… ឯនំនេះបានជាធនញ្ជ័យថាដូច្នោះ ត្បិតចង់ឃើញមុខស្តេចក្រុងចិន ត្បិតលឺតែព្រះបន្ទូល ឯព្រះភក្រ្តពុំដែលឃើញ ហើយចង់នឹងវិលមកស្រុកវិញ ឯក្រុងចិនឮដូច្នោះហើយក៏យកនំនោះមកថ្វាយ ហើយងើបដូចជាពាក្យធនញ្ជ័យថានោះឯង ឯធនញ្ជ័យកាលបើស្តេចសោយនំងើយឡើងហើយ ក៏មើលទៅឃើញមុខស្តេចក្រុងចិនហើយថា មើលមុខស្តេចក្រុងចិនឃើញខ្មៅអែ មើលមុខស្តេចស្រុកខ្មែរ ដូចខែពេញបូណ៌មី ឯមហាក្សត្រក្រុងចិនលឺធនញ្ជ័យដៀលដូច្នោះហើយ ក៏ទ្រង់នូវព្រះក្រោធខ្លាំងណាស់ ហើយត្រាស់ថាឲ្យអស់នាម៉ឺនចាប់យកទៅដាក់គុកសំរិទ្ធឲ្យដល់ស្លាប់កុំលែងវា។
គុកនោះឯងត្រជាក់ណាស់ បើមនុស្សណាតែទៅដល់ហើយ ក៏ស្លាប់មិនរស់ឡើយ កាលថ្ងៃដែលយកធនញ្ជ័យទៅដាក់គុកនោះមានចិន១នោះខុស គេយកទៅដាក់គុកជាមួយនឹងធនញ្ជ័យ បានជាពីរនាក់នឹងចិននោះ ឯគុកនោះតែដាក់ហើយមិនបាច់ដាក់ច្រវាក់ដាក់ឃ្នាងទេ តែទៅដល់ហើយដោះចេញអស់ ទើបបញ្ចូលទៅក្នុងគុកនោះឯង ហើយទើបរាំងទ្វារទៅទុកឲ្យស្លាប់ ឯធនញ្ជ័យដឹងជារងាត្រជាក់ណាស់ ហើយបបួលចិនទៅប្រដាល់ចំបាប់ឲ្យក្តៅបែកញើសខ្លួនខ្លួន ហើយវិលមកវិញ បើកាលណាវាត្រជាក់ណាស់ ក៏បបួលគ្នាទៅដាល់ៗសព្វថ្ងៃឥតមានរងារសោះឡើយ លុះបានពីរថ្ងៃបីថ្ងៃ អស់នាហ្មឺនឲ្យទៅមើលឃើញនៅរស់ហើយវិលមកប្រាប់ថា អស់ទាំងអស់ទោសចិន និងខ្មែរនោះមិនស្លាប់ទេ បើដូច្នោះតើនឹងធ្វើដូច្នោះ ទើបអស់នាហ្មឺនថា បើវាមិនស្លាប់ក៏ហីទៅចុះ ឯធ្នញ្ជ័យហើយ និងចិនគិតថា យើងនឹងគិតធ្វើខ្លែងបង្ហើរ ធ្វើអែកអោយឪតែយប់ ថ្ងៃដាក់ចេញ គិតឃើញធ្វើខ្លែងបានហើយ បង្ហើរសព្វយប់ បានលឺទៅដល់ស្តេចៗឮសូរសំលេងអែកនោះ វាប្លែកនឹងសំលេងសត្វយំ ស្តេចមិនដែលឮដូច្នោះ ហើយស្តេចឆ្ងល់ក្នុងព្រះហប្ញទ័យថា ថ្ងៃមិនដែលលឺមាត់យំ តែយប់អន្តឺតៗ តែសព្វយប់ ហើយស្តេចហៅនាហ្មឺនមកគិតថា មាននរណាដឹងជាសត្វអ្វីយំនោះ ហើយស្តេចឲ្យហៅហោរមកគន់គូរមើល ឯហោរគន់គូរមើលទៅឃើញក្រាបទូលថា បានជាសត្វនោះវាយំដូច្នោះត្បិតកើតហេតុក្នុងនគរ បើហេតុឧត្បាតនេះមិនឃើញ សត្វនោះវានឹងស៊ីអស់ទាំងរាស្រ្តក្នុងនគរនេះមិនខានឡើយ ស្តេចស្តាប់ហើយក៏មានព្រះបន្ទូលថា បើដូច្នោះតើឧត្បាតពីព្រោះអ្វី ហោរគន់គូរមើលឲ្យបានដឹងក៏នឹងធ្វើឲ្យជា កុំឲ្យសត្វនោះវាស៊ីមនុស្សរាស្ត្រប្រជាជនទាំងឡាយទើបហោរក្រាបទូលថា ទូលព្រះបង្គំគិតទៅឃើញថា ត្បិតមានអ្នកប្រាជ្ញ១គេយកមកពីស្រុកខ្មែរមកប្រោសចោលស្រុកយើង ឥឡូវនេះទ្រង់ឲ្យដាក់គុកនោះឯង បានជាកើតហេតុដូច្នេះឥលូវនេះ មានតែនឹងគិតឲ្យស្រុកខ្មែរវិញទើបជា ឯព្រះមហាក្សត្រស្តេចក្រុងចិនលឺហោរទូលដូច្នោះហើយ ស្តេចភ្ញាក់ព្រះអង្គថា អញមិនដឹងជាអ្នកប្រាជ្ញស្រុកខ្មែរទេ មនុស្សស្រុកខ្មែរមិនដែលមកនៅរកស៊ីផ្តេសផ្តាសទេ បើដូច្នោះឲ្យទៅយកមកនឹងអង្វរសុំទោស កុំឲ្យខឹងនឹងអញឡើយ ឯអាមាត្យក៏រត់ទៅរកធនញ្ជ័យដែលនៅក្នុងគុកនោះឯង នាំមកថ្វាយស្តេចហើយ ឯព្រះមហាក្សត្រស្តេចទតទៅឃើញធនញ្ជ័យមកដល់ហើយ ស្តេចមានព្រះបន្ទូលថា អញមិនដឹងជាខ្លួនឯងជាអ្នកប្រាជ្ញខ្មែរទេ ឥលូវនេះឯងកុំខឹងនឹងអញឡើយ អញនឹងយកមនុស្សចិនទាំងស្រីទាំងប្រុសបាន១០០ អញសែនឯង ហើយឲ្យជូនឯងទៅស្រុកវិញ ឯធនញ្ជ័យក្រាបថ្វាយបង្គំទូលថា ខ្ញុំមិនខឹងនឹងម្ចាស់ទេ សត្វដែលវាថានឹងស៊ីរាស្ត្រនោះ ខ្ញុំម្ចាស់ឲ្យវាទៅវិញហើយ ឯមហាក្សត្រស្រុកចិនដណ្តឹងថា ឈ្មោះសត្វអ្វីដែលមកឮអន្តឺតៗនោះ ទើបធនញ្ជ័យក្រាបទូលថា សត្វនោះមានឈ្មោះថាសត្វខ្លែង ទើបស្តេចសួរថារូបវាដូចម្តេចក៏វាយំឮខ្លាំងម្ល៉េះ ទើបធនញ្ជ័យទៅយកខ្លែងដែលបង្ហើរនោះមកថ្វាយ សត្វនេះវាយំនឹងស្នែងវា មិនបានយំនឹងមាត់វាដូចអស់ទាំងសត្វឯទៀតទេ ឯមហាក្សត្រស្តាប់ធនញ្ជ័យក្រាបទូលដូច្នោះហើយក៏មានព្រះបន្ទូលថា ប្លែកមិនដែលឃើញដូច្នេះ ទើបតែឥលូវនេះ បើដូច្នេយើងធ្វើបង្ហើរឲ្យវាយំមើលលេង ហើយឲ្យយកសំពៅ១ធំចំនុះមនុស្ស២០០នាក់ ហើយនឹងជូនធនញ្ជ័យទៅស្រុកខ្មែរវិញ ហើយឲ្យយកមនុស្សចិន១០០ ដាក់ក្នុងសំពៅហើយ ហើយនឹងស្បៀងដាក់ឲ្យជូនទៅជាសំណែនធនញ្ជ័យ ជូនមកស្រុក លុះដល់ហើយធនញ្ជ័យឡើងទៅសួរម្តាយឪពុកនូវប្រពន្ធ ហើយជញ្ជូនរបស់ដែលស្តេចក្រុងចិនព្រះរាជទានសែនជូនមកទាំងអស់នោះ ឲ្យឡើងមកហើយ ឲ្យសង់ផ្ទះនៅជាសុខសប្បាយ បានជាមានចិននៅស្រុកខ្មែរ គេហៅថាចិនសំណែនធនញ្ជ័យទាល់តែឥលូវនេះ។
ឯព្រះមហាក្សត្រស្រុកខ្មែរលឺថា ធនញ្ជ័យវិលមកវិញហើយ បានទាំងចិនមកផង ហើយស្តេចនូវនាហ្មឺនទាំងអស់កោតខ្លាចប្រាជ្ញាធនញ្ជ័យមិនហ៊ានធ្វើសេចក្តីអ្វីឲ្យទាស់នឹងគំនិតធនញ្ជ័យឡើយ ព្រះមហាក្សត្រឲ្យទៅហៅធនញ្ជ័យមកសួរដណ្តឹងអំពីស្រុកចិន ត្បិតវាបានទៅ ធនញ្ជ័យក៏ក្រាលទូលតាមដំនើរដែលបានទៅឃើញ ហើយនិយាយថា កាលខ្លួនទៅបានទៅដល់ហើយគិតឲ្យបានមកស្រុកវិញនោះ ព្រះធ្វើខ្លែងព្នងបង្ហើរ ស្តេចបានលឺសូរអែកខ្លែង បានជាខ្ញុំបានមកវិញ ឯព្រះមហាក្សត្រឲ្យធ្វើខ្លែងនោះបង្ហើរនឹងមើលលេង ធនញ្ជ័យក៏ធ្វើខ្លែងទៅថ្វាយឲ្យស្តេចទត ដូច្នេះឯងហៅខ្លែងព្នក បានជាយើងចេះធ្វើខ្លែងដល់ឥលូវនេះឯង។ ឯធនញ្ជ័យដល់មានជំងឺឈឺខ្លាំងណាស់ ហើយផ្តាំប្រពន្ធថា បើអញនឹងស្លាប់ទៅហើយឲ្យយកទៅកប់នោះ ឲ្យធ្វើចំរូងបោះលើផ្នូរនោះឲ្យច្រើនកុំឲ្យខាន ហើយឲ្យទៅទូលហ្លូងថា អញឈឺខ្លាំងណាស់ហើយ ឯប្រពន្ធនោះទៅទូលហ្លូងដូចពាក្យធនញ្ជ័យ ស្តេចដឹងដូច្នោះហើយក៏ស្តេចទៅសួរធនញ្ជ័យ ដល់ហើយស្តេចចូលទោសួរធនញ្ជ័យថា ឯងឈឺ តើដូចម្តេច ធនញ្ជ័យទូលថា សូមទ្រង់ចូលមកជិតខ្ញុំៗនឹងផ្តាំទុក ខ្ញុំទូលខ្លាំងមិនបានទេ ស្តេចស្តាប់ហើយចូលទៅជិត ធ្នញ្ជ័យទូលថា សូមទ្រង់ឳនព្រះកេសមកជិតនឹងមាត់ខ្ញុំ ស្តេចក៏អោនត្រចៀកទៅជិតមាត់ធនញ្ជ័យៗក៏ផ្តាំថា បើស៊ីត្រីព្រួលកុំចោលស្រការ បើស៊ីត្រីប្រាកុំចោលស្រកី ឲ្យស្លរក្បាលត្រីប្រានឹងម្ជូរសណ្តាន់ ឲ្យស្តេចទុកកុំឲ្យភ្លេច ស្តេចស្តាប់ហើយវិលមកដំនាក់វិញ ឯអស់នាហ្មឺនសួរហ្លួងថា ធនញ្ជ័យវាផ្តាំថាដូចម្តេច ព្រះមហាក្សត្រស្តាប់ហើយ ក៏ប្រាប់អស់នាហ្មឺនថា តាមពាក្យធនញ្ជ័យថា បើស៊ីត្រីព្រួលកុំចោលស្រការ បើស៊ីត្រីប្រាកុំចោលស្រកី ឲ្យស្លរក្បាលត្រីប្រានឹងម្ជូរសណ្តាន់ វាថាជាលេងវាទេ ស្តេចមានព្រះបន្ទូលដូច្នោះ ក៏អស់នាហ្មឺនមិនជឿឡើយ គិតថាធនញ្ជ័យនេះជាអ្នកប្រាជ្ញធំណាស់ ដឹងជាគេថាដូចម្តេចនឹងព្រះមហាក្សត្រ។ កាលធនញ្ជ័យស្លាប់ទៅ គេក៏យកទៅកប់ ហើយធ្វើចំរូងដោតផ្នូរនោះ តាមពាក្យធនញ្ជ័យនោះឯង អស់នាហ្មឺននូវអ្នកក្នុងវាំងដែលខឹងស្អប់ធនញ្ជ័យថា ធ្នញ្ជ័យចោរយកប្រាក់ លឺថាធនញ្ជ័យស្លាប់ហើយ គេយកទៅកប់នៅទីត្រង់ណា ក៏ប្រើមនុស្សជុះអាចម៍ដាក់ផ្នូរ ឯអស់មនុស្សទាំងនោះក៏ទៅដល់ផ្នូរ ហើយក៏សើយសំពត់ដាក់គូទនឹងជុះ មិនបានជាដឹងថាមានចំរូងវាគូទរាល់គ្នា រាងមិនហ៊ានទៅទៀតឡើយ ហើយខ្លាចធនញ្ជ័យ ក៏ស្រដីប្រាប់គ្នារៀងទៅ នេះប្រាកដជាអ្នកប្រាជ្ញថា ដល់ស្លាប់ទៅហើយក៏គង់គិតទុកឲ្យបានគង់ដឹងជា ឯងទៅជុះអាចម៍ដាក់ផ្នូរគាត់ បានជាមានផ្តាំឲ្យគេទៅដោតចំរូងទុកឲ្យមុតគូទឯង។
(រឿង ធនញ្ជ័យ ចប់ដោយបរិបូណ៌)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព