ទង់ក្រពើ

ទង់មានន័យថា ជាផ្ទាំងសំពត់ ឬចម្រៀកសំពត់ ដែលដេរឱ្យមានសណ្ឋាន និងពណ៌ ឬរូបរាងផ្សេងៗ សម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗ ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្តាប់សាសនានីមួយៗ ប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើដោយក្រដាសក៏ហៅថាទង់ដែរ។  ទង់មានច្រើនប្រភេទដូចជាទង់ជាតិ ទង់សាសនា​ ទង់ព្រះមហាក្សត្រ ឬទង់សម្រាប់ការធ្វើសង្រ្គាមជាដើម។ ការប្រើប្រាស់ទង់នៅក្នុងសង្គមខ្មែរមានសារៈសំខាន់ខ្លាំងណាស់​​ ហើយទំនៀមនេះបានបន្តតាំងពីបុរាណកាលមកម្លេះ ដោយក្នុងនោះមានឧទាហរណ៍ជាច្រើនបង្ហាញនៅលើចំលាក់តាមប្រាង្គប្រាសាទបុរាណខ្មែរនានា។ ប៉ុន្តែអាស្រ័យដោយទង់មានច្រើនប្រភេទ ហើយមានតួនាទីផ្សេងៗគ្នានៅក្នុងសង្គមខ្មែរ នៅក្នុងអត្ថបទនេះនឹងលើកយកមកបង្ហាញតែទង់ក្រពើមួយប៉ុណ្ណោះ ដោយសារជាប្រភេទទង់ដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈធ្លាប់ឃើញធ្លាប់ស្គាល់ ប៉ុន្តែប្រហែលជាមិនបានដឹងទូលំទូលាយអំពីដំណើរដើមទងនៃការប្រើប្រាស់ទង់ក្រពើនៅឡើយ។

ទង់ក្រពើ ដែលមានឆ្អឹង១០

ទង់ក្រពើ គឺជាទង់ដែលដេរពីកំណាត់ស ដែលមានឆ្អឹងចំនួន៦ ទៅ៨ ហើយមានរូបរាងស្រដៀងនឹងសត្វក្រពើ ហើយពេលខ្លះគេហៅទង់ក្រពើថា ទង់អភិធម្ម  ប៉ុន្តែក្នុងសម័​យបច្ចុប្បន្នឆ្អឹងទង់មានការប្រែប្រួលចំនួន។

កាលណាមានមនុស្សស្លា​ប់គេតែងយកទង់ក្រពើ១ ឬ២មកចងនៅមុខផ្ទះ ហើយដោយមិនមានឆាកហ៊ោសប្បាយអឺង​កងដូចការលើកទង់ផ្សេងៗនោះទេ។ នៅក្នុងតំបន់ខ្លះ កាលណាមានអ្នកស្លាប់គេលើកទង់ក្រពើតែ១ ឯតំបន់ខ្លះទៀតគេលើកទង់ក្រពើចំនួន២ ប៉ុន្តែទាំងនេះសំដៅលើមនុស្សស្លាប់តែម្នាក់ប៉ុណ្ណោះ។ ការចងទង់ក្រពើចំនួនពីរ មិនមែនមានន័យថាផ្ទះនោះមានមនុស្សស្លាប់ពីរនាក់នោះទេ គឺសំដៅសម្រាប់មនុស្សស្លាប់តែម្នាក់ប៉ុណ្ណោះ។ ទំនៀមនេះមិនមានខុសទាស់អ្វីនោះទេ គឺអាស្រ័យទៅលើការប្រតិបត្តិរបស់ប្រជាជនក្នុងតំបន់នីមួយៗ។ ជាទូទៅ ក្រោយបូជាសពរួចហើយ គេទម្លាក់ទង់ក្រពើចុះវិញភ្លាម ប៉ុន្តែមានស្រុកខ្លះ ដូចជានៅបាត់ដំបង គេដោតទង់ក្រពើរហូតដល់ទៅ១០០ថ្ងៃ ឬរហូតដល់ទង់ផុយរលួយក៏សឹងតែមាន។

ការលើកទង់ក្រពើ ឬទង់អភិធម្មនៅមុខផ្ទះ មិនមែនត្រឹមតែបង្ហាញថាផ្ទះនោះមានមនុស្សស្លាប់នោះទេ ប៉ុន្តែគឺជាគំនិតនៃការរៀបចំទុកដាក់សពឱ្យបានល្អត្រឹមត្រូវនៅក្នុងផ្ទះសម្បែង ឬក្នុងកុដិ ដែលក្នុងបំណងប្រដូចទៅនឹងការតម្កល់សាកសព ឬការបញ្ចុះនៅក្នុងព្រះចូឡាមណីចេតិយ នៅឯស្ថានត្រៃត្រឹង្ស។

ទាក់ទងនឹងទង់ក្រពើនេះ មានតំណាលពីរផ្សេងគ្នា ដោយតំណាលទី១ មានលក្ខណៈជាបែបប្រវត្តិសាស្រ្តផង រឿងព្រេងផង។ ចំណែកតំណាលទី២ គឺភ្ជាប់ទំនាក់ទំនងនឹងព្រះពុទ្ធសាសនាតែម្តង។

តំណាលទី១

នៅក្នុងរាជព្រះបាទអង្គច័ន្ទទី២ ដែលជាព្រះមហាក្សត្រនៅក្នុងសម័យឧដុង្គ (សតវត្សទី១៧ ដល់ទី១៩ នៃគ្រិស្តសករាជ) ព្រះអង្គមានបុត្រីមួយអង្គ ព្រះនាម ក្រពុំឈូក។ នៅក្នុងព្រះជន្ម១៦ព្រះវស្សា ព្រះនាងត្រូវបានក្រពើដ៏ធំមួយ ឈ្មោះ អាធន់ ដែលក្លាយខ្លួនមកពីលោកនេនមួយអង្គ​ឈ្មោះ នេនធន់ លេបទាំងរស់។ ក្រោយហេតុការនេះ ព្រះមហាក្សត្រមានក្តីសោកសង្រេងខ្លាំងណាស់ ក៏ឱ្យគេផ្សងកន្ទោងខៀវតាមចាប់ក្រពើអាធន់ឱ្យបាន។ លុះពេលកន្លងទៅបាន៧ថ្ងៃ គេក៏ចាប់ក្រពើអាធន់បាននៅខេត្តក្រចេះ។ ជាអកុសល ក្រោយវះពោះក្រពើនោះ ព្រះនាងក្រពុំឈូកបានសុគតបាត់ទៅហើយ ដូច្នេះដោយសេចក្តីស្រលាញ់អាណិតអាសូរបុត្រី ព្រះមហាក្សត្របានឱ្យគេសង់វិហារសសរ១០០ នៅត្រង់កន្លែងដែលព្រះអង្គឱ្យគេវះពោះក្រពើអាធន់នោះ។ នៅមុខព្រះវិហារ ព្រះអង្គឱ្យគេសង់ចេតិយមួយយ៉ាងធំ ហើយឱ្យចាប់ស្ត្រីមានផ្ទៃពោះចំនួន២០នាក់ មកសម្លាប់កាត់ក្បាលដាក់ជាគ្រឹះចេតិយនេះ។ បន្ទាប់មកបានសង់ព្រះរូបព្រះនាងក្រពុំឈូកឈរនៅលើចេតិយតែម្តង។ ចំណែកក្រពើអាធន់ ត្រូវគេពន្លះស្បែកទាំងអស់ ហើយយកទៅឆ្កាងនៅមុខចេតិយព្រះនាងក្រពុំឈូកនោះ។

គំនូរស្បែកក្រពើអាធន់ ចងឆ្កាងជាទង់នៅលើជញ្ជាំងវត្ត

តំណាលទី២

ក្នុងព្រះពុទ្ធកាល សម័យដែលព្រះអង្គគង់ជាធរមាននៅឡើយ មានក្រពើពីរក្បាលញីឈ្មោលបានមកសុំព្រះអង្គបួស ប៉ុន្តែដោយជាសត្វតិរច្ឆាន ព្រះសម្មាសម្ពុទ្ធមិនបានអនុញ្ញាតិឱ្យបួសសំណាក់ក្នុងសាសនាព្រះអង្គឡើយ។ ប៉ុន្តែដោយឧបនិស្ស័យនឹងសាសនារបស់ព្រះពុទ្ធ ក្រពើទាំងពីរបានសំណូមពរថា” ប្រសិនបើខ្ញុំស្លាប់ទៅ សូមព្រះអង្គឱ្យគេយកស្បែកយើងខ្ញុំដោតធ្វើជាទង់ថ្វាយចំពោះព្រះភ័ក្ត្រព្រះអង្គ ទុកជាសក្ការៈបូជាកុំបីកន្ល​ង​ឡើយ” ដូច្នេះព្រះសម្មាសម្ពុទ្ធក៏ទ្រង់ទទួលតាមសំណូមពរដោយក្តីករុណា។ ក្រោយពីក្រពើទាំងពីរស្លាប់ទៅ គេក៏យកស្បែកក្រពើទៅដោតថ្វាយតាមសំណូមពរមែន។ លុះដល់ព្រះសម្មាសម្ពុទ្ធចូលបរិនិព្វានទៅ ស្បែកក្រពើនោះក៏ផុយរលួយអស់ ដូច្នេះគេបានយកសំពត់ស មករចនាធ្វើជារូបរាងក្រពើ​ ដោតជំនួសឱ្យស្បែកក្រពើដែលផុយរលួយនោះតរៀងមក។

ទង់ក្រពើចងពីមុខ បដិមាព្រះពុទ្ធក្នុងព្រះវិហារ

សរុបមកការដោតទង់ក្រពើនៅផ្ទះរបស់អ្នកស្លាប់គឺជាទំនៀមចាស់ ដែលមានតំណាលផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្តផង និងជំនឿក្នុងព្រះពុទ្ធសសនាផង។ ទង់ក្រពើ គឺធ្វើពីកំណត់សំពត់ ឬក្រដាស ដែលតំណាងឱ្យស្បែកក្រពើ ដែលគេពន្លះមកចងឆ្កាងនៅមុនចេតិយព្រះនាងក្រពុំឈូក និងនៅពីមុខព្រះភ័ក្ត្រព្រះសម្មាសម្ពុទ្ធ។ ទង់ក្រពើជាទង់ដែលមានទំនាក់ទំនងជាមួយនឹងសេចក្តីស្លាប់ផង ការបូជាខ្លួននឹងសាសនាផង។ អាស្រ័យហេតុនេះបានជាទង់ដែលមានរូបរាងដូចក្រពើមិនមែនចង តែនៅពីមុខផ្ទះអ្នកស្លាប់នោះទេ ប៉ុន្តែក៏ចងនៅក្បែរព្រះរូបព្រះពុទ្ធនៅក្នុងព្រះវិហារព្រះពុទ្ធសាសនានានាផងដែរ។ ប៉ុន្តែពេលខ្លះទង់ក្រពើដែលចងនៅជិតព្រះពុទ្ធរូប ក៏មានពណ៌ដោយឡែកពីពណ៌សផងដែរ។

—————————————–

Crocodile shape pennant

Pennant is a piece of cloth that sew into different forms and shapes. It uses on various occasions. Some of them represent the country, religion and use as an offering. Sometimes, a piece of paper they cut into the shape of a pennant, also called a pennant. The usage of the pennant is essential in Khmer society, shown on the bas-reliefs of Khmer temples. However, this article will talk only about a crocodile pennant. It is one of the most practices and significant in every Khmer society. But, it is not well-known why the crocodile shape pennant uses and the story behind it.

Crocodile shape pennant makes from sewing pieces of white cloth. It has six to eight bones. However, recently the number of the bone is not concerned. Sometimes, it is called Abhidharma (higher truth or higher teaching) pennant. When someone dies, a crocodile shape pennant hangs in front of the house. However, in some regions, people hang two pennants. Two pennants do not present two dead bodies; it is just the practice of the people. Generally, after the cremation, the pennant will immediately remove. However, in some areas, people keep it up to a hundred days or till decaying. 

Hanging crocodile shape pennant is not only showing that there is someone die. It is also the way to prepare the body into the house, or the shrine or the Chulamuni stupa of the Buddha at Trayastrimsa (33 or belong to the 33).

Considerably, there are two stories related to crocodile shape pennant. One of them contains both history and legend. Another one relates to Buddhism.

The first story 

King Ang Chan II (King of Oudong period, 17th -19th century) has a daughter names Krapum Chhouk. At the age of 16 years, she was swallowing by a crocodile name A Thon. This incident hurts the King very much, so he wishes to catch the crocodile. After seven days, they caught the crocodile at Kratie province. The King asks to cut open the stomach of the crocodile, but Krapum Chhouk is already dead. Therefore, he built a Vihara of hundred columns in the location that he cut open the stomach of the crocodile. In front of the Vihara, he built a stupa for his daughter and put her statue on it. For the consecration of the stupa, he asked to cut the head of twenty pregnant women and put them into the foundation. Furthermore, they piled the skin of the A Thon and hanged it in front of her stupa. 

Second story

The story happened before the Buddha attained Nirvana. One day, a male and female crocodile who went to see the Buddha asked him to become a Buddhist monk. Unfortunately, they got refused by the Buddha because they were the animal. However, they still wished to connect themselves to the Buddha. They requested the Buddha to take their skin and hang it in front of the Buddha. After the death of the crocodiles, their skins were piled and hanged in front of the Buddha. Later, Buddha attained Nirvana, and the skins decayed, so people cut the white cloth in the shape of a crocodile and hangs it in front of the statue of Buddha. 

Therefore, these two stories are the source of using crocodile shape pennant for the dead body in Khmer society.

អត្ថបទដោយ៖ កញ្ញា មាស សុភាព

 

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!