ចេតបុត្តោ រីឯចេតបុត្រជាព្រានព្រៃ ជឿសម្តីជូជកពោលពាក្យកុហកមុសាឲ្យជូជកបរិភោគឆ្អែតកាលណា ទក្ខិណហត្ថំ ឧក្ខិបិត្តា ទើបលើកហត្ថាខាងស្តាំចង្អុលប្រាប់ផ្លូវឲ្យទៅដោយនូវជើងគិរីថា មហាព្រាហ្មេ ហៃព្រាហ្មណ៍តាជី ឯសោ បព្វតោ រីភ្នំនុ៎ះន៍! សិលាមយោ តាជីអើយ! សឹងតែថ្មដាដាសពាស ដោយថ្មបាយក្រៀមដ៏ធំៗ ជាដុំសៗ ល្អប្រុះឆ្លុះយល់ឆ្ងាយស្វាយ ក្រហមខៀវ លឿងទាំង៥ពណ៌ ល្អប្លែកៗ មានអ័ព្ទចុះងងឹតមេឃបែកជាផ្សែង ភ្នំនោះឯងឈ្មោះភ្នំគន្ធមាទន៍ដែលព្រះវេស្សន្តរគង់នៅ តាជីទៅ ដល់កណ្តាលផ្លូវនឹងបានជួបប្រសព្វនឹងអច្ចុតឥសីនៅក្នុងព្រៃនោះ តាជីអើយមុខឲ្យសប្បាយ ទុមា រីឈើផងទាំងឡាយសងខាងផ្លូវ ប្រកបទៅទៅនូវផលានុផលមានពណ៌ទីទៃៗ ខ្លះខ្ចី ខ្លះចាស់ ខ្លះទុំ ខ្លះស្រគាល ពុំដឹងបើគណនា។ល។ អញ្ជើញទៅចុះណ៎ាតាឲ្យសុខសប្បាយ!។
ជូជកមានក្តីរីករាយស្រាយសំពាយបណ្តើរនិយាយបណ្តើរថា ហៃចេតបុត្រក្មួយសម្លាញ់ មាអរគុណក្មួយណាស់ហើយ! ក្មួយសម្លាញ់អើយ មាគ្មានតបស្នងសងគុណពុំបានឡើយ មានតែចំណីដែលអមិត្តធីតារៀបរណ្តាប់ឲ្យមក។ ជូជកគ្រាន់តែភើចយកថង់មកបង្អួតចេតបុត្រព្រានព្រៃ។
ចេតបុត្រថាៈ សដូវខៅតាកដែលតានឹងឲ្យយើងបរិភោគ យើងពុំយកទេ ចូរយកស្បៀងលៀងជីវិតទៅមុខចុះ។
ជូជកថាៈ “មាលាហើយណ៎ាក្មួយ”! ថាហើយពុំលង់ឡើងក៏ជូជកយកសំពត់ក្រវាត់ព័ទ្ធចង្កេះ ស្ពាយយាមលើស្មា ហត្ថាចាប់ឈើច្រត់ដើរទៅងងក់ តាជីកំពុងតែខំទប់ ក៏ជំពប់ដួលខ្ពោក ថង់យាមយោគដូចគេគ្រវាត់ភ្លាត់ធ្លាក់អំពីស្មា លាន់មាត់ថាៈ ថុច្ចៈពះទប់! យ៎ា្ហ! អញស្មានថាឆ្កែវាដេញខាំ ជូជកពោលរអ៊ូរទាំដើរទៅដល់អាស្រមបទនៃអច្ចុតមហាឥសីបានក្តីសង្ឃឹមក្នុងចិត្តព្រៃពេកហោង។ (ចប់ កណ្ឌទី៦ កណ្ឌជូជក សូមរងចាំតាមដានកណ្ឌទី៧ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព