ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក "ឆក្សត្រ" (កណ្ឌទី១២)

មហាព្រះវេស្សន្តរជាតក “ឆក្សត្រ” (កណ្ឌទី១២)

កាលព្រះបាទស្រីសញ្ជ៧យ ព្រះនាងផុស្សតី និងព្រះរាជវង្សានុវង្សមានចតុរង្គសេនា ព្រមទាំងអាមាត្យមុខមន្រ្តីជាបរិវារ មានព្រះជាលីកុមារជាមគ្គុទ្ទេសក៍ចេញទៅភ្នំគិរីវង្គត ទៅដល់ជិតស្រះមុច្ចលិន ព្រះជាលីកុមារទ្រង់បញ្ជាឲ្យរងចាំក្បួនដង្ហែរនៃព្រះអយ្យកោ។

ឯព្រះពោធិសត្វ ទ្រង់បានឮសូរស័ព្ទគឹកកងរំពងនៃពួកសេនា ទ្រង់ស្មានជាទ័ពសត្រូវលើកមកចោមចាប់សម្លាប់ព្រះអង្គ ទើបព្រះអង្គចាប់ព្រះហស្ថព្រះនាងមទ្រីឡើងទៅលើកំពូលភ្នំគិរីវង្គត។ ព្រះនាងមទ្រីទូលរំលឹកព្រះអង្គកុំឲ្យខ្លាច ត្បិតព្រះឥន្ទ្រាធិរាជទ្រង់បានប្រសិទ្ធីព្រះពរ ប្រទានព្រះអង្គរួចស្រេចហើយ។ ព្រះបរមពោធិសត្វទ្រង់បានស្តាប់ពាក្យរំលឹកព្រះស្មារតីរបស់ព្រះនាងមទ្រី ក៏ទ្រង់មានព្រះទ័យក្សេមក្សាន្ត ស្តេចយាងចុះមកប្រថាប់នៅមុខសាលារបស់ព្រះអង្គវិញ។

លុះក្បួនដង្ហែសម្តេចព្រះអយ្យុកោ ព្រះអយ្យកាទៅដល់ចំណតនៃចៅជាលីទើបព្រះបាទស្រីសញ្ជ័យទ្រង់មានព្រះឳង្ការនឹងព្រះអគ្គមហេសីថា ព្រះអង្គនឹងស្តេចយាងទៅជួបបាវេស្សន្តរមុន បន្តិចទៀតសឹមព្រះនាងយាងទៅតាមក្រោយ បន្ទាប់មកសឹមបើក ឲ្យចៅជាលី និងនាងក្រឹស្នា ទៅតាមក្រោយជាលំដាប់បន្តបន្ទាប់គ្នា។

ព្រះបាទស្រីសញ្ជ័យ ព្រមទាំងមុខមន្ត្រីស្តេចយាងដោយ ព្រះបាទឆ្ពោះសំដៅទៅអាស្រមព្រះរាជបុត្រ។ ព្រះបាទស្រីវេស្សន្តរ និងព្រះនាងមទ្រីបានក្រឡេកឃើញព្រះវរបិតាមកអំពីចម្ងាយ ក៏ស្ទុះទៅទទួលសម្តេចព្រះវររាជបិតាក្រាបថ្វាយបង្គំព្រះបាទា ទ្រង់ព្រះកន្សែងសោក ទ្រង់ត្រាស់សួរសុខទុក្ខចំពោះព្រះអង្គហើយទូល សួររកព្រះមាតាសួរដំណឹងចៅជាលី និងនាងក្រឹស្នាទៀត។

បន្តិចក្រោយមកព្រះនាងផុស្សតីស្តេចយាងមកទៀត ព្រះបាទស្រីវេស្សន្តរ និងព្រះនាងមទ្រី ក៏ស្ទុះទៅទទួលព្រះវររាជមាតា ទ្រង់ព្រះកន្សែងសោកមហិមា។ ក្សត្រទាំង៤អង្គ បន្ទោបង់ទុក្ខសោកបានបន្តិច ចៅជាលី និងនាងក្រឹស្នាលីលាមកទៀត។ ព្រះនាងមទ្រីបានឃើញព្រះរាជបុត្រទាំងគូ ក៏នាងស្ទុះទៅទទួលទ្រង់ ព្រះកន្សែងពិលាបយ៉ាងខ្លាំង ត្រាតែដល់នូវវិសញ្ញីភាព។ ក្សត្រទាំង៦អង្គ ទ្រង់ព្រះកន្សែងមហិមាត្រាទាំងសន្លប់ទាំង៦អង្គ។ ឯពួកសេនាសេនីអាមាត្យមុខមន្ត្រីទាំងពួកមានចិត្តអាណិតអាសូរក្សត្រទាំង៦អង្គខ្លាំងពន់ប្រមាណក៏យំសោកត្រាតែសន្លប់ហោង។

កាលណោះមានហេតុអស្ចារ្យកើតឡើង គឺមហាមេឃបានបង្អុរភ្លៀងបោក្ខរព័ស៌ធ្លាក់ចុះមកស្រោចស្រប់លើក្សត្រទាំង៦អង្គ ព្រមទាំងពួកសេនាអាមាត្យមុខមន្ត្រីត្រាតែបានភ្ញាក់រលឹកមានស្មារតីឡើងវិញទាំងអស់គ្នា។ ទើបអស់មុខមន្ត្រីសេនាបតី និងពលផង ទាំងពួងនាំគ្នាលើកកំបង់អញ្ជលីដាក់លើសិរសាក្រាបថ្វាយបង្គំទូលព្រះបាទស្រីវេស្សន្តរ និងព្រះនាងមទ្រី សូមឲ្យស្តេចត្រឡប់ថ្កាន ព្រះនគរសោយរាជ្យសម្បត្តិស្ថិតនៅជាឥសូរនៃប្រជារាស្រ្តទៅហោង។

(ចប់ កណ្ឌទី១២ កណ្ឌឆក្សត្រ សូមរងចាំតាមដានកណ្ឌទី១៣ នៅសប្តាហ៍ក្រោយ និងជាកណ្ឌបញ្ចប់)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!