ទំព័រដើមនិទានកថារឿងធនញ្ជ័យ (ភាគទី៩)

រឿងធនញ្ជ័យ (ភាគទី៩)

…អាចារ្យចិនក៏ព្រមឲ្យរបស់ក្នុងសំពៅទាំង៤នោះ ហើយក៏បើកសំពៅទៅស្រុកវិញ ឯធនញ្ជ័យកាលបើបានរបស់អំពីសំពៅទាំង៤នោះហើយ ឲ្យជញ្ជូនអស់របស់ទ្រព្យនោះទៅថ្វាយព្រះបាទជាម្ចាស់ទាំងអស់ នឹងមានយកជារបស់ខ្លួនក៏ទេ ឯព្រះមហាក្សត្រ បានលឺថាធនញ្ជ័យឈ្នះប្រស្នាអាចារ្យចិនដូច្នោះហើយ លុះដល់ឃើញធនញ្ជ័យឲ្យជញ្ជូនអស់របស់ទ្រព្យមកថ្វាយដូច្នោះក៏ត្រេកអរក្នុងព្រះរាជហប្ញទ័យ ហើយមានព្រះបន្ទូលថា ធនញ្ជ័យឯងបានទុកខ្លះហើយរឺទេរបស់ទាំងអស់នេះ ធនញ្ជ័យក្រាបទូលថា ទូលព្រះបង្គំពុំបានយកទុកទេស្តេចស្តាប់ហើយក៏មានបន្ទូលថា បើដូច្នោះអញនឹងឲ្យយកស្រីក្នុងវាំងធ្វើជាប្រពន្ធឯង ហើយនឹងរបស់ទ្រព្យទាំងអស់គ្រប់មុខកុំឲ្យមានខ្វះខាតរបស់អ្វី ឯធនញ្ជ័យក្រាបទូលថា ទូលបង្គំមិនចង់បានទេ​ ប្រពន្ធនោះត្បិតមិនមែនជាស្រីទេ ឈ្មោះញី មិនប្រាកដជាស្រី សូមជ្រាប ស្តេចទ្រង់សណ្តាប់ហើយក៏មានព្រះបន្ទូលថា ឯណាឈ្មោះស្រីនោះទើបធនញ្ជ័យថា ទូលព្រះបង្គំនឹងក្រាបថ្វាយបង្គំលាទៅរក បើបាននឹងនាំមកថ្វាយ ហើយទូលថា សូមព្រះអង្គព្រះរាជទានសំពត់ហូល ព្រែ ឲ្យច្រើននឹងទៅរកស្រីនោះទើបឃើញ ស្តេចស្តាប់ហើយ ព្រះរាជទានហូលព្រែឲ្យធនញ្ជ័យជាច្រើន ហើយទ្រង់ផ្តាំថា បើរកបានវិលមកឆាប់ ឯធនញ្ជ័យក្រាបទូលថ្វាយបង្គំលា យករបស់នោះវេចស្រេចហើយ ស្ពាយសំពាយដើរទៅស្រីនោះ។

លុះដល់ទីណាមានគេនៅច្រើននោះ ចូលទៅសួរគេថា ស្រុកនេះមានស្រីរឺទេ អ្នកស្រុកប្រាប់ថាស្រីមានដែរ ទើបធនញ្ជ័យថា មិនមែនស្រីទេ នេះជាហៅថាឈ្មោះញី មិនមែនស្រីទេ ធនញ្ជ័យថាហើយដើរទៅរកភូមិគេឯទៀត ហើយចូលទៅសួរថា ក្នុងស្រុកនេះ តើមានស្រីរឺទេ អស់អ្នកស្រុកប្រាប់ថា ខ្ញុំឆ្ងល់ណាស់ ចុះអស់ទាំងអស់ស្រីនេះ តើគេហៅថាជាអ្វីវិញ ឯធនញ្ជ័យថា ទេនេះគេហៅញីទេ ថាហើយក៏ដើរទៅរកស្រីឯទៀត លុះទៅដល់ភូមិផ្ទះនាងសួស្តី ហើយដើរទៅសួររកស្រី ក៏ប្រទះនឹងនាងសួស្តីមកអង្គុយនៅដីមុខផ្ទះនោះឯង ឯធនញ្ជ័យចុលទៅដល់ហើយក៏ដណ្តឹងសួរថា អ្នកប្អូននៅទីនេះមានស្រីទេ ឯនាងសួស្តីស្តាប់ហើយឆ្លើយថា អ្នកឯងនេះនៅស្រុកណា មានទេប្រុសក្នុងស្រុកអ្នកឯង ឯធនញ្ជ័យស្តាប់ហើយក៏គិតថា ហើយគេហៅថាស្រីសួស្តី ទើបធនញ្ជ័យប្រាប់ថា ឯស្រុកខ្ញុំមានប្រុសដែរ តើនាងដឹងឬទេ ឈ្មោះប្រុសនោះឯង នាងសួស្តីថា ខ្ញុំដឹងបានជាគេហៅប្រុសនោះ ត្បិតគេឈ្មោះជ័យនោះឯង ជ័យនោះច្រើនជាធំជាងអស់ឈ្មោះផង ជ័យឈ្នះអស់ក្នុងផែនដីនេះ ឯងបានជាហៅប្រុសៗ ត្បិតឈ្មោះជ័យនោះ​ឯង ទើបនាងសួស្តីថា ​អ្នក​ឯងស្គាល់ទេស្រីនោះ ទើបធនញ្ជ័យថា ខ្ញុំស្គាល់បានជាគេហៅស្រីៗនោះត្បិតតែឈ្មោះ សួស្តីនោះ​ឯង ជាសួស្តីមង្គលជាធំ ក្នុងផែនដីនេះ នឹងយកឈ្នះណាឲ្យដូចគ្មាន បានជាគេហៅស្រីៗនោះ ត្បិតតែឈ្មោះសួស្តី ទើបធនញ្ជ័យសួរថា នាងមានខ្លាច ឬគ្មានខ្លាចទេ នាងសួស្តីឆ្លើយថា ខ្ញុំគ្មានខ្លាចទេ ថាអ្នក​ឯងតើមានក្រែង ឬមិនក្រែងទេ ធនញ្ជ័យឆ្លើយថា ខ្ញុំគ្មានក្រែងអ្វីទេ ហើយធ្នញ្ជ័យដណ្តឹងថា ខ្ញុំសួរនាងថា ខ្លាចគ្មានខ្លាចនោះ តើនាងដឹងរឺទេ នាងសួស្តីឆ្លើយថា ខ្ញុំដឹងហើយ គឺអ្នកបណ្តឹងថា មានប្តីរឺនៅឡើយ បើមានប្តីហើយខ្លាចប្តីជេរបើគ្មានប្តីទេ នោះថាមិនខ្លាចទេ ទើបនាងសួស្តីដណ្តឹងថា ក្រែងរឺមិនក្រែង នោះតើអ្នកថាដូចម្តេច ទើបធនញ្ជ័យប្រាប់ថា ខ្ញុំដឹងនាងឯងសួរខ្ញុំថា មានប្រពន្ធហើយរឺនៅទេ បើមានប្រពន្ធហើយក្រែងចិត្តប្រពន្ធនោះ បើគ្មានប្រពន្ធទេ ថាមិនក្រែងចិត្តនរណាទេ ឯធនញ្ជ័យបានដឹងថានាងសួស្តីគ្មានប្តីដូច្នេះហើយ ក៏ដាក់សំពាយអំពីស្មា ហើយស្រាយសំពាយហូលចេញឲ្យម្តាយឪពុកនាងសួស្តីឃើញ។

ឯម្តាយឪពុកនាងសួស្តីឃើញហូលព្រែធនញ្ជ័យ ក៏ដើរមកមើលហើយសួរថា​ ​អ្នកកូននឹងយកទៅណា ឯធនញ្ជ័យសំពះជំរាបសួរថា ខ្ញុំយកមករកប្រពន្ធទេ បើលោកម្តាយលោកឪពុកមេត្តាខ្ញុំ ខ្ញុំនឹងបំរើជាកូនក្នុងផ្ទះដឹងទឹក កាបអុស បុកស្រូវ ខ្ញុំចេះតែព្រម មិនខ្ជិលច្រអូសឡើយ ឯម្តាយឪពុកនាងសួស្តី និងខ្លួននាងសួស្តីក៏ឡើងលើផ្ទះ ហើយប្តី និងប្រពន្ធនិយាយគ្នាថា ចៅកំលោះនេះចង់បានកូនយើងហើយ គិតតែពីរនាក់ថា បើដោយស្មានមើលទៅឃើញជាកូនគេអ្នកមានណាស់ មានទាំងហូលព្រែនោះច្រើន យើងល្មមឲ្យកូនយើងហើយ ឯធនញ្ជ័យកាលបើម្តាយឪពុកក្មេកឡើងលើផ្ទះហើយ ក៏វេចបង្វិចដើរទៅទីណាកំបាំង ហើយយកក្រដាសមកសរសេរកត់ជាចំណាំឈ្មោះនាម៉ឺនតូចធំដែលជំពាក់ប្រាក់ ខ្លះជំពាក់១០០តម្លឹង ខ្លះជំពាក់៤០០តម្លឹង ខ្លះជំពាក់៥០០តម្លឹង បានច្រើនហើយចង១បាច់ ដាក់ក្នុងសំពាយឡើងទៅលើផ្ទះសំពះម្តាយឪពុកក្មេក ហើយអង្គុយនៅស្ងៀមចាំស្តាប់។ ម្តាយឪពុកនាងសួស្តីក៏ដណ្តឹងថា អញនឹងចង់សួរចិត្តជីឯងៗចង់បានកូនអញមែនរឺទេ ​ទើបធនញ្ជ័យសំពះហើយជំរាបថា ក្នុងចិត្តខ្ញុំបាទចង់បាន ក្រែងតែលោកមិនឲ្យទានខ្ញុំបាទ បើលោកមេត្តាជាកូនជាចៅ នោះក៏អរគុណណាស់ នឹងនៅបំរើអស់ចិត្ត ឯម្តាយឪពុកនាងសួស្តី ថាយើងឲ្យហើយ ចូរឯងទៅរកទិញមាន់ ទា ជ្រូក អណ្តើក កុំខាន បើមិនបានអណ្តើកនោះ មេបាយើងមិនទទួលទេ។

ឯធនញ្ជ័យបានលឺពាក្យម្តាយឪពុកក្មេកបង្គាប់ដូច្នោះហើយ ក៏ដើរទៅរកអស់អ្នកស្រុកភូមិទាំងនោះ រើសរកតែអ្នកដែលមានប្តីប្រពន្ធអំពីកំលោះក្រមុំ ទើបយក ហើយឲ្យឈ្មោះថាមេអណ្តើកទើបរកស្រី៤នាក់ទៀត បើបានច្រើនដល់៨ ឬ១៤នាក់ នោះរឹងរឹតតែជាការល្អ ឲ្យតែមានប្តីអំពីក្មេង បើទើបមានកូន១ ក៏បានដែរ ឲ្យឈ្មោះថាកូនអណ្តើក ទើបរកមនុស្សប្រុសម្នាក់ដែលមានយសសក្តិ មានប្រាជ្ញាឲ្យឈ្មោះជាអ្នកមហាអស់អ្នកប្រុសស្រីទាំងនោះ យកមកដណ្តឹងកូនគេហើយ ធនញ្ជ័យឲ្យទិញអស់ទំនិញតាមបង្គាប់ម្តាយឪពុកនាងសួស្តី លុះទិញបានសព្វគ្រប់ហើយឲ្យអ្នកមហានាំទៅជូនម្តាយឪពុកខាងស្រីខ្លះ ទុកខ្លះរៀបស្លដណ្តាំធ្វើនំគ្រប់មុខឲ្យហៅភ្ញៀវមកផឹកសង្កត់រោងរួចហើយ ព្រឹកឡើងបានជ័យល្អហើយ អ្នកមហា និងមេអណ្តើកក៏រៀបអស់បណ្ណាការនូវចិញ្ជៀន ត្រសាល់ទៅបំពាក់កូនស្រីនោះ ហើយឲ្យខាងស្រីនោះរៀបរោងចាំទទួលអស់អ្នកមហានូវបណ្ណាការនេះ។ ឯអ្នកមហា មេអណ្តើក និងអស់ក្មេងដែលកាន់គ្រឿងបណ្ណការនេះ។ ឯអ្នកមហា មេអណ្តើក និងអស់ក្មេងដែលកាន់គ្រឿងបណ្ណាការដើរទៅដល់ហើយ អ្នកមេបាមកទទួលអ្នកមហាឡើងទៅលើរោង ទើបអ្នកមហាឲ្យយកស្រា២ដប តម្កល់នឹងជើងពានងហើយ ទើបយកចង់មក យកក្មេងឲ្យកាន់រងថង់ហិប ហើយអ្នកមហាជំរាបថា យើងមកជំរាបអស់លោកមេបាចាស់ទុំសូមជ្រាប ត្បិតយើងបានចិញ្ជៀន និងចារុត្រសាល មកសូមបំពាក់កូនស្រី ហើយសូមលើកស្លាដក់ស្លាកន្សែង ជំរាបរួចហើយទើបអស់អណ្តើក ចូលទៅបំពាក់ចិញ្ជៀនកូនស្រីនោះរួចហើយ ទើបខាងស្រីនោះលើកថាសបាយ និងស្រាមកស៊ីផឹក រួចហើយលាគ្នាទៅផ្ទះទីទៃៗ ហៅថ្ងៃកំណត់ហោង។

លុះព្រឹកឡើងបានពេលា អ្នកមហា និងមេអណ្តើក កូនអណ្តើកនាំកូនប្រសារឈ្មោះធនញ្ជ័យ ទៅសំពះម្តាយឪពុក ហើយយកកូនស្រីឈ្មោះនាងសួស្តីមកផ្ទឹមនឹងធនញ្ជ័យ ហើយរាងបើកបាយខុនចងដៃរួចហើយ ដល់យប់ផ្សំដំនេក អ្នកជ័យ និងនាងសួស្តីជាប្តីប្រពន្ធ​

 (សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី១០ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា​ មាស​​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!