ទំព័រដើមសិល្បៈមរតករស់ជាងទងស្ពាន់ មាស និងប្រាក់ខ្មែរ

ជាងទងស្ពាន់ មាស និងប្រាក់ខ្មែរ

កាលសម័យដើមប្រជាជនខ្មែរច្រើនប្រើលោហធាតុ សម្រាប់ផលិតវត្ថុសិល្បៈផ្សេងៗ ដូចជាបដិមា ឧបករណ៍កសិកម្ម សម្ភារៈសម្រាប់ពិធីបុណ្យសាសនា និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ ​ដោយតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងជំនឿសាសនារបស់ប្រជាជនខ្មែរ សិប្បកម្មជាងទងស្ពាន់ មាស និងប្រាក់ បានបន្តមានវត្តមានជាហូរហែររហូតដល់សព្វថ្ងៃនេះ។

អត្ថបទនេះ ខ្ញុំនឹងរៀបរាប់សង្ខេបអំពីសិប្បកម្មជាងទងស្ពាន់ មាស និងប្រាក់ ស្ថិតនៅភូមិបូទូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលជាមរតវប្បធម៌រស់ បង្កើតស្នាដៃ និងរៀនបន្តគ្នាពីឪពុកមកកូនសព្វថ្ងៃ។

ក្រវិលមកពីរណ្តៅសពបុរេប្រវត្តិសាស្ត្រភូមិស្នា (វត្តរាជបូ សៀមរាប)

ចាប់ពីសម័យមុនអង្គររហូតដល់សម័យក្រោយអង្គរ ភាពសម្បូរបែបនៃវត្ថុសិល្បៈ ដែលផលិតពីលោហៈ គឺឃើញមានប្រើប្រាស់ច្រើនសម្រាប់ជំនឿសាសនា ដូចជារូបព្រះពុទ្ធ និងដន្លាប់ធ្វើពីមាស ឬប្រាក់។ តាមរយកំណាយស្រាវជ្រាវបុរាណវិទ្យាបានប្រទះឃើញ អង្កាំ ជញ្ជៀន និងក្រវិលពីមាសក្នុងរណ្តៅកបសពបុរេប្រវត្តិសាស្រ្តនៅភូមិស្នាយ ខេត្តឧត្តរមានជ័យ ដែលជាស្នាដៃជាងទងសម័យនោះ។ រីឯការសិក្សាសិលាចារឹករបស់លោក COEDÈS Georges (1937-1964) ក៏បានបង្ហាញថាមាស និងប្រាក់ខ្មែរបានប្រើប្រាស់តាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ។ លោកជីតាក្វាន់ ដែលជាបេសកទូតចិនបានមកទស្សនកិច្ចនៅអង្គរក្នុងឆ្នាំ ១២៩៦-១២៩៧គ.ស ក៏បានរៀបរាប់ក្នុងកំណត់ ពីភាពសម្បូរបែបរបស់វត្ថុធ្វើពីប្រាក់ និងមាសនៅរាជធានីអង្គរផងដែរ។ មកដល់សម័យក្រោយអង្គរ វត្ថុសិល្បៈធ្វើពីមាស និងប្រាក់ ដូចជារូបល្ពៅ និងរូបផ្លែឈើផ្សេងៗ គឺព្រះមហាក្សត្រខ្មែរតែយកវត្ថុសិល្បៈទាំងនេះ ធ្វើជាវត្ថុអនុស្សាវរិ៍សម្រាប់ជូនដល់មិត្តបរទេសពេលដែលចូលមកគាល់ព្រះអង្កម្តងៗ។

រូបដន្លាប់ផ្លែល្ពៅនៅឆ្នាំ 1880 (Mouhot, Henri: 1863: 307)

រហូតមកដល់បច្ចុប្បន្នការប្រកបរបរជាជាងទងស្ពាន់ មាស និងប្រាក់ ពុំសូវនិយមខ្លាំង ដូចនៅសម័យបុរាណនោះទេ ទោះបីជាមុខរបរជាជាងទងបច្ចុប្បន្នមានការធ្លាក់ ប៉ុន្តែនៅភូមិបូទូច ស្រុកពញ្ញាឮ ខេត្តកណ្តាល យើងឃើញមានបង្កើតសហគមន៍ជាងទង និង ប្រជាជនខ្មែរមួយចំនួននៅប្រកបរបរជាងទងនេះនៅឡើយ ហើយជំនាញបច្ចេកទេសជា ជាងទងនោះ មានការផ្លាស់ប្តូរបច្ចេកទេសតិចតួចមកដល់បច្ចុប្បន្ន ដោយជាងទងទាំងនោះ ភាគច្រើន គឺចេះតៗគ្នាពីចាស់ទុំ ឬញាតិសន្តានរបស់គាត់។ ជាក់ស្តែងតលោក គួច ចន ជាភូមិស្រុកខាងលើ និងជាជាងទងទទួលជំនាញពីចាស់ជំនាន់មុន និងបានបន្តជំនាញ នេះឱ្យទៅកូនរបស់គាត់ ដែលកំពុងប្រកបរបរជាជាងទងសព្វថ្ងៃ ដោយចេះឆ្លាក់រូបដន្លាប់ រូបដំរី ទន្សាយ និងបក្សីផ្សេងៗសម្រាប់ជាវត្ថុអនុស្សាវរីយ៍ និងសម្រាប់លក់ដុំឱ្យឈ្មួញរកស៊ីនៅផ្សារភ្នំពេញ។

បើតាមការសាកសួរលោក គួច ចន បានរៀបរាប់ថា សហគមន៍ជាងទងក្នុងភូមិនេះគឺ ភាគច្រើនបានបន្តប្រពៃណីជាងទងស្ពាន់ មាស និងប្រាក់ ដែលទទួលបន្តរហូតតាំងពីសម័យ រាជវាំងឧត្តុងមកម្ល៉េះ។ ហើយទីតាំងសហគមន៍ គឺជាទីតាំងកំពង់ផែបុរាណ និងជាកន្លែងផ្គត់ផ្គង់រូបធាតុដើមពីលោហៈ។ សម្រាប់គុណភាពប្រាក់សម័យនេះពុំសុទ្ធ១០០%ទេ គឺប្រហែល៩០% និងក្រោយមកចំនួនវត្ថុសិល្បះធ្វើពីស្ពាន់មានការកើនឡើងជាងប្រាក់។ លោកបន្តថាចំនួនរ៉ែប្រាក់ដើម ភាគច្រើននាំចូល ប៉ុន្តែស្ពាន់ជារ៉ែដែលមាននៅក្នុងស្រុកស្រាប់។ កាលពីសម័យមុនប្រាក់ និងស្ពាន់ប្រមូលមកពីបំណែកផ្សេងៗគ្នា ដូច្នេះវាត្រូវការរំលាយអោយសុទ្ធ និងចូលគ្នា ដែលចំណាយពេលប្រហែល២០នាទី ហើយចាក់វាជាបន្ទះស្តើងដោយប្រើស្នប់ និងកង់ឈើបង្វិលដោយដៃ ដើម្បីបង្កើនសីតុណ្ហភាព។ ប៉ុន្តែសម័យបច្ចុប្បន្នបានប្រើប្រាស់ម៉ូទ័រ និងប្រើភ្លើងអគ្គិសនីជំនួសវិញ​។ បច្ចេកទេសផលិតវត្ថុសិល្បៈលោហៈ គឺគេប្រើពុម្ព ពន្លាក និងដំបងឈើសម្រាប់ឆ្លាក់បន្ទះស្ពាន់ទៅតាមទំរង់របស់វត្ថុសិល្បៈ។ ភាគច្រើនបុរសជាអ្នកធ្វើរូបសំខាន់ៗ ចំណែកស្រ្តី ឬក្មេងស្រីជាអ្នកឆ្លាក់ក្បាច់លម្អ។  វីធីសាស្រ្តធ្វើ គឺភាគច្រើនគេប្រើទាំងពីរ គឺប្រើពុម្ព និងធ្វើដោយដៃបន្ថែម។ ជាងទងស្ពាន់ មាស និងប្រាក់ គឺត្រូវការភ្ជាប់ផ្នែកផ្សេងៗពីគ្នារបស់រូបដែលពិបាកឆ្លាក់ ដូចជាស្លាប និងជើងបន្ទាប់ពីសង្កត់ពុម្ពលើតួខ្លួនរួច។ រូបខ្លះតម្រូវអោយពង្រឹងខាងក្នុង ហើយប្រើប្រាស់ធាតុផ្សំផ្សេងៗពីគ្នាពីជ័រឈើ១០% កំបោរធ្វើពីសំបកលៀក២០% និងខ្លាញ់ត្រី៥%។

ជាងទងប្រើប្រាស់ឧបករណ៍សម្រាប់ឆ្លាក់រូបពី ស្ពាន់ ប្រាក់​ និងមាស មានច្រើនប្រភេទដូចជាឡ ឬកន្លែងរំលាយលោហៈ កូនញញួរ ដែកទ្រាប់តំពីលើ ដែកទ្រនាប់ដាប់រូប ពន្លាក់តូចៗសម្រាប់ដាប់ និងឆ្លាក់ក្បាច់ ឧបករណ៍ពុម្ពខ្សាច់ បំពង់ភ្លើងដុតកំដៅស្ពាន់អោយទន់ កន្រ្តៃ បន្ទះឈើ និងដែកឆ្លាក់ក្បាច់តូចឬធំជារង្វង់។ ឧបករណ៍មួយចំនួនអាចរកទិញបាននៅទីក្រុងភ្នំពេញ និងមួយចំនួនទៀតនាំចូលពីបរទេស។ វត្ថុសិល្បៈពីស្ពាន់ មាស និងប្រាក់​ ត្រូវការជាចាំបាច់ការប្រើប្រាស់រូបធាតុដើមក្នុងស្រុកដូចជា ជ័រឈើ ខ្លាញ់ត្រី ដី អាស៊ីលាយជាមួយទឹក និងទឹកអន្សាសម្រាប់ភ្ជាប់បំណែករូប។ សមាសភាពទាំងនេះផងដែរ ប្រើសម្រាប់បំពេញផ្នែកខាងបាទរបស់រូបដើម្បីឆ្លាក់បន្ត។

សរុបសេចក្តីមកជាងទងធ្វើវត្ថុសិល្បៈពីស្ពាន់ ប្រាក់ និងមាសនៅស្រុកពញ្ញាឮ នេះជាសហគមផលិតផលសិល្បៈពីលោហៈតាំងពីសម័យឧត្តុង្គមក ហើយសហគមន៍នេះនៅជិតកំពង់ផែពាណិជកម្មដែលងាយស្រួលក្នុងការលក់ដូរ និងទិញរូបធាតុដើមកាលពីសម័យមុន។ ប៉ុន្តែទោះបីជាភូមិនេះបច្ចុប្បន្នពុំមែនជាទីប្រជុំជនក៏ដោយ ប៉ុន្តែប្រជាជនក្នុងភូមិ នៅបន្តផលិតសិល្បៈនេះនៅឡើយ។ ហើយការផលិតផលពីលោហធាតុសព្វថ្ងៃ ភាគច្រើនផលិតសម្រាប់ជាវត្ថុអនុស្សាវរី៍ និងធ្វើជាគ្រឿងអលង្ការ។

អត្ថបទដើម៖ លោក ថូ ថុន

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!