… រួចការវល់ពីថ្ងៃនេះទៅហើយធនញ្ជ័យនិយាយនឹងឪពុកក្មេក និងប្រពន្ធថានឹងទៅទារប្រាក់ដែលអស់នាហ្មឺនជំពាក់។
ធនញ្ជ័យទៅដល់សាលាជុំអស់នាម៉ឺនធំតូចច្រើន ក៏ឡើងទៅលើសាលា ហើយនិយាយនឹងអស់នាម៉ឺនថាបើចង់ភ្នាល់នឹងខ្ញុំៗនឹងប្រើស្តេចឲ្យបាន ទើបអស់នាហ្មឺនថា អើយើងភ្នាល់គ្នាបើឯងប្រើបានអញនឹងឲ្យប្រាក់ ហើយធនញ្ជ័យយកសំបុត្រដែលធ្វើនោះមានឈ្មោះគ្រប់នាម៉ឺនហើយសូមបោះត្រាទទួលជំពាក់រួចហើយ ឲ្យទៅប្រើហ្លូងនឹងមើល ឯធនញ្ជ័យថា បើដូច្នោះអស់លោកទូលថា ត្បិតធនញ្ជ័យវាថាវានឹងប្រើហ្លួងឲ្យបានដូចចិត្តវាៗថានឹងមកឥលូវនេះហើយ ឯអស់នាម៉ឺនបានស្តាប់ហើយក៏យកសេចក្តីទៅក្រាបទូលហ្លួង ទៅដល់ហើយក្រាបថ្វាយបង្គំគាល់ទូលថា សូមទានត្បិតធនញ្ជ័យវាថា វានឹងមកប្រើអម្ចាស់ឲ្យបានដូចចិត្តវា ឯព្រះមហាក្សត្រស្តាប់ហើយ ក៏ទ្រង់ព្រះក្រោធនឹងធនញ្ជ័យវាមាកងាយ ហើយត្រាស់ថាទៅហៅអាជ័យមកឲ្យឆាប់ អាមាត្យស្តាប់ព្រះបន្ទូលត្រាស់ប្រើដូច្នោះ ក៏រត់ទៅហៅធនញ្ជ័យតាមព្រះបន្ទូល ដល់ហើយប្រាប់ធនញ្ជ័យថា ហ្លួងមានព្រះបន្ទូលឲ្យហៅ ត្បិតទ្រង់ព្រះក្រោធនឹងឯងណាស់ ឯធនញ្ជ័យស្តាប់ហើយក៏ទៅតាមអាមាត្យ ដល់ហើយក៏ក្រាបថ្វាយបង្គំ ស្ងៀមនៅហើយព្រះមហាក្សត្រមានព្រះបន្ទូលសួរថា អាជ័យអាថានឹងមកប្រើអញមែនរឺ ធនញ្ជ័យទូលថាព្រះករុណាវិសេស ប៉ុន្តែនឹងមិនទាន់ប្រើបាន បើបែរព្រះភក្រ្តមើលទៅក្រោយរួចហើយ ទើបប្រើបាន ស្តេចស្តាប់ហើយក៏បែរព្រះភក្រ្តទតមើលទៅក្រោយ ហើយបែរមកវិញ ថាអញមើលទៅហើយអាឯងមិនប្រើចុះ ឯធនញ្ជ័យក្រាបទូលថា នេះហៅប្រើហើយ គឺប្រើឲ្យបែរទៅក្រោយបានហើយ នឹងមានប្រើអម្ចាស់ឲ្យទៅទូលរែករបស់អ្វីក៏ទេ។
ស្តេចស្តាប់ហើយក៏មិនមានព្រះបន្ទូលឡើយ ទ្រង់ស្ងៀមធនញ្ជ័យក្រាបថ្វាយបង្គំហើយទៅទារប្រាក់អំពីអស់នាម៉ឺនដែលភ្នាល់ ហើយមានសំបុត្របោះត្រាយកប្រាក់ច្រើនប្រមាណនឹងមិនរួច ហើយយកទៅឲ្យប្រពន្ធនូវម្តាយឪពុកក្មេក ហើយនៅជាសុខសប្បាយទៅ។
ឯអស់នាម៉ឺនដែលធនញ្ជ័យយកប្រាក់នោះកើតខឹងនឹងធនញ្ជ័យទាំងអស់ ទាំងស្តេចក៏ខ្ញាល់ណាស់ដែរ ស្តេចឲ្យហៅអស់នាម៉ឺនធំតូច ឃុន ហ្មឺន មហាតលិកមកឲ្យគិតជំនុំ នឹងបំបរបង់ធនញ្ជ័យឲ្យហើយត្បិតវាបង្កើតទោសច្រើនណាស់ ឯអស់នាម៉ឺនស្តាប់ព្រះបន្ទូលដូច្នោះហើយក៏មកគិតជំនុំគ្នាហើយថា នឹងបណ្តេញវាឲ្យចុះសំពៅទៅស្រុកចិន ត្បិតស្រុកនោះធំហើយគេស្អប់វាតែឃើញវាទៅគេគង់សំលាប់ចោល យើងបានសុខសប្បាយក្នុងនគរ ឯព្រះមហាក្សត្រក៏សប្បាយក្នុងព្រះរាជហប្ញទ័យ គិតឃើញដូច្នោះហើយ យកសេចក្តីឡើងទៅក្រាបទូលដោយដំណើរដែលបានជំនុំឃើញ ព្រះមហាក្សត្រស្តាប់ហើយក៏ព្រម និងឲ្យទៅហៅធនញ្ជ័យមកប្រាប់ថា អាជ័យ អញនឹងឲ្យឯងទៅនៅស្រុកចិននឹងគេឯណោះ ត្បិតស្រុកគេធំ នៅទីស្រុកខ្មែរនេះមិនបានទេ មានព្រះបន្ទូលបង្គាប់ឲ្យយកសំពៅមួយមកឲ្យ ធនញ្ជ័យចុះទៅក្នុងសំពៅ ហើយឲ្យយកទៅប្រោសចោលឯស្រុកចិន ឲ្យសេ្តចក្រុងចិនសម្លាប់ កាលធនញ្ជ័យទៅដល់ស្រុកចិនហើយ ផ្តាំអស់អ្នកសំពៅដែលគេវិលមកស្រុកខ្មែរវិញថា អញផ្តាំទៅប្រពន្ធអញផង កុំឲ្យគិតទន្ទឹងអញឡើយ អញនឹងទៅវិញឆាប់ទេ អញសន្មតតែ៧ខែ ឲ្យគេជូនអញទៅវិញឆាប់ទេ កុំថប់ព្រួយចិត្តឡើយ ឯអ្នកសំពៅថា អើសឹមអញប្រាប់ឲ្យបានថា ហើយក៏ចេញសំពៅមកស្រុកវិញ។ ឯធនញ្ជ័យក៏ដើរទៅដល់ផ្ទះនាម៉ឺនធំចូលទៅស៊ីឈ្នួលឲ្យគេប្រើធ្វើការ ដើរតាមនាម៉ឺននោះទៅគាល់ស្តេចនោះ ឯនាម៉ឺននោះនឹងបានដឹងថាជាធនញ្ជ័យក៏ទេ ក៏គិតថាខ្មែរតែផ្តាស់មិនបានសួរដណ្តឹងឡើយ ឯធនញ្ជ័យគិតថា បើអញបានប្រាក់ឈ្នួលច្រើន អញនឹងគិតទិញអង្ករ ហើយគិតធ្វើនំរោយនិងប៉ែនឲ្យមានសរសៃអង្ករច្រើនវែងៗ ហើយនិងលក់ទិញស៊ីមិនឲ្យក្រពិបាកឡើយ គិតហើយធ្វើនំដូចចិត្តគិតនោះឯង ហើយលក់ឲ្យចិនទិញស៊ី កាលនោះស្រុកចិនមិនទាន់ចេះធ្វើនំនេះទេ ដល់ឃើញធនញ្ជ័យធ្វើដូច្នោះហើយ ក៏បបួលគ្នាមកទិញនំស៊ីៗ ហើយនិយាយថាអ្នកនេះធ្វើនំល្អណាស់ លឺទៅដល់ស្តេចក្រុងចិនៗឲ្យហៅធនញ្ជ័យទៅដល់ហើយមានព្រះបន្ទូលដណ្តឹងថា ឯងធ្វើនំវែងៗមែនរឺ ធ្នញ្ជ័យក្រាបទូលថាមែន ស្តេចមានព្រះបន្ទូលថា អាយកមកឲ្យអញមើលផង ទើបធនញ្ជ័យវិលមកយកនំនោះទៅថ្វាយ ទើបស្តេចដណ្តឹងថា នំនេះឈ្មោះនំអី ធ្នញ្ជ័យក្រាបទូលថា នេះហៅថានំបញ្ចុក បើនឹងស៊ីឲ្យងើយ ហើយហារមាត់លើកដៃឲ្យខ្ពស់ទើបានស៊ីជាពិសា…
(សូមរងចាំតាមដាន រឿង ធនញ្ជ័យ ភាគទី១១ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព