ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក "កុមារបាព៌" (កណ្ឌទី៨)

មហាព្រះវេស្សន្តរជាតក “កុមារបាព៌” (កណ្ឌទី៨)

          ជូជកោ រីជូជកចាស់ជរាដើរតាមមាគ៌ាអស់វេលាមួយថ្ងៃគត់បានដល់ទីជិតអាស្រមបទ ជូនជាវេលាសាយណ្ហសម័យថ្ងៃទន់ទាប ហៀបអស្តង្គត់រលត់ព្រះសូរ្យសែង ដោយអំណាចខំដើរតាមផ្លូវដាច់សង្វែង ក៏មានក្តីលំបាកយ៉ាងខ្លាំង ជូជកចុកចង្កេះរឹងគាំង ទើបយកដៃគក់បណ្តើរ គិតបណ្តើរថា “ថ្មារនេះនាងមទ្រីមកពីព្រៃវិញហើយ មុខជាមិនព្រមឲ្យកូនអញទេ អញដេកនៅទីនេះសិនចុះ ព្រឹកឡើងនាងមទ្រីទៅព្រៃបាត់ សឹមអញសុំកូននឹងព្រះវេស្សន្តរ” គិតដូច្នោះហើយ ក៏ដើរសសៀរមមៀរតាមជំនៀរភ្នំ ឃើញថ្លុកជង្ហុក រអាងថ្មគាត់ក៏យកខ្នងទៅលយល់ថាត្រូវល្អ ទើបប្រាសខ្លួនដេកលក់ជាសុខនៅទីនោះ។

          ថ្លែងពីសម្តេចព្រះភគវតីស្រីមទ្រី ក្នុងវេលារាត្រីនោះទ្រង់ ឃើញសុបិននិមិត្តថាៈ បុរសម្នាក់ទាប សម្បុរខ្មៅ ស្លៀកសំពត់ អម្ចត់ត្រឹមជង្គង់ សៀតផ្កាចាររព្ធដ៏ត្រចៀក កាន់អាវុធមុតថ្លារត់ចូលមកក្នុងបរមសាលា ចាប់ព្រះនាងផ្តូលចុះ ឆ្កៀលយកព្រះនេត្រទាំងពីរ កាត់យកព្រះអង្សាទាំងសងខាង ពុះទ្រូងរូងយកថ្លើមបេះដូងទៅ។ ព្រះនាងតើនឡើងភិតភ័យតក្កមា ទើបព្រះនាងយាងយាត្រាចូលទៅរកព្រះស្វាមី គោះទ្វារអាស្រមបរមកុដិទាំងរាត្រីនោះឯង។

ព្រះវេស្សន្តរសួរថាៈ កោ ឯសោ នរណាអ្ហឹះនរណាហ្នឹង?

ព្រះនាងមទ្រីទូលថាៈ ខ្ញុំម្ចាស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោស។

ព្រះវេស្សន្តរថាៈ នែ៎! ម្តេចក៏នាងមកក្នុងពេលពុំជូនកាលដូច្នេះ ក្រែងយើងបានប្តេជ្ញាគ្នាហើយឬ? ថាកុំឲ្យទៅមករកគ្នាក្នុងពេលយប់ស្ងាត់។

ព្រះនាងមទ្រីថាៈ ពិតដូច្នោះមែនហើយព្រះអង្គ ប៉ុន្តែសូមទ្រង់ព្រះសណ្តាប់ខ្ញុំម្ចាស់នឹងសារស័ព្ទឲ្យសព្វសេចក្តីព្រោះ អម្បាញមិញនេះខ្ញុំម្ចាស់យល់សុបិន្តឃើញអាក្រក់ណាស់ព្រះអង្គ។ ព្រះនាងថ្លែងសេចក្តីនៃសុបិន្តនិមិត្តថ្វាយសព្វគ្រប់។

ព្រះវេស្សន្តរថាៈ អើ! នាងនៅខាងក្រៅទ្វារនេះចុះ សុបិន្តនិមិត្តនៃនាងនោះមិនអាក្រក់ទេ! កុំភ័យអី! ទៅវិញចុះនាង ក្រែងកូនភ្ញាក់ឡើងវាខ្លាច។

ព្រឹកឡើងព្រះនាងមទ្រីនាំព្រះរាជបុត្រទាំងពីរទៅផ្ញើនឹងព្រះស្វាមីផ្តែផ្តាំសព្វសេចក្តីហើយក្សត្រីទ្រង់យកសង្រែកដងរែក ជ្រនីទម្ពក់ចូលទៅក្នុងព្រៃដើម្បីមូលផលាផល ព្រះជលនេត្រហូរហាមតាមព្រះនេត្រាព្រះឳរ៉ាតឹងព្អឹះទង្គឹះក្នុងព្រះហប្ញទ័យ ព្រះនាងនឹកមមៃមករកព្រះរាជបុត្រ និងព្រះរាជស្វាមីដោយក្តីពិភាល់យ៉ាងខ្លាំងចំពោះសុបិន្តមិត្តនោះ។

រីឯជូជកភ្ញាក់ឡើងគិតថាៈ “ថ្មារនេះប្រហែលជានាងមទ្រីទៅព្រៃហើយ” គិតហើយក៏ដើរសំដៅឆ្ពោះទៅអាស្រមបទ។

ព្រះវេស្សន្តរទ្រង់ជ្រាបតាំងពីល្ងាចថាៈ “ព្រឹកនេះនឹងមានស្មូមមកសូមព្រះរាជបុត្រ” ទើបព្រឹកឡើងទ្រង់ចេញមកគង់ខាងក្រៅអាស្រមបទ ទន្ទឹងផ្លូវស្មូម ដូចជាមនុស្សប្រមឹកទន្ទឹងផ្លូវប្រពន្ធទៅផ្សារដើម្បីទិញស្រាមកផឹក លុះទ្រង់ទតឃើញជូជកដើររលាក់រលើ ទ្រង់ហៅជាលីកុមារថាៈ កូនអើយកូន! អ្នកក្រោកឈរឡើង! មើលនុ៎ះន៍! នរណាមកពីចំងាយ?

ជាលីក្រាបបង្គំទូលថាៈ បពិត្រព្រះបិតា ទូលព្រះបង្គំមើលទៅឃើញប្រាកដដូចជាព្រាហ្មណ៍ ព្រាហ្មណ៍នោះមកជាភ្ញៀវយើងហើយព្រះអង្គ។ ព្រះរាជកុមារទូលហើយ ក៏ស្ទុះតម្រង់ទៅទទួលព្រាហ្មណ៍ត្រូវជូជកគម្រាម។

ជូជកទន្ទមលបចូលទៅសួរសុខទុក្ខនឹងព្រះវេស្សន្តរ។

ព្រះវេស្សន្តរថាៈ យើងសុខសប្បាយទេព្រាហ្មណ៍ ទាំងមូលផលាហារក៏គ្រប់គ្រាន់ ពួកសត្វល្អិតសត្វទ្វេបាត ចតុប្បាទ ឥតយាយីយើងទេ តែតាំងពីយើងមកនៅព្រៃ៧ខែហើយ ឥតមានមនុស្សណាមួយមកជាភ្ញៀងយើងឡើយ។ ទើបតែនឹងបានឃើញ ព្រាហ្មណ៍ឯងជាតម្បូង អ្នកចូលលាងជើង អ្នកចូរបរិភោគផ្លែឈើ បើអ្នកចង់ផឹក ចូរអ្នកដងយកអំពីរោងខាងណោះ អ្នកស្វះពន្លះមកដល់ទីនេះ តើដើម្បីអ្វី?

ជូជកទូលថាៈ ខ្ញុំព្រះអង្គឮថាៈ  ព្រះរាជហប្ញទ័យរបស់ ព្រះអង្គពេញប្រៀបដោយចាគចេតនា ដូចជាទន្លេពេញប្រៀប ដោយទឹកមិនចេះអស់សព្វកាល កាលពេលមុនខ្ញុំព្រះអង្គមកទទួលព្រះរាជទានពុំទាន់នឹងគេ ទើបតែឥឡូវនេះបានតាមមកថ្វាយបង្គំដើម្បីសុំព្រះរាជបុត្រាបុត្រី។

ព្រះវេស្សន្តថាៈ យើងឲ្យ! យើងឥតរុញរាទេ! ប៉ុន្តែនៃបុត្រទាំងពីរនោះ ចេញទៅរកផលានុផលតាំងពីព្រឹកម្ល៉េះ ដូច្នេះព្រាហ្មណ៍នៅទីនេះមួយយប់សិន លុះព្រឹកឡើងសឹមនាំយកកុមារទាំងពីរដែលមាតាស្អិតស្អាងហើយនោះទៅចុះ។

ជូជកថាៈ ទូលព្រះបង្គំមិនគាប់ចិត្តនឹងការនៅទេ ក្រែងមានអន្តរាយ ទូលព្រះបង្គំនឹងទៅឥឡូវនេះខានពុំបាន។

ព្រះវេស្សន្តរថាៈ បើមិនចង់ជួបនឹងភរិយាយើងទេ អ្នកចូរនាំកុមារទាំងពីរនេះ ទៅថ្វាយចំពោះព្រះអយ្យកោចុះ មុខជាទ្រង់រីករាយនឹងព្រះរាជទានទ្រព្យដល់អ្នក។

ជូជកប្រកែកថាៈ ទេ!ទេ! ពុំហ៊ាននាំទៅទេព្រះអង្គ! ខ្លាចក្រែងព្រះអយ្យកោដណ្តើមយកព្រះរាជកុមារហើយ ឲ្យពួកអាមាត្យធើវរាជទ័ណ្ឌចំពោះខ្ញុំព្រះអង្គ។

ព្រះវេស្សន្តរថាៈ ហៃកូនទាំងពីរជាទីស្រលាញ់របស់បិតា កូនចូរមកអាយចូរបំពេញបារមីរបស់បិតា ចូរស្រោចស្រពហប្ញទ័យរបស់បិតា ចូរកូនតាំងខ្លួនជាយាននាវា ឲ្យបិតានាំសត្វជិះឆ្លងចាក ជាតិជរាព្យាធិមរណៈ ទៅកាន់ត្រើយនាយ គឺនិព្វានណ៎ាកូន។

គ្រាដែលព្រះពោធិសត្វប្រទានព្រះរាជបុត្រដល់ព្រាហ្មណ៍នេះ ផែនដីក៏កម្រើក រំពើកញាប់ញ័រជាលើកទី៥។

កុមារទាំងពីរឮសម្តីព្រាហ្មណ៍ដ៏រឹងរូសដូច្នោះ ភ័យណាស់នាំគ្នារត់ទៅពូនឯស្រះ យកស្លឹកឈូកបាំងព្រះភ័ក្ត្រ។

ជូជកបោចវល្លិចងព្រះហត្ថានៃព្រះកុមារទាំងពីរព្រះអង្គ​ វាយនាំបណ្តើរទៅអំពីទីចំពោះព្រះភ័ក្ត្រនៃព្រះវេស្សន្តរ គ្រាន់ទៅផុតអំពីព្រះនេត្រា ជូជកជំពប់ដួលខ្ពោក។ កុមារទាំងពីរកំពង់មានទឹកព្រះនេត្រហូរសម្រាក់ ក៏របូតអំពីចំណងរត់ត្រសងមករកព្រះបិតា មានព្រះកាយាញ័រចំប្រប់ ដូចស្លឹកពោធិត្រូវខ្យល់ ឳបងើបទតព្រះភ័ក្រ្តព្រះបិតា។ ជាលីទូលអង្វរថាៈ ព្រះមាតាចេញទៅព្រៃហើយ ម្តេចក៏ព្រះបិតាពុំបង្អង់យើងខ្ញុំជួបនឹងព្រះមាតាសិនសឹមទ្រង់ព្រះរាជទាន តែខ្ញុំជាលីទៅចុះ កុំព្រះរាជទានក្រឹស្នាឡើយ ព្រោះនាងនៅតូចណាស់។ ឯជូជកតាមមកចាប់កញ្ឆក់ចងទាញយកទៅទៀត វាយវាត់ឥតប្រណី។ ព្រះមហាឥសី ទ្រង់គិតថានឹងចាប់ធ្នូសរព្រះខ័នថ្លាប្រហារ យកព្រះរាជបុត្រទាំងពីរមកវិញ តែទ្រង់ទប់បាន ដោយមានព្រះតម្រិះថា ប្រពៃណីនៃពោធិសត្វអំពីបុរាណ មិនដែលខានធ្វើនូវបញ្ចៈមហាបរិច្ចាគ គឺៈ ធនបរិច្ចាគ១ អង្គបរិច្ចាគ១ ជីវិតបរិច្ចាគ១ បុត្តបរិច្ចាគ១ និងភរិយាបរិច្ចាគ១។

កុមារទាំងពីរដែលជូជកនាំទៅ ត្រូវទុក្ខវេ់ទនាគ្របសង្កត់អត់ទ្រាំពុំបាន ទ្រង់ព្រះសំណោកសោកាថាៈ ឳ! ជើងយើងខ្ញុំពុរពងអស់ហើយ ព្រះមាតាអើយ! ផ្លូវសោតក៏ឆ្ងាយដាច់ស្រយាល ព្រះសុរិយាក៏កាន់តែទន់ទាប ព្រាហ្មណ៍ក៏នាំយើងទៅបង្ខំណាស់ យើងខ្ញុំសុំថ្វាយបង្គំពួកទេវតារក្សាព្រៃ សូមទេវតាទាំងឡាយទូលព្រះមាតាផង សូមឲ្យមាតាយាងមកតាមផ្លូវនេះឆាប់ៗរ៉ា នឹងបានជួបនឹងយើងខ្ញុំភ្លាម ឳ! ព្រះមាតាអើយសូមទ្រង់យាងមកឆាប់ៗ!

(ចប់ កណ្ឌទី៨ កណ្ឌកុមារបាព៌ សូមរងចាំតាមដានកណ្ឌទី៩ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា​ មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!