ព្រះនាងផុស្សតីចាស្រីមានលក្ខណាដ៏ប្រសើរ លុះទ្រង់ព្រះសណ្តាប់ពត៌មានពុំក្សេមក្សាន្តអំពីព្រះវេស្សន្តរហើយ ទ្រង់ស្តេចទៅកាន់ព្រះរាជមន្ទីរ មានសិរីនៃព្រះវេស្សន្តរ ទ្រង់បានសវនាការព្រះរាជសវនីយ៍នៃព្រះសុណិសា ក៏ព្រះនាងទ្រង់ខ្សឹបខ្សួលអួលព្រះឳរាសោកាជាមួយនឹងព្រះរាជបុត្រាថាៈ ឳ! អាត្មាអញអើយ! ពុំគួររស់នៅឡើយ គួរតែបរិភោគថ្នាំពិស ឬលោកទម្លាក់ក្នុងជ្រោះពុំនោះចងកនឹងខ្សែឲ្យស្លាប់គាប់ប្រសើរជាងរស់នៅ ម្តេចឡើយក៏ពួកអ្នកស្រីពិរាស្រ្តបណ្តេញបាវេស្សន្តរជាកូនអញជាអ្នកមិនប្រទូស្តសោះដូច្នោះ។ ព្រះនាងទ្រង់ព្រះកន្សែងថ្លែងសេចក្តីទោមនស្សច្រើនប្រការហើយ បែរទៅក្រាបបង្គំទូលព្រះបាទស្រីសញ្ជ័យថាៈ សិវិរដ្ឋរបស់ព្រះអង្គ នឹងដូចជាផ្លិតឃ្មុំឥតមេ ពុំនោះទេនឹង ដូចផ្លែស្វាយជ្រុះដល់ដី សូមព្រះចក្រីកុំបំបរបង់បាវេស្សន្តរឡើយ។ ព្រះនាងទូលហើយបែរមករកព្រះវេស្សន្តរវិញថាៈ កូនអើយកូន! កូនឯងដែលពួកអ្នកស្រីពិរាស្រ្តបំបរបង់ នឹងជាមនុស្សម្នាក់ឯង រមែងលំបាកដូចរាជហង្សបាក់ចំអេងរលីងស្លាបត្រដេបត្រដាបក្នុងភក់ឥតមានត្រីដូច្នោះ។
ព្រះបាទស្រីសញ្ជ័យថាៈ យើងបណ្តេញបាវេស្សន្តរដែលជាទង់ជ័យនៃពួកអ្នកស្រីពិរាស្រ្តឈ្មោះថាធ្វើនូវសេចក្តីគោរពចំពោះបវេណីធម៌ ទុកជាបាវេស្សន្តរជាទីស្រលាញ់ជាងជីវិតរបស់យើង ក៏យើងស៊ូតែបណ្តេញចេញខានពុំបាន។
ព្រះវេស្សន្តរបវរពោធិសត្វ ទ្រង់ឲ្យចាត់រៀបចំព្រះរាជទ្រព្យ សម្រាប់ព្រះរាជទាន។ ពួកអ្នកកាន់មុខតំណែងទាំងប៉ុន្មានក៏ចាត់ចែងតាមព្រះរាជបញ្ជា។
លុះរាត្រីកាលកន្លងទៅ ក្នុងពេលព្រឹកព្រាងស្វាងអរុណ្ណោទ័យ សម្តេចព្រះចក្រីទ្រង់ទៅកាន់សាលាឆទាន ទ្រង់ព្រះរាជទាននូវ សត្តសតកមហាទានដែលគេរៀបចំស្រេចស្រាប់ចំនួន៧រយៗ មួយមុខៗ គឺៈដំរី៧រយ សឹងប្រដាប់នីទៅនូវកម្រាលខ្នង កញ្ជោង មាត់ខ្យងចងដង្គន់ខ្សែក្រពាត់ខ្សែងឹង ខ្សែហាង សំអាងមុខ ស្រោម ភ្លុក ជាវិការៈនៃមាសមានក្បាច់ចម្លាក់ ព្រមទាំងទ្រមាក់ពាក់នីទៅនូវមួកមាស ខោស្នាប់ភ្លៅ អាវក្រោះក្រាយរាយផ្កាមាសមានដៃកាន់នីទៅនូវកង្វេរនិងលំពែងស្នែងក្របី។
សេះ៧រយ សុទ្ធតែសេះអាជានេយ្យ ដែលជាសារថីបង្ហាត់ បានបត់ស្រេចស្រាប់ ព្រមទាំងគ្រឿងប្រដាប់គឺៈ កម្រាលខ្នងចងកែបដោយខ្សែអុក ថ្ពក់ដោយខ្សែហាង សងខាងមានឈ្ពាន់ព័ន្ធច្រមុះ ដោយខ្សែឃ្លុំបង្ខាំដោយបង្ហៀរ ព្រមទាំងគង្វាលវាសុទ្ធតែពាក់នីទៅនូវមួកមាស ខោស្នាប់ភ្លៅអាវក្រោះក្រាយរាយផ្កាមាស មានដៃកាន់នីទៅនូវស៊ែនិងធ្នូសរ។ រថ៧រយ ព្រមទាំងគ្រឿងប្រដាប់ និងមនុស្សស្រី៧រយ ដែលស្អិតស្អាងយ៉ាងល្អជិះលើរថនោះ មេគោព្រោះ៧រយ ព្រមទាំងភាជន៍មាស៧រយ សម្រាប់ត្រងទឹកដោះ គោបា៧រយ គោធ្មាត់៧រយ ខ្ញុំស្រី៧រយ ខ្ញុំប្រុស៧រយ និងវត្ថុផ្សេងៗ ដែលអ្នកផងតែងត្រូវការសុទ្ធតែ៧រយៗមួយមុខៗ។ សូម្បីសុរាដែលជាទានឥតផលល្អសោះ ក៏ព្រះអង្គទ្រង់ព្រះរាជទានដែរ។ កាលដែលព្រះវេស្សន្តរទ្រង់បរិច្ចាគនូវសត្តសតកមហាទាន ការស្ញប់ស្ញែងការព្រឺរោមព្រឺស្បែក ការអស្ចារ្យចំឡែក ក៏កើតឡើងព្រោះផែនដីកក្រើក។
គ្រានោះសម្លេងក្រលួចយ៉ាងពន្លឹកក៏លាន់ឮឡើងថាៈ ពួកអ្នកស្រីពិរាស្រ្តបណ្តេញព្រះវេស្សន្តរ ព្រោះតែការឲ្យទាន ឥឡូវព្រះវេស្សន្តរនៅតែឲ្យទានទៀត។ ពួកអ្នកស្រែកនូវសម្រែកទាំងនេះ យំយែកបោកខ្លួនកាលណា ក៏ងើបឡើងស្រែកទៀត។
ព្រះវេស្សន្តរថ្លែងបញ្ជាក់ថាៈ បពិត្រព្រះបិតា សត្វទាំងឡាយសុទ្ធ តែពុំឆ្អែតដោយកាមទាំងអស់ ហេតុដូច្នេះសត្វទាំងនោះ រមែងទៅកាន់ទីយមរាជ ឯទូលព្រះបង្គំជាខ្ញុំចង់ចៀសវាងទីយមរាជបានជាឲ្យទាន ការឲ្យទានជាអំពើល្អសោះទេ តែត្រឡប់ជាបានឈ្មោះថាៈ ជាការបៀតបៀនអ្នកដែនទៅវិញ ទូលព្រះបង្គំជាខ្ញុំទោះបីចៀសចេញទៅរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវក៏ឈ្មោះថា បានធ្វើបុណ្យជាគ្រឿងនាំមកនូវសេចក្តីសុខក្នុងអនាគតដែរ ឯពួកអ្នកស្រីពិរាស្រ្ត ឥតឃើញអនាគតវែងឆ្ងាយដូចខ្ញុំព្រះអង្គទេ ទាំងព្រះអង្គដែលរួមគំនិតបណ្តេញទូលព្រះបង្គំក៏សុំទ្រង់គង់នៅជាសុខក្នុងកាម ដូចជាគេលិចវីវក់ក្នុងភក់ដូច្នោះចុះ បពិត្រព្រះវររាជមាតា សូមទ្រង់អនុញ្ញាតទូលព្រះបង្គំជាខ្ញុំពេញចិត្តនឹងបព្វជ្ជា។
ព្រះនាងផុស្សតីមានព្រះសវណីយ៍ម្នាលកូន យើងអនុញ្ញាតឲ្យអ្នកហើយតែនាងមទ្រីនេះ ចូរនៅជាមួយនឹងកូនទាំងពីរចុះ។ ទ្រង់ព្រះកន្សែងបណ្តើរចាប់ព្រះហស្ថព្រះរាជសុណិសាបណ្តើរ។
ព្រះវេស្សន្តរថាៈ សូមទ្រង់ព្រះមេត្តាប្រោស បើនាងមទ្រីចង់ទៅក៏ទៅចង់នៅក៏នៅចុះ! ព្រះបាទស្រីសញ្ជ័យថាៈមទ្រីកូនអើយ នាងធ្លាប់តែស្លៀកដណ្តប់សំពត់កាសិកព័ស្រ្ត ហើយត្រឡប់ជាស្លៀកសំពត់ដែលគេក្រងដោយស្បូវភ្លាំងវិញដូចម្តេចកើត! កុំទៅអីកូន!។
ព្រះនាងមទ្រីទ្រង់ព្រះកន្សែងថ្លែងថាៈ ខ្ញុំម្ចាស់បើប្រាសចាកព្រះវេស្សន្តរហើយ នឹងនៅជាសុខពុំបានឡើយ ខ្ញុំម្ចាស់អាចអត់ទ្រាំភ័យទាំងនេះបាន ឯត្រង់សេចក្តីទុក្ខព្រោះការព្រាត់ប្រាស់ចាកព្រះវេស្សន្តរ ខ្ញុំម្ចាស់អត់ទ្រាំពុំបានទេ ខ្ញុំម្ចាស់នឹងទៅពុំខាន សូមទ្រង់ព្រះរាជាអនុញ្ញាត បពិត្រព្រះសស្សុរា ធម្មតាស្រីមេម៉ាយរមែងក្តៅក្រហាយឥតស្រាក បរមបុរាណបានចែងមកទុកថាៈ
ទន្លេគ្មានទឹក ហៅថា ទន្លេអាក្រាត
ដែលគ្មានស្តេច ហៅថា ដែនអាក្រាត
ស្រីមេម៉ាយ ហៅថា ស្រីអាក្រាត
ធម្មជាតិអាក្រាតទាំង៣មុខនេះ ជាទីមើលងាយនៃជនជុំវិញ ខ្ញុំម្ចាស់នឹងទ្រាំនៅទាំងទុក្ខម្នេញដូច្នេះពុំបានទេ ខ្ញុំម្ចាស់ស៊ូតែទៅពុំខាន។
ព្រះបាទស្រីសញ្ជ័យថាៈ បើនាងទៅ ចូរនាងទុកកូនតូចទាំងពីរ យើងនឹងចិញ្ចឹមកូនតូចទាំងនោះ កុំឲ្យមានក្តីព្រួយលំបាក។
ព្រះនាងមទ្រីថាៈ កូនតូចទាំងពីរនឹងញ៉ាំងហប្ញទ័យនៃយើងខ្ញុំដែលក្រំដោយសំណោក ឲ្យត្រេកអរក្នុងព្រៃបាន។
លំដាប់នោះព្រះបាទស្រីវេស្សន្តរបវរពោធិវង្ស ទ្រង់ថ្វាយបង្គំព្រះបរមរាជបិតា និងព្រះវររាជមាតា ធ្វើប្រទក្សិណហើយទ្រង់ឡើងកាន់ព្រះរាជរថដែលទឹមដោយសេះបួន នាំព្រះរាជបុត្រីបុត្រា អគ្គជាយាស្តេចទៅកាន់ភ្នំគិរីវង្គត់ លុះទ្រង់បរព្រះរាជរថដល់ទីជិតផុតចក្ខុវិស័យ ក្សត្រថ្លៃទ្រង់ងាកក្រោយឲ្យព្រះនាងមទ្រីទត ព្រះរាជវាំងថាៈ នុ៎ះហ្ន៏! ព្រះរាជវាំងរបស់យើង។ ទ្រង់មានព្រះរាជឳង្ការតែប៉ុណ្ណោះ ក៏កំពូលព្រះរាជវាំងថយផុតវិស័យ នៃព្រះនេត្រាដោយសាសន្ទុះលឿននៃសេះទាំងបួននាំព្រះអង្គទៅដោយព្រះរាជរថ។ ត្រាតែផុតចក្ខុវិស័យនៃក្សត្រទាំងពីរ ព្រះធរណិក៏កម្រើក។
គ្រានោះ មានពួកព្រាហ្មណ៍បួននាក់ ស្ទាក់សុំសេះទាំងបួនអំពីព្រះអង្គ។ ព្រះពោធិវង្សទ្រង់ព្រះរាជទានតាមក្តីប្រាថ្នារបស់ព្រាហ្មណ៍។ ខណៈនោះទេវេបុត្របួនព្រះអង្គបាននិមិ្មតភេទជារមាំងអូសព្រះរាជរថទៅ។ ព្រះអង្គទ្រង់គង់លើព្រះរាជរថដែលពួករមាំងទេវបុត្រអូសទៅនៅះ មិនយូរប៉ុន្មានបានជួបនឹងព្រាហ្មណ៍៥នាក់ទៀត មកស្ទាក់សុំព្រះរាជរថក្នុងព្រៃ ព្រះចក្រីទ្រង់ព្រះរាជទានព្រះរាជរថនោះ ហើយឲ្យព្រះនាងមទ្រីពចៅក្រឹស្នា ព្រះអង្គទ្រង់ពបាជាលី យាងទៅតាមផ្លូវពានីជាទីទូរគមន៍មុខគួរឲ្យអាណោច អាធ័មក្រៃពេកហោង។
(ចប់ទានកណ្ឌ ទី៣ សូមរងចាំតាមដានកណ្ឌទី៤ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព