ពិធីភ្ជុំបិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌ យើងធ្វើនៅខែភទ្របទ ចាប់ពីថ្ងៃ១រោច ដល់១៥រោច ពោលគឺនៅពេលរនោច (ពេលងងឹត) រៀងរាល់ឆ្នាំ។ ក្នុងរយៈពេល១៥ថ្ងៃ នៅតាមវត្តត្រូវរៀបពិធីជាប់រហូតមិនអាចដាច់បានទេ ដូច្នោះហើយបានជាឲ្យមានវេនអ្នកកាន់បិណ្ឌ។ ប្រសិន បើគ្មានអ្នកជួយកាន់បិណ្ឌទេ អ្នកភូមិដែលជាចំណុះជើងវត្ត ពិបាកនឹងរៀបចំ។ ពិធីត្រូវតែធ្វើនៅវត្ត ពុំអាចធ្វើនៅផ្ទះបានឡើយ។ សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌនេះ បើខ្មែរនៅខេត្ត សុរិន្ទ និងនៅកម្ពុជាក្រោម គេហៅ “បុណ្យដូនតា”។
អ្នកកាន់វេនបិណ្ឌចាប់ផ្ដើមរៀបចំពិធីពីថ្ងៃរសៀល រហូតដល់ថ្ងៃបន្ទាប់មួយព្រឹកទៀត។ កិច្ចនៃពិធីមានច្រើន ប៉ុន្តែកិច្ចដែលសំខាន់សម្រាប់ភ្ជុំបិណ្ឌ គឺគេធ្វើនៅពេលមុនថ្ងៃរះ។ របៀបរៀបចំពិធីអាស្រ័យទៅលើវត្ត និងតំបន់នីមួយៗ។ ពីព្រោះទំនៀមនៅតំបន់មួយអាច ខុសពីតំបន់មួយ មិនដូចគ្នាទាំងស្រុងនោះទេ។ ករណីនៅវត្តប្រដាកដែលស្ថិតនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប ពេលល្ងាចអ្នកភូមិគេរៀបចំពូតបាយបិណ្ឌទុក។ គេរៀបចំបាយបិណ្ឌ ដាក់នៅលើចាន ឬថាស ដោយមានលម្អផ្សេងៗ។ បាយបិណ្ឌត្រូវតែធ្វើអំពីអង្ករដំណើប។ គេពូតបាយបិណ្ឌតូចៗ ពីព្រោះគេជឿថាមាត់ប្រេតដែលគេបញ្ជូនបាយបិណ្ឌទៅនោះតូច។
គោលបំណងធំនៃភ្ជុំបិណ្ឌ គឺបញ្ជូនកុសល ភ្ជាប់ជាមួយបាយបិណ្ឌទៅដល់ព្រលឹងប្រេត ដើម្បីឲ្យបានទៅចាប់ជាតិថ្មី។ ប្រេត គឺជាព្រលឹងអ្នកដែលស្លាប់ ប៉ុន្តែនៅវិលវល់រងទុក្ខវេទនា ពុំទាន់អាចទៅរកទីស្ងប់ ឬទៅចាប់ជាតិបាន។ អាចនិយាយថាធ្វើបុណ្យពុំបានល្អពីជាតិមុន។ គេបញ្ជូនកុសលនោះមិនសម្រាប់តែសាច់ញាតិទេ ពោលគឺជួយដល់ព្រលឹងរបស់ប្រេតទាំងអស់ មិនថាសាច់ញាតិ ឬមិនសាច់ញាតិនោះទេ។
![](https://asset.ams.com.kh/khmercivilization/media/sites/3/B3.jpg)
ពេលព្រឹកម៉ោង៤ ព្រះសង្ឃចាប់ផ្ដើមសូត្រធម៌ រហូតដល់ម៉ោង៥ជិតកន្លះ ទើបគេនាំគ្នាទៅដើរប្រទក្សិណ៣ជុំនៅព្រះវិហារ ដើម្បីបោះបាយបិណ្ឌ។ កន្លែងគេបោះបាយបិណ្ឌមានគ្រប់ជ្រុង (ករណីនៅវត្តប្រដាក គេរៀបចំកន្លែងបោះបាយបិណ្ឌបានល្អ) ប៉ុន្តែពេលគេដើរដល់ទិសឦសាន គេឈប់មួយភ្លេត ដើម្បីនិយាយឧទ្ទិស ហើយបោះបាយបិណ្ឌ។ ពេលដល់ថ្ងៃជិតរះ អាចារ្យរៀបកិច្ចជាចុងក្រោយនៅទិសឦសាន ដើម្បីបញ្ជូនបាយបិណ្ឌទាំងអស់ដល់ព្រលឹងប្រេតទាំងឡាយ។ វត្តខ្លះនៅតំបន់អង្គរ គេធ្វើរានយមរាជនៅទិសឦសាន ហើយអាចារ្យរៀបកិច្ចចុងក្រោយនៅកន្លែងរានយមរាជនោះ។ គេរៀបកិច្ចនៅពេលព្រះអាទិត្យជិតរះនោះ ព្រោះជាវាលាមួយដែលភ្ជាប់ពីងងឹតទៅភ្លឺ ពោលគឺដូចជានិមិត្តរូបនៃសេចក្ដីស្លាប់ និងកើត។ មានន័យថាប្រេតមានឱកាសអាចបានទៅចាប់ជាតិថ្មី។ ជំនឿនៅ ក្នុងសង្គមខ្មែរ យើងជឿថាទិសឦសានជាទិសសំខាន់ ពីព្រោះជាទិសដែលកើតឡើងវិញ។ ដូច្នោះហើយ យើងឃើញនៅក្នុងពិធីផ្សេងៗ គេតែងតែធ្វើអ្វីភ្ជាប់ទៅនឹងទិសឦសាន។ ឧទាហរណ៍ ភ្នំខ្យាច់ និងរានយមរាជ គេត្រូវរៀបនៅទិសឦសាន។ នៅក្នុងជំនឿខ្មែរ យមរាជជាទេពនៃសេចក្ដីស្លាប់ផង និងកើតផង។
អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ