ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក "មទ្រីបាព៌" (កណ្ឌទី៩)

មហាព្រះវេស្សន្តរជាតក “មទ្រីបាព៌” (កណ្ឌទី៩)

កាលជូជកនាំកុមារតូចៗដោយនូវផ្លូវកាន់តែឆ្ងាយទៅៗ កុមារទាំងពីរផុតសង្ឃឹមថាៈ ព្រះមាតាតាមមកទាន់ ក៏នាងក្រឹស្នានាងមានព្រះបន្ទូលថា បពិត្រទេវតាទាំងឡាយ ក្រែងព្រះមាតារត់តាមស្នាមជើងយើងមក សូមឲ្យទេវតាព្រមានព្រះមេយើងផង​ ថាយើងទាំងពីរឥតទុក្ខភ័យកុំបីព្រះមេព្រួយគិតដល់យើងឡើយ។

រីទេវតាទាំងឡាយ បានឮស័ព្ទទំនួញព្រះរាជកុមារ បានស្តាប់ វាចាផ្តែផ្តាំទើបចាត់គ្នាឲ្យចាំជួយរក្សា ពុំឲ្យព្រះរាជកុមារដល់នូវសេចក្តីអន្តរាយ ហើយចាត់ទេវបុត្រ៣អង្គនិមិត្មជារាជសីហ៍១ ខ្លាធំ១ ខ្លាដំបង១ ឲ្យទៅក្រាបទ្រាបទៅទទឹងផ្លូវនៃព្រះនាងមទ្រីដើម្បីការពារសត្វសាហាវឯទៀតផង ដើម្បីរាំងដំណើរព្រះនាងកុំឲ្យមកពីថ្ងៃពេកផង ក្រែងរត់តាមព្រះរាជបុត្រនឹងកើតក្តីអន្តរាយ។

រីសម្តេចព្រះភគវតីស្រីមទ្រី ទ្រង់ចូលទៅក្នុងពានី ប្រទះខ្យល់ព្យុះសង្ឃរាពសុធាកម្រើកកក្រើកភ្នំផ្លេកបន្ទោរផ្គរលាន់ភ្លៀងយ៉ាងធំ គួរឲ្យអស្ចារ្យព្រះនេត្រាខាងឆ្វេងរកាំ ព្រះនេត្រខាងស្តាំកម្រើក សង្រែកដងរែកធ្លាក់អំពីព្រះអង្សាព្រះហត្ថាកាន់ទំពក់ ជ្រនីកពុំជាប់ ទាំងឈើដែលធ្លាប់មានផ្លែច្រើន ក៏ប្រែខ្វែជាពុំសូវមានផ្លែ ព្រះនាងជាទុក្ខពន់ប្រមាណ ណាព្រួយលំបាកក្នុងព្រៃណា គិតព្រះរាជបុត្រាបុត្រី ណាគិតព្រះស្វាមីពុំភ្លេចពីព្រះកាមា ដោយសារមានក្តីពិភាល់ ចំពោះការយល់សប្តិនោះក្រៃពេក។ ព្រះនាងសន្សំបានមូលផលាផលបន្តិចបន្តួចក៏ត្រឡប់មកវិញក្នុងពេលរសៀល ស្រាប់តែទើបប្រទះសត្វទាំងបីក្សត្រីភិតភ័យទ្រង់ប្រណមអញ្ជលីអង្វរករសុំផ្លូវ។ ដល់ពេលព្រលប់យប់សន្ធិយាព្រះចន្ទ្រាពេញវង់រះ ឡើងយ៉ាងត្រចេះត្រចង់ទើបទេវបុត្រទាំងបីអង្គ ដែលនិមិត្មជាសត្វទាំង៣ថយចេញបាត់ទៅ។ ព្រះនាងមទ្រីម្នីម្នាយាងមកកាន់ទីអាស្រមស្រាប់តែឃើញស្ងាត់ជ្រងំខុសប្រក្រតី ព្រះនាងស្រែកហៅព្រះរាជបុត្រាបុត្រីកំសត់ ទាំងគូក៏ពុំឮសូរឆ្លើយសោះ។ ទើបព្រះនាងរត់ ទៅរកឯអាស្រមព្រះស្វាមីក៏ពុំឃើញទៀត ព្រះនាងទូលសួរព្រះរាជស្វាមី ក៏ព្រះអង្គពុំមានព្រះឳង្ការដល់មួយព្រះឳស្ឋឡើយ។ ព្រះនាងមានសេចក្តីព្រួយបារម្ភលើសលន់ពន់ប្រមាណ បានយាត្រាត្រេចរត់រកព្រះរាជបុត្រ ទាំងរាត្រីស្ងាត់សព្វទីបរិវេណនៃបណ្ណសាលា ផ្អើលអស់ពួកបក្សីបក្សាក៏នៅពុំឃើញព្រះរាជបុត្រសោះ។ ព្រះនាងត្រឡប់មកទីអាស្រមនៃព្រះស្វាមីវិញ ទ្រង់ព្រះសំណោក សោករៀបរាប់ដួលសន្លប់ក្នុងទីចំពោះមុខព្រះភ័ក្រ្តានៃព្រះបាទស្រីវេស្សន្តរ។ ព្រះមហាឥសីទ្រង់ភិតភ័យក៏ស្ទុះមកត្រកងបីយកវារីប្រស់ព្រះភ័ក្ត្រព្រះនាង។ ព្រះនាងមានព្រះស្មារតីឡើងក៏ទូលសួររកព្រះរាជបុត្រទៀត។ ព្រះវេស្សន្តរបវរពោធិវង្សទ្រង់លួងលោម ប្រាប់ព្រះនាងមទ្រីថាៈ មទ្រីនាងអើយកូនយើងទាំងពីរអញបានឲ្យជាទានដល់ព្រាហ្មណ៍ស្មូមទៅហើយ សូមនាងអនុមោទនាបុត្តទានរបស់យើង។ សម្តេចព្រះក្សត្រីមទ្រីកល្យាណី ក៏ទ្រង់អនុមោទនាចំពោះបុត្តទានបារមីនៃព្រះស្វាមីដោយក្តីជ្រះថ្លាថាៈ ខ្ញុំម្ចាស់សូមអនុមោទនារីករាយតាមនូវព្រះរាជអំណោយក៏ឧត្តម របស់ព្រះអង្គ សូមព្រះអង្គទ្រង់ព្រះរាជទានជាភិយ្យោភាពតទៅ តាមសព្វព្រះរាជហប្ញទ័យចុះ។ (ចប់ កណ្ឌទី៩ កណ្ឌមទ្រីបាព៌ សូមរងចាំតាមដានកណ្ឌទី១០ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!