ថ្លែងពីជូជក កាលនាំកុមារទាំងពីរទៅ ដល់វេលារាត្រីតាជីចងកុមារទាំងពីរនាក់ត្រង់គល់ឈើ ហើយគាត់ឡើងលើដើមឈើ អាស្រ័យដំណេកត្រង់ប្រគាបមែក។ ចំណែកខាងទេវតាដែលតាមរក្សាព្រះរាជកុមារតែងនិម្មិតកាយាជាព្រះវេស្សន្តរ និងព្រះនាងមទ្រី ស្រាយចំណងបបោសអង្អែលកុមារទាំងពីរបញ្ចុកទិព្វភោជនាហារ ថ្នាក់ថ្នមកុមារឲ្យផ្ទំលក់ជាសុខ ដរាបដល់ជិតភ្លឺទើបបណ្តាល ឲ្យចំណងជាប់នៅដដែលវិញ ហើយបំបាត់ខ្លួនបាត់ទៅ។ របៀបនេះមានអស់វេលា១៥រាត្រី ក្នុងផ្លូវឆ្ងាយ៦០យោជន៍។
ព្រាហ្មណ៍នាំកុមារសំដៅទៅស្រុកក្លិង្គរាស្រ្ត ប៉ុន្តែដល់ផ្លូវបំបែកមួយគាត់វង្វេងផ្លូវត្រឡប់ទៅជាទៅតាមផ្លូវទៅក្រុងពិជ័យ ជេតុត្តរវិញ។ តាជូជកឥតដឹងខ្លួនសោះ គាត់បណ្តើរព្រះរាជកុមារា ព្រះរាជកុមារីកាត់តាមមុខព្រះលាននៃព្រះបាទស្រីសញ្ជ័យ។ ជួនជាព្រះចក្រីទ្រង់ទតព្រះនេត្រទៅ បានឃើញព្រាហ្មណ៍ចាស់ជរា បណ្តើរក្មេងតូចៗ ទើបទ្រង់ត្រាស់បង្គាប់ឲ្យអាមាត្យនាំយកព្រាហ្មណ៍ចាស់ និងក្មេងតូចៗទាំងពីរចូលមកគាល់។ ព្រះអង្គទ្រង់សួរបញ្ជាក់។ ជូជកក្រាបទូលតាមការពិត។ ទើបពួកអាមាត្យមន្ត្រីដែលបាន ស្តាប់សេចក្តីថ្លែងការណ៍របស់តាជូជក ក៏នាំគ្នាចោទប្រកាន់ថ្កោលទោសចំពោះព្រះបាទស្រីវេស្សន្តរថាៈ មានច្បាប់ប្រពៃណីឯណា លើកបុត្រាបុត្រីឲ្យទៅជាទាន។
ឯចៅជាលីជាព្រះរាជបុត្រ ទ្រង់ពោលពាក្យដោះសារការពារ ព្រះបិតាដោយបរិយាយផ្សេងៗ ដូចជាវិជ្ជាធរសម្តែងប្ញទ្ធិឳបភ្នំព្រះសុមេរុ៍ ជុំជិតពុំឲ្យត្រូវខ្យល់ប្រល័យកប្បដូច្នោះ។ ព្រះបាទស្រីសញ្ជ័យត្រាស់សួរបញ្ជាក់អំពីតម្លៃខ្លួននៃព្រះរាជនត្តោព្រះរាជនត្តា។ ចៅជាលីក៏បានក្រាបទូលព្រះអយ្យកោសព្វគ្រប់។ ទ្រង់មានព្រះរាជហប្ញទ័យត្រេកអរណាស់ ទើបទ្រង់លោះព្រះជាលីដោយមាស១ពាន់តម្លឹង លោះព្រះនាងក្រឹស្នាដោយមាស១ ពាន់តម្លឹងដែរ ហើយនឹងវត្ថុផ្សេងទៀត មានទាសាទាសីគោក្របីជាដើមមួយរយៗ មួយមុខៗ តាមតម្លៃដែលព្រះវេស្សន្តរបានកាត់ថ្លៃ ព្រមទាំងព្រះរាជទានផ្ទះមួយខ្នងឲ្យតាជូជកថែមទៀតផង។
បន្ទាប់ពីនោះមក ព្រះបាទស្រីសញ្ជ័យត្រាស់បង្គាប់ឲ្យពួក ភ្នាក់ងាររៀបធ្វើពិធីទទួលព្រលឹងចៅជាលី និងចៅក្រឹស្នា គឺពិធីបូជារំដោះគ្រោះចង្រៃសារពើឧបទ្រពទាំងពួង ព្រមទាំងថ្វាយព្រះពរជ័យសិរីសួស្តីដល់ព្រះរាជនត្តោព្រះរាជនត្តា ទាំងពីរព្រះអង្គតាមប្រពៃណី។
ឯតាជូជក ក្រោយដែលបានទទួលព្រះរាជទានរង្វាន់ហើយ ដោយសារគាត់អត់ឃ្លានមកយូរថ្ងៃក្នុងព្រះរាជពិធីនោះ គាត់បរិភាគអាហារច្រើនហួសប្រមាណ ភ្លើងធាតុមិនអាចរំលាយអាហារឲ្យរលួយបាន គាត់ក៏រលត់សង្ខារក្នុងនគរនោះឯងហោង។
កាលណោះ ចៅជាលីបានក្រាបទូលពណ៌នានូវក្តីទុកលំបាក នៃព្រះវរបិតាដែលទ្រង់ព្រះផ្នួសនៅនាភ្នំគិរីវង្គត់បាថ្លៃងបញ្ជាក់ អំពីព្រះវរមាតាតែងត្រេចចូលព្រៃស្វែងរកផ្លែឈើមើមឈើជានិច្ច ទើបព្រះបាទស្រីសញ្ជ័យទ្រង់ត្រាស់បង្គាប់អាមាត្យមុខមន្ត្រី និងពួកពោលសកលយោធាថាព្រះអង្គនឹងចេញទៅភ្នំគិរីវង្គត់ដើម្បីអញ្ជើញ ព្រះវេស្សន្តរ និងព្រះនាងមទ្រីឲ្យវិលថ្កានព្រះនគរ។ លុះបានប្ញកពារវេលាល្អ ព្រះអង្គ និងនាងផុស្សតី និងព្រះរាជវង្សានុវង្សលើកចតុរង្គសេនាចេញទៅភ្នំគិរីវង្គតមានចៅជាលីជាមគ្គុទ្ទេសក៏។
(ចប់ កណ្ឌទី១១ កណ្ឌមហារាជបាព៌ សូមរងចាំតាមដានកណ្ឌទី១២ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព