្យ៉ាងទៀតកាលពីដើមឆ្នាំចូលរៀនមុននេះ  អ្នកស្រុកម៉ាស៊ីនស្រូវជួយការពារយើងពេញទី។ គេទាំងបានផ្តិតមេដៃ ធ្វើញាត្តិទាមទារកុំឲ្យមិត្តយើងខ្លះផ្លាស់ចេញពីស្រុកយើងនេះផងតែចំនងប្រជាជនមិនសំរេច គឺមកពីមិនទាន់មានកំលាំងគ្រប់គ្រាន់ធ្វើឲ្យស្តាប់យើង។ ក្នុងភូមិ ក្នុងឃុំ ក្នុងស្រុក ក្នុងខេត្ត ក្នុងប្រទេស ក្នុងលោក កំលាំងដែលធំជាងគេ គឺកំលាំងសាមគ្គី។ យើងគ្រូស្រទាប់ក្រោមតូចតាច ដែលវេទនាត្រូវចេះរកសាមគ្គីចងបាច់គ្នានៅគ្រប់ឃុំ គ្រប់ស្រុកឡើងផ្តុំគ្នា ធ្វើជាសមាគមគ្រូដើម្បីឈានទៅធ្វើសហពន្ធសមាគមគ្រូខ្មែរ នៅប្រទេសយើងទាំងមូល។ យើងត្រូវចេះរួបរួមជាមួយអ្នកស្រុក ម៉ែឪសិស្ស រិះរករបៀបបង្រៀនក្មេងឲ្យឆាប់ចេះ ហើយអប់រំវាឲ្យាបានជាមនុស្សមួយល្អ ខ្ពើមអំពើអយុត្តិធម៌ឲ្យចេះស្រលាញ់ការហត្ថកម្ម ពលកម្ម។ យើងត្រុវដុសឲ្យអស់ កំអែលអាណានិគមនិយមដែលនៅក្នុងសាលារៀន។ យើងត្រូវឆ្លៀតប្រជុំគ្នាតែក្បួនខ្នាត ជាភាសាជាតិយើងឲ្យសិស្សឲ្យម៉ែឪសិស្ស។ យើងមិនត្រូវគិតខុស ដេកចាំសៀវភៅបារាំងពីប៉ារីស ពីព្រៃនគរ ពីលោកនេះ ពីលោកនោះ រឺពីជំនួយអាមេរិកកាំងទេ។ យើងត្រូវយល់ឲ្យជាក់ថា មានតែគ្រូចេះផ្តុំគ្នាទេ ដែលអាចកែប្រែការរៀនសូត្រ ឲ្យទៅតាមស្រុកឯករាជ្យ។ ដោយហេតុនេះហើយបានជាខ្ញុំមិនសូវគិតពីរឿងផ្លាស់ទៅណាសោះ តាមតែគេដាក់ចុះ តែលាក់បាំងអ្វី ពិបាកតែដឹកអីវ៉ាន់ចុះឡើងរើម្តងៗ ខាតមិនតិចទេ។ កុំអីខ្ញុំមិនរវល់ទោម្និញទេ គេដាក់ភូមិណាដាក់ចុះ។

តាំងពីចូលកងមក ខ្ញុំបានបង្រៀនក្មេងវិញ ហើយខ្ញុំបានឆ្លៀតប្រែសៀវភៅបានពីរក្បាលដែរ។ ខ្ញុំគិថាដល់ចុងឆ្នាំ១៩៥៦នេះ រកខ្ចីលុយគេបោះផ្សាយហើយ។

បងហមបានស្តាប់លោកគ្រូច័ន្ទ គ្មានប្រែប្រួល។ គាត់ចេះតែងក់ក្បាលថា ត្រូវហើយៗគាត់បានកាត់ថាៈ ពិរោះមែន ត្រូវមែន ម្ល៉ឹងហើយនៅតែខ្ទាតបានទៀត។ ណេះយកតែមួយកែវពិសារលោកចាងហ្វាង។

លោគ្រូច័ន្ទបានយកតែលាងបំពង់ក មើលជុំវិញឃើញលោកគ្រូថាន់ដេកគងថ្ងាស។ រួចគាត់បានតទៀតថាៈ

មានតែសាមគ្គីផ្តុំគញនាដូចបានស្តីរួចមកហើយនេះទេ ដែលអាចឲ្យយើងរួចពីក្តីទុក្ខសព្វថ្ងៃ។ ខ្ញុំគ្មានឃើញអ្វីទៀតទេ មើលលោកគ្រូរ៉េតមានអ្វីថែមទៀតទេ…។

ខ្ញុំគិតដូចតែលោកគ្រូអីចឹង “លោកគ្រូរ៉េតឆ្លើយ” តែការអនុវត្តឲ្យបានដូចជាពិបាកនៅកំពង់ តាំងពីខ្ញុំទៅបង្រៀនប៉ុន្មានខែនេះ ឃើញគ្រូខ្លះនៅជាប់របៀបបុរាណ ច្រើនហើយហ៊ានបង្អាក់ខ្ញុំកុំឲ្យខ្នះខ្នែងពេក ម៉ាៗយកតែប្រាក់ខែបានហើយ។

ចំណែកខ្ញុំវិញឃើញគ្រូច្រើនបានចំរើន “លោកគ្រូច័ន្ទកាត់” កាលខ្ញុំនៅកំពង់ស្ពឺ ឆ្នាំទៅធ្វើមេប្រយោគប្រលងវិញ្ញាបនប័ត្រ ខ្ញុំបានជួបគ្រូ៤-៥នាក់ មកពីក្រចេះ ពីកំពត ពីសៀមរាប ពីព្រៃវែង ពីតាខ្មៅ។ យើងបានជជែកគ្នាសុទ្ធតែមានយោបល់ដូចគ្នាទាំងអស់។ គ្រូខ្លះបានសន្យាថា ត្រលប់ទៅកន្លែងខ្លួនវិញ គិតគូរប្រជុំគ្នា ធ្វើសមាគមសរសេរសៀវភៅ។

ខាងពាមក៏យើងគិតដែរ “លោកគ្រូសនបានកាត់” តែអ្នកបានស្រួលខ្លួនមិនសូវរវល់ទេ។ ហេតុនេះហើយ បានជាខ្ញុំច្រើនរត់មកជាមួយលោកគ្រូម៉េងវិញ។

លោកគ្រូម៉េងបានឆ្លើយៈ

នៅស្រុកម៉ាស៊ីនស្រូវ ឥលូវមានគ្រូជិត១០០នាក់។ យើងមានគំនិតដូចគ្នាក្នុងការបង្កើតបណ្ណាល័យមួយវិញសៀវភៅឲ្យប្រជាជនខ្ចី។ យើងសង្ឃឹមថា មិនជាយូរប៉ុន្មានទេ យើងមុខជាផ្តុំគ្នាធ្វើផ្នែកសមាគមគ្រូបាន…។

យប់កាន់តែជ្រៅ វោហារកាន់តែខ្សោយ។ ខ្លះដេកគងថ្ងាស ខ្លះស្ងាប។ ឃើញ ដូចនេះលោគ្រូម៉េងបានបញ្ជាក់ថាៈ ការជួបជុំនេះមិនឥតប្រយោជន៍ទេ យើងបានផ្លាស់ប្តូរគំនិតគ្នា ហើយបានមូលមតិគ្នាស្ទើរទាំងស្រុង។ យើងត្រូវខំកែប្រែការរៀនសូត្រ យើង…។

បន្ទាប់មកលោកគ្រូមួយម្តងៗ បានចេញ ខ្លះជិះកង់ ខ្លះដើរទៅផ្ទះតែរៀងខ្លួន ឯចំណែកលោកគ្រូរ៉េតមិនបានទៅវិញទេ គាត់នៅសំណាក់យប់នេះ ជាមួយបងហម។

(សូមអរគុណចំពោះការតាមដានរឿង គ្រូបង្រៀនស្រុកស្រែពីដើមដល់ចប់)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!